29 C
Phnom Penh

អ្នក​ច្បាប់៖ នយោបាយ​របស់​លោក កឹម សុខា គឺ​លុប​បំបាត់​ភាព​ល្ងង់ខ្លៅ ភាព​ភ័យខ្លាច និង​ភាព​អត់ឃ្លាន​ចេញពី​ទឹកដី​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ច្បាប់​នៅ​កម្ពុជា លើកឡើង​ថា គោលដៅ​យុទ្ធសាស្ត្រ​នយោបាយ​របស់​លោក កឹម សុខា គឺ​មាន​បំណង​លុប​បំបាត់​ភាព​ល្ងង់ខ្លៅ ភាព​ភ័យខ្លាច និង​ភាព​អត់ឃ្លាន​ចេញពី​ទឹកដី​ខ្មែរ ដោយ​ជំនួស​មក​វិញ​នូវ​ការ​បណ្ដុះ​ពលរដ្ឋ​គ្រប់​រូប​ឱ្យ​ក្លាយ​ជា​ធនធាន​មនុស្ស​សម្រាប់​កសាង​សង្គម​ជាតិ។

សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង អ្នកស្រី ម៉េង សុភារី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣ មិថុនា នេះ​ថា យុទ្ធសាស្ត្រ​បំបាត់​ភាព ខ្លៅ ខ្លាច ឃ្លាន របស់​លោក កឹម សុខា ដើម្បី​បណ្តុះបណ្តាល​ពលរដ្ឋ​ខ្មែរ​ឱ្យ​ក្លាយ​ជា​ធនធាន​កសាង​សង្គម​ជាតិ មិនមែន​គាត់​អនុវត្ត​តាម​បរទេស​ណា​ទេ បើ​ទោះបីជា​គាត់​បាន​រៀនសូត្រ​ស្វែងយល់​នូវ​បទពិសោធន៍​ពី​ប្រទេស​នានា​ក្នុង​ពិភពលោក​ក៏ដោយ។

អ្នកស្រី ម៉េង សុភារី អះអាង​ថា តាមរយៈ​យុទ្ធសាស្ត្រ​នេះ លោក កឹម សុខា បាន​ធ្វើ​ការ​អប់រំ​ពលរដ្ឋ​ខ្មែរ​ឲ្យ​យល់ដឹង​អំពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​តាម​ផ្លូវ​លោក និង​ផ្លូវ​ធម៌​ជាច្រើន ក្នុង​បំណង​ឱ្យ​ពួកគេ​ចាក​ផុត​ពី​ភាព​ល្ងង់ខ្លៅ ផ្តល់​ឱកាស​ឲ្យ​ពលរដ្ឋ​ហ៊ាន​សម្ដែង​មតិ​ដែល​ចាក​ផុត​ពី​ការ​ភ័យខ្លាច និង​លើក​យក​មក​បង្ហាញ​ជា​ជម្រើស​នូវ​កម្មវិធី​នយោបាយ ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ច​ជាតិ និង​ជីវភាព​ពលរដ្ឋ ដើម្បី​ចាកចេញ​ពី​ភាព​ក្រីក្រ ឬ​ភាព​អត់ឃ្លាន​ផង​ដែរ។

អ្នក​ច្បាប់​រូប​នេះ​លើកឡើង​ថា លោក កឹម សុខា ជា​អ្នក​ជាតិ​និយម​ដែល​ប្រកាន់​យក​នូវ​គោលការណ៍​ប្រជាធិបតេយ្យ សេរីនិយម ពុទ្ធសាសនា ជា​អ្នក​ស្នេហា​ជាតិ ជា​អ្នក​ស្នេហា​ប្រជាធិបតេយ្យ ជា​បុគ្គល​អហិង្សា​និយម មិន​យក​ខ្មែរ​ណា​ជា​សត្រូវ និង​ជា​មេដឹកនាំ​ដែល​ប្ដេជ្ញា​ខ្ពស់​ក្នុង​ការ​ទប់ស្កាត់​អំពើ​ឈ្លានពាន​របស់​បរទេស អំពើ​ប្រល័យ​ពូជសាសន៍ អំពើ​ពុករលួយ ជាដើម។

