អតីតមេកម្មាភិបាលយោធាខ្មែរក្រហម លោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានគណបក្សកាន់អំណាច និងប្រធានព្រឹទ្ធសភា បានព្រមានថា ដើម្បីកុំឱ្យរបបប្រល័យពូជសាសន៍ ប៉ុល ពត វិលត្រឡប់មកវិញ ប្រជាពលរដ្ឋខ្មែរត្រូវតែចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស។
អតីតកម្មាភិបាលយោធាជាន់ខ្ពស់នៃរបបខ្មែរក្រហម លោក ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២០ ឧសភា នេះថា ថ្ងៃនេះជាថ្ងៃទិវាជាតិនៃការចងចាំ «២០ ឧសភា» ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។
លោក ហ៊ុន សែន លើកឡើងថា ការប្រារព្ធទិវានេះ គឺជាការរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់នេះ។
មេដឹកនាំរស់មិនដល់ទីបញ្ចប់នៃរបបវាលពិឃាតរូបនេះបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរជាច្រើនសុទ្ធតែបានឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាមដែលពោរពេញទៅដោយការកាប់សម្លាប់ ការជម្លៀសចេញពីទីលំនៅឋានដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុ ដោយគ្មានថ្នាំសង្កូវ គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ សូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្ស ក៏គ្មានដែរ។
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យកំណត់យកថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំ ជា «ទិវាជាតិនៃការចងចាំ» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៃប្រទេសកម្ពុជា ដើម្បីគោរពដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម និងការប៉ះប៉ូវនូវការឈឺចាប់ផ្លូវចិត្ត និងផ្នែកសង្គមដល់ជនរងគ្រោះ រួមទាំងក្រុមគ្រួសាររបស់ពួកគេ។
ទាក់ទិននឹងបញ្ហានេះ នាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងសន្និសីទស្ដីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នេះថា ដើម្បីទប់ស្កាត់របបប្រល័យពូជសាសន៍កុំឱ្យកើតឡើងនៅប្រទេសកម្ពុជាម្ដងទៀត រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវតែរួមគ្នាការពារសន្តិភាពឱ្យខាងតែបាន។
អ្នកសង្កេតការណ៍ខ្លះនិយាយថា សម័យខ្មែរក្រហម ពួកកុម្មុយនីស្តសម្លាប់ពលរដ្ឋខ្មែរមិនរើសមុខយ៉ាងរង្គាល ទាំងហ្វូងៗ តាមសហករណ៍ កប់ក្នុងរណ្តៅរួមគ្នា។ រីឯសម័យនេះ ពួកអតីតខ្មែរក្រហម និងខ្មែរយៀកមិញក្រហម សម្លាប់ពលរដ្ឋខ្មែរម្តងបន្តិចៗគ្មានរណ្តៅ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា ប្រជាពលរដ្ឋក៏ត្រូវចូលរួមបញ្ចៀសសង្គ្រាមកុំឱ្យកើតមានដាច់ខាត ព្រោះថាបើកើតមានសង្គ្រាម គ្មានឡើយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដូច្នេះចំណុចដែលសំខាន់បំផុត គឺត្រូវតែនាំគ្នាការពារសន្តិភាពដែលរកបានដោយលំបាកបំផុតឱ្យខាងតែបាន ទោះជាក្នុងតម្លៃណាក៏ដោយ។
អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២០ ឧសភា នេះថា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានលោក ហ៊ុន សែន ជាអ្នកកាច់ចង្កូតសព្វថ្ងៃនេះ កំពុងដឹកនាំប្រជាពលរដ្ឋខ្មែរទៅរកការបិទសិទ្ធិសេរីភាព ការរើសអើងរវាងខ្មែរ និងខ្មែរ មិនខុសពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទេ។
