25.9 C
Phnom Penh

អាជ្ញាធរ​ក្រុង​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​កម្លាំង​ជាតិ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឱ្យ​គណបក្ស​កម្លាំង​ជាតិ ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង និង​អ្នកទោស​មនសិការ​ផ្សេង​ទៀត។

ក្នុង​កំណត់ហេតុ​ស្ដីពី​ការ​ជូនដំណឹង​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១០ ខែ​មិថុនា ឱ្យ​ដឹង​ថា ការ​មិន​អនុញ្ញាត​គណបក្ស​កម្លាំង​ជាតិ ធ្វើ​បាតុកម្ម​នៅ​ថ្ងៃទី​១៦ ខែ​មិថុនា ដោយ​អាជ្ញាធរ​រក្សា​នូវ​ស្មារតី​អង្គប្រជុំ​កាលពី​ថ្ងៃទី​០៨ ខែ​មេសា ដែល​គណបក្ស​នេះ​ស្នើសុំ​សម្ដែង​មតិ​នៅ​ទីស្នាក់ការ​របស់​ខ្លួន​ម្តង​រួច​មក​ហើយ កាលពី​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២៤។

លើស​ពី​នេះ​ទៀត ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ទី បាន​ទទួលស្គាល់​កំហុស និង​ធ្វើ​លិខិត​សុំទោស​ផ្ញើ​ទៅ​កាន់​រដ្ឋាភិបាល​រួច​ហើយ ដូច្នេះ​វា​ហាក់ដូចជា​ផ្ទុយ​ពី​ជំហរ​របស់​គណបក្ស​ដែល​នៅតែ​បន្ត​ស្នើសុំ​ធ្វើ​បាតុកម្ម​ដើម្បី​ដោះលែង ខណៈ​ករណី​នេះ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ​នៅឡើយ។ តែ​យ៉ាងណា ប្រសិនបើ​គណបក្ស​កម្លាំង​ជាតិ​មិន​សុខចិត្ត​នោះ​ទេ ពួកគេ​មាន​សិទ្ធិ​តវ៉ា​ទៅ​ក្រសួង​មហាផ្ទៃ អំពី​ការ​សម្រេច​ចិត្ត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ។

ការ​ប្រកាស​ប្រមូលផ្ដុំ​សមាជិក និង​អ្នកគាំទ្រ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃទី​១៦ ខែ​មិថុនា ខាងមុខ​នេះ ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី និង​សមាជិក​បក្ស​ខេត្ត ២​នាក់​ទៀត​ដែល​កំពុង​ជាប់​ពន្ធនាគារ។

ថ្នាក់​ដឹកនាំ និង​មន្ត្រី​ទាំង​ពីរ​នាក់​នេះ ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន និង​ចោទប្រកាន់​ពី​បទ «ញុះញង់ និង​រួម​គំនិត​ក្បត់» ជាដើម។

កាលពី​ថ្ងៃទី​២២ ខែ​មេសា ថ្នាក់​ដឹកនាំ និង​សមាជិក​គណបក្ស​កម្លាំង​ជាតិ បាន​យក​ទីស្នាក់ការ​គណបក្ស​ស្ថិត​នៅ​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ ដើម្បី​សម្ដែង​មតិ បន្ទាប់ពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​ពួកគេ​ប្រមូលផ្ដុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ។

ការ​មិន​អនុញ្ញាត​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ បាន​អនុវត្ត​ផ្ទុយពី​រដ្ឋធម្មនុញ្ញ​កម្ពុជា។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​របស់​ប្រទេស​ជាតិ ខណៈ​សេចក្តី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ដោះស្រាយ និង​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ។

រីឯ​បណ្ដា​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក រិះគន់​មក​លើ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ថា​បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ហើយ​សិទ្ធិ​សេរីភាព​នេះ​កាន់តែ​ធ្លាក់​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ពួកគេ​ថា រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដល់​លោក ហ៊ុន ម៉ាណែត នៅ​បន្ត​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​សិទ្ធិមនុស្ស បរិស្ថាន សហជីព និង​អ្នក​នយោបាយ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស