តំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន អះអាងថា ២៤ឆ្នាំមុន មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ធ្លាប់ទទួលស្គាល់មោឃកម្មសន្ធិសញ្ញាព្រំដែនខុសច្បាប់នៅទសវត្ស១៩៨០ រវាងប្រទេសកម្ពុជា និងវៀតណាម តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប៉ុន្តែលោក ហ៊ុន សែន បានគប់គិតជាមួយវៀតណាម លួចបន្តសុពលភាពនៅឆ្នាំ២០០៥។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងលោក អ៊ុំ សំអាន នៅថ្ងៃទី២៧ ឧសភា នេះបានបង្ហោះលិខិតរបស់លោក ហ៊ុន សែន មួយសន្លឹកដែលបានទូលថ្វាយព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ នាឆ្នាំ២០០០ ដោយអះអាងថា សន្ធិសញ្ញាព្រំដែននាទសវត្សទី៨០ ដូចជាឆ្នាំ១៩៨២, ឆ្នាំ១៩៨៣, ឆ្នាំ១៩៨៥ និងឆ្នាំ១៩៧៩ សម័យវៀតណាម ត្រួតត្រាកាន់កាប់ប្រទេសកម្ពុជា ត្រូវបានបញ្ចប់ដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ទាំងអស់។
លោក អ៊ុំ សំអាន អះអាងថា ប៉ុន្តែ ៥ឆ្នាំក្រោយ គឺនៅឆ្នាំ២០០៥ លោក ហ៊ុន សែន បែរជាគំរាមព្រះមហាក្សត្របង្ខំឱ្យព្រះអង្គឡាយព្រះហស្តលេខាទទួលស្គាល់សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលគាត់បានគប់គិតជាមួយភាគីវៀតណាម លួចបង្កើតឡើងដើម្បីជួយឱ្យសន្ធិសញ្ញាព្រំដែនខុសច្បាប់នានាដែលថាមានមោឃកម្មទាំងនោះ រស់ឡើងទាំងអស់ទៅវិញ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះបញ្ជាក់ថា សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ បានធ្វើឱ្យកម្ពុជាបាត់បង់កោះត្រល់ ចង្កោមកោះក្រចកសេះ បាត់បង់ដែនសមុទ្រ ៣០០០០គីឡូម៉ែត្រក្រឡា និងការដាក់ដែនសមុទ្រខ្មែរជាសម្បត្តិរួមជាមួយវៀតណាម ទំហំ ១ម៉ឺនគីឡូម៉ែត្រការ៉េថែមទៀត។
លោក អ៊ុំ សំអាន បញ្ជាក់ថា ក្រៅពីធ្វើឱ្យកម្ពុជាបាត់បង់ដែនទឹក សន្ធិសញ្ញាខុសច្បាប់នេះក៏បានធ្វើឱ្យកម្ពុជាបាត់បង់ព្រំដែនគោកអស់រាប់ពាន់ហិកតាដែរ ខណៈឥទ្ធិពលរបស់វានឹងបន្តឈ្លានពានទឹកដីខ្មែរកាន់តែអាក្រក់បន្ថែមទៀតទៅថ្ងៃអនាគត។
កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០០ លោក ហ៊ុន សែន ថ្វាយលិខិតមួយដល់ព្រះករុណាសម្តេចព្រះបាទនរោត្តម សីហនុ ដោយលើកឡើងថា ក្រោយកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមនៃជម្លោះកម្ពុជា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ត្រូវចូលជាធរមាន ជាពិសេសខ្លឹមសារក្នុងចំណុចទី២ មាត្រាទី១ ត្រង់ចំណុច «ឃ» បានចែងថា បញ្ចប់សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយដែលមិនសមស្របទៅនឹងអធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដីនៃកម្ពុជា។