លោក ម៉ែន ណាត លើកឡើងថា ការអនុវត្តការដឹកនាំរបបខ្មែរក្រហម និងការដឹកនាំរបស់រដ្ឋាភិបាលសម័យលោក ហ៊ុន សែន បន្តមកលោក ហ៊ុន ម៉ាណែត គឺដូចគ្នាបេះបិទ ព្រោះថាដើម្បីបំបិទសិទ្ធិសេរីភាពពលរដ្ឋដែលតវ៉ានឹងការដឹកនាំរបស់លោក ពលរដ្ឋទាំងនោះតែងតែត្រូវរងការចាប់ឃុំខ្លួន ឬរងនូវការបាញ់សម្លាប់ ជាដើម។
អនុប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា ដើម្បីរកសេចក្តីសុខជូនពលរដ្ឋ និងកុំឲ្យរបបខ្មៅងងឹតឃោរឃៅបែបនេះកើតមានលើទឹកដីកម្ពុជា មេដឹកនាំកម្ពុជាត្រូវតែធ្វើនយោបាយបង្រួបបង្រួមជាតិ រកការចរចា និងផ្សះផ្សាជាតិ ដើម្បីឲ្យកម្ពុជាក្លាយជាប្រទេសកាន់របបលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ស្របតាមខ្លឹមសារនៃរដ្ឋធម្មនុញ្ញរបស់ខ្លួន។
ប្រជាពលរដ្ឋខ្មែរដែលបានស្លាប់ក្នុងរបបខ្មែរក្រហម នៅតែមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ ទោះប្រទេសកម្ពុជារួចផុតពីរបបខ្មៅងងឹតនេះអស់រយៈពេលជាង ៣០ឆ្នាំហើយក៏ដោយ ខណៈជនរងគ្រោះដែលបានស្លាប់ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក៏មិនដែលទទួលបានយុត្តិធម៌ដូចគ្នាដែរ ទោះអំពើឃាតកម្មទាំងនោះបានកើតឡើងតាំងពីជាង ២០ឆ្នាំមុនក៏ដោយ។
ជាក់ស្តែង ដូចជាការបាញ់សម្លាប់នាដការីក្នុងទសវត្សរ៍១៩៩០ អ្នកស្រី ពិសិដ្ឋ ពីលីកា ការបាញ់សម្លាប់មេដឹកនាំសហជីពលោក ជា វិជ្ជា ការបាញ់សម្លាប់សកម្មជនការពារព្រៃឈើលោក ឈុត វុទ្ធី ការបាញ់សម្លាប់ព្រះភិក្ខុ សំ ប៊ុនធឿន ការបាញ់សម្លាប់អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមបណ្ឌិត កែម ឡី ជាដើម។
បន្ថែមលើនេះទៀត ការបាញ់សម្លាប់កងទ័ពរាជានិយមរាប់រយនាក់កណ្តាលទីក្រុងភ្នំពេញពីសំណាក់កងទ័ពក្រោមបញ្ជាលោក ហ៊ុន សែន កាលពីឆ្នាំ១៩៩៧ ក៏រដ្ឋាភិបាលខ្មែរមិនទាន់អាចវែកមុខឃាតករពិតយកមកផ្ដន្ទាទោសតាមច្បាប់ដែររហូតដល់ពេលនេះ។
ទាក់ទិននឹងបញ្ហានេះ អ្នកវិភាគឯករាជ្យលោក គឹម សុខ បានលើកឡើងថា មេដឹកនាំខ្មែរបាតដៃប្រឡាក់ឈាមលោក ហ៊ុន សែន បានជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មធំៗទាំងអស់ដែលកើតមាននៅក្នុងប្រទេសកម្ពុជា ដូចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មឈ្លានពាន និងឧក្រិដ្ឋកម្មបែបភេរវកម្មរដ្ឋ ឬឧក្រិដ្ឋកម្មបែបបណ្ដាញ ជាដើម។
លោក គឹម សុខ បញ្ជាក់ថា លោក ហ៊ុន សែន គឺជាមនុស្សតែម្នាក់គត់ដែលបានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាមអំឡុងពេលធ្វើរដ្ឋប្រហារឆ្នាំ១៩៩៧ និងនៅពីក្រោយនៃការសម្លាប់មនុស្សល្បីៗជាច្រើននាក់ទៀត ហើយទង្វើនេះបង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត កំពុងរស់រានមានជីវិតក្នុងប្រព័ន្ធដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះនៅឡើយ ទោះមេដឹកនាំខ្មែរក្រហមលោក ប៉ុល ពត បានស្លាប់ទៅហើយក្តី។
គួររំឭកថា លោក ហ៊ុន សែន ឈ្មោះដើម ហ៊ុន ណាល់ ឬ ហ៊ុន ប៊ុនណាល់ បានរត់គេចខ្លួនចូលទៅប្រទេសយៀកណាម នាឆ្នាំ១៩៧៧ ដោយភ័យខ្លាចពួក ប៉ុល ពត ចាប់ទៅសម្លាប់ក្នុងពេលគេចាប់ផ្តើមបោសសម្អាតក្រុមដែលគេចោទថា “ក្បាលយួន ខ្លួនខ្មែរ” ដែលប៉ុនប៉ងធ្វើរដ្ឋប្រហាររំលំបក្សកុម្មុយនីស្តកម្ពុជា ពីព្រោះលោក ហ៊ុន សែន ស្ថិតនៅក្រោមបញ្ជាសមមិត្ត ស ភិម និង ហេង សំរិន នៅតំបន់បូព៌ា។
មានសមាជិកអតីតបក្សប្រជាជនបដិវត្តន៍កម្ពុជាមួយចំនួននិយាយស្ងាត់ៗថា រដ្ឋអំណាចយៀកណាម ចាប់លោក ហ៊ុន សែន ដាក់នៅមន្ទីរឃុំគ្រងមួយរហូតជិតដល់ថ្ងៃកងទ័ពប្រជាជនយៀកណាម បើកការវាយប្រហាររំលំរបបខ្មែរក្រហមដែល ប៉ុល ពត ដឹកនាំ៕