27 C
Phnom Penh

លោក ស សុខា បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ករណី​ដោះលែង​ជនជាតិ​ចិន​៨​នាក់​លួច​ឆ្លងដែន​ចូល​ខេត្ត​ស្ទឹងត្រែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា សម្រេច​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​បន្ទាន់​មួយ ដើម្បី​ស៊ើបអង្កេត​ករណី​ចំណាត់ការ​នីតិវិធី​របស់​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង និង​ពន្ធនាគារ​ខេត្ត​នេះ ពាក់ព័ន្ធ​ករណី​ការ​ដោះលែង​ជនជាតិ​ចិន ៨​នាក់ ដែល​លួច​ឆ្លងដែន​ខុស​ច្បាប់​ចូល​កម្ពុជា​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​សម្រេច​មួយ​កាលពី​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០២៤ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៦ មិថុនា នេះ បាន​សម្រេច​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ​ដែល​មាន​សមាសភាព ១២​នាក់ ដូចជា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក កង សុខន ជា​ប្រធាន និង​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព ជា​អនុប្រធាន រួម​ទាំង​អនុប្រធាន ២​រូប​ផ្សេង​ទៀត និង​សមាជិក ៨​នាក់​ទៀត​ផង​ដែរ។

លោក ស សុខា បញ្ជាក់​ក្នុង​សេចក្តី​សម្រេច​នេះ​ថា គណៈកម្មការ​ចំពោះ​កិច្ច​នេះ​មាន​ភារកិច្ច​ដូចជា ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត និង​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​ករណី​ដោះលែង​ជនជាតិ​ចិន ចំនួន ៨​រូប ដែល​លួច​ឆ្លងដែន​ខុស​ច្បាប់​ចូល​ប្រទេស​កម្ពុជា​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល កាលពី​ពេល​កន្លង​ទៅ។

ប្រភព​ដដែល​អះអាង​ថា គណៈកម្មការ​ចំពោះ​កិច្ច​នេះ​ត្រូវ​ដឹកនាំ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​ការ​ស្រាវជ្រាវ​ករណី​អំពី​ការ​ចេញ​ដីកា​បង្គាប់​ឱ្យ​មាន​ការ​ដោះលែង​ដោយ​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង ផង​ដែរ។

លោក​បន្ត​ថា គណៈកម្មការ​ចំពោះ​កិច្ច​នេះ​ត្រូវ​ស្រាវជ្រាវ​លើ​ករណី​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង ក្នុង​ការ​ចេញ​លិខិត​ដោះលែង​ដោយ​មិន​បាន​ធ្វើ​លិខិត​ប្រគល់ ឬ​ទទួល​ជនជាតិ​ចិន ឱ្យ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង ដើម្បី​ធ្វើការ​បណ្ដេញ​ចេញពី​កម្ពុជា​ថែម​ទៀត។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ស្រង់​សម្ដី​ចុះផ្សាយ​ថា មូលហេតុ​នៃ​ការ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​នេះ គឺ​ដោយសារ​មើល​ឃើញ​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​អនុវត្ត​នីតិវិធី​ដោះលែង​ជនជាតិ​ចិន ទាំង ៨​នាក់ ដែល​ឆ្លងដែន​ចូល​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់ និង​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដប្រជា​ថា តើ​រឿង​នេះ​វា​មាន​ការ​វិវឌ្ឍ​បែប​ណា ហើយ​ជនជាតិ​ចិន​នោះ​មាន​ពាក់ព័ន្ធ​អ្វី​ខ្លះ។

លោក ទូច សុឃៈ បញ្ជាក់​ថា ចំពោះ​លទ្ធផល​ក្នុង​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​នេះ ក្រសួង​មហាផ្ទៃ​មិន​អាច​បង្ហាញ​ជា​សាធារណៈ​បាន​ទេ ដើម្បី​រក្សា​ភាព​សម្ងាត់ កុំ​ឱ្យ​ប៉ះពាល់​ដល់​នីតិវិធី​ស៊ើបអង្កេត ប៉ុន្តែ​ក្រោយ​ស៊ើបអង្កេត​ប្រមូល​ព័ត៌មាន​បាន​គ្រប់​ជ្រុងជ្រោយ​ហើយ គណៈកម្មការ​ចំពោះ​កិច្ច​ត្រូវ​ធ្វើ​របាយការណ៍​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ពិនិត្យ និង​សម្រេច​លើ​វិធានការ​បន្ទាប់។

ទាក់ទិន​នឹង​បញ្ហា​នេះ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ធ្លាប់​បាន​អះអាង​កាលពី​ពេល​កន្លង​ទៅ​ថា ជនបរទេស​ភាគច្រើន​បាន​សម្ងំ​លាក់​ខ្លួន​នៅ​កម្ពុជា​ដោយ​គ្មាន​ច្បាប់​ជា​បន្តបន្ទាប់ ដោយ​បន្លំ​ខ្លួន​ជា​អ្នក​ទេសចរ​ដើម្បី​មក​ធ្វើការ​នៅ​ទី​នេះ។

ប្រភព​ដដែល​បញ្ជាក់​ថា កម្ពុជា​មិនមែន​ជា​កន្លែង​ដែល​ឱ្យ​ពួកគេ​ចេះ​តែ​ចេញ​ចូល​ស្រេច​តែ​នឹង​ចិត្ត​នោះ​ទេ ដូច្នេះ​អ្នក​ទាំងនោះ​នឹង​ត្រូវ​រង​នូវ​ការ​ផាក​ពិន័យ​ដោយ​គ្មាន​ករណី​លើកលែង​ដាច់ខាត មុន​នឹង​ត្រូវ​បញ្ជូន​ចេញពី​កម្ពុជា។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​កាលពី​ពេល​កន្លង​ទៅ​ថា កម្ពុជា​បាន​ក្លាយ​ទៅ​ជា​ឋានសួគ៌​ដ៏​សុខសាន្ត​សម្រាប់​ក្រុម​ចោរ និង​ឧក្រិដ្ឋជន​គ្រប់​ប្រភេទ​ដែល​រស់នៅ​ក្រោម​ការ​ការពារ​ពី​រដ្ឋ​អំណាច​ពុករលួយ​ដែល​កំពុង​គ្រប់គ្រង​ដោយ​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ។

លោក​បន្ថែម​ថា ពួកគេ​អាច​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ខុស​ច្បាប់​តាម​អំពើ​ចិត្ត​គ្រប់​បែប​យ៉ាង ដូចជា ការ​ជួញដូរ​មនុស្ស ការ​ជួញដូរ​គ្រឿងញៀន និង​ការ​លាង​លុយ​កខ្វក់ ជាដើម ក៏​ដោយសារតែ​អំពើពុករលួយ​របស់​រដ្ឋាភិបាល​បន្ត​ពូជ​មួយ​នេះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស