25.9 C
Phnom Penh

លោក ហ្សេឡេនស្គី វាយប្រហារ​ចិន​ថា​ជា​ប្រទេស​វិទ្ធង្សនា​ធ្វើ​ចលនា​រាំង​ខ្ទប់​ដំណើរ​សន្តិភាព​សម្រាប់​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) បាន​បើក​កកាយ​វាយប្រហារ​ក្រុង​ប៉េកាំង ដោយ​ផ្ដើម​ចោទ​ចំៗ​ថា​ជា​ប្រទេស​មាន​ពិសពុល​បង្ក​វិទ្ធង្សនា​ចំពោះ​ដំណើរការ​ទៅ​រក​ការ​បើក​សន្និសីទ​កំពូល​ស្ដីពី​សន្តិភាព​សម្រាប់​ប្រទេស​អ៊ុយក្រែន ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ស្វីស ពី​ថ្ងៃទី​១៥-១៦ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​សិង្ហបុរី The Straits Times លោក ហ្សេឡេនស្គី បាន​វាយប្រហារ​ប្រទេស​ចិន ដូចនេះ កាលពី​ថ្ងៃ​អាទិត្យ ទី​២ ខែ​មិថុនា នៅ​ក្នុង​វេទិកា​សន្តិសុខ Shangri-La Dialogue ធ្វើ​សម្រាប់​អាស៊ី-ប៉ាស៊ីហ្វិក​នៅ​ប្រទេស​សិង្ហបុរី ហើយ​ការ​ថ្លែង​របស់​ប្រធានាធិបតី​អ៊ុយក្រែន ក៏​នៅ​ចំពោះ​មុខ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ប្រទេស​ចិន ផង​ដែរ។

ក្នុង​ដំណើរ​ទៅ​កាន់​ប្រទេស​អាស៊ី​ជា​លើក​ទី​ពីរ​ចាប់តាំងពី​សង្គ្រាម​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន លោក ហ្សេឡេនស្គី បាន​ថ្លែង​ថា រុស្ស៊ី​កំពុង​ប្រើ​ឥទ្ធិពល​ចិន នៅ​ក្នុង​តំបន់ និង​ពិភពលោក ឱ្យ​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង​ដើម្បី​វិទ្ធង្សនា​វេទិកា​សន្តិភាព​សម្រាប់​ប្រទេស​អ៊ុយក្រែន។

ការ​វាយប្រហារ​ចិន​ជា​សាធារណៈ​ដ៏​កម្រ​នេះ ក៏​ចំ​ពេល​ចិន និង​រុស្ស៊ី កំពុង​ក្លាយ​ជា​មិត្ត​គ្មាន​ព្រំដែន ដែល​លោក ហ្សេឡេនស្គី ចោទ​ថា​ក្រុង​ប៉េកាំង កំពុង​ជួយ​រុស្ស៊ី។ លោក​អះអាង​ថា លោក​មាន​ភស្តុតាង​ចោទ​ចិន ព្រោះ​ប្រធានាធិបតី​ចិន ដែល​បាន​សន្ទនា​ជាមួយ​លោក​កាលពី​ឆ្នាំ​ទៅ ថា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រុស្ស៊ី គឺ​ពេលនេះ​ចិន ក្បត់​ពាក្យ​សន្យា​ហើយ។

បើ​តាម​លោក ហ្សេឡេនស្គី គេ​មិន​រំពឹង​ថា​មាន​ការ​គាំទ្រ​ពី​ចិន នោះ​ទេ ហើយ​ក៏​មិន​ដែល​ទុកចិត្ត​ចិន ជ្រុល​ពេក​នោះ​ដែរ។ ចិន មិន​ប្រាកដ​ថា​មិន​ជួយ​អាវុធ​ទៅ​ឱ្យ​រុស្ស៊ី នោះ​ទេ។ ចិន តែងតែ​អះអាង​ថា​ខ្លួន​មិន​បាន​ជួយ​ផ្ដល់​អាវុធ​ឱ្យ​រុស្ស៊ី ទេ តែ​បើ​តាម​ប្រភព​ចារកម្ម គឺ​អាវុធ​ពី​ប្រទេស​ចិន មាន​ក្នុង​ដៃ​កងទ័ព​រុស្ស៊ី ខ្លះៗ​ទៅ​ហើយ។

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ប្រទេស​ចិន Dong Jun បាន​បញ្ជាក់​ថា ក្រុង​ប៉េកាំង មិន​ដែល​បញ្ឆេះ​ឱ្យ​រុស្ស៊ី បង្ក​សង្គ្រាម​នោះ​ទេ ហើយ​ចិន ក៏​មិន​ដែល​បាន​ផ្ដល់​អាវុធ​ទៅ​ឱ្យ​រុស្ស៊ី ម្ដង​ណា​នោះ​ដែរ។ លោក​ថា ចិន មាន​តែ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទេ។ លោក Dong Jun បាន​បញ្ជាក់​ប្រាប់​វេទិកា​សន្តិសុខ Shangri-La Dialogue ថា ចិន​គាំទ្រ​រឹងមាំ​ចំពោះ​ការ​ខិតខំ​ដើម្បី​ឱ្យ​មាន​សន្តិភាព​នៅ​អ៊ុយក្រែន។

បើ​តាម​លោក ហ្សេឡេនស្គី ឲ្យ​ដឹង​ថា ច្រើន​លើក​ហើយ​ដែល​លោក​ចង់​ជួប​លោក ស៊ី ជីនពីង ដោយ​ផ្ទាល់ តែ​លោក ស៊ី មិន​ដែល​ផ្ដល់​ឱកាស​ម្ដង​ណា​នោះ​ទេ។ លោក​ថា សូម្បី​នៅ​ប្រទេស​សិង្ហបុរី លើក​នេះ ក៏​លោក​ព្យាយាម​ជួប​តំណាង​របស់​ចិន ដែរ តែ​គេ​មិន​ព្រម​ជួប​លោក​ឡើយ។

ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​អ៊ុយក្រែន នៅ​អាស៊ី គឺជា​ការ​ខិតខំ​បញ្ចុះ​បញ្ចូល​មេដឹកនាំ​តំបន់​អាស៊ី ទៅ​ចូលរួម​សន្និសីទ​កំពូល​នៅ​ប្រទេស​ស្វីស នៅ​សប្ដាហ៍​ក្រោយ​ទៀត​នេះ។

លោក ហ្សេឡេនស្គី ទទូច​ឱ្យ​មាន​ការ​រួម​គ្នា​ប្រឆាំង​អ្នក​បង្ក​សង្គ្រាម ហើយ​កុំ​ព្យាយាម​រុញ​ពិភពលោក​ធ្លាក់​ក្នុង​សង្គ្រាម។

បើ​តាម​លោក ហ្សេឡេនស្គី មាន​ប្រទេស​ជាង ១០០ បាន​បញ្ជាក់​ពី​ការ​ទៅ​ចូលរួម​សន្និសីទ​អន្តរជាតិ​នេះ តែ​លោក​ថា ទីក្រុង​ប៉េកាំង កំពុង​ដាក់​សម្ពាធ​ទៅ​លើ​ប្រទេស​សម្ពន្ធមិត្ត​កុំ​ឱ្យ​ទៅ​ចូលរួម​វេទិកា​សន្តិភាព​នៅ​ប្រទេស​ស្វីស។

លោក ហ្សេឡេនស្គី បន្ត​ថា រុស្ស៊ី​កំពុង​រាំង​ខ្ទប់​វេទិកា​សន្តិភាព​នេះ ហើយ​បែរជា​ចិន កំពុង​ក៏​ធ្វើ​ដូច​រុស្ស៊ី ដែរ។

ក្រុង​ប៉េកាំង ប្រកាស​ថា ការ​ដែល​ខ្លួន​មិន​បាន​ទៅ​ចូលរួម​សន្និសីទ​អន្តរជាតិ​នេះ ពីព្រោះ​វេទិកា​នេះ​មិន​បាន​ស្នើ​ឲ្យ​រុស្ស៊ី ចូលរួម​នោះ​ទេ។ តែ​ផ្ទុយទៅវិញ រុស្ស៊ី​បាន​ស្នើ​ចិន ឲ្យ​ជួយ​រៀបចំ​វេទិកា​អន្តរជាតិ​មួយ​ឡើង។ ចិន ប្រកាស​ថា ការ​ដែល​ក្រុង​មូស្គូ អវត្តមាន គឺជា​ការ​កម្ចាត់​ភាគី​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ទៅ​ហើយ។ ក្រុង​ប៉េកាំង ថា​ខ្លួន​មាន​ការ​លំបាក ព្រោះ​ចិន មិន​លម្អៀង​ទៅ​ខាង​ណា​នោះ​ទេ។

នៅ​ឯ​វេទិកា​អន្តរជាតិ​នៅ​ប្រទេស​សិង្ហបុរី លោក ហ្សេឡេនស្គី បាន​ជួប​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជាច្រើន​ប្រទេស​មាន​ដូចជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក ជួប​ប្រធានាធិបតី Timor-Leste -José Ramos-Horta ប្រធានាធិបតី Prabowo Subianto ជួប​នាយករដ្ឋមន្ត្រី​សិង្ហបុរី និង​ជួប​ប្រមុខ​កិច្ចការ​បទេស​សហភាព​អឺរ៉ុប Josep Borrell រដ្ឋមន្ត្រី​ការពារ​ជាតិ​ជាច្រើន​ប្រទេស​ទៀត។

ក្រោយពី​ចេញពី​ប្រទេស​សិង្ហបុរី លោក ហ្សេឡេនស្គី ត្រូវ​បាន​រាយការណ៍​មក​ថា លោក​បាន​ទៅ​ដល់​ប្រទេស​ហ្វីលីពីន ហើយ។

លោក ហ្សេឡេនស្គី បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ហ្វីលីពីន Ferdinand Marcos Jr ក្នុង​ទីក្រុង​ម៉ានីល នៅ​ថ្ងៃ​ចន្ទ ទី​៣ ខែ​មិថុនា នេះ។ មេដឹកនាំ​ទាំង​ពីរ​បាន​ជួប​គ្នា​នៅ​វិមាន​ប្រធានាធិបតី​ហ្វីលីពីន ក្នុង​ទីក្រុង​ម៉ានីល។

លោក ហ្សេឡេនស្គី ក៏​បាន​អរគុណ​លោក Marcos ដែល​ប្រកាន់​ជំហរ​ច្បាស់លាស់​ចំពោះ​អ៊ុយក្រែន និង​សង្គ្រាម​របស់​រុស្ស៊ី លើ​ទឹកដី​អ៊ុយក្រែន។ ចំពោះ​លោក Marcos ប្រាប់​លោក ហ្សេឡេនស្គី វិញ​ថា លោក​ពិត​ជា​មាន​កិត្តិយស​ណាស់​ដែល​មេដឹកនាំ​អ៊ុយក្រែន មក​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ម៉ានីល។

កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី-ប៉ាស៊ីហ្វិក ឬ​ហៅថា កិច្ចសន្ទនា Shangri-La Dialogue គឺជា​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​អន្តរជាតិ​ដើម្បី​ការ​សិក្សា​យុទ្ធសាស្ត្រ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស។

កិច្ចប្រជុំ​កំពូល​នេះ ប្រមូលផ្ដុំ​ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​មកពី​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក ដោយ​ជួបជុំ​គ្នា​ពិភាក្សា​អំពី​បញ្ហា​សន្តិសុខ​សំខាន់ៗ​នៅ​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស