ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី, លោក មី សេងហ៊ ហៅ គា វិសាល និង​លោក អ៊ុំ វីរៈរដ្ឋ

នយោបាយ

គណបក្ស​កម្លាំង​ជាតិ​ប្រកាស​ធ្វើ​បាតុកម្ម​នៅ​ទីស្នាក់ការ​បក្ស បន្ទាប់ពី​អាជ្ញាធរ​ហាម​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ

By ឌឹ ខេមបូឌា ដេលី

June 15, 2024

គណបក្ស​កម្លាំង​ជាតិ ប្រកាស​ប្រមូលផ្ដុំ​សមាជិក និង​អ្នកគាំទ្រ​ធ្វើ​បាតុកម្ម​នៅ​ទីស្នាក់ការ​គណបក្ស ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​បក្ស លោក ស៊ុន ចន្ធី រួម​ទាំង​សមាជិក​បក្ស និង​អ្នកទោស​មនសិការ​ជាច្រើន​នាក់​ផ្សេង​ទៀត បន្ទាប់ពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បដិសេធ​មិន​ឱ្យ​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ។

គណបក្ស​កម្លាំង​ជាតិ បាន​ចេញ​លិខិត​មួយ​ទៅ​កាន់​អភិបាល​ក្រុង​ភ្នំពេញ​លោក ឃួង ស្រេង កាលពី​ថ្ងៃទី​១៣ ខែ​មិថុនា ស្ដីពី​ការ​ជូនដំណឹង​ដល់​សាលា​រាជធានី​ភ្នំពេញ​អំពី​ការ​ជួបជុំ​សមាជិក និង​អ្នកគាំទ្រ​របស់​ខ្លួន ដើម្បី​សម្ដែង​មតិ​ដោយ​សន្តិវិធី​ក្នុង​បំណង​ទាមទារ​ឱ្យ​ដោះលែង​លោក ស៊ុន ចន្ធី, លោក អ៊ុំ វីរៈរដ្ឋ, លោក មី សេងហ៊ ហៅ គា វិសាល និង​អ្នក​ជាប់​ឃុំ​មនសិការ​ជាច្រើន​នាក់​ផ្សេង​ទៀត។

គណបក្ស​កម្លាំង​ជាតិ អះអាង​ថា គណបក្ស​នឹង​ធ្វើ​បាតុកម្ម​នៅ​ទីស្នាក់ការ​បក្ស​របស់​ខ្លួន​ស្ថិត​នៅ​ផ្ទះ​លេខ D20 ផ្លូវ​បេតុង ក្រុម​ទី​១៣ ភូមិ​បឹងសាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ ចាប់ពី​ម៉ោង ៨​ព្រឹក​រហូត​ដល់​ម៉ោង ១១ និង ៣០​នាទី។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​ធ្វើ​បាតុកម្ម​នេះ នឹង​មាន​ការ​លើក​ជា​ពាក្យស្លោក និង​បដា ព្រមទាំង​រូបថត​របស់​លោក លោក ស៊ុន ចន្ធី, លោក អ៊ុំ វីរៈរដ្ឋ, លោក គា វិសាល និង​អ្នក​ជាប់​ឃុំ​មនសិការ​ផ្សេង​ទៀត​ផង​ដែរ។

កាលពី​ថ្ងៃទី​១០ ខែ​មិថុនា រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​បដិសេធ​មិន​អនុញ្ញាត​គណបក្ស​កម្លាំង​ជាតិ ធ្វើ​បាតុកម្ម​នៅ​ថ្ងៃទី​១៦ ខែ​មិថុនា នៅ​ទីលាន​ប្រជាធិបតេយ្យ​ទេ ក្រោម​ហេតុផល​ថា គណបក្ស​នេះ​បាន​ស្នើសុំ​សម្ដែង​មតិ​នៅ​ទីស្នាក់ការ​របស់​ខ្លួន​ម្តង​រួច​មក​ហើយ កាលពី​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២៤ កន្លង​ទៅ។

ជាង​នេះ​ទៀត ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ក៏​បាន​ទទួលស្គាល់​កំហុស និង​ធ្វើ​លិខិត​សុំទោស​ផ្ញើ​ទៅ​កាន់​រដ្ឋាភិបាល​រួច​ហើយ​ដែរ ដូច្នេះ​វា​ហាក់ដូចជា​ផ្ទុយ​ពី​ជំហរ​របស់​គណបក្ស​ដែល​នៅតែ​បន្ត​ស្នើសុំ​ធ្វើ​បាតុកម្ម ដើម្បី​ឱ្យ​មាន​ការ​ដោះលែង ខណៈ​ករណី​នេះ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ​នៅឡើយ។

ប្រធាន​គណបក្ស និង​សមាជិក​ទាំង​ពីរ​របស់​គណបក្ស​កម្លាំង​ជាតិ ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន និង​ចោទប្រកាន់​ពី​បទ «ញុះញង់ និង​រួម​គំនិត​ក្បត់» ក្នុង​នោះ លោក ស៊ុន ចន្ធី ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៩ ខែ​ឧសភា ខណៈ​លោក គា វិសាល ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​១៥ ខែ​មីនា និង​លោក អ៊ុំ វីរៈរដ្ឋ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៤ កន្លង​ទៅ​ដែរ។

កាលពី​ថ្ងៃទី​២២ ខែ​មេសា ថ្នាក់ដឹកនាំ និង​សមាជិក​គណបក្ស​កម្លាំង​ជាតិ បាន​យក​ទីស្នាក់ការ​គណបក្ស​ស្ថិត​នៅ​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ សម្ដែង​មតិ​ម្តង​រួច​មក​ហើយ ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​សមាជិក​របស់​ខ្លួន បន្ទាប់ពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ មិន​អនុញ្ញាត​ឱ្យ​ពួកគេ​ប្រមូលផ្ដុំ​តវ៉ា​ទាមទារ​នៅ​ទីលាន​ប្រជាធិបតេយ្យ។

មាត្រា​៥ នៃ​ច្បាប់​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ចែង​ថា បុគ្គល​ណា​ដែល​មាន​បំណង​រៀបចំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​ទីកន្លែង​សាធារណៈ​ណា​មួយ ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​ទៅ​អាជ្ញាធរ​ដែនដី​រាជធានី ឬ​ខេត្ត ដែល​មាន​សមត្ថកិច្ច​គ្រប់គ្រង​ទីកន្លែង​នោះ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ទោះបី​កម្ពុជា​បាន​ប្តូរ​នាយករដ្ឋមន្ត្រី​ថ្មី​ហើយ​ក៏ដោយ ប៉ុន្តែ​នាយករដ្ឋមន្ត្រី​ដែល​បន្ត​ពូជ​ពី​ឪពុក​ទៅ​កូន​នេះ នៅតែ​ដឹកនាំ​តាម​អំណាច​ផ្ដាច់ការ​ដដែល ខណៈ​ពលរដ្ឋ​ដែល​រង់ចាំ​ការ​ផ្លាស់ប្ដូរ​ក៏​នៅតែ​រស់​ក្នុង​ក្តី​វេទនា​ដដែល​ដែរ។

ចំណែក​អតីត​នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​លោក ហ្វីល រ៉ូបឺសុន បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក​គ្មាន​សង្ឃឹម​ថា​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត នឹង​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ប្រសើរ​ជាង​ឪពុក​របស់​គាត់​ឡើយ។ ជាង​នេះ​ទៀត អ្នកទោស​មនសិការ​ដែល​ជា​សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស និង​មេដឹកនាំ​បក្ស​ប្រឆាំង ជាដើម ដែល​កំពុង​រង​នូវ​ការ​ផ្ដន្ទាទោស​ទាំង​អយុត្តិធម៌​ក្នុង​ជំនាន់​ដឹកនាំ​របស់​លោក ហ៊ុន សែន ក៏​នឹង​មិន​ទទួល​បាន​នូវ​យុត្តិធម៌ ឬ​សេរីភាព​ក្នុង​ជំនាន់​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ដែរ៕

© 2024, . All rights reserved.