តាមរយៈការស្រាវជ្រាវកន្លងមក បង្ហាញថា សកម្មជនស្នេហាពួកក្រហម ឬកុម្មុយនីស្តផ្ដាច់ការ ធ្វើការស្វិតស្វាញជាង និងមានអំណត់ជាងសកម្មជនស្នេហាប្រជាធិបតេយ្យ ពីព្រោះគេបានអប់រំបង្វឹកមនោគមន៍វិជ្ជាដល់មនុស្សជំនាន់ក្រោយៗអំពីរបៀបធ្វើយ៉ាងណាដើម្បីរស់។
នៅក្នុងភាគទី២ នៃសេចក្តីរាយការណ៍លោក ហាស់ សាន ពលរដ្ឋខ្មែរក្នុងសហគមន៍ឯបរទេសដែលជាសមាជិក ឬអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា កំពុងធ្លាក់ខ្លួនទៅក្រោមការណែនាំតម្រង់ទិសពីអតីតបក្សកុម្មុយនីស្តដែលប្រែឈ្មោះមួយនេះដោយមិនដឹងខ្លួន។
សូមលោកអ្នកនាងទស្សនាសេចក្តីរាយការណ៍ស្រាវជ្រាវអំពីបណ្ដាញគណបក្សប្រជាជនកម្ពុជា ឯនាយសមុទ្រ (ភាគ២) ដែលមានខ្លឹមសារដូចតទៅ៖
ស្ថានការណ៍សម័យទសវត្ស១៩៥០ មិនខុសពីស្ថានការណ៍សម័យ១៩៧៩ នោះឡើយ ព្រោះថាអ្នកដឹកនាំយៀកណាមរក្សាប្រពៃណីចិញ្ចឹមមហិច្ឆតាគ្រប់គ្រងទឹកដីខ្មែរយ៉ាងតិចតាំងពីឆ្នាំ១៨៣៨ ដោយប្រើកម្លាំងខ្មែរស្ម័គ្រចិត្តបម្រើបរទេសយកតាមទ្រឹស្ដីសង្គមនិយម-អន្តរជាតិ តាមអតីតសហភាពសូវៀត ដែលថាជាកាតព្វកិច្ចអន្តរជាតិ មិត្តត្រូវជួយមិត្តទៅវិញទៅមកក្នុងបេសកកម្មបដិវត្តន៍វណ្ណៈ។
ក្រុងហាណូយ និងក្រុងប៉េកាំង មិនជំទាស់នឹងការឡើងបន្តកាន់អំណាចពីឪទៅកូននៅប្រទេសកម្ពុជាទេ ដរាបណាគេនៅមានប្រយោជន៍ជាមួយគ្នា ពោលគឺគណបក្សប្រជាជនកម្ពុជា រក្សាប្រយោជន៍ឲ្យប្រទេសយៀកណាម ទាំងទឹកដី ព្រៃព្រឹក្សា ទាំងការបញ្ចូលជនអន្តោប្រវេសន៍ពីខុសច្បាប់ធ្វើឲ្យទៅជាស្របច្បាប់ ទាំងសមាហរណកម្មសេដ្ឋកិច្ច ទាំងកម្លាំងប្រដាប់អាវុធ ទាំងនយោបាយ។ ចំណែកឯប្រទេសចិន វិញ គណបក្សប្រជាជនកម្ពុជា ធ្វើសម្បទានដីរ៉ែ ដីកសិកម្ម ទីតាំងសម្រាប់កងទ័ពតាមផែនការយុទ្ធសាស្ត្រ គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative (BRI)) ភូមិសាស្ត្រនយោបាយ (geopolitics) ជាថ្នូរនឹងជំនួយជាអំណោយ ហើយនិងការខ្ចីបុលពីចិន។
ដោយមើលឃើញក្រុមខ្មែរស្នេហាប្រជាធិបតេយ្យបារម្ភអំពីអនាគតជាតិសាសន៍ខ្មែរ ក្រែងខ្មែរអស់ទឹកដី ចង់សង្គ្រោះប្រទេសជាតិ នាំគ្នារួបរួមបង្កើតជាកម្លាំងក្រុមនយោបាយប្រឆាំងដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា ចាប់ពីឆ្នាំ២០១២ សម្រុកចូលកាន់តែមានសន្ទុះកើនឡើង គណបក្សប្រជាជនកម្ពុជា និងចៅហ្វាយនាយបរទេសក៏ចាប់ផ្តើមគិតគូររកយុទ្ធសាស្ត្រនៅឆ្នាំ២០១៤ ដើម្បីវាយបក រុញច្រានឥទ្ធិពលពលរដ្ឋខ្មែរពីក្រៅប្រទេសចង់ធ្វើសកម្មភាពនយោបាយតតាំងចង់យកឈ្នះអតីតបក្សកុម្មុយនីស្ត ដែលកាន់អំណាចពីឆ្នាំ១៩៧៩ នោះ។