អ្នកស្រី ម៉េង សុភារី បញ្ជាក់​ថា លោក កឹម សុខា បាន​ធ្វើ​សកម្មភាព​ច្រើន​ណាស់​ដើម្បី​លើកស្ទួយ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ក្រោម​គោលការណ៍​អហិង្សា មិន​គុំកួន មិន​សងសឹក មិន​ជ្រុល​និយម តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ មិន​ក្បត់​ជាតិ​ខ្មែរ ដែល​ទាំងនេះ​គឺជា​គោលការណ៍​គ្រឹះ​របស់​ព្រះពុទ្ធ​សាសនា​សម្រាប់​ការ​ផ្សះផ្សា និង​ការ​កសាង​សង្គម​ជាតិ។

កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​លោក កឹម សុខា ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ ដោយ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ និង​មិន​អនុញ្ញាត​ឱ្យ​ជួប​ជាមួយ​អ្នក​ដទៃ​ក្រៅពី​សាច់ញាតិ​ឡើយ ព្រមទាំង​ត្រូវ​ដកហូត​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត​ថែម​ទៀត។

លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ខណៈ​ការ​ចោទប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ចេតនា​របស់​លោក ហ៊ុន សែន ដើម្បី​កម្ទេច​អ្នក​នយោបាយ​ប្រឆាំង​ឱ្យ​អស់​ពី​កម្ពុជា​ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​កន្លង​ទៅ​ថា ការ​ដែល​លោក កឹម សុខា ជាប់​ឃុំ​យូរ​បែប​នេះ គឺ​ដោយសារតែ​ប្រទេស​មួយ​ចំនួន​ស្រឡាញ់​លោក កឹម សុខា ពេក។

លោក ហ៊ុន សែន បញ្ជាក់​ថា ការ​ដែល​តំណាង​ប្រទេស​ខ្លួន​ទៅ​ជួប​លោក​ហើយ តែ​បែរជា​នាំគ្នា​ទៅ​ជួប​លោក កឹម សុខា ទៀត​នោះ គឺ​លោក​ចាត់ទុក​ថា​ជា​ទំនាក់ទំនង​មិន​ស្មោះត្រង់ ឬ​ទំនាក់ទំនង​ចាប់​ដៃ​ជើង​លើ​រដ្ឋាភិបាល​កម្ពុជា។

ទាក់ទិន​នឹង​បញ្ហា​នេះ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ថ្មី​ដែល​គ្រោង​នឹង​ទៅ​ប្រចាំការ​នៅ​កម្ពុជា លោក រ៉ូបើត ហ្វតដេន (Robert Forden) ធ្លាប់​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០២៤ ថា ការ​កាត់ទោស​ពី​បទ «ក្បត់​ជាតិ» លើ​មេដឹកនាំ​គណបក្ស​ប្រឆាំង​នយោបាយ​លោក កឹម សុខា គឺជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើរ​ថយ​ក្រោយ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ធ្លាប់​បាន​អះអាង​កាលពី​ពេល​កន្លង​ទៅ​ថា លោក​ធ្វើ​អ្វីៗ​គឺ​ដើម្បី​ខ្មែរ ដោយ​មិន​គិតតែ​បក្ខពួក ស្វែងរក​បុណ្យស័ក្តិ លាភសក្ការៈ មិន​ក្បត់​ឆន្ទៈ​រាស្ត្រ មិន​បង្ក​ជម្លោះ មិន​ធ្វើ​អ្វី​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​ជាតិ​ឡើយ។

លោក​បាន​ធ្វើ​ទំនាក់ទំនង​ការទូត និង​ទំនាក់ទំនង​ជាមួយ​មេដឹកនាំ​ខ្មែរ​កន្លង​មក គឺ​ដើម្បី​ប្រយោជន៍​ប្រជាជាតិ​ខ្មែរ​ទាំងអស់។

គិត​ត្រឹម​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៤ កន្លង​ទៅ លោក កឹម សុខា បាន​ចូល​សវនាការ​នៅ​សាលា​ឧទ្ធរណ៍​ចំនួន ៩​លើក​ហើយ ចំណែក​សវនាការ​បន្ទាប់​នឹង​ត្រូវ​ធ្វើ​នៅ​ដើម​ខែ​មិថុនា នេះ ខណៈ​លោក កឹម សុខា ត្រូវ​បន្ត​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​មិន​ឱ្យ​ជួប​ដទៃ​បន្ត​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស