អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ជំរុញឱ្យរដ្ឋាភិបាលក្រុងភ្នំពេញទម្លាក់ចោលរាល់ការចោទប្រកាន់ទាំងអស់លើសំណុំរឿង «ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់» ចំពោះសកម្មជនមាតាចលនាធម្មជាតិ ដើម្បីបើកលំហឲ្យមានការចូលរួមពីសង្គមស៊ីវិលលើកិច្ចការពារបរិស្ថាន។
ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ អង្គការអន្តរជាតិនេះលើកឡើងថា សវនាការលើកទី២ សម្រាប់សកម្មជនបរិស្ថានទាំង ១០រូបដែលបានធ្វើឡើងនៅចំទិវាបរិស្ថានពិភពលោកនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នេះ គឺជារឿងដែលមិនគួរកើតមាន ព្រោះថាអាជ្ញាធរនៃប្រទេសកម្ពុជា មិនបំពេញការប្ដេជ្ញាចិត្តដែលខ្លួនបានសន្យានៅកិច្ចប្រជុំស្ដីពីអាកាសធាតុ COP28 ទេ តែបែរជាមកយាយី និងព្យាយាមដាក់ពន្ធនាគារទៅលើសកម្មជនបរិស្ថានទៅវិញ។
កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ចំថ្ងៃទិវាបរិស្ថានពិភពលោក ៥ មិថុនា សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងសកម្មជនចលនាមាតាធម្មជាតិចំនួន ១០នាក់ ដែលរងនូវការចោទប្រកាន់ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ ដោយមិនមានវត្តមានសកម្មជនទាំងនោះទេ ដែលគ្រាន់តែអានសក្ខីកម្មដែលទទួលបានអំឡុងពេលសាកសួរកាលពីសវនាការលើកមុនៗប៉ុណ្ណោះ។
ការធ្វើពហិការមិនចូលក្នុងសវនាការពីយុវជនបរិស្ថានទាំងនេះ ក្រោមហេតុផលថា តុលាការបានបិទរនាំងហាមឃាត់មិនឱ្យអ្នកសារព័ត៌មាន និងសាធារណជនចូលរួមស្តាប់សវនាការរបស់ពួកគេ។ សកម្មជនទាំងនោះបញ្ជាក់ថា បើតុលាការយល់ព្រមបើករនាំងហាមឃាត់ ដោយអនុញ្ញាតឱ្យអ្នកសារព័ត៌មាន និងសាធារណជនចូលរួមស្តាប់សវនាការនេះ ពួកគេក៏នឹងចូលរួមសវនាការនេះដែរ។
អំឡុងពេលរង់ចាំចូលរួមសវនាការនៅខាងក្រៅបរិវេណតុលាការកាលពីថ្ងៃទី៥ ខែមិថុនា ក្រុមសកម្មជនចលនាមាតាធម្មជាតិ អះអាងថា តុលាការបានហាមឃាត់អ្នកសារព័ត៌មានដែលបានចុះឈ្មោះរួចរាល់សម្រាប់ការចូលរួមស្តាប់សវនាការនេះ។ ជាងនេះទៀត សូម្បីអ្នកគាំទ្រដែលអាចឈរស្តាប់ត្រឹមតែនៅតាមរបង ក៏តុលាការមិនអនុញ្ញាតឱ្យស្តាប់ដែរ។
ក្រុមសកម្មជនបរិស្ថានទាំងនេះ បញ្ជាក់ថា ទង្វើរបស់តុលាការបែបនេះ គឺបង្ហាញថា តុលាការបានក្រឡាស់សម្ដីដោយខ្លួនឯង ដូច្នេះពួកគេក៏នឹងមិនចូលរួមសវនាការមួយដែលបិទជិតដោយគ្មានការចូលរួមដឹងឮពីអ្នកសារព័ត៌មាន និងអ្នកគាំទ្ររបស់ពួកគេដែរ។
បន្ទាប់ពីចប់សវនាការ សាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីថ្លែងការណ៍ភ្លាមៗថា តុលាការបានបន្តសវនាការលើសំណុំរឿងជាលើកទី២ ដូចធម្មតា ប៉ុន្តែជនជាប់ចោទប៉ុណ្ណោះដែលមិនព្រមចូលរួមក្នុងសវនាការ និងធ្វើការផ្សព្វផ្សាយនៅក្រៅបរិវេណតុលាការដោយមួលបង្កាច់តុលាការទៅវិញ។ សាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ការចុះផ្សាយរបស់សារព័ត៌មាននានាតាមរយៈបណ្ដាញសង្គម ជុំវិញសំណុំរឿងសកម្មជនបរិស្ថានទាំង ១០នាក់នេះ គឺសុទ្ធតែជាព័ត៌មានមិនពិត និងជាការចោទប្រកាន់លើតុលាការទាំងអស់។
ដំណាលគ្នានេះ សកម្មជនចលនាមាតាធម្មជាតិលោក លី ចាន់ដារ៉ាវុត ដែលជាជនជាប់ចោទក្នុងសំណុំរឿងនេះដែរ បានឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់តុលាការ កាលពីថ្ងៃទី៦ ខែមិថុនា នេះថា សេចក្តីថ្លែងការណ៍របស់តុលាការហាក់ដូចជាមានលក្ខណៈបិទបាំងការពិត។
សកម្មជនបរិស្ថានរូបនេះលើកឡើងថា ហេតុផលទី១ គឺតុលាការបានដាក់រនាំងបិទផ្លូវប្រហែល ១០០ម៉ែត្រ មុនចូលទៅដល់បរិវេណតុលាការ ដោយគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យចូលក្នុងបរិវេណតុលាការនោះទេ។
ចំណែកហេតុផលទី២ គឺថាហេតុអ្វីតុលាការមិនពន្យល់អំពីរនាំងបិទផ្លូវដែលហាមឃាត់អ្នកសារព័ត៌មាន និងអ្នកគាំទ្រសកម្មជនបរិស្ថាន មិនឱ្យចូលទៅស្តាប់សវនាការនោះ ប្រសិនបើតុលាការបានធ្វើត្រឹមត្រូវមែននោះ។
ចំណែកឯសកម្មជនចលនមាតាធម្មជាតិមួយរូបទៀត គឺលោក ថុន រដ្ឋា បានអំពាវនាវសុំកុំឱ្យតុលាការបិទរនាំងហាមឃាត់ទៀតសម្រាប់សវនាការលើកទី៣ ដែលនឹងធ្វើនៅថ្ងៃទី១១ ខែមិថុនា សប្តាហ៍ក្រោយនេះទៀត ដើម្បីឱ្យសាធារណជនចូលស្តាប់ដោយផ្ទាល់ត្រចៀករបស់ពួកគេ ព្រោះថាសកម្មជនចលនាមាតាធម្មជាតិ ក៏ចង់បកស្រាយពីការពិតនៃសកម្មភាពរបស់ខ្លួនចំពោះការចោទប្រកាន់នេះឱ្យសាធារណជនបានឮផ្ទាល់ត្រចៀកដែរ។
សវនាការលើសំណុំរឿងសកម្មជនចលនាមាតាធម្មជាតិ នៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ គឺជាសវនាការលើកទី៣ ហើយសម្រាប់ឆ្នាំ២០២៤ នេះ បន្ទាប់ពីសវនាការលើកទី១ កាលពីថ្ងៃទី២៩ ឧសភា ត្រូវពន្យារទៅថ្ងៃទី៥ មិថុនា កន្លងទៅនេះ៕
© 2024, . All rights reserved.