ដល់ឆ្នាំ២០១៥ គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនកម្ពុជា បង្កើតក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាក្រៅប្រទេស ក្រោមការគ្រប់គ្រងផ្ទាល់ពីលោក ហ៊ុន ម៉ាណែត។
គេប្រើធនធានពីផលកម្រៃបានមកពីជំនួញខុសច្បាប់បំផ្លាញធនធានធម្មជាតិ ជំនួញផ្លូវងងឹតបែបឧក្រិដ្ឋកម្ម ដូចជា រត់ពន្ធគ្រឿងញៀន រត់ពន្ធមនុស្ស ល្បែងស៊ីសង លាងប្រាក់កខ្វក់ ច្បាមដីធ្លីលក់យកចំណេញចែកគ្នា ជាដើម ដើម្បីអូសទាញពលរដ្ឋខ្មែរឲ្យគាំទ្រ ទាំងក្នុងប្រទេស ទាំងក្រៅប្រទេស។ អ្នកមានលុយកាក់ប្រាក់កាសស្តុកស្តម្ភនៅបរទេសខ្លះ ស្ម័គ្រចិត្តជួយចេញចំណាយបើកពិធីជប់លៀងតាមភោជនីយដ្ឋានឲ្យលោក ហ៊ុន ម៉ាណែត ព្រោះតែចង់បានការទទួលស្គាល់ និងមុខមាត់បែបអត្តទត្ថភាព។ គេនាំគ្នានិយាយថា “យើងជាខ្មែរតែមួយដូចគ្នា” ប៉ុន្តែចិត្តគំនិតខុសគ្នាស្រឡះ។
គេចង់ឲ្យពលរដ្ឋខ្មែរទាំងអស់ក្រាបក្រោមស្លាបបក្សកាន់អំណាច ទើបហៅថាមានសាមគ្គីភាព និងឯកភាពជាតិ។
បើមាននរណាហ៊ានកម្រើកតវ៉ា គេនឹងកម្ទេចបោសសម្អាត ដោយដកបោចស្លាបម្តងមួយៗទាល់តែអស់ដូចនៅក្រោមរបបហ្វាសស៊ីស ដឹកនាំដោយនាយករដ្ឋមន្ត្រីអ៊ីតាលី Benito Mussolini កាលពីសង្គ្រាមលោកលើកទី២ ប៉ុន្តែគេនៅតែហៅរបៀបហ្នឹងថាជាការអនុវត្តលទ្ធិប្រជាធិបតេយ្យគោរពសិទ្ធិមនុស្ស លើកកម្ពស់សេរីភាព។
ក្នុងរបបខ្មែរក្រហមក៏គេហៅខ្លួនគេថា កម្ពុជាប្រជាធិបតេយ្យ ទោះជាបង្អត់បាយ សម្លាប់មនុស្សរាប់មិនអស់យ៉ាងណាក្តី។ រដ្ឋមន្ត្រីកិច្ចការបរទេស អៀង សារី ថ្លែងនៅអង្គការសហប្រជាជាតិ ឆ្នាំ១៩៧៨ ថា ប្រជាជនកម្ពុជាមានសិទ្ធិសេរីភាព មានជីវភាពសមរម្យ មិនរស់ជាទាសករដូចក្នុងសម័យសក្ដិភូមិ នាយទុន មូលធននិយម ចក្រពត្តិនិយមនោះទេ។
ក្រោយពីបានបំបាក់បន្សាបឥទ្ធិពលបំបរកម្ចាត់បក្សប្រឆាំងឲ្យលែងហ៊ានប្រឆាំងតទៅទៀតតាំងពីឆ្នាំ២០១៧ មក ក្រុមការងារយុវជនបក្សប្រជាជនកម្ពុជា បានធ្វើការងារ ដូចជាប្រជុំដាក់ទិសថ្មីប្រគល់ភារកិច្ច តែងតាំងសមាសភាពសមាជិក ជាដើម រហូតទល់នឹងឆ្នាំ២០២៣ តាមរយៈប្រព័ន្ធឆ្លងឆ្លើយហ្ស៊ូម (Zoom) រវាងតំណាងក្នុងតំបន់នីមួយៗនៅក្រៅប្រទេស និងលោក ហ៊ុន ម៉ាណែត ឬតំណាងរបស់គេ។
មានជនបរទេសសួរថា៖ ហេតុអ្វីប្រទេសមួយចំនួន ដូចជាសហរដ្ឋអាមេរិក កាណាដា សហភាពអឺរ៉ុប អូស្ត្រាលី នូវែលហ្សេឡង់ ម៉ាឡេស៊ី ថៃឡង់ដ៍ ជប៉ុន និងកូរ៉េខាងត្បូង អនុញ្ញាតឲ្យក្រុមការងារបម្រើរដ្ឋាភិបាលលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ជាមេបក្សនយោបាយផង ជានាយករដ្ឋមន្ត្រី ប្រមុខរដ្ឋាភិបាលផង ជានាយទាហានជាន់ខ្ពស់នៃកងទ័ពប្រទេសមួយផង ធ្វើសកម្មភាពនយោបាយដោយមិនខ្លាចញញើតកោតក្រែងខុសច្បាប់ប្រទេសទាំងឡាយនោះសោះ?
តាមការសង្កេតស្រាវជ្រាវ ក្រុមការងារយុវជនបក្សប្រជាជនកម្ពុជា ស្ថិតក្រោមការគ្រប់គ្រងលោក ហ៊ុន ម៉ាណែត ធ្វើកិច្ចការជារបៀបបិទមុខផង បើកមុខផង ដោយមានស្ថានទូតក្នុងប្រទេសនីមួយៗប្រើភ្នាក់ងារតាមដាន និងធ្វើសេចក្តីរាយការណ៍គ្រប់សកម្មភាពក្រុមប្រឆាំងនឹងរបបផ្ដាច់ការ។
របៀបធ្វើការជាសម្ងាត់មិនចេញមុខ គឺសមាជិក និងក្រុមអ្នកគាំទ្រមិនផ្សព្វផ្សាយជាសាធារណៈថាគេគាំទ្របក្សប្រជាជនកម្ពុជានោះទេ ហើយក៏មិនបើកជាសមាគមស្របច្បាប់ ប្រកាសជាសាធារណៈដែរ។ គេដើរស្ទាបស្ទង់ទឹកចិត្តពលរដ្ឋក្នុងសហគមន៍ពុទ្ធសាសនិកខ្មែរតាមវត្ត ជួបជុំគ្នាតាមផ្ទះស្ងាត់ៗ រួចបញ្ចុះបញ្ចូលលួងលោមសន្យាផ្តល់ប្រយោជន៍ប្រភេទណាមួយ ដូចជាថាបើទៅលេងស្រុកខ្មែរ មានអ្នកចាំទទួលនៅវាលយន្តហោះ ទទួលបាយទឹក ជាដើម ឬបើមិនដូច្នោះទេ គេបង្ហើរពាក្យពេចន៍គំរាមបញ្ឆិតបញ្ឆៀងដោយប្រយោលចំពោះអ្នកមិនព្រមចូលរួមគាំទ្រ។
តំណាងប្រចាំតំបន់នីមួយៗនឹងឡើងបុណ្យស័ក្តិ បើសិនជារើស ឬប្រមូលសមាជិកបានច្រើន។ ជួនកាល គេសហការជាមួយសមាគម ឬទីអារាមខ្លះដែលមានសមានចិត្តចំពោះបក្សកាន់អំណាច ហើយចំពោះប្រជាពលរដ្ឋខ្មែរភាគច្រើនធ្វើតាមគ្នា ដើរតាមគ្នា ទៅតាមគ្នា។
