សាលាដំបូងរាជធានីភ្នំពេញ សម្រេចលើកយកសំណុំរឿងសកម្មជនចលនាមាតាធម្មជាតិ ដែលរងនូវការចោទប្រកាន់ពីបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ ទៅបើកសវនាការនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខវិញ។
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ តុលាការក្រុងភ្នំពេញ សម្រេចលើកពេលបើកសវនាការលើសំណុំរឿងសកម្មជនចលនាមាតាធម្មជាតិ ដែលរងនូវការចោទប្រកាន់ពីបទ ប្រមាថអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ វិញ។
សកម្មជនបរិស្ថានដែលរងនូវការចោទប្រកាន់ពីបទ ប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់ ដែលមានវត្តមានក្នុងសវនាការនាថ្ងៃទី២៩ ឧសភា នេះ រួមមាន លោក យឹម លាងហ៊ី លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុធ កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ហើយពួកគេបានស្លៀកពាក់ស បង្ហាញពីការកាន់ទុក្ខទាំងអស់គ្នា។
សកម្មជនបរិស្ថានដែលរងនូវការចោទប្រកាន់ពីបទ ប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់ រួមមាន លោក យឹម លាងហ៊ី អ្នកនាង ស៊ុន រដ្ឋា និងលោក អាឡិកហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson)។ ចំណែកសកម្មជនចំនួន ៧នាក់ផ្សេងទៀត រងបទចោទ រួមគំនិតក្បត់ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុធ លោក ម៉ិញ ពិសិដ្ឋ កញ្ញា រ៉ី រក្សា និងលោក ពក ខើយ។
អតីតមន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៩ ឧសភា នេះដោយអំពាវនាវឱ្យតុលាការពិនិត្យ និងសម្រេចដោយសុភវិនិច្ឆ័យលើសំណុំរឿងសកម្មជនចលនាមាតាធម្មជាតិឡើងវិញ។ លោកថា សកម្មភាពរបស់យុវជនទាំងនោះកន្លងមក មិនបានរំលោភបំពានច្បាប់ ឬបំផ្លាញផលប្រយោជន៍របស់ប្រទេសជាតិឡើយ។
លោក ស៊ឹង សែនករុណា លើកឡើងថា ប្រសិនបើតុលាការនៅតែបន្តចោទប្រកាន់ ឬឃុំខ្លួនសកម្មជនទាំងនោះទៀត គឺជាសញ្ញានៃការគំរាមកំហែងដល់ពួកគេ ហើយក៏ជាហេតុផលបំបាក់ទឹកចិត្តរបស់សកម្មជនទាំងនោះមិនឱ្យចូលរួមការពារសម្បត្តិធនធានធម្មជាតិរបស់កម្ពុជាបន្តទៀតដែរ។ លោកបន្តថា ចំណែកយុវជនដែលចង់ចូលរួមកិច្ចការសង្គមផ្សេងទៀត ក៏នឹងមានការភិតភ័យពីការសម្រេចរបស់តុលាការលើសំណុំរឿងនេះដែរ។
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះឱ្យមេធាវីលោក សំ ចំរើន និងសកម្មជនចលនាមាតាធម្មជាតិទាំង ៧នាក់ រួមមានកញ្ញា ស៊ុន រដ្ឋា កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុត និងលោក អាឡិកហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ព្រមទាំងអតីតសកម្មជនចលនាមាតាធម្មជាតិម្នាក់ទៀត គឺលោក ពក ខើយ ត្រូវចូលសវនាការនៅព្រឹកថ្ងៃពុធ ទី២៩ ឧសភា នេះជាកំហិត។
សវនាការលើសំណុំរឿងសកម្មជនចលនាមាតាធម្មជាតិ នៅថ្ងៃពុធនេះ គឺជាសវនាការលើកទី១ ហើយ បន្ទាប់ពីការសុំពន្យារជាច្រើនលើកកន្លងមក ក្នុងនោះ ការពន្យារពេលលើកទី១ ដោយសារមេធាវីការពារក្តីជាប់រវល់ភារកិច្ចផ្ទាល់ខ្លួន ចំណែកលើកទី២ ដោយសារសកម្មជនមួយចំនួនរវល់ចេញទៅទទួលពានរង្វាន់អន្តរជាតិនៅប្រទេសស៊ុយអែត និងលើកទី៣ ដោយសារសកម្មជនមួយចំនួនមិនទទួលបានដីកាកោះពីតុលាការ។
ជុំវិញបញ្ហានេះ សកម្មជនមួយចំនួនដែលមានវត្តមានក្នុងសវនាការនាថ្ងៃនេះ ធ្លាប់ត្រូវបានតុលាការកាត់ទោស និងជាប់ពន្ធនាគារម្តងរួចមកហើយ ដោយសារសកម្មភាពការពារបរិស្ថានរបស់ពួកគេ។ ជាក់ស្តែង អ្នកនាង ស៊ុន រដ្ឋា លោក លាង ហ៊ី និងលោក ដារ៉ាវុធ ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ និងត្រូវឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជិត ៥ខែ ក្រោមបទចោទប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់ ដែលត្រូវឡើងសវនាការនៅថ្ងៃនេះ។
ចំណែកលោក ថុន រដ្ឋា កញ្ញា គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២០ ក្រោមបទចោទមួយចំនួនពាក់ព័ន្ធនឹងអំពើញុះញង់ ជុំវិញការធ្វើយុទ្ធនាការរបស់កញ្ញា ឡុង គន្ធា ដែលប្រកាសពីការធ្វើដំណើរដោយថ្មើរជើងពីបឹងតាមោក ឆ្ពោះទៅកាន់គេហដ្ឋានរបស់លោក ហ៊ុន សែន ដើម្បីស្នើសុំឱ្យបញ្ឈប់ការលុបបឹងតាមោក។
សកម្មជនបរិស្ថានទាំងនេះ បានជាប់ពន្ធនាគារអស់រយៈពេលជាង ១៤ខែហើយអំឡុងពេលជាប់ឃុំ ពួកគេក៏រងនូវបទចោទ រួមគំនិតក្បត់បន្ថែមទៀតដែរ។ ចំណែកលោក អាឡិច ត្រូវបានតុលាការចោទប្រកាន់ពីបទ រួមគំនិតក្បត់ ដោយកំបាំងមុខ បន្ទាប់ពីលោកត្រូវបានអាជ្ញាធរខ្មែរបណ្តេញចេញពីប្រទេសកម្ពុជា កាលពីឆ្នាំ២០១៥ កន្លងទៅនោះ។
ក្រុមយុវជនចលនាមាតាធម្មជាតិ គឺជាក្រុមយុវជនសកម្មផ្នែកកិច្ចការការពារបរិស្ថាននៅកម្ពុជា ដែលបានចូលរួមការពារក្នុងការលុបបឹងក្នុងរាជធានីភ្នំពេញ ការកាប់បំផ្លាញព្រៃឈើ និងការបំផ្លិចបំផ្លាញធនធានធម្មជាតិនានា។ ដោយសារសកម្មភាពទាំងនេះ ក្រុមយុវជនទាំងនោះបានទទួលពានរង្វាន់ Right Livelihood ឆ្នាំ២០២៣ កន្លងទៅផងដែរ៕
© 2024, . All rights reserved.