អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ អះអាងថា ការដ្ឋានសាងសង់របស់ក្រុមហ៊ុនចិន យូណាន ជីងចេន ដែលបានចាក់ថ្មចូលក្នុងសមុទ្រនៅតាមបណ្តោយឆ្នេរអូរត្រេះ ដែលស្ថិតក្នុងភូមិ៦ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានរើចេញ និងរៀបចំឱ្យមានសណ្ដាប់ធ្នាប់ឡើងវិញហើយ។
លោក ឡុង ឌីម៉ង់ បានប្រាប់អ្នកសារព័ត៌មានថា អាជ្ញាធរខេត្តបានចាត់មន្ត្រីជំនាញ ឱ្យចុះទៅណែនាំ និងធ្វើកិច្ចសន្យាជាមួយភាគីក្រុមហ៊ុនហើយ។ មន្ត្រីជំនាញបានណែនាំឱ្យភាគីក្រុមហ៊ុននោះ រុះរើការដ្ឋានសាងសង់ និងកាយថ្មដែលបានចាក់ចូលឆ្នេរឱ្យទៅសភាពដើមវិញហើយ។
ប្រភពដដែលបានអះអាងថា មានក្រុមហ៊ុនចិន យូណាន ជីងចេន ដែលមានទីតាំងនៅទល់មុខឆ្នេរអូរត្រេះ ធ្លាប់បានដាក់សំណើជាច្រើនដង ដើម្បីបង្កើតសួនបាញ់ទឹក ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ការធ្វើសួននេះ គឺរង់ចាំសុំគោលការណ៍ពីរាជរដ្ឋាភិបាលជាមុនសិន អាជ្ញាធរខេត្តអត់មានសិទ្ធិសម្រេចទេក្នុងករណីនេះ។
នៅថ្ងៃទី១០ ខែមិថុនា រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្ដោះអាសន្ននូវការដ្ឋានសាងសង់របស់ក្រុមហ៊ុនចិន យូណាន ជីងចេន ដែលបានចាក់ថ្មចូលក្នុងសមុទ្រនៅតាមបណ្តោយឆ្នេរអូរត្រេះ។ ការផ្អាកជាបណ្ដោះអាសន្ននេះ ធ្វើឡើងក្រោយអភិបាលរងខេត្តព្រះសីហនុ លោក អ៊ី សុខឡេង ចុះពិនិត្យទីតាំងសាងសង់ខាងលើ និងបន្ទាប់ពីមានប្រតិកម្មយ៉ាងព្រោងព្រាតពីសាធារណជន ពិសេសភ្ញៀវទេសចរ។
លោក ឡុង ឌីម៉ង បញ្ជាក់ថា ក្រុមហ៊ុន យូណាន ជីងចេន ខូអិលធីឌី ពុំមានលិខិតអនុញ្ញាតឱ្យបើកការដ្ឋានសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រនៅតាមបណ្តោយឆ្នេរសមុទ្រអូរត្រេះឡើយ។ ក្រុមហ៊ុននេះទើបទទួលបានការគាំទ្រជាគម្រោងអភិវឌ្ឍន៍ល្អពីរដ្ឋបាលខេត្ត មិនមែនជាការអនុញ្ញាតឱ្យសាងសង់នៅឡើយទេ។
ប្រភពដដែលបន្តថា រដ្ឋបាលខេត្តបានសម្រេចផ្អាកជាបណ្ដោះអាសន្នមិនឱ្យក្រុមហ៊ុនបន្តការសាងសង់ និងតម្រូវឱ្យក្រុមហ៊ុនទៅស្នើសុំគោលការណ៍ពីរដ្ឋាភិបាលក្នុងការអភិវឌ្ឍលើដីឆ្នេរ។ លោកថា គម្រោងអភិវឌ្ឍន៍នេះជាផលិតផលទេសចរណ៍មួយដែលអាចជួយទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តក្នុងខេត្តព្រះសីហនុ បានច្រើនជាងមុន។
កាលពីថ្ងៃទី០៨ ខែឧសភា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតឯកភាពលើសំណើសុំអនុញ្ញាតការសាងសង់អាងតន្ត្រីបាញ់ទឹកទំហំជាង ៨៦១២ម៉ែត្រក្រឡា និងរបាំងការពាររលកសមុទ្រប្រវែងជាង ៤២០ម៉ែត្រពីក្រុមហ៊ុន យូណាន ជីងចេន។ តែលិខិតនេះពុំមែនជាលិខិតផ្តល់សិទ្ធិឱ្យក្រុមហ៊ុនសាងសង់ទេ ពោលជាលិខិតដែលក្រសួងរៀបចំដែនដី តម្រូវឱ្យតំណាងក្រុមហ៊ុន យូណាន ត្រូវស្នើសុំកិច្ចសហការពីមន្ទីររៀបចំដែនដីខេត្តជាបន្តទៀត៕
© 2024, . All rights reserved.