ប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) បានបើកកកាយវាយប្រហារក្រុងប៉េកាំង ដោយផ្ដើមចោទចំៗថាជាប្រទេសមានពិសពុលបង្កវិទ្ធង្សនាចំពោះដំណើរការទៅរកការបើកសន្និសីទកំពូលស្ដីពីសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន ដែលនឹងប្រព្រឹត្តទៅនៅប្រទេសស្វីស ពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៤ នេះ។
តាមបណ្ដាញផ្សាយព័ត៌មានសិង្ហបុរី The Straits Times លោក ហ្សេឡេនស្គី បានវាយប្រហារប្រទេសចិន ដូចនេះ កាលពីថ្ងៃអាទិត្យ ទី២ ខែមិថុនា នៅក្នុងវេទិកាសន្តិសុខ Shangri-La Dialogue ធ្វើសម្រាប់អាស៊ី-ប៉ាស៊ីហ្វិកនៅប្រទេសសិង្ហបុរី ហើយការថ្លែងរបស់ប្រធានាធិបតីអ៊ុយក្រែន ក៏នៅចំពោះមុខរដ្ឋមន្ត្រីការពារជាតិប្រទេសចិន ផងដែរ។
ក្នុងដំណើរទៅកាន់ប្រទេសអាស៊ីជាលើកទីពីរចាប់តាំងពីសង្គ្រាមរុស្ស៊ី ឈ្លានពានអ៊ុយក្រែន លោក ហ្សេឡេនស្គី បានថ្លែងថា រុស្ស៊ីកំពុងប្រើឥទ្ធិពលចិន នៅក្នុងតំបន់ និងពិភពលោក ឱ្យធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីវិទ្ធង្សនាវេទិកាសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន។
ការវាយប្រហារចិនជាសាធារណៈដ៏កម្រនេះ ក៏ចំពេលចិន និងរុស្ស៊ី កំពុងក្លាយជាមិត្តគ្មានព្រំដែន ដែលលោក ហ្សេឡេនស្គី ចោទថាក្រុងប៉េកាំង កំពុងជួយរុស្ស៊ី។ លោកអះអាងថា លោកមានភស្តុតាងចោទចិន ព្រោះប្រធានាធិបតីចិន ដែលបានសន្ទនាជាមួយលោកកាលពីឆ្នាំទៅ ថាមិនជាប់ពាក់ព័ន្ធនឹងរុស្ស៊ី គឺពេលនេះចិន ក្បត់ពាក្យសន្យាហើយ។
បើតាមលោក ហ្សេឡេនស្គី គេមិនរំពឹងថាមានការគាំទ្រពីចិន នោះទេ ហើយក៏មិនដែលទុកចិត្តចិន ជ្រុលពេកនោះដែរ។ ចិន មិនប្រាកដថាមិនជួយអាវុធទៅឱ្យរុស្ស៊ី នោះទេ។ ចិន តែងតែអះអាងថាខ្លួនមិនបានជួយផ្ដល់អាវុធឱ្យរុស្ស៊ី ទេ តែបើតាមប្រភពចារកម្ម គឺអាវុធពីប្រទេសចិន មានក្នុងដៃកងទ័ពរុស្ស៊ី ខ្លះៗទៅហើយ។
លោករដ្ឋមន្ត្រីការពារជាតិប្រទេសចិន Dong Jun បានបញ្ជាក់ថា ក្រុងប៉េកាំង មិនដែលបញ្ឆេះឱ្យរុស្ស៊ី បង្កសង្គ្រាមនោះទេ ហើយចិន ក៏មិនដែលបានផ្ដល់អាវុធទៅឱ្យរុស្ស៊ី ម្ដងណានោះដែរ។ លោកថា ចិន មានតែទំនាក់ទំនងពាណិជ្ជកម្មទេ។ លោក Dong Jun បានបញ្ជាក់ប្រាប់វេទិកាសន្តិសុខ Shangri-La Dialogue ថា ចិនគាំទ្ររឹងមាំចំពោះការខិតខំដើម្បីឱ្យមានសន្តិភាពនៅអ៊ុយក្រែន។
បើតាមលោក ហ្សេឡេនស្គី ឲ្យដឹងថា ច្រើនលើកហើយដែលលោកចង់ជួបលោក ស៊ី ជីនពីង ដោយផ្ទាល់ តែលោក ស៊ី មិនដែលផ្ដល់ឱកាសម្ដងណានោះទេ។ លោកថា សូម្បីនៅប្រទេសសិង្ហបុរី លើកនេះ ក៏លោកព្យាយាមជួបតំណាងរបស់ចិន ដែរ តែគេមិនព្រមជួបលោកឡើយ។
ទស្សនកិច្ចរបស់លោកប្រធានាធិបតីអ៊ុយក្រែន នៅអាស៊ី គឺជាការខិតខំបញ្ចុះបញ្ចូលមេដឹកនាំតំបន់អាស៊ី ទៅចូលរួមសន្និសីទកំពូលនៅប្រទេសស្វីស នៅសប្ដាហ៍ក្រោយទៀតនេះ។
លោក ហ្សេឡេនស្គី ទទូចឱ្យមានការរួមគ្នាប្រឆាំងអ្នកបង្កសង្គ្រាម ហើយកុំព្យាយាមរុញពិភពលោកធ្លាក់ក្នុងសង្គ្រាម។
បើតាមលោក ហ្សេឡេនស្គី មានប្រទេសជាង ១០០ បានបញ្ជាក់ពីការទៅចូលរួមសន្និសីទអន្តរជាតិនេះ តែលោកថា ទីក្រុងប៉េកាំង កំពុងដាក់សម្ពាធទៅលើប្រទេសសម្ពន្ធមិត្តកុំឱ្យទៅចូលរួមវេទិកាសន្តិភាពនៅប្រទេសស្វីស។
លោក ហ្សេឡេនស្គី បន្តថា រុស្ស៊ីកំពុងរាំងខ្ទប់វេទិកាសន្តិភាពនេះ ហើយបែរជាចិន កំពុងក៏ធ្វើដូចរុស្ស៊ី ដែរ។
ក្រុងប៉េកាំង ប្រកាសថា ការដែលខ្លួនមិនបានទៅចូលរួមសន្និសីទអន្តរជាតិនេះ ពីព្រោះវេទិកានេះមិនបានស្នើឲ្យរុស្ស៊ី ចូលរួមនោះទេ។ តែផ្ទុយទៅវិញ រុស្ស៊ីបានស្នើចិន ឲ្យជួយរៀបចំវេទិកាអន្តរជាតិមួយឡើង។ ចិន ប្រកាសថា ការដែលក្រុងមូស្គូ អវត្តមាន គឺជាការកម្ចាត់ភាគីជាប់ពាក់ព័ន្ធផ្ទាល់ទៅហើយ។ ក្រុងប៉េកាំង ថាខ្លួនមានការលំបាក ព្រោះចិន មិនលម្អៀងទៅខាងណានោះទេ។
នៅឯវេទិកាអន្តរជាតិនៅប្រទេសសិង្ហបុរី លោក ហ្សេឡេនស្គី បានជួបរដ្ឋមន្ត្រីការពារជាតិជាច្រើនប្រទេសមានដូចជារដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ជួបប្រធានាធិបតី Timor-Leste -José Ramos-Horta ប្រធានាធិបតី Prabowo Subianto ជួបនាយករដ្ឋមន្ត្រីសិង្ហបុរី និងជួបប្រមុខកិច្ចការបទេសសហភាពអឺរ៉ុប Josep Borrell រដ្ឋមន្ត្រីការពារជាតិជាច្រើនប្រទេសទៀត។
ក្រោយពីចេញពីប្រទេសសិង្ហបុរី លោក ហ្សេឡេនស្គី ត្រូវបានរាយការណ៍មកថា លោកបានទៅដល់ប្រទេសហ្វីលីពីន ហើយ។
លោក ហ្សេឡេនស្គី បានជួបជាមួយលោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ក្នុងទីក្រុងម៉ានីល នៅថ្ងៃចន្ទ ទី៣ ខែមិថុនា នេះ។ មេដឹកនាំទាំងពីរបានជួបគ្នានៅវិមានប្រធានាធិបតីហ្វីលីពីន ក្នុងទីក្រុងម៉ានីល។
លោក ហ្សេឡេនស្គី ក៏បានអរគុណលោក Marcos ដែលប្រកាន់ជំហរច្បាស់លាស់ចំពោះអ៊ុយក្រែន និងសង្គ្រាមរបស់រុស្ស៊ី លើទឹកដីអ៊ុយក្រែន។ ចំពោះលោក Marcos ប្រាប់លោក ហ្សេឡេនស្គី វិញថា លោកពិតជាមានកិត្តិយសណាស់ដែលមេដឹកនាំអ៊ុយក្រែន មកបំពេញទស្សនកិច្ចនៅទីក្រុងម៉ានីល។
កិច្ចប្រជុំកំពូលសន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក ឬហៅថា កិច្ចសន្ទនា Shangri-La Dialogue គឺជាកិច្ចប្រជុំកំពូលប្រចាំឆ្នាំដែលរៀបចំដោយវិទ្យាស្ថានអន្តរជាតិដើម្បីការសិក្សាយុទ្ធសាស្ត្រ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
កិច្ចប្រជុំកំពូលនេះ ប្រមូលផ្ដុំដោយរដ្ឋមន្ត្រីការពារជាតិមកពីបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក ដោយជួបជុំគ្នាពិភាក្សាអំពីបញ្ហាសន្តិសុខសំខាន់ៗនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕
© 2024, . All rights reserved.