27 C
Phnom Penh

គណបក្ស​កម្លាំង​ជាតិ​គ្រោង​ប្រមូលផ្ដុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​បក្ស​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​កម្លាំង​ជាតិ គ្រោង​ជួបជុំ​ថ្នាក់​ដឹកនាំ សមាជិក និង​សកម្មជន​គណបក្ស​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ក្រោយ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី-ខេត្ត​ខាងមុខ​នេះ ក្នុង​គោលបំណង​សម្ដែង​មតិ​ដោយ​សន្តិវិធី ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​ប្រធាន​គណបក្ស​របស់​ខ្លួន​លោក ស៊ុន ចន្ធី។

គណបក្ស​កម្លាំង​ជាតិ ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ថា គណៈកម្មាធិការ​នាយក និង​ថ្នាក់​ដឹកនាំ​គណបក្ស​កម្លាំង​ជាតិ​រាជធានី-ខេត្ត​ទាំងអស់ ចាត់ទុក​ការ​ចាប់​ខ្លួន​លោក ស៊ុន ចន្ធី ប្រធាន​គណបក្ស​របស់​ពួកគេ គឺជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​មក​លើ​គណបក្ស​កម្លាំង​ជាតិ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេរីភាព​ផ្នែក​ប្រជាធិបតេយ្យ និង​ដំណើរការ​ការ​បោះឆ្នោត​អសកល​ខាងមុខ​នេះ​យ៉ាង​ធ្ងន់ធ្ងរ។

ប្រភព​ដដែល ឱ្យ​ដឹង​ថា បើ​ទោះបីជា​ប្រធាន​គណបក្ស​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​អយុត្តិធម៌​ក៏ដោយ ក៏​គណបក្ស​នៅតែ​បន្ត​សកម្មភាព​របស់​ខ្លួន​ស្រប​តាម​សេចក្តី​សម្រេច​របស់​គណបក្ស ដែល​គណៈកម្មាធិការ​នាយក និង​ថ្នាក់​ដឹកនាំ​គណបក្ស​កម្លាំង​ជាតិ​រាជធានី-ខេត្ត​ទាំងអស់ បាន​ឯកភាព​គ្នា​ជា​ឯកច្ឆន្ទ​កាលពី​ពេល​កន្លង​ទៅ​នោះ។

គណបក្ស​កម្លាំង​ជាតិ បញ្ជាក់​ថា ក្រោយ​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​នាយក និង​ថ្នាក់​ដឹកនាំ​គណបក្ស​កម្លាំង​ជាតិ​រាជធានី-ខេត្ត រួម​ទាំង​សមាជិក​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​នៅ​ថ្ងៃ​សុក្រ ទី​១៧ ឧសភា នេះ គណបក្ស​សម្រេច​ថា​នឹង​ប្រមូលផ្ដុំ​អ្នកគាំទ្រ សមាជិក រួម​ទាំង​សកម្មជន ជួបជុំ​គ្នា​ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ប្រធាន​បក្ស​របស់​ខ្លួន​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ឱ្យខាងតែ​បាន។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ ឧសភា នេះ​ថា ការ​ចាប់​ខ្លួន​លោក ស៊ុន ចន្ធី ពិត​មែន​តែ​តុលាការ​បាន​បង្ហាញ​ពី​បទ​ចោទប្រកាន់​តាមរយៈ​ខ្សែវីដេអូ​ដែល​ប្រធាន​បក្ស​រូប​នេះ​បាន​លើកឡើង​ពី​ការ​ចែក​បណ្ណ​សមធម៌ និង​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល ថា​ជា​ការ​មួលបង្កាច់​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​គោលបំណង​ពិតប្រាកដ គឺ​ធ្វើ​ឡើង​ក្នុង​របៀបវារៈ​នយោបាយ​របស់​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ។

លោក ម៉ែន ណាត លើកឡើង​ថា បទ​ចោទ​អំពី​ការ​ញុះញង់ គឺជា​មាត្រា​មួយ​នៃ​ក្រមព្រហ្មទណ្ឌ​ដែល​ប្រឆាំង​ទៅ​នឹង​ខ្លឹមសារ​ច្បាប់​ដែល​បាន​ចែង​ពី​សិទ្ធិ​សេរីភាព​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​មាត្រា​មួយ​ចំនួន​នៃ​ក្រមព្រហ្មទណ្ឌ​នេះ បាន​រឹតត្បិត​លើ​សេរីភាព​បញ្ចេញមតិ និង​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ខ្មែរ​យ៉ាង​ខ្លាំង​ផង​ដែរ។

លោក ម៉ែន ណាត គូស​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​លោក ស៊ុន ចន្ធី ចំ​ពេល​ដែល​គណបក្ស​កម្លាំង​ជាតិ​ត្រៀម​ចូលរួម​ការ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត​នៅ​ពេលនេះ គឺ​ចេតនា​គំរាមកំហែង​ខាង​នយោបាយ​យ៉ាង​ពិតប្រាកដ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​កម្លាំង​ជាតិ មិនមែន​បញ្ជាក់​ថា​ជា​ការ​អនុវត្ត​ច្បាប់​ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​ទេ។

លោក សេក សុជាតិ បញ្ជាក់​ថា ការ​លើកឡើង​ជុំវិញ​ការ​ចែក​បណ្ណ​សមធម៌​ដែល​ខ្វះ​ឯកសារ​ជា​ភស្តុតាង ឬ​សាក្សី​ស្រប​តាម​មូលដ្ឋាន​ច្បាប់ គឺជា​រឿង​ដែល​មិន​គួរ​លើកឡើង​ពិត​មែន ប៉ុន្តែ​ក៏​មិន​គួរ​ដល់​ថ្នាក់​ចាប់​ខ្លួន​គាត់​បែប​នេះ​ដែរ។

កាលពី​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២៤ ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី ត្រូវ​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្រោម​បទ​ចោទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម តាម​ដីកា​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​លោក​បាន​លើកឡើង​ពី​ការ​ចែក​បណ្ណ​សមធម៌ និង​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល ថា​មាន​ភាព​លម្អៀង​ទៅ​បក្ស​កាន់​អំណាច។

ក្រោយ​ចាប់​ខ្លួន​បាន ៥​ថ្ងៃ សាលាដំបូង​ខេត្ត​កំពង់ធំ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​បញ្ជាក់​ថា លោក ស៊ុន ចន្ធី ត្រូវ​រង​នូវ​ការ​ចោទប្រកាន់​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ពី​បទ​ឆបោក​ពី​តុលាការ​ខេត្ត​កំពង់ធំ ផង និង​ពី​បទ ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ពី​តុលាការ​ក្រុង​ភ្នំពេញ ហើយ​លោក​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ ដែរ​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស