29 C
Phnom Penh

នាយករដ្ឋមន្ត្រី​កូន​ត​ត្រកូល ប្រកាស​មិន​អនុញ្ញាត​ឱ្យ​បើក​បន​កាស៊ីណូ​នៅ​ខេត្ត​កំពត ក្រៅពី​បូកគោ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ម៉ាណែត ព្រមាន​ថា លោក​មិន​អនុញ្ញាត​ឲ្យ​បើក​កាស៊ីណូ​នៅ​ក្នុង​ខេត្ត​កំពត និង​ខេត្ត​កែប ឡើយ លើកលែងតែ​នៅ​លើ​ភ្នំ​បូកគោ និង​តំបន់​ព្រំដែន ដែល​ធ្លាប់​បាន​អនុញ្ញាត និង​ដំណើរការ​រួច​មក​ហើយ ពីព្រោះ​ខេត្ត​ទាំង​ពីរ​នេះ​មាន​សក្ដានុពល​វិស័យ​ឧស្សាហកម្ម កម្មន្តសាល កសិឧស្សាហកម្ម ឡូជីស្ទីក ឬ​ទីតាំង​ឃ្លាំង​ផ្ទុក​ទំនិញ​ចែកចាយ និង​ទេសចរណ៍។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «កំពង់ផែ​ពហុ​បំណង​កំពត» នៅ​ខេត្ត​កំពត នា​ព្រឹក​ថ្ងៃទី​៦ មិថុនា លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ខេត្ត​កំពត និង​ខេត្ត​កែប មាន​សក្ដានុពល​វិស័យ​ឧស្សាហកម្ម​កម្មន្តសាល កសិឧស្សាហកម្ម ឡូជីស្ទីក និង​ទេសចរណ៍ ដូច្នេះ​មិន​ត្រូវ​ឱ្យ​មាន​វត្តមាន​កាស៊ីណូ​ឡើយ លើកលែងតែ​នៅ​លើ​ភ្នំ​បូកគោ និង​តំបន់​ព្រំដែន ដែល​ធ្លាប់​បាន​អនុញ្ញាត និង​ដំណើរការ​រួច​មក​ហើយ។

នាយករដ្ឋមន្ត្រី​បន្ត​វេន​ពី​ឪពុក​រូប​នេះ បាន​លើកឡើង​ថា កន្លង​ទៅ​មាន​ការ​ស៊ើបសួរ​អំពី​ការ​ស្នើសុំ​អាជ្ញាបណ្ណ​បើក​កាស៊ីណូ​នៅ​ខេត្ត​កំពត ដូច្នេះ​លោក​សូម​បញ្ជាក់​ថា ការ​បើក​កាស៊ីណូ​កន្លង​ទៅ​អនុញ្ញាត​តែ​នៅ​ច្រកព្រំដែន ហើយ​មាន​តែ​មួយ​ទេ​នៅ​បូកគោ ពី​នេះ​ទៅ​មុខ គឺ​ក្រៅពី​កន្លែង​នេះ គឺ​មិន​ចេញ​អាជ្ញាបណ្ណ​សម្រាប់​ធ្វើ​កាស៊ីណូ​នៅ​ក្នុង​ខេត្ត​កំពត ទៀត​ទេ។

លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា លោក​ស្វាគមន៍​រាល់​ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ សណ្ឋាគារ តំបន់​សេដ្ឋកិច្ច កសិឧស្សាហកម្ម កម្មន្តសាល នៅ​ខេត្ត​កំពត និង​ខេត្ត​កែប ដែល​ជា​ខេត្ត​ជាប់​មាត់សមុទ្រ​ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា ប៉ុន្តែ​ការ​បើក​កាស៊ីណូ គឺ​មិន​អនុញ្ញាត​នោះ​ទេ។ លោក​ថា លោក​បាន​សម្រេច​ជា​គោលការណ៍​បែប​នេះ ដោយ​បាន​ណែនាំ​ឱ្យ​គណៈកម្មាធិការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម កត់ត្រា និង​អនុវត្ត​បទបញ្ជា​របស់​លោក។

អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក រស់ ភិរុណ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កន្លង​មក​ថា សម្រាប់​ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០២៤ វិស័យ​ល្បែង​ពាណិជ្ជកម្ម កំពុង​មាន​ការ​រឹត​បន្តឹង​ក្នុង​ការ​អនុវត្ត​ច្បាប់ ដោយ​តាមរយៈ​ការ​អនុវត្ត​ច្បាប់​នេះ រដ្ឋ​តម្រូវ​ម្ចាស់​កាស៊ីណូ​ដែល​កំពុង​ដំណើរការ​ទាំងអស់​ទូទាំង​ប្រទេស មក​ដាក់​ពាក្យ​ស្នើសុំ​អាជ្ញាបណ្ណ​សាជាថ្មី ដើម្បី​ធានា​ភាព​ស្រប​ច្បាប់​ក្នុង​វិស័យ​នេះ។

លោក រស់ ភិរុណ បញ្ជាក់​ថា កាលពី​មុន​ឆ្នាំ​២០២០ កន្លង​ទៅ វិស័យ​កាស៊ីណូ​ពុំ​ទាន់​មាន​ច្បាប់​គ្រប់គ្រង​នោះ​ទេ គឺ​មាន​តែ​លិខិត​បទដ្ឋាន​ក្រោម​ច្បាប់​តែប៉ុណ្ណោះ ហើយ​រហូត​ដល់​ចុង​ឆ្នាំ​២០២០ ទើប​វិស័យ​នេះ​មាន​ច្បាប់​គ្រប់គ្រង និង​ដល់​ឆ្នាំ​២០២១ គឺ​មាន​ការ​រៀបចំ​លិខិត​បទដ្ឋាន​ក្រោម​ច្បាប់។ រហូត​មក​ទល់​ពេលនេះ មាន​ម្ចាស់​កាស៊ីណូ​ចំនួន ១៧៨ ហើយ​ដែល​បាន​មក​ដាក់​ពាក្យ​ស្នើសុំ​អាជ្ញាបណ្ណ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ដោយ​ស្រប​ច្បាប់។

យោង​តាម​អង្គភាព​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បង្ហាញ​ជា​សាធារណៈ​ថា អ្នក​សុំ​អាជ្ញាបណ្ណ​កាស៊ីណូ ត្រូវ​បង់​កម្រៃ​អាជ្ញាបណ្ណ​កាស៊ីណូ​មួយ ដែល​មាន​សុពលភាព​រយៈពេល​មួយ​ឆ្នាំ គឺ​ស្មើ​នឹង ៣​ម៉ឺន​ដុល្លារ និង​បូក​ថែម​សេវា​រដ្ឋបាល ៤៥០០​ដុល្លារ។ ការ​ផ្ទេរ​អាជ្ញាបណ្ណ​កាស៊ីណូ ត្រូវ​បង់ប្រាក់ ២​ម៉ឺន ៥​ពាន់​ដុល្លារ និង​សេវា​រដ្ឋបាល ៥​ពាន់​ដុល្លារ។ នៅ​ពេល​ដែល​នាំ​ឧបករណ៍​ល្បែង​ចូល ត្រូវ​បង់​ចូល​រដ្ឋ​នូវ​កម្រៃ​សេវាកម្ម ២​ពាន់​ដុល្លារ។

អតីត​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​លើកឡើង​ថា កន្លង​មក ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ គឺ​កំពុង​លាក់​ខ្លួន​ក្រោម​អាជីវកម្ម​ល្បែង​កាស៊ីណូ​ដែល​ភាគច្រើន​មាន​វត្តមាន​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដូចជា ខេត្ត​ព្រះសីហនុ ក្រុង​បាវិត ខេត្ត​ស្វាយរៀង និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

លោក ស៊ឹង សែនករុណា បន្ថែម​ថា ការ​ជ្រក​ក្រោម​អាជីវកម្ម​ល្បែង​កាស៊ីណូ​បាន​ក្លាយ​ជា​ចំណោទ​បញ្ហា​ជុំវិញ​ភាព​រឹងមាំ​នៃ​ប្រព័ន្ធ​ច្បាប់​កម្ពុជា ពិសេស​សមត្ថភាព​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន ក្នុង​ការ​ចុះ​ស៊ើបអង្កេត ចាត់​វិធានការ​បង្ក្រាប​ទីតាំង​ទាំងនោះ។ លោក​ថា អាជ្ញាធរ​គ្មាន​លទ្ធភាព​ទប់ស្កាត់​ឡើយ ព្រោះ​ទីតាំង​ល្បែង​កាស៊ីណូ​មួយ​ភាគ​ធំ គឺ​កាន់កាប់​ដោយ​បុគ្គល​មាន​ឥទ្ធិពល និង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល។

ប្រភព​ដដែល​បន្ថែម​ថា ឧស្សាហកម្ម​កាស៊ីណូ​នៅ​កម្ពុជា​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ធំៗ​ដែល​មាន​អ្នកជំនួញ​បរទេស និង​អ្នកជំនួញ​ស្រុក​ខ្មែរ​ផង។ កាស៊ីណូ​ខ្លះ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ចិន ម៉ាឡេស៊ី វៀតណាម និង​កាស៊ីណូ​ខ្លះ​ទៀត​កើត​ឡើង​ដោយសារ​ចូល​ហ៊ុន​គ្នា​រវាង​សេដ្ឋី​ស្រុក​ខ្មែរ និង​អ្នក​រកស៊ី​បរទេស ឬ​ជា​កម្មសិទ្ធិ​របស់​អ្នកជំនួញ​ខ្មែរ​តែម្តង។

លោក សឹង សែនករុណា បាន​បន្ថែម​ថា អ្នកជំនួញ​ខ្មែរ​ដែល​រកស៊ី​កាស៊ីណូ​នៅ​កម្ពុជា មាន​ដូចជា លោក លី យ៉ុងផាត់ មាន​កាស៊ីណូ​នៅ​កោះកុង ព្រះសីហនុ និង​ឧត្ដរមានជ័យ។ លោក គិត ម៉េង មាន​កាស៊ីណូ​នៅ​ស្វាយរៀង និង​ក្រុមហ៊ុន​អនឡាញ។ លោក កុក អាន មាន​កាស៊ីណូ​នៅ​ខេត្ត​ព្រះសីហនុ ស្វាយរៀង និង​តាម​ព្រំដែន​មួយ​ចំនួន​ទៀត។ លោក ទ្រី ភាព មាន​កាស៊ីណូ​នៅ​ខេត្ត​រតនគិរី និង​ឧត្ដរមានជ័យ។ លោក សុខ គង់ មាន​កាស៊ីណូ​សុខា​នៅ​ភ្នំ​បូកគោ និង​ខេត្ត​ព្រះសីហនុ។ល។

ប្រទេស​កម្ពុជា​មាន​ច្បាប់​មួយ​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ទសវត្ស​១៩៩០។ ច្បាប់​នេះ​មាន​វិសាលភាព​គ្រប់គ្រង​ល្បែងស៊ីសង​ទាំងឡាយ។ អ្នក​លេង​ល្បែង និង​បើក​កន្លែង​លេង​ល្បែង​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​មួយ​ចំនួន។ ប្រទេស​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​គ្រប់គ្រង​កាស៊ីណូ​នៅឡើយ​ទេ ទោះបីជា​រដ្ឋ​ផ្ដល់​អាជ្ញាបណ្ណ​ឱ្យ​កាស៊ីណូ​រាប់​រយ​កាស៊ីណូ​ទៅ​ហើយ​ក្ដី។

មាន​មតិ​ខ្លះ​សួរ​ថា ចុះ​បើ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​មាន​អាជ្ញាបណ្ណ​បើក​ល្បែងស៊ីសង​ក្នុង​រង្វង់​ចម្ងាយ ២០០​គីឡូម៉ែត្រ​ពី​ក្រុង​ភ្នំពេញ រយៈពេល ៧០​ឆ្នាំ ពី​ឆ្នាំ​១៩៩៥ រហូត​ដល់​ឆ្នាំ​២០៦៥ ហើយ​នៅ​ក្រុង​ភ្នំពេញ​រហូត​ដល់​ឆ្នាំ​២០៤៥ សុំ​ច្បាប់​វិញ តើ​លោក ហ៊ុន ម៉ាណែត អនុញ្ញាត​ឬ​ទេ បើ​ថៅកែ​ធំ តាន់ស្រ៊ី ឆិន លឹបគឹង កាល​នៅ​រស់​មាន​ទំនាក់ទំនង​ជាមួយ​ឧត្ដមសេនីយ៍ទោ ហ៊ុន ម៉ានិត?

កាលពី​ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បញ្ឈប់​ការ​ផ្ដល់​អាជ្ញាបណ្ណ​ល្បែង​អនឡាញ​គ្រប់​ប្រភេទ​នៅ​កម្ពុជា។ លុះ​ក្រោយ​មក​ទៀត នៅ​ក្នុង​ឆ្នាំ​២០២០ អំឡុង​ខែ​មេសា រាជរដ្ឋាភិបាល​ក៏​បាន​ផ្អាក​ដំណើរការ​អាជីវកម្ម​កាស៊ីណូ ក្រោយ​មាន​ការ​រាតត្បាត​កូវីដ-១៩៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស