29 C
Phnom Penh

មន្ត្រី​អាមេរិក​ថា​ចិន​មាន​ឱកាស​បង្ហាញ​តួនាទី​របស់​ខ្លួន​នៅ​វេទិកា​សន្តិភាព​សម្រាប់​អ៊ុយក្រែន តែ​បែរ​ជា​ជួយ​រុស្ស៊ី វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ថ្ងៃទី​១៥ ខែ​មិថុនា ព្រឹត្តិការណ៍​ពិភពលោក​ដ៏​សំខាន់​មួយ​នឹង​មាន​នៅ​លើ​ទឹកដី​នៃ​ប្រទេស​ស្វីស។ ថ្ងៃ​នោះ​ហើយ​ដែល​វេទិកា​សន្តិភាព​សម្រាប់​ប្រទេស​អ៊ុយក្រែន នឹង​ចាប់ផ្ដើម​ដែល​មាន​រយៈពេល ២​ថ្ងៃ។

វេទិកា​អន្តរជាតិ​នេះ ប្រទេស​ស្វីស ជា​អ្នក​រៀបចំ​ឡើង ដោយ​អញ្ជើញ​ប្រតិភូ និង​អង្គការ​អន្តរជាតិ ១៦០​ប្រទេស​មក​ចូលរួម។

ប៉ុន្តែ​មហា​ប្រទេស​ដ៏​ធំ​មួយ​ដែល​តែងតែ​អះអាង​ថា​ខ្លួន​ជា​អ្នក​សន្តិភាព​និយម និង​ជា​អ្នក​គោរព​បទដ្ឋាន​អន្តរជាតិ ជា​ប្រទេស​ដែល​តែង​ដើរ​ជួយ​ប្រទេស​ក្រីក្រ​ឱ្យ​មាន​ការ​អភិវឌ្ឍ​ជឿនលឿន ដោយ​ទម្លាក់​ប្រាក់កម្ចី​ពាន់​លាន​ដុល្លារ ដើម្បី​ស្ដារ​សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ហើយ​ជា​ប្រទេស​ដែល​បញ្ជូន​ទ័ព​របស់​ខ្លួន​ទៅ​ចូលរួម​ក្នុង​ក្របខ័ណ្ឌ​កង​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ ប៉ុន្តែ​នៅ​ពេលនេះ ចិន​បែរជា​ប្រកាស​មិន​ចូលរួម​វេទិកា​សន្តិភាព​សម្រាប់​ប្រទេស​អ៊ុយក្រែន ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ស្វីស នា​ថ្ងៃទី​១៥-១៦ មិថុនា ក្រោម​ហេតុផល​ថា​មកពី​ប្រទេស​ស្វីស មិន​ស្នើ​ឱ្យ​រុស្ស៊ី ចូលរួម​ទៅវិញ។

រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង បាន​លើកឡើង​ថា វា​ជា​រឿង​លំបាក​មួយ​ដើម្បី​ឱ្យ​ខ្លួន​ចូលរួម​វេទិកា​ស្ដីពី​សន្តិភាព​ប្រទេស​អ៊ុយក្រែន។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន អ្នកស្រី Mao Ning បាន​លើកឡើង​ថា៖ ទីក្រុង​ប៉េកាំង ជឿជាក់​ថា​វេទិកា​នេះ​គួរតែ​មាន​ការ​ទទួលស្គាល់​ពី​រុស្ស៊ី ហើយ​មាន​ការ​ចូលរួម​ស្មើភាព​គ្នា​ពី​គ្រប់​ភាគី​ទាំងអស់។

បើ​តាម​អ្នក​នាំពាក្យ​ចិន រូប​នេះ ឲ្យ​ដឹង​ថា ការ​រៀបចំ​វេទិកា​សន្តិភាព​នេះ គឺ​មិន​ទាន់​សមស្រប​តាម​ការ​ទាមទារ​របស់​ចិន និង​ការ​រំពឹង​ទុក​របស់​សហគមន៍​អន្តរជាតិ​នៅឡើយ។ ដូច្នេះ​ហើយ​វា​ពិបាក​សម្រាប់​ចិន ដែល​សម្រេច​ចិត្ត​ចូលរួម​នោះ​ណាស់។

ភ្លាមៗ​ក្រោយពី​ចិន លើក​ហេតុផល​មក​ពន្យល់ ហើយ​ប្រកាស​មិន​ចូលរួម​វេទិកា​អន្តរជាតិ​នេះ បាន​នាំ​ឱ្យ​ប្រទេស​មួយ​ចំនួន​ហៅ​ក្រុង​ប៉េកាំង ថា​កំពុង​ធ្វើ​ឱ្យ​ខ្លួនឯង​អស់​ឱកាស ហើយ​នៅតែ​បង្ហាញ​ជំហរ​នៅ​ពីក្រោយ​រុស្ស៊ី ដែល​គេ​ថា​ជា​ប្រទេស​បង្ក​សង្គ្រាម​ដោយ​រំលោភ​ធ្ងន់ធ្ងរ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ចំពោះ​ការ​លើក​ទ័ព​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន បង្ក​ឱ្យ​ផ្ទុះ​សង្គ្រាម​មក​ដល់​ពេលនេះ។

ផ្ដើម​ចោទ​ចិន មុន​គេ គឺ​ប្រធានាធិបតី​អ៊ុយក្រែន។ លោក ហ្សេឡេនស្គី បាន​បើក​កកាយ​វាយប្រហារ​ក្រុង​ប៉េកាំង ដោយ​ចោទ​ចំៗ​ថា​ជា​ប្រទេស​មាន​ពិសពុល​បង្ក​វិទ្ធង្សនា​ចំពោះ​ដំណើរការ​ទៅ​រក​ការ​បើក​វេទិកា​កំពូល​ស្ដីពី​សន្តិភាព​សម្រាប់​ប្រទេស​អ៊ុយក្រែន ហើយ​កំពុង​រួម​ដៃ​ជាមួយ​រុស្ស៊ី ចង់​រាំង​ខ្ទប់​វេទិកា​អន្តរជាតិ​នេះ។

លោក ហ្សេឡេនស្គី បាន​វាយប្រហារ​ប្រទេស​ចិន ដូចនេះ កាលពី​ថ្ងៃ​អាទិត្យ ទី​២ ខែ​មិថុនា នៅ​ក្នុង​វេទិកា​សន្តិសុខ​អាស៊ី-ប៉ាស៊ីហ្វិក​នៅ​ប្រទេស​សិង្ហបុរី ហើយ​ការ​ថ្លែង​របស់​ប្រធានាធិបតី​អ៊ុយក្រែន ក៏​នៅ​ចំពោះ​មុខ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ប្រទេស​ចិន ផង​ដែរ។

ចិន បន្ត​ប្រតិកម្ម​លើក​ទី​២ ដោយ​វាយបក​លោក ហ្សេឡេនស្គី វិញ។ ក្រសួង​ការបរទេស​ចិន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា គោលជំហរ​របស់​ចិន មាន​លក្ខណៈ​បើក​ចំហ និង​មាន​តម្លាភាព ហើយ​ពុំ​មាន​សកម្មភាព​ណា​មួយ​ទាល់តែសោះ​ដែល​បង្ហាញ​ថា ចិន​ព្យាយាម​ដាក់​សម្ពាធ​លើ​ប្រទេស​ដទៃ ដែល​នឹង​ត្រូវ​ទៅ​ចូលរួម​វេទិកា​សន្តិភាព​នៅ​ប្រទេស​ស្វីស នា​សប្ដាហ៍​ក្រោយ​នេះ។

ទំនង​ឆ្លើយ​ការពារ​ទៅ​នឹង​ការ​លើកឡើង​របស់​លោក ហ្សេឡេនស្គី លោក Matthew Miller អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​វាយតម្លៃ​ជំហរ​របស់​ទីក្រុង​ប៉េកាំង ថា​បាន​កំពុង​ធ្វើ​ឱ្យ​បាត់​របូត​ឱកាស​ក្នុង​ការ​បញ្ចេញមតិ និង​តួនាទី​ជា​ប្រទេស​ធំ ដែល​ជួយ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន ហើយ​នាំ​សន្តិភាព​សម្រាប់​ប្រទេស​ដែល​ខ្ទេចខ្ទាំ​ដោយ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី។

បើ​តាម​លោក Matthew Miller ចិន​មិន​ត្រូវ​បាន​គេ​វាយតម្លៃ​ថា​អាច​ដើរ​តួនាទី​បាន​ល្អ​ទេ បើ​ទោះជា​ចង់​ក្លាយ​ជា​អ្នក​សម្របសម្រួល​ភាគី​ច្បាំង​គ្នា​ទាំង​ពីរ​មក​រក​តុ​ចរចា​ក៏ដោយ។ លោក Matthew Miller បាន​ចោទ​ចិន ត្រង់​ថា ការពិត ក្រុង​ប៉េកាំង​កំពុង​ជួយ​រុស្ស៊ី ទៅវិញ​ទេ ដែល​លើក​ទឹកចិត្ត​ឱ្យ​ក្រុង​មូស្គូ បន្ត​អូស​បន្លាយ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន។

តាម​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក វេទិកា​សន្តិភាព​នៅ​ប្រទេស​ស្វីស ការពិត​ជា​ឱកាស​ដែល​ក្រុង​ប៉េកាំង ទាញ​យក​តម្លៃ​ការទូត​របស់​ខ្លួន ហើយ​ប្រទេស​ជាច្រើន​អាច​ចាត់ទុក​ចិន ជា​ប្រទេស​ធំ អត់ធ្មត់ និង​សម​ដូច​ការ​អះអាង​ថា ក្រុង​ប៉េកាំង ប្រកាន់​ជំហរ​អព្យាក្រឹត្យ​ចំពោះ​ជម្លោះ​ប្រដាប់​អាវុធ​រវាង​រុស្ស៊ី និង​អ៊ុយក្រែន។ លោក Matthew Miller ថា​ចិន​អាច​ពន្យល់​នៅ​លើ​វេទិកា​នេះ​អំពី​របៀប​ចង់​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន នោះ​ទេ។

សម្រាប់​លោក Matthew Miller វត្តមាន​របស់​ចិន ពិត​ជា​មាន​សារសំខាន់ តែ​បើ​គ្មាន​ចិន ក៏​វេទិកា​នេះ​អាច​ដំណើរការ​បាន​ដែរ។ លោក​បញ្ជាក់​ថា សម្រាប់​សហរដ្ឋ​អាមេរិក នៅតែ​គាំទ្រ​ការ​តស៊ូ​របស់​អ៊ុយក្រែន ទាំង​សមរភូមិ​ការទូត និង​សមរភូមិ​ប្រយុទ្ធ​ការពារ​សេរីភាព​របស់​ប្រជាជន​អ៊ុយក្រែន។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន AP លោក​ប្រធានាធិបតី ចូ បៃដិន នឹង​ចាត់​បញ្ជូន​អ្នកស្រី Kamala Harris អនុប្រធានាធិបតី ទៅ​កាន់​ប្រទេស​ស្វីស ដើម្បី​ចូលរួម​វេទិកា​កំពូល​ស្ដីពី​សន្តិភាព​អ៊ុយក្រែន ដោយ​មាន​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក លោក Jake Sullivan អម​ដំណើរ​ផង​ដែរ។

អ្នក​នាំពាក្យ​សម្រាប់​អ្នកស្រី​អនុប្រធានាធិបតី Kamala Harris គឺ​អ្នកស្រី Kirsten Allen បាន​និយាយ​ថា៖ អ្នកស្រី​អនុប្រធានាធិបតី នឹង​បញ្ជាក់​ពី​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រជាជន​អ៊ុយក្រែន​ដែល​កំពុង​ការពារ​ខ្លួនឯង​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ពី​រុស្ស៊ី ហើយ​នឹង​លើកឡើង​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ទីក្រុង​វ៉ាស៊ីនតោន ក្នុង​ការ​គាំទ្រ​ដល់​កិច្ចប្រឹងប្រែង​របស់​អ៊ុយក្រែន ដើម្បី​ធានា​ឱ្យ​បាន​នូវ​សន្តិភាព​យូរអង្វែង​ក្រោយពី​សង្គ្រាម​ត្រូវ​បាន​បិទ​បញ្ចប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស