29 C
Phnom Penh

អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា​គណនី​ហ្វេសប៊ុក​ឈ្មោះ កុមារ ទេព មិនមែន​ជា​របស់​លោក​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ចេញ​មុខ​បដិសេធ​គណនី​ហ្វេសប៊ុក​ឈ្មោះ កុមារ ទេព ថា​មិនមែន​ជា​គណនី​ផ្ទាល់ខ្លួន​របស់​លោក​ទេ បន្ទាប់ពី​គណនី​ហ្វេសប៊ុក​មួយ​នេះ​បាន​បង្ហោះ​ការ​រស់នៅ​ក្នុង​ជីវិត​ឯកជន​របស់​លោក​អស់​រយៈពេល​ប្រមាណ ១​ឆ្នាំ​កន្លង​មក។

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ប្រើ​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា Hun Sen ប្រកាស​ក្នុង​ប្រអប់​បញ្ចេញមតិ​របស់​គណនី​ហ្វេសប៊ុក​ឈ្មោះ កុមារ ទេព កាលពី​ថ្ងៃទី​៦ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ ដោយ​សំដៅ​មក​កាន់​សារព័ត៌មាន The Cambodia Daily ដោយ​មិន​ចំ​ឈ្មោះ​ថា កន្លង​មក​មាន​មនុស្ស​មួយ​ចំនួន​មាន​ការ​ភាន់ច្រឡំ​ថា គណនី​ហ្វេសប៊ុក​ឈ្មោះ កុមារ ទេព គឺជា​របស់​លោក រួម​ទាំង​វិទ្យុ​បរទេស​និយាយ​ភាសា​ខ្មែរ​ផង។

លោក ហ៊ុន សែន បន្ថែម​ថា លោក​មាន​ទំព័រ​ហ្វេសប៊ុក ឬ​ផេក​សម្រាប់​ផ្តល់​ព័ត៌មាន​ទៅ​កាន់​សាធារណជន​គ្រប់គ្រាន់​ហើយ។ លោក ហ៊ុន សែន បញ្ជាក់​ថា គណនី​ហ្វេសប៊ុក​ឈ្មោះ កុមារ ទេព មិនមែន​ជា​កម្មសិទ្ធិ​របស់​លោក​ទេ ដូច្នេះ​អ្នក​ប្រើប្រាស់​ឈប់​តាំង​ខ្លួន​ជា​រូបលោក និង​បង្ហោះ​សកម្មភាព​របស់​លោក ព្រមទាំង​ក្រុម​គ្រួសារ​របស់​លោក​បន្ត​ទៀត។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​គណនី​ហ្វេសប៊ុក​ឈ្មោះ កុមារ ទេព បាន​បង្ហោះ​សកម្មភាព​របស់​លោក ហ៊ុន សែន ចាប់តាំងពី​គាត់​ប្រកាស​ឈប់​ប្រើ​ទំព័រ​ហ្វេសប៊ុក​កាលពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០២៣ មក ប៉ុន្តែ​លោក ហ៊ុន សែន ក៏​មិន​ដែល​បដិសេធ​ថា​គណនី​ហ្វេសប៊ុក​ឈ្មោះ កុមារ ទេព នេះ មិនមែន​ជា​កម្មសិទ្ធិ​របស់​គាត់​ដែរ។

គណនី​ហ្វេសប៊ុក​ឈ្មោះ កុមារ ទេព បង្ហោះ​រូបថត​ក្រុម​គ្រួសារ​លោក ហ៊ុន សែន
សារ​របស់​លោក ហ៊ុន សែន បញ្ជាក់​នៅ​ក្នុង​ខ្ទង់​បញ្ចេញមតិ​របស់​គណនី​ហ្វេសប៊ុក​ឈ្មោះ កុមារ ទេព

កាលពី​ចុង​ខែ​មិថុនា ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​ប្រកាស​ឈប់​ប្រើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក គឺ Samdech Hun Sen of Cambodia បន្ទាប់ពី​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​នៃ​ក្រុមហ៊ុន Meta Platforms អំពាវនាវ​ឱ្យ​មាន​ការ​ផ្អាក​ទំព័រ​ហ្វេសប៊ុក​របស់​លោក​រយៈពេល ៦​ខែ ដោយ​ចាត់ទុក​ថា​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​ទំព័រ Facebook របស់​លោក បាន​បំពាន​ច្បាប់​របស់​ក្រុមហ៊ុន Meta ប្រឆាំង​នឹង​ការ​គំរាមកំហែង​ដោយ​ហិង្សា។

ការ​ព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន ប្រើ​ពាក្យ​ហិង្សា​ជាច្រើន ដូចជា សម្លាប់​នយោបាយ​ជ្រុល​និយម​របស់​ក្រុម​ប្រឆាំង​ឲ្យ​រលំ​រលាយ​ដូច​អង្គការ​ចាត់តាំង​ខ្មែរក្រហម ជាដើម ដែល​ពាក្យពេចន៍​ទាំងនេះ​សុទ្ធតែ​ជា​ការ​ប្រមាថ​លើ​អាយុជីវិត​ជនរងគ្រោះ និង​ជា​ការ​រំលោភ​លើ​បម្រាម​របស់​ក្រុមហ៊ុន​មេត្តា​ហ្វេសប៊ុក​យ៉ាង​ធ្ងន់ធ្ងរ។

ក្រោយ​លោក ហ៊ុន សែន ប្រកាស​ឈប់​ប្រើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ក៏​លេច​ចេញ​នូវ​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា កុមារ ទេព ដែល​បាន​ជេរប្រមាថ​ទៅ​សកម្មជន​បក្ស​ប្រឆាំង​លោក ស៊ន តារា ដែល​បាន​លើកឡើង​បែប​ចំអក​ទៅ​កាន់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ទាក់ទិន​នឹង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​គាត់​ត្រូវ​បាន​ក្រុមហ៊ុន​មេត្តា​ហ្វេសប៊ុក​ប្រកាស​ព្យួរ​កាលពី​ចុង​ខែ​មិថុនា ឆ្នាំ​កន្លង​ទៅ​នោះ។

អំឡុង​ពេល​នោះ គណនី​ហ្វេសប៊ុក​ឈ្មោះ កុមារ ទេព បាន​យក​ចំណារ​របស់​លោក ស៊ន តារា មក​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន ដែល​លោក ស៊ន តារា បាន​សរសេរ​ថា អបអរ​សាទរ! ទៅ​សោយរាជ្យ​នៅ​ឋាន​តេឡេក្រាម និង​តិកតុក​ឲ្យ​ស្រឡះ​ចុះ កុំ​អើត​មុខ​មក​ហ្វេសប៊ុក​ទៀត នាំ​តែ​ក្មេង​យំ។

ក្រៅពី​នេះ​ទៀត គណនី​ហ្វេសប៊ុក កុមារ ទេព បាន​ភ្ជាប់​នឹង​ចំណារ​របស់​ខ្លួន​ទៀត​ថា កុំ​យល់​ច្រឡំ​ឱ្យ​សោះ​អា​ក្មេង​ពាល! ហ៊ុន សែន ប្រើ​ត្រឹមតែ​តេឡេក្រាម និង​តិកតុក ក៏​មាន​ការ​គាំទ្រ​ច្រើន​លើសលប់​ដែរ។

គណនី​ហ្វេសប៊ុក កុមារ ទេព បន្ត​ថា ចំពោះ​ការ​គាំទ្រ មិន​ថា​ហ្វេសប៊ុក មិន​ថា​តេឡេក្រាម ឬ​តិកតុក​ទេ គឺ​មាន​អ្នកគាំទ្រ​ច្រើន​សន្ធឹក​សន្ធាប់​រហូត ជាពិសេស​បណ្ដាញ​សង្គម​មួយ​ណា​ក៏ ហ៊ុន សែន ប្រើប្រាស់​សម្រាប់​ដោះស្រាយ​បញ្ហា​គ្រប់​បែប​យ៉ាង​របស់​ពលរដ្ឋ និង​ប្រើប្រាស់ ដើម្បី​ផ្ដល់​ព័ត៌មាន​ច្បាស់លាស់​ពិតប្រាកដ​ជូន​ពលរដ្ឋ​ឱ្យ​បាន​ដឹង​ដែរ មិនមែន​ប្រើប្រាស់​ដើម្បី​ប្រមូល​លុយ​រត់​ចោល​ស្រុក​ដូច​សន្ដាន​ពួក​ឯង​នោះ​ទេ។

ការ​លើកឡើង​ពី​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ កុមារ ទេព នេះ បាន​បង្ហាញ​ចំណុច​ខ្សោយ​យ៉ាង​ច្បាស់​ថា ម្ចាស់​គណនី​មួយ​នេះ​បាន​ហៅ​ឈ្មោះ​លោក ហ៊ុន សែន ដោយ​ត្រង់​តែម្តង ដែល​គ្មាន​ប្រើ​ពាក្យ​លោក ឬ​គោរមងារ​របស់​លោក ហ៊ុន សែន នោះ​ទេ។ ការ​ហៅ​បែប​នេះ ជា​ការ​បញ្ជាក់​ថា ទាល់​តែ​ម្ចាស់​ឈ្មោះ​ខ្លួនឯង​កំពុង​និយាយ​ទៅ​កាន់​បុគ្គល​ណា​ម្នាក់​ដោយ​ខ្លួនឯង​ផ្ទាល់។

ហេតុផល​ផ្សេង​ទៀត​នោះ គឺ​ទាំង​ក្នុង​ក្រុម​គ្រួសារ និង​មន្ត្រី​បក្ស​កាន់​អំណាច គ្មាន​នរណា​ម្នាក់​ហ៊ាន​ហៅ​លោក ហ៊ុន សែន ចំ​ឈ្មោះ​ថា ហ៊ុន សែន នោះ​ឡើយ។

ត្រង់​ចំណុច​នេះ​ហើយ​ដែល​គេ​អាច​សម្គាល់​បាន​ថា ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ កុមារ ទេព គឺជា​លោក ហ៊ុន សែន មិនមែន​អ្នក​ណា​ផ្សេង​នោះ​ទេ។

ក្រៅពី​ការ​កត់សម្គាល់​ដូច្នោះ ក៏​នៅ​មាន​ភស្តុតាង​ផ្សេង​ទៀត​ដែរ ដែល​អាច​បញ្ជាក់​ថា គណនី​ហ្វេសប៊ុក​ឈ្មោះ កុមារ ទេព នេះ លោក ហ៊ុន សែន ជា​អ្នក​ប្រើ​ដោយ​ផ្ទាល់​នោះ គឺ​ការ​ថត​វីដេអូ​ជា​លក្ខណៈ​គ្រួសារ​ក្នុង​ផ្ទះ​របស់​លោក ហ៊ុន សែន តែងតែ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​តាមរយៈ​គណនី​ហ្វេសប៊ុក​មួយ​នេះ​ជា​ញឹកញាប់ ដូចជា លោក ហ៊ុន សែន ព​ចៅ, អ្នកស្រី ប៊ុន រ៉ានី ត្រូវ​ចៅ​បញ្ចុក​នំ​ខេក, លោក ហ៊ុន សែន សម្រាក​នៅ​លើ​គ្រែ​ប្រឡែង​លេង​ជាមួយ​ចៅ​របស់​គាត់ ជាដើម ដែល​សកម្មភាព​បែប​នេះ​គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ថត​យក​មក​បង្ហោះ​ជា​សាធារណៈ​ឡើយ ខណៈ​គណនី​ហ្វេសប៊ុក ឬ​ទំព័រ​ហ្វេសប៊ុក​ដែល​លោក ហ៊ុន សែន ធ្លាប់​ប្រើ ឬ​គណនី​ហ្វេសប៊ុក​របស់​អ្នកស្រី ប៊ុន រ៉ានី ក៏​មិន​ដែល​បង្ហោះ​វីដេអូ​ទាំងនេះ​ដែរ។

ទោះជា​យ៉ាងណា​ក៏ដោយ នៅ​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០២៣ ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ហ៊ុន សែន ក៏​ត្រូវ​បាន​បើក​ឱ្យ​ដំណើរការ ឬ Activated ឡើងវិញ បន្ទាប់ពី​ទំព័រ​ហ្វេសប៊ុក​នេះ​ត្រូវ​រង​នូវ​ការ​ព្រមាន​ពី​ក្រុមហ៊ុន​មេត្តា​ហ្វេសប៊ុក​អស់​រយៈពេល​ជិត ១​ខែ ហើយ​ទំព័រ​ហ្វេសប៊ុក​មួយ​នេះ​ក៏​បាន​បន្ត​ប្រើប្រាស់​ដោយ​លោក ហ៊ុន សែន រហូត​ដល់​សព្វថ្ងៃ​នេះ។

បន្ទាប់ពី​លោក ហ៊ុន សែន ប្រកាស​បដិសេធ​គណនី​ហ្វេសប៊ុក​ឈ្មោះ កុមារ ទេព សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃទី​៧ ខែ​មិថុនា នេះ​ថា ខ្លួន​សូម​សន្យា​ថា​នឹង​មិន​ប្រើប្រាស់​រូបថត​លោក ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី ព្រមទាំង​បុត្រាបុត្រី​របស់​លោក បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​នេះ​តទៅ​ទៀត​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស