27 C
Phnom Penh

គណបក្ស​កម្លាំង​ជាតិ​ប្រកាស​ជួបជុំ​អ្នកគាំទ្រ​ជាង ១០០​នាក់​ទាមទារ​ដោះលែង​ប្រធាន​និង​សមាជិក​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​កម្លាំង​ជាតិ ប្រកាស​ជួបជុំ​សមាជិក និង​អ្នកគាំទ្រ​ជាង ១០០​នាក់ នៅ​ថ្ងៃទី​១៦ ខែ​មិថុនា នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​សម្ដែង​មតិ​ដោយ​សន្តិវិធី ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ប្រធាន​បក្ស​របស់​ខ្លួន គឺ​លោក ស៊ុន ចន្ធី និង​សមាជិក​បក្ស​ខេត្ត ២​នាក់​ទៀត​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌។

ប្រធាន​ស្តីទី​គណបក្ស​កម្លាំង​ជាតិ លោក ជា មុនី បាន​ចេញ​លិខិត​មួយ​ទៅ​កាន់​អភិបាល​ក្រុង​ភ្នំពេញ លោក ឃួង ស្រេង កាលពី​ថ្ងៃទី​៣ ខែ​មិថុនា ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៥ មិថុនា នេះ​ស្ដីពី​ការ​ជូនដំណឹង​ដល់​សាលាក្រុង​ភ្នំពេញ ជុំវិញ​ការ​ជួបជុំ​សមាជិក និង​អ្នក​គាំទ្រ ដើម្បី​សម្ដែង​មតិ​ដោយ​សន្តិវិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ​ស្រប​តាម​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។

ប្រភព​ដដែល​អះអាង​ថា គណបក្ស​កម្លាំង​ជាតិ នឹង​ជួបជុំ​ថ្នាក់​ដឹកនាំ សមាជិក​សមាជិកា សកម្មជន​គាំទ្រ​ប្រមាណ ១៥០​នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​សម្ដែង​មតិ​ដោយ​សន្តិវិធី​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី និង​សមាជិក ២​នាក់​ផ្សេង​ទៀត គឺ​លោក អ៊ុំ វីរៈរដ្ឋ និង​លោក មី សេងហ៊ ហៅ គា វិសាល ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ក្រោម​ហេតុផល​នយោបាយ​កាលពី​ពេល​ថ្មីៗ​នេះ។

គណបក្ស​កម្លាំង​ជាតិ បញ្ជាក់​ថា ការ​សម្ដែង​មតិ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៦ ខែ​មិថុនា ចាប់ពី​ម៉ោង ៨​ព្រឹក​រហូត​ដល់​ម៉ោង ១១ និង ៣០​នាទី ដោយ​មាន​ការ​លើក​បដា ពាក្យ​ស្លោក ដែល​សរសេរ​ពី​ការ​ទាមទារ​ឱ្យ​ដោះលែង​ថ្នាក់ដឹកនាំ​របស់​ខ្លួន​ដែល​កំពុង​ជាប់​ឃុំ​នា​ពេលនេះ​ផង​ដែរ។

កាលពី​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជូន​ខ្លួន​ដែល​បញ្ជា​ឱ្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចាប់​ខ្លួន​លោក ស៊ុន ចន្ធី ពាក់ព័ន្ធ​នឹង​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម បន្ទាប់ពី​លោក​បាន​រិះគន់​ពី​ការ​ចែក​បណ្ណ​ក្រីក្រ​ថា​ធ្វើ​ឡើង​ដោយ​មាន​ភាព​លម្អៀង​ទៅ​រក​បក្ស​កាន់​អំណាច អំឡុង​ពេល​ដែល​ប្រធាន​បក្ស​រូប​នេះ​ជួបជុំ​អ្នក​គាំទ្រ​ក្នុង​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​៥ ខែ​ឧសភា កន្លង​ទៅ។

នៅ​ថ្ងៃទី​៩ ខែ​ឧសភា ពេល​ដែល​លោក ស៊ុន ចន្ធី ធ្វើ​មាតុភូមិ​និវត្តន៍​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ស្រាប់​តែ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​លោក​ភ្លាមៗ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ពោធិ៍ចិនតុង​តែម្តង។

ដោយឡែក​លោក អ៊ុំ វីរៈរដ្ឋ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ​ប្រចាំ​ខេត្ត​កំពង់ស្ពឺ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដែរ​កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៤ តាម​សាលដីកា​តុលាការ​ខេត្ត​កំពង់ស្ពឺ ក្រោម​បទ​ចោទ រួម​គំនិត​ក្បត់។

ចំណែក​ប្រធាន​ក្រុម​ការងារ​បណ្ដោះអាសន្ន​របស់​គណបក្ស​កម្លាំង​ជាតិ​ខេត្ត​កំពង់ចាម លោក មី សេងហ៊ ហៅ គា វិសាល ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២៤ ពាក់ព័ន្ធ​នឹង​រឿង ញុះញង់​បង្ក​ឱ្យ​មាន​ការ​រើសអើង និង​ជេរប្រមាថ​ជា​សាធារណៈ​តាម​បណ្តឹង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ និង​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​ទុក​នៅ​ពន្ធនាគារ​ព្រៃស កាលពី​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២៤ កន្លង​ទៅ។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​របស់​ប្រទេស​ជាតិ ខណៈ​សេចក្តី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ដោះស្រាយ និង​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ ប៉ុន្តែ​រដ្ឋាភិបាល​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា បាន​អនុវត្ត​ផ្ទុយ​ពី​មាត្រា​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទាំងស្រុង។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (W. Patrick Murphy) បាន​លើកឡើង​ចំពោះ​មុខ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត កាលពី​ដើម​ខែ​ឧសភា ថា ប្រទេស​កម្ពុជា​អាច​លើក​កម្ពស់​មុខមាត់​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ និង​ទំនាក់ទំនង​ទ្វេភាគី​ដោយ​ការ​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​យូរអង្វែង​របស់​ខ្លួន​ចំពោះ​សិទ្ធិមនុស្ស។

បែប​នេះ​ក្តី នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា រដ្ឋ​បរទេស​មួយ​ចំនួន​គួរតែ​ណែនាំ​អ្នក​ប្រព្រឹត្ត​ល្មើស​ច្បាប់ ឱ្យ​ឈប់​ធ្វើ​ខុស​ច្បាប់​បន្ត​ទៀត​ទៅ មិន​គួរ​មក​ហាម​រដ្ឋាភិបាល​មិន​ឱ្យ​អនុវត្ត​ច្បាប់​ទេ។ លោក​បន្ថែម​ថា បើ​ប្រទេស​លោក​សេរី​អនុវត្ត​ច្បាប់​បាន ប្រទេស​កម្ពុជា​ក៏​មាន​សិទ្ធិ​អនុវត្ត​ច្បាប់​ដូច​គ្នា​ដែរ។

យ៉ាងណា​ក៏ដោយ កាលពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២៤ អង្គការ Freedom House បាន​ចាត់ទុក​កម្ពុជា​ជា​ប្រទេស​ផ្ដាច់ការ​មួយ​ក្នុង​ចំណោម​ប្រទេស​ផ្ដាច់ការ​ធំៗ​ចំនួន ៥ ផ្សេង​ទៀត រួម​មាន ភូមា ចិន និង​រុស្ស៊ី ជាដើម ក្រោយ​គេ​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើ​វិធានការ​គាប​សង្កត់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស