រូបភាព​ឯកសារ៖ ពលករ​ចំណាកស្រុក​ត្រឡប់​មក​ដល់​ច្រក​ព្រំដែន​អន្តរជាតិ​កម្ពុជា-ថៃ​នៅ​ក្រុង​ប៉ោយប៉ែត ប្រទេស​កម្ពុជា។

ព័ត៌មានជាតិ

អាជ្ញាធរ​ថៃ បណ្តេញ​ពលករ​ខ្មែរ​ធ្វើការ​ខុស​ច្បាប់​ជាង ៦០០​នាក់​មក​កម្ពុជា​វិញ​តាម​ច្រក​ប៉ោយប៉ែត

By ឌឹ ខេមបូឌា ដេលី

June 14, 2024

ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខែ​ឧសភា អាជ្ញាធរ​ថៃ បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​ដោយសារ​ចាញ់បោក​មេខ្យល់ មក​ប្រទេស​កម្ពុជា​វិញ​ជាង ៦០០​នាក់។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត នៅ​ថ្ងៃទី​១២ ខែ​ឧសភា បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ខែ​ឧសភា ឆ្នាំ​២០២៤ នេះ អាជ្ញាធរ​ថៃ បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ដែល​លួច​ឆ្លងដែន​ខុស​ច្បាប់​ដោយសារ​ចាញ់បោក​មេខ្យល់ ចំនួន ៦៣២​នាក់ ក្នុង​នោះ​មាន​ស្ត្រី ២១៧​នាក់ និង​កុមារ ៨០​នាក់ មក​ប្រទេស​កម្ពុជា​វិញ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា ពលករ​ខុស​ច្បាប់​ទាំង​ជាង ៦០០​នាក់​នោះ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​មជ្ឈមណ្ឌល​សំចត​ក្រុង​ប៉ោយប៉ែត​ដើម្បី​អប់រំ​ពួកគេ មុន​នឹង​បញ្ជូន​ឱ្យ​ត្រឡប់​ទៅ​លំនៅឋាន​រៀងៗ​ខ្លួន​វិញ។

ប្រភព​ដដែល​បាន​អះអាង​ថា អាជ្ញាធរ​ថៃ ក៏​បាន​បញ្ជូន​សព​ពលករ​ខ្មែរ​ដែល​បាន​ស្លាប់​នៅ​ប្រទេស​ថៃ​ចំនួន ១៣​នាក់ មក​កម្ពុជា​វិញ​ផង​ដែរ ក្នុង​នោះ ៦​នាក់​ស្លាប់​ដោយសារ​ជំងឺ និង ៧​នាក់​ទៀត​ស្លាប់​ដោយសារ​ចង​ក ខ្យល់គរ និង​ឃាតកម្ម​បាញ់​សម្លាប់។

សេចក្តី​ប្រកាស​ព័ត៌មាន​ខាងលើ​បាន​អះអាង​ថា សមត្ថកិច្ច​ជំនាញ​គ្រប់​ផ្នែក​ដែល​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ​នៅ​ច្រក​ទ្វារ បាន​សហការ​សម្របសម្រួល និង​ដោះស្រាយ​រាល់​បញ្ហា​ឆ្លងដែន​ជាមួយ​អាជ្ញាធរ​ថៃ និង​ស្ថាន​អគ្គកុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​អ្នក​នាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ឲ្យ​ដឹង​ថា ការ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ពី​សំណាក់​អាជ្ញាធរ​ថៃ មក​កម្ពុជា​វិញ​នោះ គឺ​បង្ហាញ​អំពី​ការពិត​ដែល​ពលករ​ខ្មែរ​កំពុង​ប្រឈម គឺ​ពួកគេ​ខ្វះ​ព័ត៌មាន​ស្ដីពី​ចំណាកស្រុក និង​ដំណើរការ​នីតិវិធី​ច្បាប់​ស្មុគស្មាញ​ដែល​ត្រូវ​ចំណាយ​ពេលវេលា និង​លុយកាក់​ច្រើន។

លោក ស៊ឹង សែនករុណា បន្ថែម​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា​គួរ​តែ​បង្កើត​ឱកាស​ការងារ​ក្នុង​ស្រុក​ដល់​ពលរដ្ឋ​កម្ពុជា​ឱ្យ​បាន​ច្រើន ជាជាង​ដែល​មើល​ឃើញ​ពី​ពលរដ្ឋ​ខ្លួនឯង​ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​ពី​ស្រុក​កំណើត​របស់​ខ្លួន ដើម្បី​ទៅ​ធ្វើការ​រក​ចំណូល​នៅ​ក្រៅ​ប្រទេស។

របាយការណ៍​របស់​ក្រសួង​ការងារ កន្លង​មក​បាន​ឲ្យ​ដឹង​ថា ប្រាក់ឈ្នួល​ជា​មធ្យម​ខ្ពស់​ក្នុង ១​ខែ ដែល​ពលករ​ទទួល​បាន គឺ​នៅ​ប្រទេស​កូរ៉េ ប្រមាណ ១៥០០​ដុល្លារ​អាមេរិក, ជប៉ុន ប្រមាណ ១៤០០​ដុល្លារ​អាមេរិក, ប្រទេស​ថៃ ប្រមាណ ៤០០​ដុល្លារ​អាមេរិក និង​ប្រទេស​ម៉ាឡេស៊ី ប្រមាណ ៣០០​ដុល្លារ​អាមេរិក។ បើ​គិត​ពី​ចំណូល​របស់​ពលករ​បាន​ផ្ញើ​មក​គ្រួសារ​ពី​គ្រប់​ប្រទេស មាន​ប្រមាណ​ជាង ២,៧​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង ១​ឆ្នាំ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ការងារ បាន​អះអាង​ថា គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ​២០២៣ ពលករ​កម្ពុជា​ប្រមាណ​ជាង ១​លាន ៣​សែន​នាក់ កំពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស ក្នុង​នោះ​ប្រទេស​ថៃ ចំនួន ១​លាន ២​សែន​នាក់, កូរ៉េ ចំនួន ៤​ម៉ឺន ៩​ពាន់​នាក់, ម៉ាឡេស៊ី ចំនួន ២​ម៉ឺន ២​ពាន់​នាក់ និង​ជប៉ុន ចំនួន ១​ម៉ឺន ៩​ពាន់​នាក់។ ពលករ​កម្ពុជា​ទាំងអស់​នេះ ទទួល​បាន​អត្ថប្រយោជន៍​ផ្សេងៗ​តាម​ច្បាប់​នៃ​ប្រទេស​នីមួយៗ រួម​ទាំង​ប្រាក់ឈ្នួល និង​របប​សន្តិសុខ​សង្គម។

យោង​តាម​តួលេខ​របស់​មជ្ឈមណ្ឌល​សង់ត្រាល់ ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​មាន​ចំនួន​ប្រហែល ២​លាន ២​សែន​នាក់៕

© 2024, . All rights reserved.