អត្ថបទដោយ៖ ហាស់ សាន
តើព្រែកជីកហ្វូណន នឹងនាំផលប្រយោជន៍មកដល់ប្រជាពលរដ្ឋខ្មែរម្ចាស់ប្រទេសដូចការពោលអះអាងពីអ្នកនយោបាយជំពាក់បំណុលចិនវ័ណ្ឌកនោះមែនឬយ៉ាងណា? តើចិន មើលឃើញតែផលប្រយោជន៍សេដ្ឋកិច្ចតែម្យ៉ាងគត់ ឬក៏លើសពីហ្នឹង?
តទៅនេះជាភាគទី២ នៃសេចក្តីរាយការណ៍ពិពណ៌នាលម្អិតដោយលោក ហាស់ សាន អំពីរឿងព្រែកជីកហ្វូណន៖
ពីរឆ្នាំមុន យើងបានផ្សាយអំពីវិទ្យាស្ថានអឺរ៉ុបកណ្តាលផ្នែកកិច្ចការអាស៊ី (Central European Institute for Asian Studies=CEIAS) នៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០២២ ផ្សាយអត្ថបទសរសេរបន្ថែមដោយអ្នកស្រាវជ្រាវ ៣នាក់អំពីសកម្មភាពក្រុមហ៊ុន និងយោធាចិន នៅតំបន់មាត់សមុទ្រភាគនិរតីនៃព្រះរាជាណាចក្រកម្ពុជា គឺលោក Alfred Gerstl, Takashi Hosoda និងអ្នកស្រី Erin Marie Parsons។
នៅក្នុងខេត្តកោះកុង ក្រុមហ៊ុនចិន Tianjin Union Development Group អភិវឌ្ឍទីក្រុងចិន តារាសាគរ អាកាសយានដ្ឋានអន្តរជាតិ មានផ្លូវយន្តហោះចុះឡើងប្រវែង ៣៩០០ម៉ែត្រ ឬជិត ៤គីឡូម៉ែត្រសម្រាប់យន្តអ្នកដំណើរធុនធំ Boeing 777 ឬ Airbus 340 សង់រមណីយដ្ឋាន សណ្ឋាគារសម្រាកកាយ វាលវាយកូនគោល កាស៊ីណូ រង្គសាល។ល។
ប្រមាណ ៣០គីឡូម៉ែត្រចុះមកខាងត្បូង គឺមូលដ្ឋានកងនាវាចរណ៍ខេមរភូមិន្ទ ឬហៅថាបន្ទាយទ័ពជើងទឹករាម។ ទីនេះ ក្រុមហ៊ុនរដ្ឋបៃដោ (BeiDou) ធ្វើការឲ្យរដ្ឋបាលកម្មវិធីអវកាសចិន កំពុងស្ថាបនាស្ថានីយផ្កាយរណបជាមួយបុគ្គលិកយោធាចិន។ ស្ថានីយនេះ នឹងជំនួសប្រព័ន្ធតាមដានចំណុចទីតាំង Global Positioning System (GPS) ពីសហរដ្ឋអាមេរិក សម្រាប់បម្រើការទាក់ទងបញ្ជូនសញ្ញាតាមសមុទ្រ Sea Line of Communications (SLOC) នាពេលអនាគត។
នៅមូលដ្ឋានរាម ចិនជួយសង់ស្ថានីយបញ្ជាការដ្ឋានគយគន់ចរាចរណ៍នាវាចរណ៍ ផែ ស្ពានសសរបោះឲ្យកប៉ាល់អែបចត ហៅតាមភាសាអង់គ្លេសថា berth ឬ piers ប្រវែងពី ១៨០ម៉ែត្រទៅ ២៥០ម៉ែត្រ ឃ្លាំងចំណតផែស្ងួតសម្រាប់ជួសជុលនាវា dry dock ប្រវែង ១៥០ម៉ែត្រ ជម្រាលអូសនាវាចុះឡើងហៅថា slipway។
ផែរាម នឹងកាយជម្រៅទឹក ៧ម៉ែត្រសម្រាប់នាវាទ្រើសចេញចូល។ នាវាចម្បាំងនៃកងនាវាចរណ៍រំដោះចិន ប្រភេទ 054A frigates ដែលបាតនាវាលិចក្នុងទឹកជម្រៅ ៥ម៉ែត្រ ឬប្រភេទ 056A corvettes ដែលបាតនាវាលិចក្នុងទឹកជម្រៅ ៤ម៉ែត្រ។ ជម្រៅទឹក ៧ម៉ែត្រ មិនគ្រប់គ្រាន់សម្រាប់នាវាផ្ទុកយន្តហោះចេញចូលចតទេ ព្រោះបាតនាវាត្រូវការជម្រៅយ៉ាងតិច ១០ម៉ែត្រ ហើយនាវាកម្ទេចប្រភេទ 055 destroyers ត្រូវការជម្រៅ ៦ម៉ែត្រ ៦តឹក។ ដូច្នេះ កងនាវាចរណ៍ចិន អាចប្រើនាវាប្រភេទ ២២ហ៊ូបៃ (Houbei) ឬប្រភេទ 056A corvettes ផ្ទុកមីស៊ីលបាញ់កប៉ាល់ (Ship-Ship Missile) ប្រភេទ YJ-83 SSM ដែលបាញ់ក្នុងលំហសមុទ្របានចម្ងាយ ១៨០គីឡូម៉ែត្រ។ មិនឆ្ងាយប៉ុន្មានពីមូលដ្ឋានរាម ចិនកំពុងសង់កំពង់ផែទឹកជ្រៅក្នុងខេត្តកំពត ជម្រៅ ១៥ម៉ែត្រ ដែលអាចសម្រួលដល់នាវាផ្ទុកយន្តហោះចេញចូល។ ទល់មុខផែកំពត គឺកោះត្រល់ ដែលមានមូលដ្ឋានកងនាវាចរណ៍យៀកណាម បោះទីតាំងលើកោះខ្មែរនោះ។
លោក Takashi Hosoda សរសេរថា ចិនពង្រីកពង្រឹងឥទ្ធិពលតាមក្បាច់ប្រើលុយ (rule of money) ជាជាងក្បាច់ប្រើច្បាប់ (rule of law) ឬក្បាច់ប្រើអាវុធ (rule of gun)។ អ្នកស្រី Erin Marie Parsons បានហៅយុទ្ធសាស្ត្រចិន នេះថា នយោបាយការទូតអន្ទាក់បំណុល។ លោក Alfred Gerstl ពិនិត្យមើលមួយជ្រុងទៀត ថាតើប្រទេសយៀកណាម គិតបែបណា បើចិនមានទីតាំងយោធាក្នុងឈូងសមុទ្រថៃ។ ហាណូយ អាចនឹងជួលផែទឹកជ្រៅក្នុងឆកសមុទ្រកាំរ៉ាញ់ (Cam Ranh Bay) ក្នុងខេត្តខាញ់ហ័ (Khanh Hoa) ឲ្យសហរដ្ឋអាមេរិក។
កាលពីខែធ្នូ ឆ្នាំ២០២៣ អនុប្រធានគណៈកម្មការយោធាមជ្ឈិមបក្សកុម្មុយនីស្តចិន លោក ហឺ វ៉ីដុង (He Weidong) ធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយមាននាវាចម្បាំងចិន ឈ្មោះ Wenshan ប្រភេទ ០៥៦-A ពីរគ្រឿងចតនៅផែរាម តាំងពីពេលនោះមក ប្រមាណជាង ៥ខែហើយមកទល់ពេលនេះ ដោយមានឯកអគ្គរដ្ឋទូតចិន វ៉ាង វ៉ិនតៀន (Wang Wentian) ស្វាគមន៍នាវិកចិន យ៉ាងអឹកអធិកជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោក ទៀ សីហា។
កាសែតបរទេសមួយចំនួនបានពិនិត្យរូបភាពពីផ្កាយរណបអំពីប្រភេទនាវាចម្បាំងចិនពីរគ្រឿងដែលចតជាង ៥ខែនៅផែរាមនោះ សន្មតថាជានាវាប្រភេទ corvette ទំនើបជាងប្រភេទ ០៥៦ ជៀងដាវ និងស្ហាំងហ្គ្រាវ (Jiangdao and Shangrao) ដែលផ្ទុកដោយអាវុធបាញ់នាវាមុជទឹក ហើយត្រូវការជម្រៅទឹកតែ ៤ម៉ែត្រប៉ុណ្ណោះ។ ចំណែកឯនាវាចម្បាំងដឹកទាហានឡើងគោកមាននាវាឈ្មោះ ឆាងបៃស្ហាន (Changbai Shan) អាចដឹកទាហានពីទឹកឡើងគោកបានពី ៦០០ ទៅ ៨០០នាក់ ប៉ុន្តែត្រូវការជម្រៅទឹក ៧ម៉ែត្រ ដែលគេអាចបើកសន្ទះទ្វារទឹកបញ្ចូលទឹកឲ្យឡើងខ្ពស់បាន។
នៅពាក់កណ្តាលខែឧសភា នេះ ចិនបញ្ជូននាវាចម្បាំងពីរគ្រឿងទៀតមកចូលចតនៅកំពង់ផែរាម បន្ទាប់ពីឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិចិន ដុង យុន (Dong Yun) កាលពីខែមីនា នៅក្រុងប៉េកាំង។ នាវាប្រដាប់អាវុធទំនើបមួយគ្រឿងឈ្មោះ ជីយីហ្គ័ង (Qijiguang) ជានាវាហ្វឹកហាត់នាវិកប្រភេទ ៦៨០ ដែលអង្គការណាតូ ឲ្យឈ្មោះថា ដាឌូ (Dadu) ដែលអាចដឹកទាហានជើងទឹកបាន ៩៥០នាក់។ មួយគ្រឿងទៀតជានាវាប្រដាប់អាវុធទំនើប ផ្ទុកគ្រឿងសព្វាវុធមានរថពាសដែក ឧទ្ធម្ភាគចក្រជាដើម ឈ្មោះ យីងហ្គាងស្ហាន (Jinggangshan) ប្រភេទ ០៧១ អាចដឹកទាហានបានពី ៥០០ ទៅ ៨០០នាក់ ហើយត្រូវការជម្រៅទឹក ៧ម៉ែត្រ។ តាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters) ស្រង់ផ្សាយដោយកាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី៩ ខែឧសភា នេះថាអាចដឹកទាហានបាន ១ពាន់នាក់។
ប្រការទី២៖ កម្ពុជា និងវៀតណាម ជាប្រទេសជិតខាងប្រកបដោយមិត្តភាព និងសហប្រតិបត្តិការល្អគ្រប់វិស័យ។ បើពិតដូចវាចាលោកមែននោះ លោក ហ៊ុន សែន មិនចាំបាច់ស្ថាបនាព្រែកជីកហ្វូណននេះទេ។
ប្រការទី៣៖ ចិន និងវៀតណាម មានទំនាក់ទំនងល្អ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោក ហ៊ុន សែន ដូចជាភ្លេចថា ក្រុងប៉េកាំង ចង់វាតទីគ្រប់គ្រងសមុទ្រចិនខាងត្បូងទាំងស្រុង រួមទាំផ្លូវនាវាចរណ៍អន្តរជាតិ ទាំងប្រជុំកោះនានា ដែលហ្វីលីពីន ម៉ាឡេស៊ី យៀកណាម ប្រ៊ុយណេ ទាមទារជាកម្មសិទ្ធិរបស់គេរៀងខ្លួន។
ប្រការទី៤៖ តើកម្ពុជាឆោតល្ងង់រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬយ៉ាងណា? តើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជា ដែលវាផ្ទុយជាមួយគោលការណ៍គោរពឯករាជភាពកម្ពុជាពីសំណាក់ចិនឬ?
ចំណុចនេះ គេគួរគិតពិចារណាថា តើប្រទេសមួយត្រូវមានទ័ពបរទេសប៉ុន្មាននាក់ ដើម្បីហៅថាបោះទីតាំងទ័ពលើទឹកដីរបស់ខ្លួននោះ? បើចិនសង់អគារសម្រាប់ប្រើការដោយកងទ័ពរំដោះប្រជាជនចិន គេដាក់ទាហាន ១០នាក់យាមការពារទ្រព្យសម្បត្តិរបស់គេ ក៏គេហៅថាទីតាំងទ័ពដែរ។ ចុះបើរបបលោក ហ៊ុន សែន ជំពាក់បំណុលចិន ៤ ទៅ ៥ពាន់លានដុល្លារ តើហ៊ាននិយាយថាទេឬអត់ បើចិនសុំដាក់ទាហានមួយកងពលតូច ឬពលធំ ដោយមិនបាច់ផ្សព្វផ្សាយជាសាធារណៈ?
ចំពោះបញ្ហាថាស្រប ឬផ្ទុយពីរដ្ឋធម្មនុញ្ញ ឬគោលការណ៍ឯករាជភាពប្រទេសកម្ពុជាវិញ លោក ហ៊ុន សែន បណ្តោយឲ្យបរទេសជិតខាងបំពានរួចទៅហើយ ហើយឥឡូវឲ្យបរទេសឯនាយមករំលោភទៀត។
ប្រការទី៥៖ លោក ហ៊ុន សែន ពន្យល់ហាក់បីដូចជាពលរដ្ឋខ្មែរមិនចេះអានអក្សរថា ក្រៅពីមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញ ដែលហាមឃាត់មិនឲ្យកម្ពុជាមានមូលដ្ឋានយោធាបរទេសលើទឹកដីរបស់ខ្លួន នៅមានមាត្រា៥៥ បានចែងយ៉ាងច្បាស់ថា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណាដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល។ ចំណុចនេះបានបញ្ជាក់ច្បាស់ថា គ្មានកិច្ចព្រមព្រៀងណាមួយអនុវត្តបានទេ ប្រសិនវាមិនស្របជាមួយឯករាជ្យ អធិបតេយ្យភាពកម្ពុជា ព្រោះរដ្ឋធម្មនុញ្ញបានលុបចោលរួចទៅហើយ។
ក្នុងបញ្ហាខ្មែរត្រង់នេះវិញ រាជរដ្ឋាភិបាលប្រឹងបំពងអំពីការគោរពរដ្ឋធម្មនុញ្ញនៃរាជាណាចក្រកម្ពុជា អំពីអធិបតេយ្យជាតិ ឯករាជភាព អព្យាក្រឹតភាព បូរណភាពទឹកដី ហើយក៏មានខ្មែរមិនសូវរៀនសូត្រ មិនយល់ដឹងជ្រៅទៅឆ្ងាយ ក៏ប្រឹងជួយការពារទង្វើបំពានរដ្ឋធម្មនុញ្ញខ្លួនដែរ។ ការរំលោភបំពានរដ្ឋធម្មនុញ្ញដោយចេតនា គឺទាក់ទងនឹងជំពូកទី៤ ស្តីអំពីរបបនយោបាយ មាត្រា៥៣ កថាខណ្ឌទី៤ ដែលចែងថា៖ ព្រះរាជាណាចក្រកម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន…លើកលែងតែក្នុងក្របខ័ណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ។
លោក ហ៊ុន សែន នៃរាជរដ្ឋាភិបាលខ្មែរក្នុងព្រះរាជាណាចក្រទី២ មិនបានគោរពកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ នោះទេ ពីព្រោះមិនបានប្រកាសជាសាធារណៈចាត់ទុកកិច្ចព្រមព្រៀងសន្ធិសញ្ញា អនុសញ្ញាទាំងឡាយចុះហត្ថលេខាព្រម យល់ស្របតាមជំនាញការយៀកណាម ពេលគេប្រើកម្លាំងទ័ពត្រួតត្រា កាន់កាប់ គ្រប់គ្រង ចាត់ចែងកិច្ចការលើទឹកដីខ្មែរអស់រយៈពេលជាង ១០ឆ្នាំនោះទេ។ ក្រោយពីមានសន្ធិសញ្ញាបំពេញបន្ថែមមកទៀត ភាគីមិត្តម៉ឺនឆ្នាំ ឬមិត្តជិតស្និទ្ធដូចបបូរមាត់និងធ្មេញ ចង់បានការធ្វើសម្បទានដីសេដ្ឋកិច្ចឲ្យគេទៀតរយៈពេលពី ៥០ ទៅ ៩៩ឆ្នាំ ដើម្បីនាំជនជាតិរបស់គេមករស់នៅតជំនាន់ក្នុងទឹកដីខ្មែរ។
តាមរយៈកិច្ចព្រមព្រៀង និងកិច្ចសន្យាទាំងនេះ កងកម្លាំងនៃកងទ័ពប្រជាជនយៀកណាម នៃអង្គភាពលេខ១៥ បានដាក់ពង្រាយកងអនុសេនាធំជាច្រើនកងនៅក្នុងខេត្តភាគឦសាននៃរាជាណាចក្រកម្ពុជា។ ពលរដ្ឋខ្មែរមិនទាំងអាចធ្វើដំណើរកាត់តាមកន្លែងខ្លះនៃតំបន់ទាំងនោះផង។ តើអនុសេនាធំលេខ៧១, ៧២, ៧៣ នៃកងទ័ពប្រជាជនយៀកណាម ប្រចាំការនៅតាមទីតាំង ឬយាមដីចម្ការចេក ចម្ការកៅស៊ូ ឬកាប់ឈើប្រណីតដឹកទៅប្រទេសយៀកណាម អង្គការសហប្រជាជាតិ (អ.ស.ប) បានអញ្ជើញគេមកឬដូចម្តេច? សារព័ត៌មាន The Cambodia Daily បានរាយការណ៍អំពីរឿងនេះតាំងពីឆ្នាំ២០១៤ ម្ល៉េះ ប៉ុន្តែពលរដ្ឋខ្មែរម្ចាស់ប្រទេសធ្វើមិនដឹងមិនឮ ធ្វើមិនឃើញ។
តាមប្រភពព័ត៌មានផ្ទៃក្នុង នៅខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងនគរបាលយៀកណាម តាមខេត្តជាប់ព្រំដែនខ្មែរ ជាពិសេសខេត្តដាក់ឡាក់ ដែលក្រុងហាណូយ ដាក់គោលការណ៍ឲ្យជួយនគរបាលខ្មែរមួយឆ្នាំ ១សែនដុល្លារសម្រាប់កម្លាំងនគរបាលខ្មែរចំនួន ២៦កងវរសេនាតូច និងវរសេនាធំ ស្នើសុំជួយបង្វឹកបង្ហាត់រួមគ្នា ដើម្បីការពារព្រំដែនរួមគ្នា ប៉ុន្តែលោក ហ៊ុន សែន មិនទាន់យល់ព្រម។ គេមិនដឹងលោក ហ៊ុន សែន មានគំនិតបែបណាទេ ប៉ុន្តែដោយសារតែលោក ហ៊ុន សែន នៃបក្សប្រជាជនកម្ពុជា និងបរទេសជិតឆ្ងាយមិនគោរពរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាហ្នឹងហើយ ទើបខ្មែរបាត់ដែនទឹក ដែនដី ព្រៃព្រឹក្សារាប់សែនគីឡូម៉ែត្រការ៉េ។
ម្យ៉ាងទៀត ការធ្វើនយោបាយតាមគន្លងសហព័ន្ធឥណ្ឌូចិន ក្រោយមកតាមគន្លងសមាហរណកម្មអាស៊ាន រាជរដ្ឋាភិបាលខ្មែរមិនត្រឹមតែចងសម្ពន្ធភាពយោធាជាមួយប្រទេសយៀកណាម ដាក់ខេត្តខ្មែរចូលគ្នាក្នុងគម្រោងត្រីកោណអភិវឌ្ឍន៍ប៉ុណ្ណោះទេ គឺថែមទាំងចងសម្ពន្ធភាពជាមួយចិនយោធាប្រទេសចិន ទៀត ដែលជាប្រទេសប្រកាន់យកមាគ៌ាបក្សកុម្មុយនីស្តដូចគ្នា។ តើនេះមិនបំពានរដ្ឋធម្មនុញ្ញ បំពានអធិបតេយ្យជាតិ ឯករាជភាព និងបូរណភាពទឹកដីខ្មែរទេឬ?
ប្រការទី៦៖ លោក ហ៊ុន សែន អះអាងថា ព្រែកជីកហ្វូណន គឺជាផលប្រយោជន៍សេដ្ឋកិច្ច សង្គម (socio-economic) សុទ្ធសាធ ដែលវាជួយឲ្យទិសនិរតីរបស់កម្ពុជា មានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។ លោកបន្តថា ផ្លូវទឹកពីព្រែកជីកនេះ នឹងជួយឲ្យប្រជាជននៅតាមព្រែកនេះមានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបតាមព្រែកនេះ និងបញ្ហាជាច្រើនទៀត។
សំណួរសម្រាប់មនុស្សសាមញ្ញ ថាតើអាជ្ញាធរចិនជីកព្រែកហ្វូណន អនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែររស់នៅចម្ងាយប៉ុន្មានម៉ែត្រពីព្រែកជីកនេះ ប្រើប្រាស់ទឹកពីព្រែកជីករបៀបណា បើនៅសងខាងព្រែកជីក គេលើកទំនប់ សង់ថ្នល់សម្រាប់រថយន្តតូចធំធ្វើចរាចរណ៍ទាំងយប់ទាំងថ្ងៃ ? តើអ្នកនេសាទខ្មែរចូលព្រែកជីកនេសាទត្រីយ៉ាងដូចម្តេច បើកប៉ាល់ចេញចូលមិនដឹងពេលវេលា ? តាមធម្មតា ផ្ទៃទឹកក្នុងព្រែកជីកពុំមានសកម្មភាពអ្វីក្រៅតែពីទុកឲ្យនាវាដឹកទំនិញចេញចូលប៉ុណ្ណោះនោះទេ។
ជារឿយៗ មន្ត្រីរាជរដ្ឋាភិបាលខ្មែរបានបង្ហាញភាពប្រាកដនិយមក្នុងចិត្តថា ព្រែកជីកហ្វូណន នឹងជីករួចរាល់ អាចប្រើប្រាស់បាននៅឆ្នាំ២០២៨ ពោលគឺជីកក្នុងរយៈពេលតែបួនឆ្នាំប៉ុណ្ណោះ។ នេះប្រហែលមកពីមានបច្ចេកវិទ្យា និងឧបករណ៍ទំនើប។
ប៉ុន្តែមានសំណួរថា តើហេតុអ្វីគម្រោងជីកព្រែកនេះហាក់ដូចជាប្រញាប់ប្រញាល់ឲ្យរួចក្នុងពេលឆាប់បែបនេះ ?
ក្នុងឆ្នាំ២០០៤ ក្រុមអ្នកស្រាវជ្រាវអាមេរិកាំង បានកំណត់គោលនយោបាយក្រៅប្រទេសនៃក្រុងប៉េកាំង ថាជាគោលនយោបាយខ្សែគជ់ (string of pearls) ដោយបណ្ដាក់ទុន ឬវិនិយោគទុនធ្វើអាជីវកម្មទាញផលដើម្បីបិទបាំងសកម្មភាពពង្រីកអំណាចយោធាពីក្រោយវាំងនន។ ក្រុមហ៊ុនចិនធំៗភាគច្រើនរកស៊ីក្រៅប្រទេស ជាសហគ្រាសរដ្ឋធ្វើការជាមួយកងទ័ពរំដោះប្រជាជនចិន (People’s Liberation Army)។ ចិនធ្វើដូច្នេះ ចាប់ពីទ្វីបអាហ្វ្រិកក្នុងប្រទេសចំនួន១៦ មានប្រទេសបី គឺស៊ូដង់ ជីប៊ូទី អេត្យូពី ស្ថិតជាប់សមុទ្រក្រហម ដល់តំបន់អាស៊ីកណ្តាល ប្រទេសប៉ាគីស្ថាន នៅតំបន់អាស៊ីអាគ្នេយ៍មានប្រទេសលាវ កម្ពុជា ជាប់ឈូងសមុទ្រថៃ។
ចិនប្រើប្រាស់ផែសមុទ្រនៅប្រទេសស៊ូដង់ (Port of Sudan) ជួលកំពង់ផែ Doraleh នៅជីប៊ូទី ដែលប្រមាណ ១គីឡូម៉ែត្រខាងលិចផែ ចិនសង់មូលដ្ឋាននាវាចរណ៍ ឃ្លាំងស្តុក និងផ្គត់ផ្គង់សម្ភារៈ អាចដាក់ទាហាន ១ម៉ឺននាក់។
ក្នុងសមុទ្រឥណ្ឌា ចិនប្រើកំពង់ផែប្រទេសសិរីលង្កា ប៉ាគីស្ថាន កោះម៉ាល់ឌីវ កំពុងស្ថាបនាកំពង់ផែសមុទ្រនៅប្រទេសភូមា ក្យោកភ្យូ (Kyaukphyu) នៅក្នុងសមុទ្រឥណ្ឌា ដោយប្រើថវិកា ១០ពាន់លានដុល្លារ។ អ្នកជំនាញកិច្ចការនយោបាយចិន មានលោក Dan Blumenthal នៅសហរដ្ឋអាមេរិក ជាដើម បានសរសេរអំពីរឿងអាណានិគមនិយមថ្មី (neo-colonialism) ថា៖ ទិសដៅយូរអង្វែងនៃបក្សកុម្មុយនីស្តចិន គឺដើម្បីបង្ខំសហរដ្ឋអាមេរិកជាប្រទេសដ៏មានអំណាច ចេញឲ្យបាត់ពីមុខពីមាត់ ហើយបង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មីមួយមានអំណោយផលទៅរកម៉ាកនយោបាយបែបផ្ដាច់ការរបស់ចិន ឬក៏តាមសេដ្ឋកិច្ចទីផ្សារបែបសង្គមនិយម។ “The Chinese Communist Party’s long-term strategic objective is to displace the United States as the world’s most powerful country and create a new world order favorable to China’s authoritarian brand of politics, or its “socialist market economy.”
អ្នកស្រាវជ្រាវ អ្នកនិពន្ធបស្ចិមប្រទេស វិភាគឃើញថា រាជរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ព្យាយាមបង្ហាញជំហរថ្លឹងថ្លែងមិនចង់ឲ្យសមាជិកសហគមន៍អាស៊ានឯទៀតថាខ្លួនបម្រើគោលដៅវាតទីនិយមចិន។ គ្រាមុន លោក ហ៊ុន សែន ព្យាយាមដើរតាមយៀកណាម ដោយមិនអនុញ្ញាតឲ្យយោធាបរទេសបោះទីតាំងលើទឹកដីរបស់ខ្លួន ដោយលើកយកមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញមកសម្អាង ប៉ុន្តែគេអាចនឹងមិនឃើញកងទ័ពចិន ដើរព្រោងព្រាតពាសពេញស្រុកខ្មែរនោះទេ គឺគេអាចនឹងឃើញនាវាចិន ធុនតូចចេញចូលដោយសម្អាងមាត្រាដដែល ដែលចែងថា៖ ព្រះរាជាណាចក្រកម្ពុជា រក្សាសិទ្ធិទទួលយកជំនួយបរទេសជាសម្ភារៈយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួន និងធានាសណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេសកម្ពុជា។
ក្នុងដំណាក់កាលនេះ រដ្ឋាភិបាលយៀកណាម បានស្នើជាញឹកញាប់សុំឲ្យរាជរដ្ឋាភិបាលបង្ហាញតម្លាភាពក្នុងគម្រោងព្រែកជីកហ្វូណននេះ។ យៀកណាម លើកយកតែបញ្ហាបរិស្ថានមកនិយាយសង្កត់អំពីគ្រោះថ្នាក់ពីគម្រោងព្រែកជីកនេះ ហើយគ្រាន់តែបង្ហើបថា ព្រែកជីកហ្វូណនអាចឲ្យនាវាចម្បាំងចិន ដូចជា នាវាដឹកទ័ព (កុម្ម៉ង់ដូ) ប្រភេទឆាងបៃស្ហាន (Changbai Shan) ចេញចូលបាន។ ពលរដ្ឋខ្មែរនៅចងចាំថា នៅគ្រា ប៉ុល ពត នៃរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហមផ្តើមទទួលជំនួយយោធាចិន ស្ថាបនាវាលយន្តហោះចម្បាំងខាងលិចភ្នំក្រាំងដីមាស ក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង យកកូនប្រុសសមមិត្ត អៀង សារី និង សុន សេន ទៅរៀនបើកយន្តហោះចម្បាំងរវាងឆ្នាំ១៩៧៧-៧៨ រដ្ឋការក្រុងហាណូយ ចាប់ផ្តើមមន្ទិលសង្ស័យចេតនានៃរបបក្រុងភ្នំពេញ ហើយបង្ករឿងតាមព្រំដែន រហូតវាយរំលំរបបខ្មែរក្រហម រឹបអូសយករថក្រោះជំនួយចិន ជាង ៣០០គ្រឿងពីភ្នំប្រសិទ្ធិ៍ បាត់អស់។
គេសួរថា តើប្រទេសកម្ពុជា និងពលរដ្ឋខ្មែរ នឹងជួបវាសនាដូចគ្នាឬទេទៅអនាគត បើគិតមិនដល់ មុជមិនជ្រៅ ទៅមិនឆ្ងាយនោះ?
ថ្វីត្បិតតែហេតុការណ៍យ៉ាងណាៗទៅអនាគតពុំមាននរណាសន្និដ្ឋានបាននៅឡើយក៏ដោយ ជនជាតិនៅតំបន់អាស៊ីអាគ្នេយ៍ មានគំនិតខុសគ្នារឿងឥទ្ធិពលមហាអំណាចចិន និងឥទ្ធិពលមហាអំណាចសហរដ្ឋអាមេរិក។ ពលរដ្ឋក្នុងប្រទេសនៃសមាគមអាស៊ាន មិនសូវចង់ជាប់ជំពាក់ជាមួយនឹងប្រទេសចិនកុម្មុយនីស្តប៉ុន្មានទេ។
ក្នុងការស្រាវជ្រាវមួយផ្សាយដោយព្រឹត្តិបត្រ Visual Capitalists នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ នេះ អំពីចិត្តគំនិតប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងដប់ប្រទេស ថាតើភាគច្រើនគេបារម្ភអំពីឥទ្ធិពលចិន ឬឥទ្ធិពលសហរដ្ឋអាមេរិក៖
- យៀកណាម បារម្ភនឹងចិន ៩៦% បារម្ភនឹងសហរដ្ឋអាមេរិក ៥៥%;
- ថៃឡង់ដ៍ បារម្ភនឹងចិន ៨៤% បារម្ភនឹងសហរដ្ឋអាមេរិក ៨០%;
- សិង្ហបុរី បារម្ភនឹងចិន ៧៤% បារម្ភនឹងសហរដ្ឋអាមេរិក ៣៧%;
- ហ្វីលីពីន បារម្ភនឹងចិន ៨១% បារម្ភនឹងសហរដ្ឋអាមេរិក ៣២%;
- ភូមា បារម្ភនឹងចិន ៩៥% បារម្ភនឹងសហរដ្ឋអាមេរិក ៤៥%;
- ម៉ាឡេស៊ី បារម្ភនឹងចិន ៥៦% បារម្ភនឹងសហរដ្ឋអាមេរិក ៦៨%;
- លាវ បារម្ភនឹងចិន ៦៨% បារម្ភនឹងសហរដ្ឋអាមេរិក ៧៩%;
- ឥណ្ឌូនេស៊ី បារម្ភនឹងចិន ៥៧% បារម្ភនឹងសហរដ្ឋអាមេរិក ៧៣%;
- កម្ពុជា បារម្ភនឹងចិន ៦៦% បារម្ភនឹងសហរដ្ឋអាមេរិក ៥៨%;
