គណបក្សប្រជាជនកម្ពុជា ឈ្នះបានអាសនៈលើសលប់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្តអាណត្តិទី៤ នេះ គឺ ៥០៤អាសនៈ ខណៈគណបក្សឆន្ទៈខ្មែរ ទទួលបាន ៤៧អាសនៈ និងគណបក្សកម្លាំងជាតិ បាន ៨អាសនៈ។
យោងតាមលទ្ធផលផ្លូវការដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានប្រកាសនៅរសៀលថ្ងៃទី៤ មិថុនា បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលសំឡេងគាំទ្រ ៩៩៨៥សំឡេង ដែលស្មើនឹង ៥០៤អាសនៈ គណបក្សឆន្ទៈខ្មែរ បានសំឡេងគាំទ្រ ១២៨២សំឡេង ស្មើនឹង ៤៧អាសនៈ គណបក្សកម្លាំងជាតិ បានសំឡេងគាំទ្រ ២៧៦សំឡេង ស្មើនឹង ៨អាសនៈ គណបក្សខ្មែររួបរួមជាតិ ទទួលបានការគាំទ្រ ១៤សំឡេង ពុំទទួលបានអាសនៈទេ។ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច បានសំឡេងគាំទ្រ ១០សំឡេង ពុំទទួលបានអាសនៈនោះទេ។
ជុំវិញការបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា មានបេក្ខជនឈរឈ្មោះជិត ៩ពាន់នាក់ (៨៦០៩នាក់) គណបក្សឆន្ទៈខ្មែរ មានបេក្ខជនឈរឈ្មោះជិត ៨ពាន់នាក់ (៧៩១១នាក់) គណបក្សកម្លាំងជាតិ មានបេក្ខជនឈរឈ្មោះប្រមាណជា ៤ពាន់នាក់ (៤០០១នាក់) គណបក្សហ៊្វុនស៊ិនប៉ិច មានបេក្ខជនឈរឈ្មោះជាង ៥ពាន់នាក់ (៥៣៥៨នាក់) និងគណបក្សខ្មែររួបរួមជាតិ មានបេក្ខជនឈរឈ្មោះជាង ៣ពាន់នាក់ (៣២៦៧នាក់)។
ក្រោយការបោះឆ្នោតត្រូវបញ្ចប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មានថា អង្គបោះឆ្នោតនៅទូទាំងប្រទេសទាំង ៥គណបក្ស បានទៅចូលរួមបោះឆ្នោតជាង ១ម៉ឺននាក់ (១១៥៩៨នាក់) ក្នុងចំណោមអង្គបោះឆ្នោតក្នុងបញ្ជីសរុបចំនួន ១១៦៣៣នាក់ ដែលត្រូវទៅបោះឆ្នោតនៅតាមការិយាល័យទាំង ២០៩ នៅទូទាំងប្រទេស។
តាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប. ចេញផ្សាយកាលពីពេលកន្លងទៅថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើឡើងរៀងរាល់ ៥ឆ្នាំម្តងដែលអង្គបោះឆ្នោតគឺជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ដែលជាប់ឆ្នោតសរុបប្រមាណ ១ម៉ឺន ២ពាន់នាក់។ អាសនៈសម្រាប់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ មានចំនួន ៤២០០អាសនៈនៅទូទាំង ២៥ខេត្ត-រាជធានី។
តំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានអះអាងថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនេះ គឺមានការគំរាមកំហែងដល់អង្គបោះឆ្នោត ក្នុងនោះមានអ្នកខ្លះរត់ចោលផ្ទះសម្បែងថែមទៀតនៅពេលដែលពួកគេមិនព្រមបោះឆ្នោតឱ្យបក្សកាន់អំណាច។
ប្រភពដដែលបានអះអាងថា ការបោះឆ្នោតដែលប្រធានគណបក្សកម្លាំងជាតិ ត្រូវបានចាប់ឃុំខ្លួនបែបនេះ គឺជាសញ្ញាបង្ហាញយ៉ាងច្បាស់ពីការរឹតត្បិតសេរីភាព។
បើតាមមាត្រា១៨ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួនក្រុមប្រឹក្សានីមួយៗត្រូវកំណត់ដោយផ្អែកតាមកត្តាប្រជាសាស្ត្រ និងកត្តាភូមិសាស្ត្រ ដោយក្រុមប្រឹក្សារាជធានីមានចំនួនសមាជិកមិនលើសពី ២១រូប ក្រុមប្រឹក្សាខេត្តមានចំនួនពី ៩ ទៅ ២១រូប ក្រុមប្រឹក្សាក្រុងមានចំនួនពី ៧ ទៅ ១៥រូប និងក្រុមប្រឹក្សាស្រុក ខណ្ឌមានចំនួនពី ៧ ទៅ ១៩រូប។
មាត្រា១៨ ដដែលបញ្ជាក់ថា ចំនួនក្រុមប្រឹក្សាពិតប្រាកដនៃសមាជិកក្រុមប្រឹក្សានីមួយៗត្រូវកំណត់តាមអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រយៈពេល ១២០ថ្ងៃ ក្នុងករណីគ្មានអនុក្រឹត្យចំនួនសមាជិកក្រុមប្រឹក្សាបន្ទាប់នីមួយៗនឹងយកតាមចំនួនក្រុមប្រឹក្សាអាណត្តិចាស់។
បើតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សានីមួយៗត្រូវធ្វើជាតំណាង និងធ្វើសកម្មភាពក្នុងនាមជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយត្រូវបង្កើត ជំរុញ និងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ក្រុមប្រឹក្សានីមួយៗក៏មានតួនាទីចាត់ចែងកិច្ចការចាំបាច់នានា ដើម្បីសម្រេចនូវគោលបំណងក្នុងការបង្កើត ការជំរុញ និងការធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។
ក្រុមប្រឹក្សាមានសិទ្ធិអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិ និងសេចក្តីសម្រេចខាងប្រតិបត្តិ ហើយសិទ្ធិពិសេសមួយទៀតរបស់ក្រុមប្រឹក្សា គឺធ្វើសំណើទៅរដ្ឋាភិបាលក្នុងការដកហូតតំណែងគណៈអភិបាល ឧទាហរណ៍ដូចជាក្រុមប្រឹក្សាខេត្តមានសិទ្ធិស្នើដកអភិបាលខេត្ត ឬអភិបាលរងខេត្ត ជាដើម៕
© 2024, . All rights reserved.