29 C
Phnom Penh

អង្គការ​លីកាដូ​អំពាវនាវ​ឱ្យ​ឈប់​អនុវត្ត​ការ​ចាប់​ឃុំ​ខ្លួន​ដែល​មិន​ចាំបាច់​ទៅ​លើ​កុមារ​និង​អនីតិជន​នៅ​ក្នុង​ពន្ធនាគារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​លីកាដូ (Licadho) អំពាវនាវ​ដល់​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ ឲ្យ​ឈប់​អនុវត្ត​ការ​ចាប់​ឃុំ​ខ្លួន​ដែល​មិន​ចាំបាច់​ទៅ​លើ​កុមារ និង​អនីតិជន​នៅ​ក្នុង​ពន្ធនាគារ បន្ទាប់ពី​មើល​ឃើញ​ថា ចំនួន​កុមារ និង​អនីតិជន​ដែល​កំពុង​រស់នៅ​ក្នុង​ពន្ធនាគារ កំពុង​បន្ត​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដែល​អាច​រារាំង​ដល់​ការ​លូតលាស់​របស់​ពួកគេ និង​ងាយ​ប្រឈម​នឹង​ហិង្សា។

វីដេអូ​ជាង ១​នាទី​របស់​អង្គការ​លីកាដូ ដែល​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សិទ្ធិ​កុមារ ឆ្នាំ​២០២៤ ថា​ការ​កើន​ឡើង​នៃ​ចំនួន​របស់​កុមារ និង​អនីតិជន​នៅ​ក្នុង​ពន្ធនាគារ​ដែល​មាន​ចំនួន ២២១៤​នាក់ ស្មើ​នឹង ៦% នៃ​អ្នក​ជាប់​ពន្ធនាគារ​សរុប កំពុង​រស់នៅ​ក្នុង​ពន្ធនាគារ​ចំនួន​១៩។

លីកាដូ​អះអាង​ថា ចំនួន​នេះ​បាន​កើន​ឡើង ៣៤% គិត​ចាប់ពី​ខែ​មេសា ឆ្នាំ​២០២៣ ដូច្នេះ​អាជ្ញាធរ​ត្រូវ​ដោះលែង​អនីតិជន ឬ​ម្តាយ​ដែល​មាន​កូនតូច​នៅ​ជាមួយ និង​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​គ្រប់​លក្ខខណ្ឌ​តាម​ច្បាប់ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ស្រប​តាម​ច្បាប់​ស្ដីពី​យុត្តិធម៌​អនីតិជន។

ប្រភព​ដដែល​លើកឡើង​ថា អាជ្ញាធរ​គួរ​មាន​វិធានការ​ផ្សេង​ជំនួស​ឱ្យ​ការ​ឃុំឃាំង​កុមារ ព្រោះ​ថា​ទារក​នៅ​ក្នុង​ផ្ទៃ ឬ​កុមារ​ដែល​មាន​អាណាព្យាបាល​ដែល​មាន​ទោស​ជាប់​ក្នុង​ពន្ធនាគារ ជា​មនុស្ស​គ្មាន​ទោស និង​ពុំ​ដឹង​រឿង​អ្វី​ឡើយ។

លីកាដូ អះអាង​ថា កុមារ និង​អនីតិជន គួរ​ទទួល​បាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់ ការ​ថែទាំ​សុខភាព ការ​សួរ​សុខទុក្ខ​របស់​ក្រុម​គ្រួសារ និង​ឱកាស​ដើម្បី​ការ​លូតលាស់​ទៅ​តាម​វ័យ​របស់​កុមារ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត បាន​ថ្លែង​នៅ​ក្នុង​ឱកាស​ទិវា ១​មិថុនា ថា អនីតិជន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នៅ​កម្ពុជា បន្ត​មាន​ការ​កើន​ឡើង បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន។ លោក​ថា ពន្ធនាគារ​មិនមែន​ជា​កន្លែង​សម្រាប់​អនីតិជន​នោះ​ទេ។ លោក​បន្ត​ថា​ច្បាប់​បាន​ផ្តល់​ឱ្យ​អាជ្ញាធរ​នូវ​ជម្រើស​ផ្សេងៗ​ជាច្រើន​ទៀត​ក្រៅពី​ការ​ឃុំ​ខ្លួន​កុមារ។