របៀបធ្វើការចំហចេញមុខ តែលាក់ពុត គឺសមាជិកក្នុងបណ្ដាញក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាក្រៅប្រទេស ឈរឈ្មោះបើកក្រុមហ៊ុនអ្វីមួយ មានប្រភពឧបត្ថម្ភទុនលាក់មុខ លាក់ឈ្មោះ ជាពិសេសបើកហាងដុតនំចំណីផ្អែម cake bakery/pastry។ល។ ដែលមានអ្នកគ្រប់គ្រងជានាយទាហាន នាយប៉ូលិសស្ទើរតែទាំងអស់។ ខ្លះទៀតបើកក្រុមហ៊ុនអចលនទ្រព្យ ទិញដីទិញផ្ទះ លក់ដី លក់ផ្ទះ ខ្លះទៀតបន្លំលាក់ខ្លួនក្នុងស្ថានកុងស៊ុល និងខ្លះទៀតក្នុងសភាពាណិជ្ជកម្ម Chamber of Commerce ដែលធ្វើការជិតស្និទ្ធនឹងឯកអគ្គរាជទូត មានលោក ជឿន បូរាន់ ចន្ទបុរី ប្រចាំអូស្ត្រាលី និងនូវែលហ្សេឡង់ ជាដើម។
គេអះអាងថា គេធ្វើសកម្ម ភាពភ្ជាប់ទំនាក់ទំនងស្វែងរកក្រុមហ៊ុនបរទេសទៅដាក់ទុនរកស៊ីក្នុងស្រុកខ្មែរ។
អ្នកគ្រប់គ្រងបណ្ដាញសាខាបក្ស និងក្រុមការងារយុវជនបក្សប្រជាជនកម្ពុជា តាមតំបន់ក្នុងប្រទេសនីមួយៗគ្រប់គ្រងដោយមន្ត្រីពីក្រសួងមួយចំនួនក្នុងរាជរដ្ឋាភិបាល។ យើងបានរាយឈ្មោះមន្ត្រីទាំងអស់នោះរួចហើយក្នុងសេចក្តីរាយការណ៍កាលពី ២ឆ្នាំមុន។
ឯកអគ្គរាជទូតប្រចាំប្រទេសនីមួយៗដែលស្ថិតក្រោមការគ្រប់គ្រងនៃក្រសួងកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានមុខតំណែងជាប្រធានគណៈកម្មាធិការសាខាបក្សប្រចាំប្រទេសរដ្ឋាភិបាលចាត់តាំងនោះ ប៉ុន្តែស្ថិតក្រោមការគ្រប់គ្រងនៃក្រុមការងារយុវជនបក្សប្រជាជនកម្ពុជា ដែលគ្រប់គ្រងដោយសមាជិកគណៈកម្មាធិការមជ្ឈិមបក្សដែលមានលោក ហ៊ុន ម៉ាណែត ជាប្រមុខ។
ឧទាហរណ៍៖
- ឯកអគ្គរាជទូតប្រចាំសហរដ្ឋអាមេរិក ស្ថិតក្រោមការគ្រប់គ្រងឧត្ដមសេនីយ៍ឯកទ័ពអាកាស ម៉ឹង ពន្លក ដែលជាប្រធានគណៈកម្មាធិការចាត់តាំងក្រុមការងារយុវជនក្រៅប្រទេសសម្រាប់សហរដ្ឋអាមេរិក;
- សម្រាប់ទ្វីបអឺរ៉ុប ស្ថិតក្រោម ហួត ហាក់ លេខាធិការនៃរដ្ឋសភាជាតិ ទទួលបន្ទុកការងារទំនាក់ទំនងព្រឹទ្ធសភា;
- សម្រាប់ប្រទេសកូរ៉េខាងត្បូង និងថៃឡង់ដ៍ ស្ថិតក្រោម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ;
- សម្រាប់កាណាដា ស្ថិតក្រោម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ
- ហើយសម្រាប់អូស្ត្រាលី និងនូវែលហ្សេឡង់ ស្ថិតក្រោម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌។
ពីប្រទេសកម្ពុជា គណៈកម្មាធិការទទួលខុសត្រូវចំពោះក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាក្រៅប្រទេស មានសមាសភាពមន្ត្រីរដ្ឋាភិបាល និងឧកញ៉ាមិនតិចជាងពី ២០ ទៅ ៣០នាក់ទេ។ ក្រុមសមាជិកសាខាបក្សក្រៅប្រទេសចាំស្តាប់តែបញ្ជាពីខាងក្នុងប៉ុណ្ណោះ ពីព្រោះគេមិនសូវទុកចិត្តអ្នកខាងក្រៅ។
របៀបធ្វើការពួកគេស្ងាត់ៗ ជាងរបៀបអ្នកប្រជាធិបតេយ្យ។
ក្រុមកិច្ចការយុទ្ធសាស្ត្រសម្រាប់ការងារយុវជនបក្សក្រៅប្រទេស មានឈ្មោះមន្ត្រីភ្ជាប់នឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖
- វង្ស ប៊ុន ឥន្ទ្រាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ ជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានតំបន់៩ នូវែលហ្សេឡង់;
- សុខ ដារ៉ា និយតករបរធនបាលកិច្ច (trust regulator);
- ស៊ូ សុជាតិ សមាជិកឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ច;
- មាស សុខសេនសាន្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ;
- ឃុន វាសនា នាយកការិយាល័យការងារទូទៅនៃនាយកដ្ឋាន និយតករបរធនបាលកិច្ច;
- លឹម ឡេត បុគ្គលិកនាយកដ្ឋាននិយតករបរធនបាលកិច្ច;
- មិញ បាន កុសល អគ្គនាយកទីផ្សារមូលប័ត្រ;
- ចាន់ ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ;
- ពុម្ព ហួត អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ;
- ប៊ិន កក្កដា មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ;
- ប៉ាន់ សុបណ្ឌិត អនុរដ្ឋលេខាធិការក្រសួងផែនការ;
- ចេស ចាន់ដេត មន្ត្រីនាយកដ្ឋាននិយតករបរធនបាលកិច្ច;
- ឈៀន សុខារី នាយកផ្នែកកិច្ចការច្បាប់នៃនាយកដ្ឋាននិយតករបរធនបាលកិច្ច;
- រិន រដ្ឋា និង ជ័យ គុនី មន្ត្រីនៃនាយកដ្ឋាននិយតករបរធនបាលកិច្ច។
លេខាធិការដ្ឋានគ្រប់គ្រងកិច្ចប្រតិបត្តិការនៃក្រុមការងារយុវជនបក្សក្រៅប្រទេស ចែកជា ៥ផ្នែក គឺ៖
- ហិរញ្ញវត្ថុ ស្ថិតក្រោមចៅហ្វាយខេត្តត្បូងឃ្មុំ ជាម ចន្ទសោភ័ណ (កូនលោក ជាម យៀប);
- បច្ចេកវិទ្យា ក្រោម វង្ស ប៊ុនឥន្ទ្រាវុធ និង ឈឿ ឃន;
- ពិធីការ ស៊ុយ ជីហ៊ាង;
- សិក្សា អប់រំ និងនិស្សិតរៀននៅបរទេស ក្រោម វង្ស ប៊ុនឥន្ទ្រាវុធ និង វង្ស វិសិដ្ឋ រដ្ឋលេខាធិការក្រសួងព័ត៌មាន។
គណៈកម្មាធិការចាត់តាំងយុវជនបក្សពីក្នុងប្រទេសជួបប្រជុំគ្នារៀងរាល់ខែជាមួយក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាក្រៅប្រទេស ដែលភាគច្រើនសុទ្ធសឹងតែមនុស្សចំណាស់ៗ និងសម្បូរតែអាជីវករអ្នករកស៊ីចូលរួមគាំទ្រ។
ក្នុងពេលជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក្រុងជាប់លើក្រុមយុវនិស្សិតដែលទទួលបានអាហារូបករណ៍ទៅរៀនបញ្ចប់យកសញ្ញាបត្រថ្នាក់បណ្ឌិត និងអនុបណ្ឌិត ឬមហាបរិញ្ញាឯសាកលវិទ្យាល័យបរទេស ដូចជានិស្សិត ៤៥នាក់ទៅរៀននៅប្រទេសអូស្ត្រាលី ឆ្នាំ២០២៤ នេះ ជាដើម គ្មានសិទ្ធិសេរីភាពបញ្ចេញគំនិតធ្វើអ្វីមួយមិនស្របនឹងរាជរដ្ឋាភិបាលបានឡើយ គឺចាំតែស្របចាក់បណ្តោយតែប៉ុណ្ណោះ។
អ្នកសង្កេតការណ៍បរទេសខ្លះថ្លែងថា រដ្ឋាភិបាលប្រទេសកម្ពុជាចម្លងល្បិចត្រួតត្រាគាបសង្កត់លើនិស្សិតខ្លួនមិនឲ្យមានសេរីភាពពីប្រទេសចិនកុម្មុយនីស្ត។
ក្រៅតែពីចូលរួមអបអរសាទរទិវាប្រារព្ធខួបជ័យជម្នះ ៧មករា រៀងរាល់ឆ្នាំ តំណាងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា ណែត ដូចជាលោក គឹម សន្តិភាព ឧស្សាហ៍ធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ ដើម្បីជួបពិភាក្សាជាមួយតំណាងក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាតាមតំបន់ទាំង ៩តំបន់ ដូចជា ឧត្ដមសេនីយ៍ត្រី ឡាវ វ៉ាន់ នៃកងអង្គរក្ស កូនប្រុសឧកញ៉ា ឡាវ ម៉េងឃិន ប្តីឧកញ៉ា ជឹង សុគន្ធារី កូនស្រីឧកញ៉ា ជឹង សុភាព ហៅយាយភូ ជាប្រធានតំបន់២ ក្រុងមែលប៊ន; ឧត្ដមនាវីឯក ហ៊ូ ហាប់ ប្រធានតំបន់៣ ក្រុងស៊ីដនី ជាដើម។ល។
សម័យបោះឆ្នោតរើសប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងស៊ីដនី កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ មានតំណាងរាជរដ្ឋាភិបាលជាអធិបតី គឺរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ប៊ុន សារមុនី និងឯកអគ្គរាជទូត ជឿន បូរាន់ ចន្ទបុរី ចូលរួម។
នៅឯអឺរ៉ុប វិញ ពលរដ្ឋខ្មែរដែលរង់ចាំទទួលស្វាគមន៍នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅកាន់អង្គប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនាចុងខែមករា ឆ្នាំ២០២៤ នេះ បានសរសេរលើទំព័រហ្វេសប៊ុករៀងៗខ្លួនដំឡើងងារឲ្យលោកជាភាសាអង់គ្លេសថា His Majesty Hun Manet ដែលហៅជាខ្មែរថា ព្រះករុណាព្រះបាទ សម្តេច ហ៊ុន ម៉ាណែត៕
© 2024 – 2025, . All rights reserved.