លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត។

នយោបាយ

រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​ឪពុក​និង​កូន ប្រណាំង​គ្នា​រៀបចំ​ប្រទេស​តាម​គំនិត​រៀង​ខ្លួន

By ឌឹ ខេមបូឌា ដេលី

June 14, 2024

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាស​កែសម្រួល​រចនាសម្ព័ន្ធ​របស់​ក្រសួង-ស្ថាប័ន​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ​ក្នុង​រាជរដ្ឋាភិបាល ឱ្យ​ក្លាយ​ជា​រដ្ឋបាល​សាធារណៈ​ទំនើប​ប្រកប​ដោយ​សមត្ថភាព​ខ្ពស់ ខ្លាំង វៃឆ្លាត និង​ស្អាតស្អំ។ នេះ​បើ​យោង​តាម​សារាចរ​មួយ​កាលពី​ថ្ងៃទី​១១ ខែ​មិថុនា ឆ្នាំ​២០២៤ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១២ មិថុនា នេះ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ក្រសួង-ស្ថាប័ន​ទាំងអស់​ត្រូវ​ពិនិត្យ និង​រៀបចំ​រចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់​ឱ្យ​បាន​រៀបរយ ក្នុង​ការ​កែលម្អ​ការ​អនុវត្ត​មុខងារ​ដែល​ជា​សមត្ថកិច្ច​របស់​ខ្លួន ព្រមទាំង​កំណត់​ការ​ទទួល​ខុសត្រូវ​ឱ្យ​បាន​ច្បាស់លាស់​ផង​ដែរ។ ជាង​នេះ​ទៀត ក្រសួង-ស្ថាប័ន​ទាំងអស់ មិន​ត្រូវ​បង្កើន​ចំនួន​អង្គភាព ឬ​បន្ថែម​ទម្រង់​បែបបទ និង​នីតិវិធី​ដែល​មាន​ស្រាប់​នៅ​តាម​អង្គភាព​របស់​ខ្លួន​ឡើយ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ដោយឡែក​ការ​បង្កើត និង​ការ​កែសម្រួល​ក្រុមប្រឹក្សា អាជ្ញាធរ គណៈកម្មាធិការ គណៈកម្មការ ឬ​អង្គភាព​ថ្មី ដើម្បី​បំពេញ​បេសកកម្ម និង​មុខងារ​ដែល​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួង-ស្ថាប័ន ក្រសួង-ស្ថាប័ន​នោះ​ត្រូវ​ប្រើប្រាស់​រចនាសម្ព័ន្ធ​គ្រប់គ្រង​ដែល​មាន​ស្រាប់​របស់​ក្រសួង-ស្ថាប័ន​ធ្វើ​ជា​លេខាធិការដ្ឋាន ដោយ​មិន​ត្រូវ​បង្កើត​ឱ្យ​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង និង​មុខតំណែង​អចិន្ត្រៃយ៍​ថ្មី​ជាដាច់ខាត។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ មិថុនា នេះ​ថា ដើម្បី​រៀបចំ​ឱ្យ​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួង-ស្ថាប័ន​មាន​ប្រសិទ្ធភាព រដ្ឋាភិបាល​ត្រូវ​ពង្រឹង​វិធានការ​នានា​ចំពោះ​ក្រសួង-ស្ថាប័ន​សាមី​ឱ្យ​បាន​ហ្មត់ចត់​ជាទីបំផុត ដើម្បី​ឱ្យ​ក្រសួង-ស្ថាប័ន​នីមួយៗ​មាន​ការ​ទទួល​ខុសត្រូវ​លើ​តួនាទី​របស់​ខ្លួន។

លោក សេក សុជាតិ លើកឡើង​ថា រដ្ឋាភិបាល​ក៏​ត្រូវ​បណ្តុះបណ្តាល​មន្ត្រី​របស់​ខ្លួន​ឱ្យ​មាន​ការ​យល់ដឹង​ខ្ពស់​ពី​ភារកិច្ច​របស់​ខ្លួន​ដែរ ក្នុង​ការ​ដឹកនាំ​ការងារ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ពួកគេ។ ជាង​នេះ​ទៀត ក៏​មិន​ត្រូវ​ឱ្យ​មាន​ការ​អនុវត្ត​ការងារ​ដោយ​រំលង​តួនាទី​ដាច់ខាត ដូចជា ការ​លូក​ដៃ​ពី​មន្ត្រី​ដែល​មាន​អំណាច​ចូល​ក្នុង​ដែន​សមត្ថកិច្ច​របស់​ពួកគេ ព្រោះ​ការ​ធ្វើ​ដូច្នេះ ជា​មូលហេតុ​ធ្វើ​ឱ្យ​ខូច​សណ្ដាប់ធ្នាប់ និង​ធ្វើ​ឱ្យ​បាត់បង់​ប្រសិទ្ធភាព​ការងារ​របស់​ក្រសួង-ស្ថាប័ន​ទាំងនោះ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ចុងក្រោយ ការ​អនុវត្ត​វិធានការ​ច្បាប់ គឺជា​រឿង​សំខាន់​បំផុត​ដែល​រដ្ឋាភិបាល​ត្រូវតែ​ប្រកាន់​យក ដើម្បី​ធានា​ភាព​យុត្តិធម៌​សម្រាប់​មន្ត្រី​របស់​ខ្លួន​ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​តាម​ក្រសួង-ស្ថាប័ន​ទាំងនោះ។

លោក សេក សុជាតិ គូស​បញ្ជាក់​ថា ទោះ​ការ​កែសម្រួល​រចនាសម្ព័ន្ធ​តាម​ក្រសួង-ស្ថាប័ន​ដោយ​ការ​ដាក់​មនុស្ស​មាន​សមត្ថភាព​ទៅ​តាម​តួនាទី​បាន​ត្រឹមត្រូវ​ក៏ដោយ ប៉ុន្តែ​បើ​ការ​អនុវត្ត​ច្បាប់​មិន​រឹងមាំ ដោយ​ការ​ប្រកាន់​បក្ខពួក ជាដើម នោះ​អ្វី​ដែល​នាយករដ្ឋមន្ត្រី​ចង់ គឺ​ត្រូវ​រលាយ​ទាំងអស់ ព្រោះ​មន្ត្រី​ដែល​មាន​សមត្ថភាព​ដែល​ចង់​បំពេញ​ការងារ​ពិតប្រាកដ នឹង​មិន​អាច​អនុវត្ត​ការងារ​របស់​ពួកគេ​បាន​ជា​ដាច់ខាត។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នកវិភាគ​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​បង្រួម​ក្រសួង-ស្ថាប័ន​ជាតិ​ឲ្យ​តិច​ជាង​ពេល​បច្ចុប្បន្ន និង​ជម្រុះ​មន្ត្រី​រាជការ​ដែល​គ្មាន​សមត្ថភាព​ចោល​ទាំងអស់ ជាពិសេស​មន្ត្រី​រាជការ​ដែល​ឡើង​តាម​សែស្រឡាយ​បក្ខពួក ដើម្បី​ធានា​នូវ​ការ​ប្រើប្រាស់​ថវិកា​ជាតិ​ឲ្យ​ចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព​ការងារ​ខ្ពស់។

ប្រភព​ដដែល​លើកឡើង​ថា ប្រព័ន្ធ​ដឹកនាំ​រដ្ឋាភិបាល​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ការងារ​តិច ប៉ុន្តែ​បង្កើត​ក្រសួង-ស្ថាប័ន​ច្រើន ដែល​នាំ​ឱ្យ​មាន​មន្ត្រី​ច្រើន ជា​ហេតុ​នាំ​ឱ្យ​មាន​ការ​ចំណាយ​លុយ​ជាតិ​ក៏​កាន់តែ​ច្រើន​ដែរ ខណៈ​លទ្ធផល​ការងារ​ទទួល​បាន​តិចតួច ដោយសារតែ​ការ​អនុវត្ត​ច្បាប់​ធូររលុង។

អតីត​ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ធ្លាប់​បាន​លើកឡើង​ថា ប្រព័ន្ធ​នៃ​ការ​អនុវត្ត​ការងារ​របស់​ក្រសួង-ស្ថាប័ន​ជាតិ​នីមួយៗ​សព្វថ្ងៃ​នេះ គឺ​ស្ថិត​ក្រោម​បញ្ជា​របស់​លោក ហ៊ុន សែន ទាំងអស់ ដូច្នេះ​រដ្ឋមន្ត្រី​ដែល​មាន​ជំនាញ​តាម​ក្រសួង-ស្ថាប័ន​នានា មិន​អាច​អនុវត្ត​ផែនការ​របស់​ជាតិ​បាន​ទេ។

លោក ប៉ា ងួនទៀង លើកឡើង​ថា បច្ចុប្បន្ន​នេះ លោក ហ៊ុន សែន បាន​រៀបចំ​ខ្សែ​បណ្ដាញ​បក្ខពួក និង​ការ​ចង​សម្ពន្ធភាព​កាន់តែ​ជិតស្និទ្ធ​រវាង​មន្ត្រី​ធំៗ​ជាមួយ​នឹង​គ្រួសារ​របស់​គាត់ ឱ្យ​ក្តោប​ក្តាប់​ក្រសួង-ស្ថាប័ន​ជាតិ​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ ដូច្នេះ​ប្រព័ន្ធ​នៃ​ការ​គ្រប់គ្រង​នេះ​នឹង​មិន​អាច​មាន​ការ​រីកចម្រើន​ដល់​ជាតិ​នោះ​ទេ៕

© 2024, . All rights reserved.