លោក​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ដោះស្រាយ​ជាបន្ទាន់​ចំពោះ​បញ្ហា​នៃ​ការ​កើន​ឡើង​កុមារ​ជាប់​ឃុំឃាំង និង​ការ​កើន​ឡើង​ចំនួន​អ្នកទោស​នៅ​ក្នុង​ពន្ធនាគារ​ដ៏​ចង្អៀត​ណែន​នេះ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ថ្លែង​ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​៧៥ នៃ​ទិវា​កុមារ​អន្តរជាតិ និង​ទិវា​កុមារ​កម្ពុជា ១​មិថុនា កាលពី​ថ្ងៃទី​៣០ ខែ​ឧសភា ថា រដ្ឋាភិបាល​បាន​យកចិត្ត​ទុកដាក់​ក្នុង​ការ​លើក​កម្ពស់​កិច្ចការពារ និង​រក្សា​ឧត្ដម​ប្រយោជន៍​របស់​កុមារ ពីព្រោះ​កុមារ​គឺជា​ធនធាន​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។

ប្រភព​ដដែល​ជំរុញ​ឱ្យ​មាន​ការ​អនុវត្ត​សិទ្ធិ​កុមារ ទប់ស្កាត់​អំពើ​ហិង្សា​លើ​កុមារ​ដើម្បី​ចូលរួម​បញ្ចប់​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ​នៅ​ជុំវិញ​ពិភពលោក និង​លើក​កម្ពស់​ដល់​ការ​រស់នៅ​ប្រកប​ដោយ​សេចក្ដី​ថ្លៃថ្នូរ។

នៅ​ក្នុង​ថ្ងៃ​ទិវា​កុមារ​អន្តជាតិ ១​មិថុនា នេះ រដ្ឋាភិបាល​បាន​ចេញ​សារាចរ​ស្ដីពី​ការ​ហាមប្រាម និង​ការ​ចាត់​វិធានការ​បន្ទាន់​ដើម្បី​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ។ ការ​ប្រើប្រាស់​ពលកម្ម​កុមារ​ក្នុង​ទម្រង់​ធ្ងន់ធ្ងរ សំដៅ​ដល់​ទាសករ​កុមារ ការ​ជួញដូរ​កុមារ ពេស្យាចារ​កុមារ និង​ការ​ប្រើប្រាស់​កុមារ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ។

កាលពី​ឆ្នាំ​២០២៣ ខណៈ​ដែល​កំណើន​នៃ​ការ​ឃុំ​ខ្លួន​អនីតិជន​នៅ​ក្នុង​ពន្ធនាគារ​មាន​ការ​កើន​ឡើង​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់ អង្គការ​លីកាដូ​ក៏​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​ក្នុង​នោះ​រួម​មាន ក្រសួង​យុត្តិធម៌ ក្រសួង​មហាផ្ទៃ និង​ស្ថាប័ន​តុលាការ ត្រូវ​ដោះស្រាយ​ជាបន្ទាន់​ចំពោះ​វិបត្តិ​ដែល​កុមារ​ជាច្រើន​នាក់​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ដ៏​ចង្អៀត​ណែន ហើយ​ដែល​ការ​ឃុំ​ខ្លួន​លើ​កុមារ​ទាំងនោះ​គឺ​មិន​មាន​ភាព​ចាំបាច់​ទាល់តែសោះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​បាន​កត់សម្គាល់​ថា បញ្ហា​ដដែលៗ​នេះ​មិន​ត្រឹមតែ​មិន​បាន​ទទួល​ការ​ដោះស្រាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បែរជា​កាន់តែ​អាក្រក់​ទៅៗ ជាពិសេស​ភាព​ចង្អៀត​ណែន​ខ្លាំង ខ្វះ​ការ​ថែទាំ​ជា​មូលដ្ឋាន និង​កាត់ផ្ដាច់​ពី​សហគមន៍​របស់​ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស