នៅថ្ងៃទី១៥ ខែមិថុនា ព្រឹត្តិការណ៍ពិភពលោកដ៏សំខាន់មួយនឹងមាននៅលើទឹកដីនៃប្រទេសស្វីស។ ថ្ងៃនោះហើយដែលវេទិកាសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន នឹងចាប់ផ្ដើមដែលមានរយៈពេល ២ថ្ងៃ។
វេទិកាអន្តរជាតិនេះ ប្រទេសស្វីស ជាអ្នករៀបចំឡើង ដោយអញ្ជើញប្រតិភូ និងអង្គការអន្តរជាតិ ១៦០ប្រទេសមកចូលរួម។
ប៉ុន្តែមហាប្រទេសដ៏ធំមួយដែលតែងតែអះអាងថាខ្លួនជាអ្នកសន្តិភាពនិយម និងជាអ្នកគោរពបទដ្ឋានអន្តរជាតិ ជាប្រទេសដែលតែងដើរជួយប្រទេសក្រីក្រឱ្យមានការអភិវឌ្ឍជឿនលឿន ដោយទម្លាក់ប្រាក់កម្ចីពាន់លានដុល្លារ ដើម្បីស្ដារសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ហើយជាប្រទេសដែលបញ្ជូនទ័ពរបស់ខ្លួនទៅចូលរួមក្នុងក្របខ័ណ្ឌកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ប៉ុន្តែនៅពេលនេះ ចិនបែរជាប្រកាសមិនចូលរួមវេទិកាសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន ដែលនឹងប្រព្រឹត្តទៅនៅប្រទេសស្វីស នាថ្ងៃទី១៥-១៦ មិថុនា ក្រោមហេតុផលថាមកពីប្រទេសស្វីស មិនស្នើឱ្យរុស្ស៊ី ចូលរួមទៅវិញ។
រដ្ឋាភិបាលទីក្រុងប៉េកាំង បានលើកឡើងថា វាជារឿងលំបាកមួយដើម្បីឱ្យខ្លួនចូលរួមវេទិកាស្ដីពីសន្តិភាពប្រទេសអ៊ុយក្រែន។
អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Mao Ning បានលើកឡើងថា៖ ទីក្រុងប៉េកាំង ជឿជាក់ថាវេទិកានេះគួរតែមានការទទួលស្គាល់ពីរុស្ស៊ី ហើយមានការចូលរួមស្មើភាពគ្នាពីគ្រប់ភាគីទាំងអស់។
បើតាមអ្នកនាំពាក្យចិន រូបនេះ ឲ្យដឹងថា ការរៀបចំវេទិកាសន្តិភាពនេះ គឺមិនទាន់សមស្របតាមការទាមទាររបស់ចិន និងការរំពឹងទុករបស់សហគមន៍អន្តរជាតិនៅឡើយ។ ដូច្នេះហើយវាពិបាកសម្រាប់ចិន ដែលសម្រេចចិត្តចូលរួមនោះណាស់។
ភ្លាមៗក្រោយពីចិន លើកហេតុផលមកពន្យល់ ហើយប្រកាសមិនចូលរួមវេទិកាអន្តរជាតិនេះ បាននាំឱ្យប្រទេសមួយចំនួនហៅក្រុងប៉េកាំង ថាកំពុងធ្វើឱ្យខ្លួនឯងអស់ឱកាស ហើយនៅតែបង្ហាញជំហរនៅពីក្រោយរុស្ស៊ី ដែលគេថាជាប្រទេសបង្កសង្គ្រាមដោយរំលោភធ្ងន់ធ្ងរធម្មនុញ្ញអង្គការសហប្រជាជាតិ ចំពោះការលើកទ័ពឈ្លានពានប្រទេសអ៊ុយក្រែន បង្កឱ្យផ្ទុះសង្គ្រាមមកដល់ពេលនេះ។
ផ្ដើមចោទចិន មុនគេ គឺប្រធានាធិបតីអ៊ុយក្រែន។ លោក ហ្សេឡេនស្គី បានបើកកកាយវាយប្រហារក្រុងប៉េកាំង ដោយចោទចំៗថាជាប្រទេសមានពិសពុលបង្កវិទ្ធង្សនាចំពោះដំណើរការទៅរកការបើកវេទិកាកំពូលស្ដីពីសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន ហើយកំពុងរួមដៃជាមួយរុស្ស៊ី ចង់រាំងខ្ទប់វេទិកាអន្តរជាតិនេះ។
លោក ហ្សេឡេនស្គី បានវាយប្រហារប្រទេសចិន ដូចនេះ កាលពីថ្ងៃអាទិត្យ ទី២ ខែមិថុនា នៅក្នុងវេទិកាសន្តិសុខអាស៊ី-ប៉ាស៊ីហ្វិកនៅប្រទេសសិង្ហបុរី ហើយការថ្លែងរបស់ប្រធានាធិបតីអ៊ុយក្រែន ក៏នៅចំពោះមុខរដ្ឋមន្ត្រីការពារជាតិប្រទេសចិន ផងដែរ។
