25.9 C
Phnom Penh

លោក ពូទីន វាយប្រហារ​ប្រព័ន្ធ​តុលាការ​អាមេរិក​ដោយ​បារម្ភ​ថា​លោក ត្រាំ មិន​អាច​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃទី​៣០ ឧសភា តុលាការ​រដ្ឋ​ញូវយ៉ក ប្រកាស​ថា លោក ដូណាល់ ត្រាំ ពិត​ជា​មាន​ពិរុទ្ធភាព​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ ៣៤​ករណី។ នេះ​គឺជា​លើក​ទី​មួយ​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ត្រូវ​ជាប់​ទោស​ព្រហ្មទណ្ឌ​បែប​នេះ។

សាលក្រម​តុលាការ​រដ្ឋ​ញូវយ៉ក នឹង​សម្រេច​ថា តើ​លោក ដូណាល់ ត្រាំ នឹង​ត្រូវ​ជាប់​ពន្ធនាគារ ឬ​យ៉ាង​ណា​នោះ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១១ ខែ​កក្កដា ខាងមុខ​នេះ។

ការ​បោះឆ្នោត​ប្រធានាធិបតី​អាណត្តិ​ថ្មី នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អង្គារ ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នេះ។

ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល បែរជា​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដែល​កំពុង​ផុង​ខ្លួន​ក្នុង​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន បែរជា​បញ្ជូន​សារ​វាយប្រហារ​ប្រព័ន្ធ​តុលាការ​សហរដ្ឋ​អាមេរិក ដែល​លោក​ថា កំពុង​រក​មធ្យោបាយ​វាយ​បំបាក់​លោក ត្រាំ ដោយ​ឈាន​ដល់​ចេញ​សាលក្រម​ផ្ដន្ទាទោស​លោក ត្រាំ ក្នុង​គោលបំណង​បញ្ឈប់​លោក ត្រាំ ជា​បេក្ខជន​ប្រធានាធិបតី​ប្រជែង​នឹង​លោក ចូ បៃដិន ដែល​ជា​បេក្ខជន​កំពុង​កាន់​អំណាច។

ថ្លែង​ទៅ​កាន់​សន្និសីទ​សារព័ត៌មាន​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​កាលពី​ថ្ងៃ​ពុធ ទី​៥ ខែ​មិថុនា ក្នុង​វេទិកា​សេដ្ឋកិច្ច​មួយ​ក្នុង​ទីក្រុង St Petersburg លោក ពូទីន បាន​ហៅ​សំណុំរឿង​លោក ត្រាំ ថា​កំពុង​ស្ថិត​ក្នុង​សមរភូមិ​នយោបាយ​មួយ​ប្រឆាំង​នឹង​លោក ដូណាល់ ត្រាំ។

នៅ​ក្នុង​វេទិកា​នោះ អ្នក​សារព័ត៌មាន Reuters បាន​ឡើង​ចោទ​សួរ​លោក ពូទីន អំពី​ទំនុក​ចិត្ត​នៃ​ដំណើរការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក នៅ​ខែ​វិច្ឆិកា ខាងមុខ ថា​តើ​មាន​ភាព​ខុស​ប្លែក​បែប​ណា​ចំពោះ​ការ​បោះឆ្នោត​ប្រធានាធិបតី​រុស្ស៊ី កាលពី​ខែ​មីនា កន្លង​ទៅ បើ​ធៀប​នឹង​ដំណើរការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក។ លោក ពូទីន បាន​ឆ្លើយ​ថា៖ ជា​គោលការណ៍ គ្មាន​អ្វី​ត្រូវ​ខ្វល់​នោះ​ទេ ទោះ​ជា​នរណា​ជា​អ្នក​ឈ្នះ​ក៏ដោយ ក៏​ក្រុង​មូស្គូ អាច​មាន​ទំនាក់ទំនង​បាន​គ្រប់​ប្រធានាធិបតី​ទាំងអស់ ឱ្យ​តែ​មេដឹកនាំ​ជ្រើសរើស​ចេញពី​ប្រជាជន​អាមេរិក។

