បុគ្គលិកមន្ត្រីរាជការ និងគ្រូបង្រៀនជាច្រើននាក់ ស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ចាត់វិធានការច្បាប់ដកលោក ឈឹម ធឿន ពីតំណែងនាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តបាត់ដំបង បន្ទាប់ពីរកឃើញថាបានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរចាប់តាំងពីឆ្នាំ២០១៨។
បុគ្គលិកជាច្រើននៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ក្នុងខេត្តបាត់ដំបង បានផ្ញើលិខិតមួយមកកាន់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី១១ មិថុនា នេះថា លោក ឈឹម ធឿន មិនស័ក្តិសមធ្វើជាថ្នាក់ដឹកនាំវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង បន្តទៀតទេ ព្រោះគាត់បានប្រព្រឹត្តអំពើពុករលួយក្នុងតំណែងរបស់ខ្លួនដែលមិនអាចឱ្យបន្តតំណែងនេះបាន។
ប្រភពដដែលរៀបរាប់ថា នាយកវិទ្យាស្ថានរូបនេះតែងតែដំឡើងតំណែងមន្ត្រីមួយចំនួនក្នុងវិទ្យាស្ថាននេះតាមអំពើចិត្ត និងតម្រូវឱ្យមន្ត្រីដែលត្រូវដំឡើងតំណែងទាំងនោះ បង់ប្រាក់ជាសំណូកក្នុងម្នាក់ៗយ៉ាងតិច ៣០០ដុល្លារអាមេរិកសម្រាប់តំណែងថ្មី ហើយការផ្លាស់ប្ដូរមុខតំណែងនេះតែងតែធ្វើឡើងជាញឹកញាប់។
ជាងនេះទៅទៀត លោក ឈឹម ធឿន ក៏បានលួចបង្កើតទិន្នន័យសិស្សខ្មោចបញ្ជូនឱ្យក្រសួងការងារ ផងដែរ ដូចជា សិស្សកម្រិតបរិញ្ញាបត្រ សិស្សបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសិស្សបណ្តុះបណ្តាលវិជ្ជាជីវៈកម្រិត១, កម្រិត២ និងកម្រិត៣ ឬហៅថា C1, C2, C3 ជាដើម។
ការបំប៉ោងទិន្នន័យសិស្សនេះ គឺមានចំនួនចាប់ពី ៦០នាក់ទៅ ៩០នាក់ក្នុងមួយមុខជំនាញ ប៉ុន្តែជាក់ស្តែង សិស្សសរុបក្នុងមួយជំនាញមានសិស្សត្រឹមតែចាប់ពី ១៥ ទៅ ២០នាក់ប៉ុណ្ណោះ។ លើសពីនេះ លោក ឈឹម ធឿន ក៏តែងតែបង្កើតវគ្គបណ្តុះបណ្តាលផ្សេងៗក្នុងបំណងប្រមូលលុយដែលបានស្នើសុំទិញសម្ភារៈសម្រាប់ដំណើរការវគ្គពីក្រសួងផងដែរ។
ប្រភពមន្ត្រីទាំងនេះអះអាងថា រាល់ពេលកម្មវិធីប្រឡងបញ្ចប់ឆ្នាំសិក្សាម្តងៗ លោក ឈឹម ធឿន តែងតែដាក់ឈ្មោះបុគ្គលិកខ្មោចជាគណៈកម្មការ និងអនុរក្ស ដើម្បីក្លែងបន្លំយកថវិការដ្ឋពីក្រសួងរហូតមក ខណៈចំនួនគណៈកម្មការ និងអនុរក្សជាក់ស្តែង គឺមិនគ្រប់ចំនួនដូចក្នុងរបាយការណ៍ដែលខាងវិទ្យាស្ថានបានដាក់ជូនក្រសួងនោះទេ។
បុគ្គលិកមន្ត្រីរាជការ និងជាគ្រូបង្រៀនទាំងនេះ ត្អូញត្អែរថា ក្រៅពីការប្រព្រឹត្តអំពើពុករលួយ នាយកវិទ្យាស្ថានរូបនេះបានប្រមូលយកទ្រព្យសម្បត្តិរបស់វិទ្យាស្ថានទៅប្រើប្រាស់ជាកម្មសិទ្ធិផ្ទាល់ខ្លួនគ្រប់យ៉ាង ដូចជា ការប្រមូលយកឈើអគារវិទ្យាស្ថានចាស់ដែលត្រូវបានរុះរើ ការយករថយន្តសម្រាប់បម្រើការក្នុងវិទ្យាស្ថានទៅប្រើប្រាស់ផ្ទាល់ខ្លួន ដូចជា យកទៅចម្ការ យកទៅដឹកចំបើង និងដឹកស្មៅដែលជាចំណីសត្វគោរបស់គាត់ ជាដើម។