- ប្រ៊ុយណេ បារម្ភនឹងចិន ៥៨% បារម្ភនឹងសហរដ្ឋអាមេរិក ៧៣%។
បើសរុបយកជាមធ្យមភាគ ពលរដ្ឋតំបន់នេះបារម្ភនឹងឥទ្ធិពលចិន មាន ៧៤ % បារម្ភនឹងឥទ្ធិពលសហរដ្ឋអាមេរិក ៥៩ % ។
បើពលរដ្ឋខ្មែរស្តាប់មួយភ្លែត ពិតជាគិតថាលោក ហ៊ុន សែន ជាអ្នកដឹកនាំស្រឡាញ់ជាតិ គិតជាតិរបស់ខ្លួនជាអ្នកជាតិនិយម (nationalist) ជា patriot អ្នកស្នេហាជាតិ ដើរតាមនយោបាយសម្តេច នរោត្តម សីហនុ ខ្លាំងក្លាឥតឧបមា គ្មានអ្នកណាស្មើឡើយ។ កាលពីអតីតព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋនៅមានព្រះជន្ម ព្រះអង្គធ្លាប់មានបន្ទូលនៅឆ្នាំ១៩៩០ ថា៖ “អ្នកដែលបោក សីហនុ បាន មិនទាន់កើតនៅឡើយទេ”។ ព្រះអង្គជួយលាក់ ជួយបិទបាំងការពិតអំពីទ័ពព្រៃយៀកណាមខាង-យៀកកុង ៨ម៉ឺននាក់ នាទសវត្ស១៩៦០ ដែលបោះទីតាំងលើទឹកដីកោះសន្តិភាពប៉ែកឦសាន ដោយគ្មានការអនុញ្ញាតពីរាជរដ្ឋាភិបាល រហូតទាល់តែពលរដ្ឋខ្មែរក្តៅក្រហាយ បន្ទាប់ពីមានឧប្បត្តិហេតុទ័ពព្រៃបាញ់ដាក់តម្រួត និងទាហានខ្មែរតាមព្រំដែន។ ប្រមាណ ៣០ឆ្នាំក្រោយមក ព្រះអង្គមានបន្ទូលថា៖ “យួនជាក្រពើ”។ នេះគឺមកតែពីពលរដ្ឋខ្មែរភាគច្រើនខ្ជិលគិត បណ្តោយខ្លួន ផ្ញើវាសនាជីវិតតែលើអ្នកដឹកនាំម្នាក់។
ទស្សនវិទូ សង្គមវិទូ ចិត្តវិទូ រំឭកថា អ្នកមិនធ្លាប់ឃើញ មិនធ្លាប់ដឹងរឿង ឬមិនធ្លាប់ពិសោធន៍ ឆ្លងកាត់ហេតុការណ៍ពិតអ្វីមួយ ស្តាប់អ្នកធ្លាប់ឃើញ ធ្លាប់ដឹងរឿង ហេតុការណ៍ពិតអ្វីមួយនិយាយប្រាប់បែបណា ក៏មិនសូវជឿដែរ លុះត្រាតែបាបគ្រោះដូចគ្នានោះធ្លាក់មកលើ ទើបភ្ញាក់ខ្លួនថាហួសពេលហើយ។
តួល្ខោនសោកនាដកម្មក្រិក ឈ្មោះ អេវរីពីឌីស (Euripides) (៤៨០-៤០៦ មុនគ.ស.) ដាស់តឿនថា៖ និយាយពន្យល់ហេតុផលទៅអ្នកអត់ចេះគិត (ល្ងីល្ងើ) គេហៅអ្នកថាមនុស្សឆ្កួត (“Talk sense to a fool, he calls you foolish”)។
ទស្សនវិទូបារាំង Denis Diderot សតវត្សទី១៨ (១៧១៣-១៧៨៤) ពោលថា៖ យើងលេបយ៉ាងលោភលន់យ៉ាងតក់ក្រហល់ការភូតកុហកណាដែលសរសើរបញ្ចើចបញ្ជោរយើង ប៉ុន្តែយើងក្រេបម្តងបន្តិចៗតែប៉ុណ្ណោះការពិតណាយើងដឹងថាល្វីងជូរចត់។ (ភាសិតខ្មែរថា ពាក្យពិតរែងស្លែង)។ (“We swallow greedily any lie that flatters us, but we sip only little by little at a truth we find bitter”)។
អ្នកប្រាជ្ញវិទ្យាសាស្ត្រ Albert Einstein ពីសតវត្សទី១៩ ដល់ទី២០ រំឭកថា៖ ជំនឿទាំងបិទភ្នែក ងងឹតងងល់ទៅលើអ្នកមានអំណាចបង្គាប់បញ្ជា (មិនចេះឆ្ងល់ មិនចេះសួរនាំ) គឺជាបច្ចាមិត្តដ៏ធំមហិមានៃសច្ចៈ (ឬការពិត)។ (“Blind faith/obedience in authority is the greatest enemy of truth”)៕
© 2024, . All rights reserved.