លោក ពូទីន បាន​បញ្ជាក់​ថា ទីក្រុង​មូស្គូ មិន​លូកលាន់​ចូល​កិច្ចការ​នយោបាយ​ក្នុង​ស្រុក​របស់​សហរដ្ឋ​អាមេរិក​ឡើយ។

ហេតុ​អ្វី​បាន​ជា​លោក ពូទីន ចង់​ឱ្យ​លោក ដូណាល់ ត្រាំ ជាប់​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក?

សង្គ្រាម​របស់​លោក ពូទីន នៅ​លើ​ទឹកដី​ប្រទេស​អ៊ុយក្រែន ដែល​កំពុង​ប្រយុទ្ធ​គ្នា​យ៉ាង​សហាវ​រវាង​កងទ័ព​អ៊ុយក្រែន និង​រុស្ស៊ី គឺ​ដោយសារ​លោក ពូទីន បាន​បញ្ជា​កងទ័ព​រុស្ស៊ី រាប់​សែន​នាក់ វាយ​ចូល​ប្រទេស​អ៊ុយក្រែន ក្រោម​ហេតុផល​ប្រឆាំង​អ៊ុយក្រែន ចង់​ក្លាយ​ជា​សមាជិក​របស់​អង្គការ​យោធា​ណាតូ (NATO) ដែល​សហរដ្ឋ​អាមេរិក​ជា​ខ្នងបង្អែក​ខ្លាំង​ជាងគេ។

ម្យ៉ាង​ទៀត សង្គ្រាម​របស់​លោក ពូទីន ផ្ទុះ​ឡើង​ក្នុង​អាណត្តិ​លោក បៃដិន ដែល​បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​មូស្គូ ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​មួយ​មិន​ធ្លាប់​មាន​ចាប់តាំងពី​វិបត្តិ​មីស៊ីល​គុយបា ក្នុង​ឆ្នាំ​១៩៦២ មក ព្រោះ​លោក បៃដិន មិន​បាន​ទន់​ចិត្ត​ដូច​លោក ត្រាំ ដែល​គេ​ថា​ជា​មិត្ត​នឹង​លោក ពូទីន នោះ​ទេ។ លោក បៃដិន ពង្រឹង​កម្លាំង​ណាតូ និង​កម្លាំង​សម្ពន្ធភាព​ក្រៅ​ណាតូ បញ្ជូន​សព្វាវុធ​យ៉ាង​សម្បើម​ជួយ​អ៊ុយក្រែន ដែល​ធ្វើ​ឱ្យ​រុស្ស៊ី លំបាក​ខ្លាំង​ក្នុង​ការ​វាយ​បំបែក​កម្លាំង​របស់​អ៊ុយក្រែន ហើយ​សង្គ្រាម​នៅ​បន្ត​មក​ដល់​ពេលនេះ។

នៅ​ពេល​ដែល​សមាជិក​គណបក្ស​សាធារណរដ្ឋ​ដែល​គេ​ថា​នៅ​ក្រោម​ឥទ្ធិពល​របស់​លោក ត្រាំ ព្យាយាម​រាំង​ខ្ទប់​ជំនួយ​យោធា​ទៅ​ឱ្យ​អ៊ុយក្រែន លោក ពូទីន និង​អ្នក​នយោបាយ​មួយ​ចំនួន​នៅ​វិមាន​ក្រឹមឡាំង ហាក់​មាន​ក្ដី​រីករាយ ព្រោះ​ពួកគេ​មិន​ចង់​ឃើញ​អាវុធ​របស់​អាមេរិក​មាន​នៅ​ក្នុង​ដៃ​ទ័ព​អ៊ុយក្រែន នោះ​ទេ ហើយ​ចំ​ពេល​នោះ លោក ត្រាំ ឃោសនា​ថា​នឹង​ធានា​ការ​ជួយ​បិទ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន ឱ្យ​តែ​លោក​ក្លាយ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ម្ដង​ទៀត។

លោក ត្រាំ ថ្លែង​ថា លោក​នឹង​ទៅ​ជួប​លោក ពូទីន ភ្លាម ហើយ​សង្គ្រាម​ពិត​ជា​បញ្ចប់​ភ្លាម​ដែរ ព្រោះ​លោក​បញ្ឈប់​ការ​បញ្ជូន​អាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន។

នៅ​ពេល​ដែល​សភា​សម្រេច​តាម​សំណើ​លោក ចូ បៃដិន ក្នុង​កញ្ចប់​ជំនួយ ៦១​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​អ៊ុយក្រែន វិមាន​ក្រឹមឡាំង និង​លោក ពូទីន ខកចិត្ត​ជា​ខ្លាំង ខណៈ​ជំនួយ​អាវុធ​សហរដ្ឋ​អាមេរិក​ទៅ​ដល់​ដៃ​ទ័ព​អ៊ុយក្រែន បាន​ធ្វើ​ឱ្យ​ការ​វាយលុក​របស់​ទ័ព​រុស្ស៊ី ថប់​ថយ​វិញ​ភ្លាម។

គេ​ថា​នេះ​ហើយ​បាន​ជា​លោក ពូទីន បារម្ភ​ពី​លោក ត្រាំ អាច​ត្រូវ​បាន​តុលាការ​បិទ​សិទ្ធិ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី ដែល​លោក ត្រាំ ជាប់​ពិរុទ្ធភាព​ដល់​ទៅ ៣៤​ករណី​ហើយ​នោះ។

សំណុំរឿង​ព្រហ្មទណ្ឌ​នេះ ត្រូវ​បាន​លោក​ចៅក្រម Juan Merchan នៃ​តុលាការ​រដ្ឋ​ញូវយ៉ក កំណត់​យក​ថ្ងៃទី​១១ ខែ​កក្កដា ដើម្បី​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក ត្រាំ គឺ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​នៅ​មុន​គណបក្ស​សាធារណរដ្ឋ​ប្រកាស​តែងតាំង​លោក ត្រាំ ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​បក្ស​របស់​ខ្លួន​ជា​ផ្លូវការ មុន​ការ​បោះឆ្នោត​ចូល​មក​ដល់​នៅ​ថ្ងៃទី​៥ ខែ​វិច្ឆិកា ខាងមុខ។

លោក ត្រាំ និង​មេធាវី​របស់​លោក ប្រកាស​ថា​នឹង​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​របស់​តុលាការ​រដ្ឋ​ញូវយ៉ក ប្រសិនបើ​កាត់ទោស​លោក ត្រាំ ឱ្យ​មាន​ទោស។

យោង​តាម​ការ​ស្ទង់មតិ​មួយ​របស់ Morning Side Consult ប្រជាជន​អាមេរិក​ដែល​មិន​គាំទ្រ​បក្ស​នយោបាយ ៤៩% ឆ្លើយ​ថា​លោក ត្រាំ គួរ​បញ្ឈប់​ការ​ឃោសនា​រក​សំឡេង​ឆ្នោត ព្រោះ​កំពុង​ជាប់​ពិរុទ្ធភាព​របស់​តុលាការ។ ចំណែក​អ្នកគាំទ្រ​បក្ស​សាធារណរដ្ឋ ១៥% ក៏​បាន​ឆ្លើយ​ថា លោក ត្រាំ គួរ​បញ្ចប់​បេក្ខភាព​ជា​បេក្ខជន​ប្រធានាធិបតី ព្រោះ​ថា​លោក​មាន​ពិរុទ្ធភាព​ធ្ងន់ធ្ងរ​ពេក​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស