សន្និសីទពិភពលោកស្ដីពីសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន ដែលកំពុងហែកហួរដោយសារសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសមហាអំណាចរុស្ស៊ី នឹងកំណត់ធ្វើឡើងនៅលើទឹកដីនៃប្រទេសស្វីស ចាប់ពីថ្ងៃទី១៥-១៦ ខែមិថុនា។ គេរំពឹងថាមានជាង ១០០ប្រទេសនឹងបញ្ជូនថ្នាក់ដឹកនាំរបស់ពួកគេមកចូលរួម។
ប្រទេសស្វីស ជាអ្នកទទួលបន្ទុករៀបចំសន្និសីទអន្តរជាតិនេះ ដែលសហការជាមួយប្រទេសអ៊ុយក្រែន។ តាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋាភិបាលស្វីស បានត្រៀមលិខិតអញ្ជើញដល់ទៅ ១៦០ប្រទេសនៅទូទាំងពិភពលោក ដែលក្នុងនោះមានប្រធានាធិបតីប្រទេសចិន ផងដែរ តែពុំមានការអញ្ជើញលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នោះទេ។
លោក ពូទីន ត្រូវគេចាត់ទុកជាដើមហេតុនៃការធ្វើឱ្យមានសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន ព្រោះតែបុរសខ្លាំងវិមានក្រឹមឡាំង រូបនេះជាអ្នកចេញបញ្ជាឱ្យលើកទ័ពរុស្ស៊ី រាប់ម៉ឺនសែននាក់ វាយលុកចូលប្រទេសអ៊ុយក្រែន ដែលនាំឱ្យផ្ទុះសង្គ្រាមមកដល់ពេលនេះ។
យ៉ាងណា ប្រធានាធិបតីចិន ស៊ី ជីនពីង និងលោក ពូទីន ទើបជួបគ្នាជាថ្មីម្ដងទៀតកាលពីថ្ងៃទី១៦ ឧសភា ដែលលោក ពូទីន ធ្វើដំណើរទៅទីក្រុងប៉េកាំង។
គេមិនអាចដឹងថាមានអាថ៌កំបាំងអ្វីនៅពីក្រោយជំនួបកំពូលរបស់មេដឹកនាំមហាអំណាចទាំងពីររូបនេះទេ តែគេអាចដឹងតាមរយៈសេចក្ដីថ្លែងការណ៍រួមរបស់ពួកគាត់ ដែលសេចក្ដីថ្លែងការណ៍នេះបានដំឡើងសំឡេងរួមគ្នាទប់ទល់នឹងពួកបស្ចិមប្រទេស ជាពិសេសគឺសហរដ្ឋអាមេរិក។
សន្និសីទអន្តរជាតិដែលគ្រោងធ្វើឡើងនៅប្រទេសស្វីស នេះ ពិតណាស់នឹងក្លាយជាវេទិកាប្រមូលផ្ដុំកម្លាំងអ្នកប្រជាធិបតេយ្យ និងប្រទេសដែលថ្កោលទោសរុស្ស៊ី ឈ្លានពានអ៊ុយក្រែន។ ដូច្នេះ ប្រទេសដែលជាសម្ពន្ធភាពស៊ីជម្រៅជាមួយរុស្ស៊ី អាចនឹងមិនចាត់តាំងប្រតិភូមកចូលរួមនោះទេ។ បើបញ្ជូនប្រតិភូមកចូលរួម គឺគ្រាន់តែបង្គ្រប់កិច្ចតាមសេចក្ដីអញ្ជើញរបស់ប្រទេសស្វីស ប៉ុណ្ណោះ។
នៅថ្ងៃទី៣១ ឧសភា នេះ ក្រុងប៉េកាំង ចាប់ផ្ដើមបង្ហាញជំហររបស់ខ្លួនហើយ ដែលថាខ្លួនចង់នៅអព្យាក្រឹត្យ មិនចង់ចូលរួមសន្និសីទអន្តរជាតិនេះទេ។ ក្រុងប៉េកាំង ពោលពាក្យថា «លំបាក» ចូលរួម។
សារព័ត៌មានប្រទេសសិង្ហបុរី The Straits Times លើកឡើងថា ចិនតាំងខ្លួនជាអ្នកអព្យាក្រឹត្យ តែមិនព្រមថ្កោលទោសរុស្ស៊ី ឈ្លានពានអ៊ុយក្រែន ហើយកាន់តែធ្វើខ្លួនកាន់តែស្និទ្ធនឹងរុស្ស៊ី ទាំងសេដ្ឋកិច្ច និងយោធា។
នៅថ្ងៃទី៣១ ឧសភា ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នៅតែបន្តស្នើសុំលោក ស៊ី ជីនពីង មកចូលរួមសន្និសីទនេះ ដោយចាត់ទុកថាវាមានតម្លៃជាខ្លាំងសម្រាប់ចិន ដែលបង្ហាញជំហរចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
ទីក្រុងប៉េកាំង បានលើកឡើងថា សន្និសីទនេះគួរតែមានវត្តមានតំណាងប្រទេសរុស្ស៊ី និងភាគីពាក់ព័ន្ធទាំងអស់។ នេះបើយោងតាមអ្នកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន។
តែការពិត ទីក្រុងមូស្គូ បានទាត់ចោលទៅហើយដោយមិនទទួលស្គាល់វេទិកាសន្និសីទអន្តរជាតិនេះទេ។ ក្រុងមូស្គូ បានហៅលទ្ធផលដែលចេញពីសន្និសីទនេះ គឺស្មើនឹងសូន្យ។
តែផ្ទុយទៅវិញ ក្រុងមូស្គូ បែរជាស្នើទៅក្រុងប៉េកាំង ជួយចុងផ្ដើមឱ្យមានវេទិកាអន្តរជាតិធំមួយនិយាយពីសង្គ្រាមនៅអ៊ុយក្រែន។
បើយោងតាមទីភ្នាក់ងារព័ត៌មានរបស់រុស្ស៊ី RIA រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានលើកឡើងថា ចិនអាចជួយរៀបចំសន្និសីទសន្តិភាពមួយដែលទាំងរុស្ស៊ី និងអ៊ុយក្រែន នឹងចូលរួម។ លោក Lavrov បានបន្តថា វាអាចជាកិច្ចប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ដែលសំដៅជួយដោះស្រាយវិបត្តិអ៊ុយក្រែន។
លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានបន្តថា៖ មានការយល់ឃើញដូចគ្នាចំពោះជំហររបស់ចិន ដែលថាដើមចមនៃបញ្ហាជម្លោះ ចាំបាច់ត្រូវតែដោះស្រាយក្នុងជំហានដំបូងបំផុត គឺស្របតាមភាគីទាំងពីរ ដែលត្រូវតែទទួលបានការការពារតាមរយៈការបង្កើតកិច្ចព្រមព្រៀង ដោយឈរលើគោលការណ៍នៃសមភាព និងសន្តិសុខដោយមិនអាចបែងចែកដាច់ពីគ្នាបានឡើយ។
ក្រុងមូស្គូ តែងតែអំពាវនាវឱ្យមានការចរចាគ្នា ប៉ុន្តែបានភ្ជាប់ជាមួយនូវលក្ខខណ្ឌគាបសង្កត់ទីក្រុងគៀវ និងក្រុមប្រទេសលោកខាងលិច ត្រូវតែទទួលស្គាល់តំបន់ទាំងឡាយណាដែលកងទ័ពរុស្ស៊ី កំពុងកាន់កាប់នៅអ៊ុយក្រែន ក៏ប៉ុន្តែទីក្រុងគៀវ បានច្រានចោល ហើយពោលពាក្យចំអកវិញថា អ៊ុយក្រែន គ្មានដីទំនេរសម្រាប់ច្រៀកទឹកដីរបស់ខ្លួនទៅឱ្យអ្នកឈ្លានពាននោះទេ។
កាលពីពេលថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបង្ហើបអំពីការចង់ផ្អាកការប្រយុទ្ធគ្នានៅសមរភូមិជួរមុខ តែលោក ពូទីន បង្ហាញជំហរដូចនេះខណៈលោកបញ្ជាឱ្យទ័ពនុយក្លេអ៊ែរ ធ្វើសមយុទ្ធដោយអូសក្បាលគ្រាប់នុយក្លេអ៊ែរតាក់ទិក មកសម្ញែងគំរាមទាំងអ៊ុយក្រែន និងបស្ចិមប្រទេស។
យ៉ាងណា សហរដ្ឋអាមេរិក និងសម្ពន្ធភាព មិនបានពោលពាក្យចុះចាញ់ចំពោះការគំរាមរបស់រុស្ស៊ី ម្ដងណាឡើយ៕