29 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ការ​តែងតាំង​ឧកញ៉ា ទ្រី ភាព ជា​បេសកជន​ពិសេស​តំណាង​ឱ្យ​ស្ថាប័ន​រដ្ឋ​គឺជា​ទង្វើ​បង្អាប់​បង្អោន​កិត្តិយស​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​តែងតាំង​ឧក្រិដ្ឋជន​កាប់​បំផ្លាញ​ព្រៃឈើ​ឧកញ៉ា ទ្រី ភាព ជា​បេសកជន​ពិសេស​តំណាង​ឱ្យ​ស្ថាប័ន​ជាតិ គឺជា​ទង្វើ​បង្អាប់​បង្អោន​កិត្តិយស​ជាតិ​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ និង​បង្ហាញ​ឱ្យ​ឃើញ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ជា​មនុស្ស​ប្រភេទ​ក្នុង​ចង្កោម​ជាមួយ​នឹង​ពួក​ឧក្រិដ្ឋជន។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ មិថុនា នេះ​ថា នៅ​ពេល​ដែល​លោក ហ៊ុន សែន តែងតាំង​ឧកញ៉ា ទ្រី ភាព ជា​បេសកជន​ពិសេស​របស់​ប្រធាន​ព្រឹទ្ធសភា​បែប​នេះ នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ទំនាក់ទំនង​ការទូត​របស់​ប្រទេស​ជិតខាង​ផង ហើយ​ក៏​បង្ក​ផល​ប៉ះពាល់​ដល់​ទំនាក់ទំនង​វិនិយោគ​បរទេស​ដែល​ចង់​ទៅ​បណ្ដាក់ទុន​នៅ​កម្ពុជា​ផង​ដែរ។

លោក ម៉ែន ណាត លើកឡើង​ថា អ្នក​វិនិយោគទុន​បរទេស​នឹង​មាន​ការ​ភ័យខ្លាច​ចំពោះ​សន្តិសុខ​លើ​មុខជំនួញ​របស់​គេ ប្រសិនបើ​ពួកគេ​ទៅ​បណ្ដាក់ទុន​នៅ​កម្ពុជា។ លោក​បន្ត​ថា ប្រទេស​ជិតខាង​ដែល​ចង់​មាន​ទំនាក់ទំនង​ការទូត​ល្អ​ជាមួយ​កម្ពុជា ក៏​មិន​ហ៊ាន​ទុកចិត្ត​កម្ពុជា​ដែរ នៅ​ពេល​ដែល​ស្ថាប័ន​កំពូល​មួយ​របស់​ជាតិ​មាន​បេសកជន​ពិសេស​ជា​ឧក្រិដ្ឋជន​បែប​នេះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា មន្ត្រី​រដ្ឋាភិបាល​ច្រើន​ណាស់​ដែល​ស័ក្តិសម​ក្នុង​ការ​តែងតាំង​ឱ្យ​ធ្វើ​ជា​បេសកជន​ពិសេស​របស់​ប្រធាន​ព្រឹទ្ធសភា ប៉ុន្តែ​លោក ហ៊ុន សែន បែរ​ជ្រើស​យក​ឧកញ៉ា ទ្រី ភាព ទៅ​វិញ ហើយ​ការ​តែងតាំង​មនុស្ស​បែប​នេះ នឹង​បង្ហាញ​ថា​រដ្ឋាភិបាល​កម្ពុជា​គឺជា​រដ្ឋាភិបាល​ម៉ាហ្វៀ (Mafia) សុទ្ធសាធ។

កាលពី​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០២៤ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​តែងតាំង​ឧកញ៉ា ទ្រី ភាព ជា​បេសកជន​ពិសេស​របស់​ប្រធាន​ព្រឹទ្ធសភា ក្រោម​ហេតុផល​ថា តាម​ការ​ចាំបាច់​របស់​ព្រឹទ្ធសភា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ពុធ ទី​៥ មិថុនា នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២៤ លោក ហ៊ុន សែន ក៏​បាន​ចុះហត្ថលេខា​លើ​ព្រះរាជក្រឹត្យ​មួយ​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ​ស្តីទី តែងតាំង និង​ផ្តល់​ឋានៈ​ដល់​មេ​ឧក្រិដ្ឋជន​ព្រៃឈើ​ដែល​គេ​ហៅថា ស្តេច​គ្រញូង ឧកញ៉ា ទ្រី ភាព ជា​ទីប្រឹក្សា​មាន​ឋានៈ​ស្មើ​នឹង​ទេសរដ្ឋមន្ត្រី​ផង​ដែរ។

ឧកញ៉ា ទ្រី ភាព គឺជា​បុគ្គល​មួយ​រូប​ក្នុង​ចំណោម​បុគ្គល​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម ដោយ​ការ​បង្កក​ទ្រព្យសម្បត្តិ និង​រឹតត្បិត​ទិដ្ឋាការ​សព្វថ្ងៃ​នេះ រួម​មាន លោក ចៅ ភិរុណ, លោក ទៀ វិញ, លោក ហ៊ីង ប៊ុនហៀង, លោក គន់ គីម និង​លោក ទ្រី ភាព។

ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក ធ្លាប់​បាន​ប្រកាស​ថា លោក ទ្រី ភាព បាន​ប្រើ​បណ្ដាញ​ធំៗ​របស់​ខ្លួន​ក្នុង​ជួរ​រដ្ឋាភិបាល និង​យោធា ដើម្បី​ការពារ​ជំនួញ​រកស៊ី​ឈើ​ខុស​ច្បាប់​របស់​ខ្លួន ហើយ​ឈើ​ទាំងនោះ​ត្រូវ​បាន​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ចិន សហគមន៍​អឺរ៉ុប និង​រុស្ស៊ី។

ដោយសារតែ​បែប​នេះ អាមេរិក​សម្រេច​ដាក់​លោក ទ្រី ភាព និង​ក្រុមហ៊ុន​ចំនួន ១១ របស់​មហាសេដ្ឋី​រូប​នេះ​ក្នុង​បញ្ជីខ្មៅ​បង្កក​ទ្រព្យសម្បត្តិ និង​មិន​ឱ្យ​ជាន់​ដី​សហរដ្ឋ​អាមេរិក​ចាប់តាំងពី​ឆ្នាំ​២០១៩ រហូត​ដល់​សព្វថ្ងៃ​នេះ។

ការ​តែងតាំង​ឧក្រិដ្ឋជន​ឱ្យ​មាន​តួនាទី​ខ្ពស់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​បែប​នេះ មិនមែន​មាន​តែ​ឧកញ៉ា ទ្រី ភាព ទេ សូម្បី​ឧក្រិដ្ឋជន​ព្រៃឈើ ឬ​អ្នកទោស​ឧក្រិដ្ឋ​មួយ​ចំនួន​ទៀត ក៏​ទទួល​បាន​ការ​តែងតាំង​ពី​លោក ហ៊ុន សែន ដែរ។

ជាក់ស្តែង កាលពី​ចុង​ខែ​មករា ឆ្នាំ​២០២៤ លោក ហ៊ុន សែន បាន​តែងតាំង​មេ​ឧក្រិដ្ឋជន​ព្រៃឈើ​ឧកញ៉ា មិក សុផាន់ណារេត ហៅ​ឧកញ៉ា ជ័យ ជា​ទីប្រឹក្សា ខណៈ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ឧកញ៉ា ខ្នា ដែល​ល្បីល្បាញ​ខាង​រកស៊ី​ឈើ​ខុស​ច្បាប់ ក៏​ត្រូវ​បាន​លោក ហ៊ុន សែន តែងតាំង​ឱ្យ​ធ្វើ​ជា​ជំនួយការ​កាលពី​ពាក់កណ្តាល​ខែ​សីហា ឆ្នាំ​២០២២ កន្លង​ទៅ​ផង​ដែរ។

ជាង​នេះ​ទៀត មេ​ឈ្មួញ​រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ លោក ចាប សារ៉ន ក៏​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្ដិ​ពី​ថ្នាក់​ពី​វរសេនីយ៍ឯក ទៅ​ជា​ឧត្ដមសេនីយ៍ត្រី​នៃ​កងយោធពល​ខេមរភូមិន្ទ កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០២២ ថែម​ទៀត។

លើស​ពី​នេះ ឧក្រិដ្ឋជន​ព្រៃឈើ​ផ្សេង​ទៀត ក៏​ទទួល​ឋានៈ​បុណ្យ​ស័ក្តិ​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ ដូចជា ឧកញ៉ា លី យ៉ុងផាត់ ហៅ​ស្តេច​កោះកុង ដែល​មាន​តួនាទី​ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា សព្វថ្ងៃ​នេះ ជាដើម។

ក្រៅពី​តែងតាំង​ក្រុម​ឧក្រិដ្ឋជន​ព្រៃឈើ​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​ រដ្ឋាភិបាល លោក ហ៊ុន សែន ក៏​បាន​តែងតាំង​អ្នកទោស​ដែល​កំពុង​រត់​គេច​ខ្លួន​ជា​ទីប្រឹក្សា​របស់​គាត់​ថែម​ទៀត។

ជាក់ស្តែង ឧក្រិដ្ឋ​សម្លាប់​មនុស្ស​ដែល​កំពុង​មាន​ជាប់​ទោស​ក្រោម​អំណាច​សាលដីកា​តុលាការ​កំពូល គឺ​អ្នកស្រី ជា រដ្ឋា ត្រូវ​បាន​លោក ហ៊ុន សែន តែងតាំង​ជា​ទីប្រឹក្សា​របស់​គាត់​កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៤ កន្លង​ទៅ បន្ទាប់ពី​ទណ្ឌិត​រូប​នេះ​រត់​គេច​ខ្លួន​ពី​ការ​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់​អស់​រយៈពេល​ជាង ១០​ឆ្នាំ​កន្លង​មក។

លើស​ពី​នេះ គេ​ក៏​ឃើញ​មហាសេដ្ឋី​ដើមកំណើត​ចិន ចូល​សញ្ជាតិ​ខ្មែរ លោក ចេន ហ្ស៊ី (Chen Zhi) ដែល​រដ្ឋ​អំណាច​ចិន តាម​ចាប់​ខ្លួន ត្រូវ​បាន​លោក ហ៊ុន សែន តែងតាំង​ធ្វើ​ជា​ទីប្រឹក្សា​របស់​គាត់​ដែរ​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស