អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល ជំរុញឱ្យក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់របស់ចិន (CRBC) អនុវត្តគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោឱ្យបានឆាប់ បន្ទាប់ពីក្រុមហ៊ុននេះបានសិក្សាអស់រយៈពេលជិត ១ឆ្នាំកន្លងមក ខណៈគម្រោងនេះកំពុងក្លាយជាប្រធានបទក្តៅគគុក។
លោក ស៊ុន ចាន់ថុល លើកឡើងក្នុងកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់របស់ចិន នៅថ្ងៃទី២៨ ឧសភា នេះថា កម្ពុជាបានធ្វើការសិក្សាយ៉ាងលម្អិតគ្រប់ជ្រុងជ្រោយរួចរាល់ហើយលើគម្រោងព្រែកជីកមួយនេះ ដោយចំណាយពេលអស់ប្រមាណជា ២៦ខែ ដែលមានការចូលរួមពីជំនាញការបច្ចេកទេសជាន់ខ្ពស់ជិត ៥០នាក់ (៤៨នាក់)។
ប្រភពដដែលអះអាងថា អ្នកទាំងនោះគឺសុទ្ធសឹងតែជាអ្នកដែលមានជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំលើវិស្វកម្មសំណង់ផ្លូវទឹក វិស្វកម្មបូមស្ដារព្រែកជីក ការរចនាប្លង់សាងសង់ផ្លូវទឹក វិភាគជលសាស្ត្រ បរិស្ថាន សេដ្ឋកិច្ច-សង្គម និងគ្រប់ទិដ្ឋភាពជំនាញបច្ចេកទេសលើគ្រប់វិស័យដែលពាក់ព័ន្ធទាំងអស់។
មន្ត្រីជាន់ខ្ពស់រូបនេះបញ្ជាក់ថា គម្រោងព្រែកជីកនៅប្រទេសកម្ពុជា នឹងជួយរក្សាលំនឹងចីរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងបង្កើតជម្រកសម្រាប់ជីវចម្រុះគ្រប់ប្រភេទដែលមានសារប្រយោជន៍សម្រាប់ការកកើតនៃពពួកវារីជាតិ និងមច្ឆជាតិគ្រប់ប្រភេទ ព្រមទាំងកាត់បន្ថយទឹកជំនន់នៅខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាផងដែរ។
លោក ស៊ុន ចាន់ថុល គូសបញ្ជាក់ថា ការសាងសង់សន្ទះផ្លូវទឹកចំនួន ៣កន្លែងស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប គឺធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅក្នុងបណ្ដាញផ្លូវទឹកសាប និងអាចកំណត់បរិមាណ និងអត្រានៃលំហូរទឹកសាបដែលត្រូវហូរចេញទៅសមុទ្រផងដែរ ដែលមិនអាចបង្កឱ្យមានផលប៉ះពាល់លើផ្នែកបរិស្ថានក្នុងប្រទេស ឬបង្កផលប៉ះពាល់ជាអវិជ្ជមានឆ្លងដែនទៅប្រទេសជិតខាងឡើយ។
កាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ កន្លងទៅ រដ្ឋាភិបាលកម្ពុជាបានសម្រេចប្រគល់គម្រោងព្រែកជីកហ្វូណន ឱ្យក្រុមហ៊ុនចិនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) សិក្សាលម្អិត មុននឹងឈានដល់ការចរចាលើកិច្ចព្រមព្រៀងសាងសង់ ដូច្នេះបើគិតមកទល់នឹងពេលនេះ គឺមានរយៈពេលជិត ១ឆ្នាំហើយសម្រាប់ការសិក្សា មុននឹងចុះកិច្ចព្រមព្រៀងជុំវិញការសាងសង់ព្រែកនេះ។ ក្រុមហ៊ុន CRBC ជាក្រុមហ៊ុនឧបត្ថម្ភទុនដោយសហគ្រាសរដ្ឋចិន Chinese Communications Construction Company (CCCC)។
នៅក្នុងជំនួបរវាងលោក សុខ ចិន្តាសោភា និងប្រមុខការទូតចិន លោក វ៉ាង យី សមភាគីចិនបានឆ្លើយតបនឹងសំណើរបស់កម្ពុជា ដែលស្នើឲ្យចិន បង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីបន្ថែមនៅកម្ពុជាផ្តល់ការបណ្តុះបណ្តាលជំនាញសំដៅបង្កើនកម្លាំងពលកម្ម គាំទ្រគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រួមមានវិស័យដឹកជញ្ជូន ឡូជីស្ទិក ប្រព័ន្ធធារាសាស្ត្រ រួមទាំងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ «ហ្វូណនតេជោ»។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ លោក ហ៊ុន សែន បានអនុម័តឱ្យសាងសង់គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលត្រូវបានដាក់ឈ្មោះថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវចំណាយទុនវិនិយោគប្រមាណជា ១៧០០លានដុល្លារសហរដ្ឋអាមេរិក ក្រោមទម្រង់ BOT ជាមួយក្រុមហ៊ុនចិន ដែលនឹងត្រូវចំណាយពេលសាងសង់ប្រមាណជា ៤ឆ្នាំ។
សព្វថ្ងៃនេះ គម្រោងព្រែកជីកហ្វូណន កំពុងក្លាយជាប្រធានបទក្តៅគគុកមួយដែលមានការវិភាគវែកញែកពីមជ្ឈដ្ឋាននានា ខណៈរដ្ឋាភិបាលបានចេញមុខអះអាងថា អ្នកដែលប្រឆាំងនឹងការសាងសង់ផ្លូវនាវាចរណ៍នេះ គឺមានន័យថាជាការប្រឆាំងនឹងផលប្រយោជន៍ជាតិ។
គម្រោងព្រែកជីកហ្វូណន កំពុងត្រូវបានចាត់ទុកថាជាព្រែកដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះតាមដងទន្លេមេគង្គផង និងជាព្រែកដែលបម្រើផលប្រយោជន៍ឱ្យសេដ្ឋកិច្ចចិន តាមរយៈគោលនយោបាយខ្សែក្រវាត់ និងផ្លូវផងដែរ ជាពិសេសគម្រោងព្រែកជីកនេះក៏ត្រូវគេចាត់ទុកជាព្រែកដែលបម្រើឱ្យវិស័យកងទ័ពជើងទឹកចិន ដែលគេសង្ស័យថាកំពុងបង្កើតមូលដ្ឋាននៅតំបន់ជើងទឹករាម ក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះថែមទៀត។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បដិសេធដាច់អហង្ការថា ព្រែកជីកហ្វូណន មិនមែនជាគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិនដាច់ខាត ហើយព្រែកនេះក៏មិនមានការផ្ដួចផ្ដើមពីរដ្ឋាភិបាលចិន ដែរ ខណៈការចោទប្រកាន់ថាព្រែកនេះបម្រើឱ្យកងទ័ពជើងទឹកចិន គឺជារឿងមិនពិតទាំងអស់។
ជាងនេះទៀត នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត បានអះអាងថា គម្រោងព្រែកជីកនេះមានគោលដៅដ៏ចម្បងក្នុងការពង្រីកសក្ដានុពលសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន និងដើម្បីធ្វើឱ្យជីវភាពរបស់ប្រជាជនកម្ពុជាកាន់តែរីកចម្រើន និងធូរធារប៉ុណ្ណោះ ហើយនេះគឺជាកិច្ចការសំខាន់បំផុតរបស់រដ្ឋាភិបាលដែលត្រូវធ្វើ ដើម្បីសេដ្ឋកិច្ចជាតិ និងប្រជាជន។
ទោះជាដូច្នោះក្តី អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី បានលើកឡើងកាលពីពេលថ្មីៗនេះថា មូលដ្ឋានជើងទឹកនៅកំពង់ផែរាម ក្នុងខេត្តព្រះសីហនុ និងព្រែកជីកហ្វូណនដែលលាតសន្ធឹងតាមខេត្តទាំង ៤ ក្នុងប្រទេសកម្ពុជា គឺជាផែនការយុទ្ធសាស្ត្ររបស់ចិនកុម្មុយនីស្តដូចគ្នា ក្នុងផែនការវាតទីភូមិសាស្ត្រនយោបាយក្នុងតំបន់ ខណៈផលប្រយោជន៍ពីព្រែកជីកនេះសម្រាប់ប្រទេសកម្ពុជា គឺមានទំហំតិចតួចបំផុត៕
© 2024, . All rights reserved.