ចិន បន្តប្រតិកម្មលើកទី២ ដោយវាយបកលោក ហ្សេឡេនស្គី វិញ។ ក្រសួងការបរទេសចិន បានចេញសេចក្ដីថ្លែងការណ៍ថា គោលជំហររបស់ចិន មានលក្ខណៈបើកចំហ និងមានតម្លាភាព ហើយពុំមានសកម្មភាពណាមួយទាល់តែសោះដែលបង្ហាញថា ចិនព្យាយាមដាក់សម្ពាធលើប្រទេសដទៃ ដែលនឹងត្រូវទៅចូលរួមវេទិកាសន្តិភាពនៅប្រទេសស្វីស នាសប្ដាហ៍ក្រោយនេះ។
ទំនងឆ្លើយការពារទៅនឹងការលើកឡើងរបស់លោក ហ្សេឡេនស្គី លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានវាយតម្លៃជំហររបស់ទីក្រុងប៉េកាំង ថាបានកំពុងធ្វើឱ្យបាត់របូតឱកាសក្នុងការបញ្ចេញមតិ និងតួនាទីជាប្រទេសធំ ដែលជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ហើយនាំសន្តិភាពសម្រាប់ប្រទេសដែលខ្ទេចខ្ទាំដោយសង្គ្រាមឈ្លានពានរបស់រុស្ស៊ី។
បើតាមលោក Matthew Miller ចិនមិនត្រូវបានគេវាយតម្លៃថាអាចដើរតួនាទីបានល្អទេ បើទោះជាចង់ក្លាយជាអ្នកសម្របសម្រួលភាគីច្បាំងគ្នាទាំងពីរមករកតុចរចាក៏ដោយ។ លោក Matthew Miller បានចោទចិន ត្រង់ថា ការពិត ក្រុងប៉េកាំងកំពុងជួយរុស្ស៊ី ទៅវិញទេ ដែលលើកទឹកចិត្តឱ្យក្រុងមូស្គូ បន្តអូសបន្លាយសង្គ្រាមឈ្លានពានអ៊ុយក្រែន។
តាមអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក វេទិកាសន្តិភាពនៅប្រទេសស្វីស ការពិតជាឱកាសដែលក្រុងប៉េកាំង ទាញយកតម្លៃការទូតរបស់ខ្លួន ហើយប្រទេសជាច្រើនអាចចាត់ទុកចិន ជាប្រទេសធំ អត់ធ្មត់ និងសមដូចការអះអាងថា ក្រុងប៉េកាំង ប្រកាន់ជំហរអព្យាក្រឹត្យចំពោះជម្លោះប្រដាប់អាវុធរវាងរុស្ស៊ី និងអ៊ុយក្រែន។ លោក Matthew Miller ថាចិនអាចពន្យល់នៅលើវេទិកានេះអំពីរបៀបចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន នោះទេ។
សម្រាប់លោក Matthew Miller វត្តមានរបស់ចិន ពិតជាមានសារសំខាន់ តែបើគ្មានចិន ក៏វេទិកានេះអាចដំណើរការបានដែរ។ លោកបញ្ជាក់ថា សម្រាប់សហរដ្ឋអាមេរិក នៅតែគាំទ្រការតស៊ូរបស់អ៊ុយក្រែន ទាំងសមរភូមិការទូត និងសមរភូមិប្រយុទ្ធការពារសេរីភាពរបស់ប្រជាជនអ៊ុយក្រែន។
តាមទីភ្នាក់ងារសារព័ត៌មាន AP លោកប្រធានាធិបតី ចូ បៃដិន នឹងចាត់បញ្ជូនអ្នកស្រី Kamala Harris អនុប្រធានាធិបតី ទៅកាន់ប្រទេសស្វីស ដើម្បីចូលរួមវេទិកាកំពូលស្ដីពីសន្តិភាពអ៊ុយក្រែន ដោយមានទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Jake Sullivan អមដំណើរផងដែរ។
អ្នកនាំពាក្យសម្រាប់អ្នកស្រីអនុប្រធានាធិបតី Kamala Harris គឺអ្នកស្រី Kirsten Allen បាននិយាយថា៖ អ្នកស្រីអនុប្រធានាធិបតី នឹងបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះប្រជាជនអ៊ុយក្រែនដែលកំពុងការពារខ្លួនឯងប្រឆាំងនឹងការឈ្លានពានពីរុស្ស៊ី ហើយនឹងលើកឡើងពីការប្ដេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការគាំទ្រដល់កិច្ចប្រឹងប្រែងរបស់អ៊ុយក្រែន ដើម្បីធានាឱ្យបាននូវសន្តិភាពយូរអង្វែងក្រោយពីសង្គ្រាមត្រូវបានបិទបញ្ចប់៕
© 2024, . All rights reserved.