លោក ហ៊ុន សែន បញ្ជាក់អំពីកង្វល់របស់ព្រះអង្គពាក់ព័ន្ធនឹងសន្ធិសញ្ញាព្រំដែន និងកិច្ចព្រមព្រៀងឆ្នាំ១៩៨២, ឆ្នាំ១៩៨៣, ឆ្នាំ១៩៨៥ និងឆ្នាំ១៩៧៩ រវាងកម្ពុជា និងវៀតណាម ដូច្នេះខ្លឹមសារក្នុងចំណុចទី២ មាត្រាទី១ ត្រង់ចំណុច «ឃ» នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ មានអត្ថន័យគ្រប់គ្រាន់ក្នុងការបញ្ចប់សន្ធិសញ្ញាព្រំដែន និងកិច្ចព្រមព្រៀងខុសច្បាប់ឆ្នាំ១៩៨២, ឆ្នាំ១៩៨៣, ឆ្នាំ១៩៨៥ និងឆ្នាំ១៩៧៩ រវាងកម្ពុជា-វៀតណាម ទាំងស្រុងទៅថ្ងៃមុខ។
សូមរំឭកថា សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រី ផាំ វ៉ាន់ដុង និងលោក ហេង សំរិន ប្រធានក្រុមប្រឹក្សារដ្ឋ អាចបន្តរៀងរាល់ ១០ឆ្នាំម្តងៗ បើសិនជាពុំមានភាគីណាមួយស្នើឡើងដើម្បីលុបចោលទេនោះ។ ដោយហេតុថាលោក ហ៊ុន សែន មិនបានស្នើលុបចោលជាផ្លូវការជាសាធារណៈ ឲ្យជាតិ និងអន្តរជាតិដឹងឮ អនុលោមតាមកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស នោះ ក្រុងហាណូយ ក៏ស្នើឲ្យលោក ហ៊ុន សែន ធ្វើសន្ធិសញ្ញាបំពេញបន្ថែម ឬសន្ធិសញ្ញាថ្មីឆ្នាំ២០០៥ អនុលោមតាមសន្ធិសញ្ញាចាស់ៗនាសម័យកងទ័ពយៀកណាម ត្រួតត្រា ឲ្យនៅជាធរមានរស់រវើកដដែល។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (Paris Peace Accords) គឺជាកិច្ចព្រមព្រៀងមួយស្ដីពីដំណោះស្រាយនយោបាយដើម្បីបញ្ចប់ជម្លោះនៅកម្ពុជា ធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក្នុងគោលបំណងឈានទៅរកការរៀបចំឲ្យមានសន្តិភាពឡើងវិញនៅប្រទេសកម្ពុជា ជំរុញឱ្យប្រទេសនេះមានការដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យ ការពារអធិបតេយ្យ ឯករាជ្យ បូរណភាព និងឯកភាពជាតិរបស់កម្ពុជាទាំងមូល។
កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ មិនមែនជាកិច្ចព្រមព្រៀងតែមួយនោះទេ គឺមានកិច្ចព្រមព្រៀងពីរ និងសេចក្តីថ្លែងការណ៍មួយ។ កិច្ចព្រមព្រៀងទី១ គឺស្តីអំពីការដោះស្រាយជម្លោះនៅកម្ពុជា ហើយកិច្ចព្រមព្រៀងទី២ គឺស្តីអំពីការគោរពឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងអព្យាក្រឹត្យរបស់កម្ពុជា ដោយឡែកសេចក្តីថ្លែងការណ៍ គឺជាការលើកឡើងអំពីការកសាងកម្ពុជាឡើងវិញ។
មាត្រា១ នៃកិច្ចព្រមព្រៀងទី២ គឺស្តីអំពីការគោរពឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងអព្យាក្រឹត្យរបស់កម្ពុជា ត្រង់ចំណុច «ឃ» ចែងថា បញ្ចប់សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយដែលមិនសមស្របទៅនឹងអធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដី និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ខ្លួន។