ចំណែកសិស្សដែលស្នាក់នៅក្នុងវិទ្យាស្ថាន ត្រូវបានលោក ឈឹម ធឿន ប្រើធ្វើការងារផ្សេងៗ ដូចជា ប្រើឱ្យកាត់ស្មៅក្នុងចម្ការរបស់គាត់ ឬដឹកជញ្ជូនចំបើង ជាដើម ហើយបើមានសិស្សនិស្សិតណាមិនធ្វើតាម គាត់តែងតែគំរាមបញ្ឈប់មិនឱ្យស្នាក់នៅក្នុងវិទ្យាស្ថានបន្តទៀត។
ជាងនេះទៀត ប្រាក់បង្រៀនម៉ោងបន្ថែម ឬប្រាក់ម៉ោងលើសរបស់បុគ្គលិកក្នុងវិទ្យាស្ថាន ក៏ត្រូវលោក ឈឹម ធឿន កាត់យក ២៥% ជាប្រចាំដែរ ដើម្បីដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួនរបស់គាត់។
កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៨ លោក ឈឹម ធឿន ត្រូវបានប្រកាសតែងតាំងឱ្យកាន់មុខតំណែងជានាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ជំនួសលោក ឆាយ សុភា ដែលជានាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបងចាស់។
កាលពីដើមខែធ្នូ ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត លើកឡើងថា អស់រយៈពេល ៣០ឆ្នាំមកនេះ រដ្ឋាភិបាលកម្ពុជាដែលស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោក ហ៊ុន សែន មានស្នាដៃជាប្រវត្តិសាស្ត្រក្នុងការទប់ស្កាត់អំពើពុករលួយយ៉ាងធំធេង។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា រដ្ឋាភិបាលអាណត្តិថ្មីរបស់លោក នឹងបន្តវីរភាពគំរូរបស់លោក ហ៊ុន សែន ជំរុញការកែទម្រង់ ការពង្រឹងអភិបាលកិច្ច ដោយផ្ដោតលើការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ដើម្បីបង្ក្រាបបទល្មើសអំពើពុករលួយ និងលើកកម្ពស់ភាពស្អាតស្អំនៅតាមស្ថាប័នសាធារណៈគ្រប់ផ្នែកទាំងអស់។
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី បានលើកឡើងកាលពីពេលថ្មីៗនេះថា ប្រទេសណាក៏មានអំពើពុករលួយដែរ តែនៅប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បង្កើតឲ្យមានអំពើពុករលួយក្នុងស្ថាប័នជាតិច្រើនជាងគេបំផុតតាំងពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន ដែលជាសញ្ញាព្រមានថា ទ្រព្យសម្បត្តិជាតិរបស់ខ្មែរនឹងត្រូវរលាយវិនាសហិនហោចគ្មានសល់នៅថ្ងៃមុខ។
មាត្រា១ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ចែងថា ច្បាប់នេះមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋនៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋ ព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិ និងកាត់បន្ថយភាពក្រីក្រ ជាដើម។
យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ កម្ពុជាត្រូវគេរកឃើញថាជាប្រទេសដែលមានកម្រិតពុករលួយអាក្រក់ជាងគេបំផុតក្នុងចំណោមប្រទេសទាំង ១០ នៃសមាគមអាស៊ាន៕
© 2024, . All rights reserved.