សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការលើសំណុំរឿង «រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ» ទៅលើស្ថាបនិកអង្គការចលនាមាតាធម្មជាតិ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវីតសុន ជនជាតិអេស្ប៉ាញ និងសកម្មជនបរិស្ថានចំនួន ១០នាក់ផ្សេងទៀតនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នេះ។
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បានចេញលិខិតកោះហៅមេធាវី សំ ចំរើន និងសកម្មជនចលនាមាតាធម្មជាតិ សកម្មជនបរិស្ថានទាំង ១០នាក់ ឲ្យចូលខ្លួនបើកសវនាការនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ គឺមានឈ្មោះលោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវីតសុន ជនជាតិអេស្ប៉ាញ លោក យឹម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី, ប៉ិញ ពិសិដ្ឋ, រ៉ៃ រក្សា ហៅ រ៉ី រក្សា, ពក ខើយ ហៅ ពក ខឺយ ដែលជាសកម្មជនចលនាមាតាធម្មជាតិ។ នៅក្នុងចំណោមជនជាប់ចោទទាំងនេះ មានយុវជន លី ចាន់ដារ៉ាវុត ដែលទើបវិលត្រឡប់ពីក្រៅប្រទេស បានប្រកាសតាមហ្វេសប៊ុកថា លោកនឹងចូលរួមសវនាការដើម្បីតតាំងរឿងក្ដីមួយនេះ។
សកម្មជនចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី លើកឡើងថា កញ្ញា និងសមាជិកផ្សេងទៀតបានត្រៀមខ្លួនចូលរួមសវនាការនាពេលខាងមុខ ទោះបីជាអាជ្ញាធរអាចនឹងចាប់ខ្លួនកញ្ញា និងសមាជិកផ្សេងទៀតជាថ្មីក្ដី។ កញ្ញាថា ការចូលរួមសវនាការនេះដើម្បីជាការលើកទឹកចិត្តដល់យុវជន និងពលរដ្ឋខ្មែរឱ្យបន្តការពារធនធានធម្មជាតិ ទោះជាគ្មានក្រុមសកម្មជនចលនាមាតាធម្មជាតិក៏ដោយ។
ប្រភពដដែលបានអះអាងថា ក្រុមសកម្មជនចលនាមាតាធម្មជាតិ នឹងមិនបោះបង់កិច្ចការពារបរិស្ថាននោះទេ ទោះបីជារាជរដ្ឋាភិបាលប្រើប្រាស់វិធានការយកតុលាការគាបសង្កត់ក្ដី។ កញ្ញាលើកឡើងថា ការចូលរួមសវនាការនៅក្នុងតុលាការ គឺជាការបញ្ជាក់ថា សកម្មជនចលនាមាតាធម្មជាតិ មិនបាក់ស្មារតីដោយសារតែការធ្វើទុក្ខបុកម្នេញពីសំណាក់ប្រព័ន្ធតុលាការនោះឡើយ។
ចំណែកឯយុវជន លី ចាន់ដារ៉ាវុត ដែលទើបវិលត្រឡប់ពីក្រៅប្រទេស បានប្រកាសតាមហ្វេសប៊ុកថា លោកនឹងចូលរួមសវនាការដើម្បីតតាំងរឿងក្ដីមួយនេះ។ យុវជនរូបនេះអះអាងថា បើទោះជម្រើសរបស់លោកលើកនេះនៅតែអាចជាជម្រើសខុសសម្រាប់ខ្លួនឯង ក៏លោកគិតថាវានៅតែជារឿងប្រសើរដែលបានបម្រើដល់ជាតិ និងប្រជាជនរបស់លោក។
បើតាមសេចក្តីរាយការណ៍ពីអង្គការលីកាដូ (LICADHO) ឱ្យដឹងថា សមាជិកចលនាមាតាធម្មជាតិទាំង ១០នាក់នោះ មាន ៥នាក់ត្រូវបានតុលាការកាត់ទោសម្តងរួចហើយកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ឲ្យជាប់ពន្ធនាគារចន្លោះពី ១៨ខែទៅ ២០ខែ និងពិន័យជាប្រាក់ចំនួន ៤លានរៀល ពីបទញុះញង់ និងសមគំនិត។ ការចោទប្រកាន់នោះ គឺបន្ទាប់ពីពួកគេធ្វើយុទ្ធនាការដោយសន្តិវិធីដើម្បីការពារបឹងតាមោក។
សកម្មជនចលនាមាតាធម្មជាតិ ដែលត្រូវបានកាត់ទោសកន្លងមករួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី កញ្ញា ជា គន្ធីន និងលោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវីតសុន ក៏ប៉ុន្តែសម្រាប់កញ្ញា ជា គន្ធីន និងលោក អាឡិចហ្សង់ដ្រូ គឺមិនបានជាប់ពន្ធនាគារនោះទេ។
អ្នកឃ្លាំមើលសិទ្ធិមនុស្សឯករាជ្យ លោក ស៊ឹង សែនករុណា ដែលបានភៀសខ្លួនទៅរស់នៅក្រៅប្រទេសដោយសារតែបណ្តឹងរបស់លោក ហ៊ុន សែន បានមានប្រសាសន៍ថា រដ្ឋាភិបាលគួរលើកទឹកចិត្តការងាររបស់ក្រុមយុវជនចលនាមាតាធម្មជាតិ ជាជាងបន្តប្រើប្រាស់ប្រព័ន្ធតុលាការគំរាមកំហែងទៅលើពួកគេ។ លោកថា ក្រសួងបរិស្ថាន គួរធ្វើអន្តរាគមន៍ឱ្យមានការលើកលែងបទចោទលើសកម្មជនចលនាមាតាធម្មជាតិ ដែលហ៊ានលើកយកបញ្ហាបរិស្ថានកើតមាននៅតាមសហគមន៍ឱ្យរដ្ឋាភិបាលបានដឹង។
សកម្មជនចលនាមាតាធម្មជាតិធ្លាប់ទទួលបានពានរង្វាន់អន្តរជាតិចំនួនពីរ គឺពានរង្វាន់អ្នកការពារជួរមុខពីអង្គការ Front Line Defenders និងពានរង្វាន់ រ៉ាយ ឡាយលីហ៊ូត (Right Livelihood) ពីប្រទេសស៊ុយអែត (Sweden) ចំពោះភាពក្លាហាន និងការហ៊ានប្រថុយគ្រោះថ្នាក់ដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិនៅប្រទេសកម្ពុជា។
អង្គការចលនាមាតាធម្មជាតិ ដែលបង្កើតឡើងដោយលោក អាឡិច ត្រូវបានក្រសួងមហាផ្ទៃ សម្រេចលុបចោលកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីបានធ្វើសកម្មភាពលាតត្រដាងការពិតមួយចំនួននៅតំបន់អារ៉ែង និងការបូមខ្សាច់នៅក្នុងខេត្តកោះកុង។ ចំណែកលោក អាឡិច ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជាកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៥ ហើយបុរសជនជាតិអេស្ប៉ាញ រូបនេះ ក៏ត្រូវបានហាមមិនឲ្យចូលប្រទេសកម្ពុជាជារៀងរហូត។
មជ្ឈដ្ឋានអ្នកតាមដានមួយចំនួនសង្កេតឃើញ ហើយលើកជាសំណួរថា តើការធ្វើទុក្ខបុកម្នេញរុកកួនសកម្មជនការពារបរិស្ថានមិនឲ្យមានលទ្ធភាព ឬឱកាសធ្វើការងារបម្រើប្រយោជន៍សាធារណៈក្នុងសង្គមខ្មែរពីសំណាក់តុលាការ ជាមធ្យោបាយមួយបោសសម្អាតសកម្មជនជាសមាជិកសង្គមជាតិឲ្យអស់ពីប្រទេសកម្ពុជា ឬយ៉ាងណា ពីព្រោះបើគេបន្តរស់នៅធ្វើការក្នុងប្រទេស គេនឹងត្រូវប្រឈមនឹងការប៉ុនប៉ងធ្វើឃាត ចាប់ដាក់គុក ចុងបញ្ចប់ត្រូវរត់ចោលស្រុក៕
© 2024, . All rights reserved.