ទាក់ទិននឹងបញ្ហានេះ អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា បើគ្មានការឈ្លានពានរបស់វៀតណាម មកលើទឹកដីកម្ពុជា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៨ ទេ ក៏គ្មានសង្គ្រាមរវាងវៀតណាម និងកម្ពុជា ដែរ។ លោកបន្ថែមថា បើគ្មានសង្គ្រាមឈ្លានពាននេះទេ ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែរ ដូច្នេះបង្ហាញឱ្យឃើញថា កិច្ចព្រមព្រៀងនេះមានឥទ្ធិពលធំធេងណាស់ក្នុងការការពារបូរណភាពទឹកដីរបស់ខ្មែរ។
មុននឹងកងទ័ពវៀតណាម លើកបន្តុបលោក ហ៊ុន សែន ឱ្យធ្វើជានាយករដ្ឋមន្ត្រីខ្មែរ គេបានស្រាវជ្រាវឃើញកិច្ចព្រមព្រៀងខុសច្បាប់ជាច្រើនដែលលោក ហ៊ុន សែន បានចុះហត្ថលេខាជាមួយវៀតណាម ដូចជាសន្ធិសញ្ញាខុសច្បាប់ស្ដីពីតំបន់ទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២ ដោយកាត់កោះត្រល់ និងចង្កោមកោះក្រចកសេះ ទៅឱ្យវៀតណាម។
សន្ធិសញ្ញាខុសច្បាប់ព្រំដែនគោកឆ្នាំ១៩៨៣ និងសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ជាដើម ដែលសុទ្ធសឹងតែជាកិច្ចសន្យាធ្វើឱ្យបាត់បង់ទឹកដីខ្មែរទៅខាងប្រទេសវៀតណាម។ ជាងនេះទៀត គេក៏រកឃើញសារាចរណែនាំឆ្នាំ១៩៨៣ ស្ដីពីការណែនាំតម្រូវឱ្យពលរដ្ឋខ្មែរ ៥គ្រួសារនៅទីក្រុង ត្រូវមានជនជាតិវៀតណាម ៣គ្រួសារ រីឯនៅជនបទ ពលរដ្ឋខ្មែរ ៥គ្រួសារត្រូវមានជនជាតិវៀតណាម ២គ្រួសារថែមទៀត។
លើសពីនេះ ក៏មានសារាចរណែនាំឆ្នាំ១៩៨៦ ក្នុងការធានានូវផ្តល់នូវការផ្គត់ផ្គង់ ទីស្នាក់អាស្រ័យ និងដីធ្លីដល់ជនជាតិវៀតណាម ទាំងនោះផងដែរ ប៉ុន្តែកិច្ចព្រមព្រៀងទាំងនេះត្រូវបានធ្វើមោឃកម្មនៅឆ្នាំ១៩៩១ ដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំងអស់។
ទោះជាយ៉ាងណាក៏ដោយ នៅអំឡុងឆ្នាំ២០០៥ លោក ហ៊ុន សែន បានគប់គិតជាមួយរដ្ឋាភិបាលវៀតណាម បង្កើតកិច្ចព្រមព្រៀងខុសច្បាប់ថ្មីមួយទៀតដែលគេហៅថា សន្ធិសញ្ញាបំពេញបន្ថែមនៅអំឡុងឆ្នាំ២០០៥ ក្នុងបំណងធានាសុពលភាពកិច្ចព្រមព្រៀងខុសច្បាប់រវាងកម្ពុជា-វៀតណាម ឱ្យមានសុពលភាពឡើងវិញ។
ប៉ុន្តែដើម្បីឱ្យសន្ធិសញ្ញានេះស្របច្បាប់ គឺមានតែព្រះមហាក្សត្រឡាយព្រះហស្តលេខាទទួលស្គាល់ប៉ុណ្ណោះ ដូច្នេះលោក ហ៊ុន សែន ក៏បានគំរាមព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ សីហមុនី ឱ្យឡាយព្រះហស្តលេខាទទួលស្គាល់សន្ធិសញ្ញាខុសច្បាប់នេះតែម្តង ប៉ុន្តែត្រូវព្រះអង្គបដិសេធនៅពេលនោះ។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន គំរាមថា បើព្រះអង្គមិនចុះហត្ថលេខាលើសន្ធិសញ្ញានេះទេ គាត់នឹងរំលាយរបបរាជានិយម ដោយប្តូរទៅជារបបសាធារណរដ្ឋវិញជាមិនខាន។ ដោយសារមានការគំរាមកំហែងនេះ ព្រះអង្គក៏សម្រេចឡាយព្រះហស្តលេខាលើសន្ធិសញ្ញាខុសច្បាប់នេះ ដែលជាហេតុធ្វើឱ្យបំណងឈ្លានពានរបស់វៀតណាម អាចបន្តរហូតដល់សព្វថ្ងៃនេះតែម្តង៕
© 2024, . All rights reserved.