សារ​ជា​ភាសា​វៀតណាម ដែល​លោក ហ៊ុន សែន យក​មក​បង្ហាញ​នៅ​លើ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៤។

នយោបាយ

អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់​ឱ្យ​អាជ្ញាធរ​តាម​ចាប់​អ្នក​ជេរ​លោក​ជា​ភាសា​វៀតណាម​ក្នុង​តិកតុក

By ឌឹ ខេមបូឌា ដេលី

May 21, 2024

ប្រធាន​ព្រឹទ្ធសភា​ប្រទេស​កម្ពុជា និង​ជា​ប្រធាន​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ស្នើ​ឲ្យ​សមត្ថកិច្ច​ប្រទេស​របស់​លោក សហការ​ជាមួយ​សមត្ថកិច្ច​ប្រទេស​វៀតណាម ស្រាវជ្រាវ​រក​បុគ្គល​ដែល​បាន​ចូល​ទៅ​ជេរ​លោក​តាម​បណ្ដាញ​សង្គម​តិកតុក (TikTok) របស់​លោក ក្រោយពី​លោក​បាន​និយាយ​រឿង​ព្រែកជីក​ហ្វូណន​តេជោ។

លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ថា លោក​ពិត​ជា​មាន​ការ​ភ្ញាក់ផ្អើល​ពេល​បើក​មើល​មតិយោបល់​នៅ​ក្នុង​តិកតុក ដែល​លោក​បាន​បង្ហោះ។ តែ​លោក​មិន​ដឹង​ថា តើ​ជនជាតិ​វៀតណាម រាប់​សិប​នាក់​ចូល​ទៅ​ជេរ​លោក​ពី​ពេល​ណា​មក​ទេ តាមរយៈ​វីដេអូ​ចំនួន​៤ ដែល​លោក​បាន​បង្ហោះ។

អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ​បាន​សរសេរ​ថា សម្រាប់​ការ​ជេរ​លើក​នេះ ប្រហែល​ជា​ក្រោយ​លោក​និយាយ​រឿង​ព្រែកជីក​ហ្វូណន​តេជោ។ លោក ហ៊ុន សែន ថា​កាលពី​ឆ្នាំ​២០១៦-២០១៧ មាន​អ្នក​ចូល​ទៅ​ជេរ​លោក​ជាង ២​ពាន់​នាក់​តាម​ហ្វេសប៊ុក ទាក់ទង​នឹង​រឿង​សមុទ្រ​ចិន​ខាងត្បូង ក្នុង​នោះ​មាន​ម្នាក់​ជា​លេខា​បក្ស​ស្រុក​ផង។ តែ​ក្រោយពី​លោក​ប្រាប់​ទៅ​អគ្គលេខាបក្ស​លោក ង្វៀន ហ្វូជុង រឿង​នោះ​ក៏​បាន​ស្ងប់ស្ងាត់​ទៅវិញ។

លោក ហ៊ុន សែន បាន​ចាត់ទុក​ករណី​នេះ​ជា​ការ​សង្ស័យ និង​ភាព​មិន​ច្បាស់លាស់​ដែល​លោក​ស្នើ​ឲ្យ​សមត្ថកិច្ច​កម្ពុជា-វៀតណាម សហការ​គ្នា​ស្រាវជ្រាវ​កំណត់​សមាសភាព​របស់​ជន​ដែល​ចូល​ទៅ​ជេរ​លោក។

លោក ហ៊ុន សែន បញ្ជាក់​ថា លោក​មិន​ចោទប្រកាន់​លើ​ថ្នាក់​ដឹកនាំ​វៀតណាម ជា​អ្នក​ប្រើប្រាស់​មនុស្ស​បែប​នេះ​ឲ្យ​ចូល​ជេរ​លោក និង​ស្នើសុំ​កិច្ចសហការ​ស្រាវជ្រាវ ដើម្បី​ជៀសវាង​ពួក​អាក្រក់​ឆ្លៀត​បំបែក​បំបាក់។

ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​ចន្ទ ទី​២០ ឧសភា នេះ​ដែរ ក៏​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​វៀតណាម ប្រចាំ​ប្រទេស​កម្ពុជា ទៅ​ពិភាក្សា​ជុំវិញ​សំណើ​របស់​កម្ពុជា ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ផ្តល់​កិច្ច​សហការ​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​កំណត់​សមាសភាព​អត្តសញ្ញាណ​អ្នក​ដែល​បាន​បង្ហោះ​ខ្លឹមសារ​អមិត្ត​ទាំងនោះ ដើម្បី​ទប់ស្កាត់​ការ​ប៉ុនប៉ង​ណា​មួយ​សំដៅ​បំផ្លាញ​ចំណង​មិត្តភាព​ជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​ថ្នាក់​ដឹកនាំ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក សុខ ចិន្តាសោភា បាន​ជួប​ពិភាក្សា​លើ​ករណី​នេះ​ជាមួយ​លោក Nguyễn Huy Tăng ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ប្រចាំ​ប្រទេស​កម្ពុជា នៅ​ទីស្ដីការ​ក្រសួង​នា​ព្រឹក​ថ្ងៃទី​២០ ខែ​ឧសភា។ លោក​បាន​ប្រាប់​ភាគី​វៀតណាម ថា ការ​បង្ហោះ​សារ​តាម Tik Tok ជេរប្រមាថ​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​កម្ពុជា​ពាក់ព័ន្ធ​នឹង​គម្រោង​ព្រែកជីក​ហ្វូណន បាន​បង្ក​ឱ្យ​មាន​អារម្មណ៍​មិន​ល្អ​ក្នុង​រង្វង់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា។

រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​វៀតណាម ផ្តល់​កិច្ច​សហការ​ស្រាវជ្រាវ​ដើម្បី​កំណត់​សមាសភាព​អត្តសញ្ញាណ​រក​ជនជាតិ​វៀតណាម ដែល​បាន​បង្ហោះ​ខ្លឹមសារ​អមិត្ត​ទាំងនោះ ដើម្បី​ទប់ស្កាត់​ការ​ប៉ុនប៉ង​ណា​មួយ​សំដៅ​លើ​ការ​បំផ្លាញ​ចំណង​មិត្តភាព​ជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​ថ្នាក់​ដឹកនាំ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។

ឯកអគ្គរដ្ឋទូត​វៀតណាម លោក Nguyễn Huy Tăng ក៏​បាន​យល់ស្រប​ដែរ​ថា ការ​បង្ហោះ​ខ្លឹមសារ​អមិត្ត​ទាំងនោះ​ជា​សកម្មភាព​អវិជ្ជមាន ដែល​ចាំបាច់​ត្រូវ​មាន​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​រវាង​ស្ថាប័ន​មាន​សមត្ថកិច្ច​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ស្រាវជ្រាវ​កំណត់​សមាសភាព​អត្តសញ្ញាណ​ជន​ដែល​នៅ​ពីក្រោយ​សកម្មភាព​ទាំងនោះ។

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ការ​ធ្វើ​អត្ថាធិប្បាយ​ជា​ភាសា​វៀតណាម ទាំងនោះ គឺ​សំដៅ​លើ​ការ​រម្លឹក​គុណបំណាច់​ដែល​វៀតណាម បាន​ជួយ​ខ្មែរ​បណ្តេញ​របប​ខ្មែរក្រហម ការ​លើកឡើង​ពី​វត្តមាន​កងទ័ព​ចិន នៅ​កម្ពុជា និង​ការ​ជេរប្រមាថ​ត្រង់ៗ​លើ​លោក ហ៊ុន សែន ជាច្រើន​ទៀត។

លោក សុខ ទូច បាន​លើក​ជា​សំណួរ​ថា តើ​អ្នក​ឯង​ចង់​សាង​ប្រវត្តិសាស្ត្រ​ដូច​ឆ្នាំ​១៩៧០ ទៀត​ឬ​យ៉ាងណា ទើប​អ្នកឯង​ប្រើប្រាស់​ភាសា​ដែល​គ្មាន​ដឹង​ប្រវត្តិសាស្ត្រ​ដូច្នេះ? អ្នកឯង​ត្រូវ​ដឹងគុណ​កម្ពុជា​ដែល​អ្នក​យក​ដី​កម្ពុជា​ក្រោម ហើយ​កម្ពុជា​មិន​តវ៉ា និង​ថែម​ទាំង​បាន​យក​ទឹកដី​កម្ពុជា​ដើម្បី​បង្រួបបង្រួម​ប្រទេស​វៀតណាម ថែម​ទៀត​ផង។

កាលពី​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៤ លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​ត្រូវតែ​អនុវត្ត​គម្រោង​ព្រែកជីក​នេះ​ឱ្យខាងតែ​បាន ហើយ​លោក​ក៏​បាន​ប្រាប់​ទៅ​រាជរដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឱ្យ​បើក​ការដ្ឋាន​សាងសង់​ព្រែក​នេះ​ឱ្យ​បាន​កាន់តែ​ឆាប់​ដែរ ព្រោះ​ប្រទេស​កម្ពុជា​មិន​មាន​អ្វី​ត្រូវ​រង់ចាំ​ក្នុង​ការ​សាងសង់​ព្រែកជីក​នេះ​ទៀត​ទេ។

គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ដែល​គ្រោង​ចំណាយ​ទឹកប្រាក់ ១៧០០​លាន​ដុល្លារ​អាមេរិក ត្រូវ​សាងសង់​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ចិន ក្នុង​ទម្រង់ BOT ដែល​គេ​មើល​ឃើញ​ថា​ជា​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​របស់​រដ្ឋាភិបាល​ចិន។

កាលពី​ដើម​ខែ​ឧសភា ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​ជាមួយ​ក្រុមហ៊ុន​ឯកជន​ចិន ដើម្បី​សាងសង់​ព្រែកជីក​ហ្វូណន​ក្នុង​អំឡុង​ខែ​កក្កដា ឬ​ខែ​សីហា ខាងមុខ​នេះ។

ព័ត៌មាន​ដោយឡែក​មួយ​ទៀត គឺ​ទាក់ទង​នឹង​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា ហៅថា​សមយុទ្ធ​នាគ​មាស កងទ័ព​រំដោះ​ចិន បាន​យក​អាវុធ​ទំនើប​ជា​ឆ្កែ​ម៉ាស៊ីន​យន្ត Robodogs ប្រដាប់​ដោយ​កាំភ្លើងយន្ត​ស្វ័យប្រវត្តិ មក​បាញ់​ពិសោធន៍​សាកល្បង​ក្នុង​សមរភូមិ​ទឹកដី​ខ្មែរ​នា​ខេត្ត​កំពង់ឆ្នាំង៕

© 2024, . All rights reserved.