មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន អះអាងថា សកម្មភាពរបស់លោក អាត់ ធន់ អតីតប្រធានសហភាពការងារកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា គ្រាន់តែបង្ហាញឥរិយាបថជាអ្នកប្រឆាំងដើម្បីទទួលបានការទុកចិត្តពីចៅហ្វាយបរទេសដែលផ្តល់លុយឲ្យតែប៉ុណ្ណោះ បន្ទាប់ពីអគ្គនាយកកាសែតដើមអម្ពិល លោក សយ សុភាព បានទម្លាយព័ត៌មានថា លោក អាត់ ធន់ បានទៅពឹងពាក់ឲ្យមានការជួយធ្វើជាមេដឹកនាំសហជីពទៅថ្ងៃមុខបន្តទៀត។
ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ថា ការប្រឆាំងនឹងរដ្ឋាភិបាលពីសំណាក់លោក អាត់ ធន់ កន្លងមក គ្រាន់តែបង្ហាញឥរិយាបថជាអ្នកប្រឆាំងដើម្បីទទួលបានការទុកចិត្តពីចៅហ្វាយបរទេសដែលផ្តល់លុយឱ្យរូបគាត់តែប៉ុណ្ណោះ។
ក្នុងន័យនេះ លោក ហ៊ុន សែន ទំនងជាចង់សំដៅថាលោក អាត់ ធន់ គ្រាន់តែធ្វើប្រឆាំងនឹងរដ្ឋាភិបាល ដើម្បីទទួលបានលុយពីបរទេសប៉ុណ្ណោះ មិនមែនប្រឆាំងនឹងរដ្ឋាភិបាលដោយពិតប្រាកដនោះទេ។
លោក ហ៊ុន សែន លើកឡើងថា កាលពីដើមខែឧសភា ឆ្នាំ២០២៤ លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយចាងហ្វាងកាសែតដើមអម្ពិល លោក សយ សុភាព អះអាងថា លោក អាត់ ធន់ បានស្នើសុំមកកាន់រូបលោកតាមរយៈលោក សយ សុភាព ឱ្យជួយលោកជាប់ឆ្នោតធ្វើជាប្រធានសហជីពសហភាពការងារកម្ពុជា ដែលហៅកាត់ថា CLC បន្តទៀត ប្រសិនបើលោកចាញ់ការបោះឆ្នោតដោយករណីណាមួយនោះ។
មេដឹកនាំបក្សកាន់អំណាចរូបនេះបញ្ជាក់ថា លោកបានប្រាប់ទៅលោក សយ សុភាព វិញថាឱ្យលោក អាត់ ធន់ បោះឆ្នោតតាមការកំណត់ជាមួយអង្គបោះឆ្នោតដែលមានស្រាប់បន្តទៀតចុះ ដែលនេះជាដំណើរការធម្មតានៃប្រជាធិបតេយ្យសម្រាប់អង្គការចាត់តាំងមួយដែលមនុស្សចាស់ដូចជារូបលោកគួរតែប្រាប់ទៅក្មេងជំនាន់ក្រោយ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីអគ្គនាយកកាសែតដើមអម្ពិល ដែលស្និទ្ធនឹងរដ្ឋាភិបាលបានផ្ញើសារមួយទៅកាន់លោក ហ៊ុន សែន ដោយបង្ហាញពីការអះអាងរបស់លោក អាត់ ធន់ ជាច្រើនចំណុចចំពោះមេដឹកនាំបក្សកាន់អំណាចរូបនេះ។
កាលពីយប់ថ្ងៃព្រហស្បតិ៍ លោក ហ៊ុន សែន បានទម្លាយសារមួយរវាងរូបលោក និងអគ្គនាយកកាសែតដើមអម្ពិល លោក សយ សុភាព ដោយលោក សយ សុភាព រៀបរាប់ថា លោក អាត់ ធន់ បានជូនពរលោក ហ៊ុន សែន និងប្ដេជ្ញាគាំទ្រគម្រោងព្រែកជីកហ្វូណន ព្រមទាំងអនុវត្តតាមការណែនាំរបស់លោក ហ៊ុន សែន ផងដែរ។
ជាងនេះទៅទៀត លោក សយ សុភាព សរសេរបញ្ជាក់ថា លោក អាត់ ធន់ ក៏បានសុំឱ្យលោក ហ៊ុន សែន អភ័យទោសចំពោះរូបលោកផងដែរចំពោះកំហុសឆ្គាំឆ្គងក្នុងការងារក្នុងរយៈពេលចុងក្រោយនេះ ប៉ុន្តែក្នុងសារនោះមិនបានបញ្ជាក់ថា លោក អាត់ ធន់ បានធ្វើកំហុសអ្វីនោះទេ។
ទាក់ទិននឹងបញ្ហានេះ អគ្គនាយកកាសែតដើមអម្ពិល លោក សយ សុភាព បានលើកឡើងក្នុងកម្មវិធីមួយកាលពីសប្តាហ៍កន្លងទៅថា លោក អាត់ ធន់ បានមកពឹងលោកឱ្យជួយបញ្ជូនពាក្យរបស់ខ្លួនទៅកាន់លោក ហ៊ុន សែន ដើម្បីជួយឱ្យលោកបានធ្វើជាមេដឹកនាំសហជីពនៅកម្ពុជាបន្តទៀត។
លោក សយ សុភាព លើកឡើងថា ក្រោយចាញ់ឆ្នោតមិនបានធ្វើជាប្រធានសហជីពសហភាពការងារកម្ពុជា លោក អាត់ ធន់ បានវាយប្រហារថាគាត់បានរងនូវការគំរាមកំហែងពីលោក សយ សុភាព ហើយការបោះឆ្នោតនេះទៀតសោតក៏មានការលូកដៃពីខាងក្រៅដែរ ដែលទំនងជាលោក អាត់ ធន់ មានបំណងសំដៅទៅលើលោក សយ សុភាព ថែមទៀត។
យ៉ាងណាក៏ដោយ លោក សយ សុភាព បានបដិសេធដាច់អហង្ការថា លោកមិនបានដឹងរឿងផ្ទៃក្នុងរបស់សហជីពសហភាពការងារកម្ពុជាដែលលោក អាត់ ធន់ ធ្លាប់បានដឹកនាំនោះទេ។ ជាងនេះទៀត លោកក៏មិនបានលូកដៃរឿងបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់សហជីពនេះដែរ។
ក្នុងការផ្សាយនោះ លោក សយ សុភាព ស្នើឱ្យម្ចាស់ជំនួយស្រាវជ្រាវ និងធ្វើសវនកម្មលើការដឹកនាំរបស់លោក អាត់ ធន់ កន្លងមកផងដែរ ក្រោមការសង្ស័យថាលោក អាត់ ធន់ ប្រើប្រាស់លុយរបស់ម្ចាស់ជំនួយបរទេសកន្លងមកគ្មានតម្លាភាព។
កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងមហាសន្និបាតអាណត្តិទី៥ របស់សហភាពការងារកម្ពុជាហៅកាត់ថា CLC ដែលរៀបចំឡើងនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងបោះឆ្នោតជ្រើសរើសមេដឹកនាំសហជីពថ្មីតាមអាណត្តិរៀងរាល់ ៥ឆ្នាំម្តងរបស់ខ្លួន។
ក្នុងការបោះឆ្នោតនោះ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ស៊ីខាវឌូ (C-CAWDU) លោក គង់ អាទិត្យ ត្រូវបានជាប់ឆ្នោតជាប្រធានថ្មីរបស់សហភាពការងារកម្ពុជា CLC ជំនួសលោក អាត់ ធន់ ក្នុងនោះលោក អាត់ ធន់ ទទួលបានសំឡេងគាំទ្រជាង ៨០សំឡេង ចំណែកលោក គង់ អាទិត្យ ទទួលបានសំឡេងគាំទ្រជាង ១០០សំឡេងក្នុងចំណោមអង្គបោះឆ្នោតជាង ២០០នាក់។
ជុំវិញការចោទប្រកាន់នេះ សារព័ត៌មាន The Cambodia Daily មិនទាន់អាចសុំការបកស្រាយពីលោក អាត់ ធន់ បាននៅឡើយទេមកទល់នឹងម៉ោងផ្សាយនេះ៕
© 2024, . All rights reserved.