សកម្មជនការពារបរិស្ថាន ដង្ហែញត្តិប្រគល់ជូនក្រសួងបរិស្ថាន ដើម្បីទាមទារឱ្យបញ្ឈប់ការចាក់សំរាមក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ពីសំណាក់រដ្ឋបាលខេត្តកោះកុង បន្តទៀត ខណៈមន្ត្រីក្រសួងបរិស្ថាន ក៏បានទទួលយកញត្តិនេះដែរ ប៉ុន្តែការដោះស្រាយបែបណានោះ គឺមិនទាន់មានការបញ្ជាក់ពីខាងក្រសួងនៅឡើយទេ។
យុវជនស្រឡាញ់ធនធានធម្មជាតិជាង ១០នាក់ ធ្វើយុទ្ធនាការនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នេះ ដោយចាប់ផ្តើមធ្វើដំណើរដោយថ្មើរជើងពីទីតាំងម្តុំផ្សាររាត្រី ក្បែរមាត់ទន្លេ ឆ្ពោះទៅកាន់ក្រសួងបរិស្ថាន ដើម្បីទាមទារឱ្យក្រសួងបរិស្ថាន ដកទីលានចាក់សំរាមចេញពីដែនជម្រកសត្វព្រៃពាមក្រសោប ព្រោះទីលានចាក់សំរាមនេះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ដែនជម្រកសត្វព្រៃមួយនេះ។
ប្រភពដដែលលើកឡើងថា ការយកដែនជម្រកសត្វព្រៃពាមក្រសោប ធ្វើជាទីលានចាក់សំរាម នឹងបង្កផលប៉ះពាល់ដល់ដែនជម្រកសត្វព្រៃមួយនេះយ៉ាងច្រើន ដូចជា ប៉ះពាល់ដល់ការរស់នៅរបស់ជីវិតសត្វព្រៃ ប៉ះពាល់ដល់ជីវចម្រុះ និងប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះផងដែរ ដោយសារតែភាពស្អុយរលួយនៃគំនរសំរាមទាំងនោះ បានជះក្លិនអាក្រក់ និងបំពុលបរិស្ថាននៅតំបន់នោះ។
ជាងនេះទៀត ភាពស្អុយរលួយរបស់សំរាមទាំងនេះហូរទៅតាមទឹក និងបន្តហូរចូលទៅក្នុងស្ទឹងតាតៃ ផងដែរ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះយ៉ាងធ្ងន់ធ្ងរ ខណៈរដ្ឋបាលខេត្តកោះកុង មិនបានគិតគូរពីបញ្ហានេះឡើយ។
យុវជនចលនាមាតាធម្មជាតិ បញ្ជាក់ថា ចាប់ពីពេលនេះតទៅ ចលនាមាតាធម្មជាតិនឹងយកដែនជម្រកសត្វព្រៃពាមក្រសោប ធ្វើជាប្រធានបទក្នុងការធ្វើការតស៊ូមតិដើម្បីទាមទារឱ្យក្រសួងបរិស្ថាន គិតគូរឡើងវិញពីការថែរក្សាដែនជម្រកសត្វព្រៃមួយនេះ ព្រោះក្លិនស្អុយរបស់សំរាមទាំងនេះ បានបំពុលបរិស្ថានធ្ងន់ធ្ងរដល់សហគមន៍ដែលនៅតំបន់នោះ។
កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១ អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានចេញអនុក្រឹត្យមួយស្ដីពីការកំណត់ដែនជម្រកសត្វព្រៃពាមក្រសោប ក្នុងទំហំផ្ទៃជាង ២ម៉ឺនហិកតា (២៣៧៥០ហិកតា) ស្ថិតក្នុងភូមិសាស្ត្រភូមិបាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ មុននឹងចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានចេញអនុក្រឹត្យមួយបន្ថែមទៀតដើម្បីកែសម្រួលដែនជម្រកសត្វព្រៃពាមក្រសោប ឡើងវិញ ដោយការកំណត់ពីទំហំដីជាង ២ម៉ឺនហិកតា (២៣៧៥០ហិកតា) មកផ្ទៃដីទំហំជាង ១ម៉ឺនហិកតាវិញ (១៦៩៨២ហិកតា) ដែលមាន ៤តំបន់ គឺតំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍។
ខ្លឹមសារអនុក្រឹត្យនេះ បញ្ជាក់ថា ការកំណត់នេះមានគោលបំណងធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី រួមទាំងរក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ ព្រមទាំងហានិភ័យគ្រោះមហន្តរាយធម្មជាតិ ជាពិសេសផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាពផងដែរ។
រដ្ឋាភិបាលកម្ពុជា បានបង្ហាញរបាយការណ៍របស់ខ្លួនកាលពីពេលកន្លងទៅថា សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប គឺជាតំបន់ទេសចរណ៍ដ៏សំខាន់ និងទាក់ទាញបំផុតរបស់ខេត្តកោះកុង ដែលអាចទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិបានរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ ដោយសារតំបន់នេះមានសក្ដានុពលទេសចរណ៍សំខាន់ ដូចជា មានប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះគ្រប់ប្រភេទ។
ជាងនេះទៀត ក៏ជាជម្រកសត្វក្នុងទឹក និងសត្វស្លាប មានកន្លែងចិញ្ចឹមត្រី និងខ្យងច្រើនប្រភេទផងដែរ ដែលមាននៅក្នុងព្រៃកោងកាង មានអណ្ដូងបុរាណដែលមានទឹកសាបអាចឱ្យប្រជាជនប្រើប្រាស់បានគ្រប់រដូវ និងមានសត្វផ្សោតសមុទ្រ ដែលតែងតែធ្វើការផ្លាស់ទីពីដែនទឹកនៅមុខឆ្នេរពាមក្រសោប ទៅកាន់ដែនទឹកខេត្តត្រាត ប្រទេសថៃឡង់ដ៍។
នៅតំបន់នោះ ក៏មានសេវាជិះទូកលេងកម្សាន្តតាមដងព្រែក ដែលអាចគយគន់ទេសភាពព្រៃកោងកាង សត្វស្លាប សត្វស្វា សត្វអំពិលអំពែក នាពេលរាត្រី និងភូមិនេសាទរបស់ប្រជាជននៅតំបន់នោះជាដើម ដែលចូលរួមលើកស្ទួយជីវភាពប្រជាជនយ៉ាងច្រើន។
តំបន់សហគមន៍ពាមក្រសោប សម្បូរព្រៃកោងកាងច្រើនជាងគេ បើប្រៀបធៀបនឹងខេត្តទាំង៤ ដែលនៅជាប់មាត់សមុទ្រ ខណៈខេត្តកោះកុង មានព្រៃកោងកាងសរុបជិត ៥ម៉ឺនហិកតា (៤៦០០០ហិកតា) ហើយតំបន់ដែនជម្រកសត្វព្រៃពាមក្រសោប បានហ៊ុមព័ទ្ធទៅដោយព្រៃកោងកាងទាំងស្រុងដែលជាប្រភពចំណូលមួយរបស់សហគមន៍ផ្នែកអេកូទេសចរណ៍ធម្មជាតិ៕
© 2024, . All rights reserved.