ក្រសួង​ព័ត៌មាន

នយោបាយ

ទីប្រឹក្សា ១២៦​រូប​នៃ​ក្រសួង​ព័ត៌មាន​ត្រូវ​បាន​ត្រាស់​បង្គាប់​បញ្ចប់​មុខតំណែង ដែល​នាំ​ឱ្យ​អ្នក​សង្កេតការណ៍​ខ្លះ​សាទរ​ចំពោះ​វិធានការ​ថ្មី​នេះ

By ឌឹ ខេមបូឌា ដេលី

June 15, 2024

ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ត្រាស់​បង្គាប់​បញ្ចប់​មុខតំណែង​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន ចំនួន ១២៦​រូប ដែល​មាន​ឋានៈ​ចាប់ពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ រហូត​ដល់​អគ្គនាយក ក្នុង​បំណង​លើក​កម្ពស់​ដំណើរការ និង​ទំនើបកម្ម​ក្រសួង។

យោង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០២៤ ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១២ ខែ​មិថុនា បាន​ឱ្យ​ដឹង​ថា ព្រះមហាក្សត្រ​បាន​ត្រាស់​បង្គាប់​បញ្ចប់​មុខតំណែង​ជា​ទីប្រឹក្សា​ចំនួន ១២៦​រូប ដោយ​ក្នុង​នោះ​មាន​មន្ត្រី​មួយ​រូប​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ, ៨​រូប​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ និង ១១៧​រូប​ទៀត​មាន​ឋានៈ​ស្មើ​អគ្គនាយក។

អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អស្នារិទ្ធ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​បញ្ចប់​មុខតំណែង​ទីប្រឹក្សា​ក្រសួង​ចំនួន ១២៦​រូប​ដែល​មាន​ឋានៈ​ស្មើ​អគ្គនាយក និង​រដ្ឋលេខាធិការ គឺជា​ការ​អនុវត្ត​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ពិនិត្យ​ឡើងវិញ និង​ការ​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង ក្នុង​បំណង​លើក​កម្ពស់​ដំណើរការ និង​ទំនើបកម្ម​ក្រសួង។

ប្រភព​ដដែល​បាន​អះអាង​ថា ទីប្រឹក្សា​ក្រសួង​ព័ត៌មាន ទាំង ១២៦​នាក់​ដែល​ទើប​ត្រូវ​បាន​បញ្ចប់​តំណែង​នេះ នឹង​មិន​ត្រូវ​បាន​តែងតាំង​ក្នុង​តំណែង​ថ្មី​នោះ​ទេ។ លោក​បន្ត​ថា ក្រសួង​ធ្វើ​ឡើង​ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព ក្នុង​ការ​បំពេញ​ការងារ​របស់​ក្រសួង ព្រមទាំង​បង្កើន​សមមូលធន​មនុស្ស និង​ផលិតភាព។

អ្នក​នាំពាក្យ​រូប​នេះ​បញ្ជាក់​ថា បន្ទាប់ពី​ការ​បញ្ចប់​មុខតំណែង​ទីប្រឹក្សា​ក្រសួង​ទាំង​ជិត ១៣០​រូប​នេះ ក្រសួង​នឹង​មិន​មាន​ការ​តែងតាំង​នូវ​សមាសភាព​ទីប្រឹក្សា​ថ្មី​សម្រាប់​ក្រសួង​ព័ត៌មាន នោះ​ទេ។

នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​ថ្លែង​ថា លោក​សាទរ​ចំពោះ​ការ​បញ្ចប់​មុខតំណែង​ទីប្រឹក្សា​នៃ​ក្រសួង​ព័ត៌មាន នេះ ពីព្រោះ​វា​អាច​នឹង​នាំ​ឲ្យ​មាន​ការ​លើក​កម្ពស់​ប្រសិទ្ធភាព​ការងារ។

ប្រភព​ដដែល​អះអាង​ថា ទីប្រឹក្សា​ភាគច្រើន​សុទ្ធសឹងតែ​ជា​មន្ត្រី​ដែល​មាន​តួនាទី​មុខងារ​សាធារណៈ​នៅ​ក្នុង​ក្រសួង​រួច​ទៅ​ហើយ ដូច្នេះ​ការ​បន្ថែម​តួនាទី​ជា​ទីប្រឹក្សា​បែប​នេះ អាច​មិន​មាន​ប្រសិទ្ធភាព​ដល់​ការ​អនុវត្ត​ការងារ ដោយសារ​ការ​បែងចែក​តួនាទី​គ្មាន​ភាព​ច្បាស់លាស់។

លោក​នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​១១ ខែ​មិថុនា បាន​ចេញ​សារាចរ​ណែនាំ​កំណត់​រចនាសម្ព័ន្ធ​គ្រប់គ្រង និង​មុខតំណែង​នៅ​តាម​ក្រសួង និង​ស្ថាប័ន​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ។ រចនាសម្ព័ន្ធ​ថ្មី​នេះ គឺជា​ការ​ធ្វើ​ទំនើបកម្ម និង​ជា​ការ​ផ្លាស់ប្ដូរ​ស្ថាប័ន​របស់​រដ្ឋ​ឱ្យ​ក្លាយ​ទៅ​ជា​រដ្ឋបាល​សាធារណៈ​មួយ​ទំនើប​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។

សារាចរ​ដដែល​ក៏​បាន​ណែនាំ​ដល់​ក្រសួង និង​ស្ថាប័ន​ទាំងអស់ ត្រូវ​រៀបចំ​រចនាសម្ព័ន្ធ​របស់​ខ្លួន​ឱ្យ​បាន​រៀបរយ និង​ត្រូវ​ប្រើប្រាស់​រចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់​ឱ្យ​អស់​លទ្ធភាព។ ក្រសួង និង​ស្ថាប័ន​ទាំងអស់ ត្រូវ​រក្សា​ចំនួន​អង្គភាព​របស់​ខ្លួន មិន​ត្រូវ​បង្កើន​ចំនួន​អង្គភាព​ថ្មី ទោះ​ស្ថិត​ក្នុង​កម្រិត​ណា​មួយ​ក៏ដោយ។ ចំណែក​អង្គភាព​ដែល​មាន​ស្រាប់ គឺ​ចាំបាច់​ត្រូវ​ពិនិត្យ​លទ្ធភាព​កែសម្រួល ច្របាច់​បញ្ចូល​គ្នា ឬ​ត្រូវ​លុប​ចោល​តែម្តង។

ក្រោយ​ការ​តែងតាំង​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៧ ក្រសួង​ព័ត៌មាន ត្រូវ​បាន​ត្រាស់​បង្គាប់​តែងតាំង និង​ផ្ដល់​ឋានៈ​ជា​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន ចំនួន ៤១៥​នាក់ ដែល​ភាគច្រើន​គឺ​អ្នក​សារព័ត៌មាន​ដែល​មកពី​ស្ថាប័ន​គាំទ្រ​រដ្ឋាភិបាល ដូចជា សារព័ត៌មាន Fresh News ទូរទស្សន៍​បាយ័ន ដែល​ជា​ស្ថាប័ន​របស់​ប្អូនស្រី​លោក ហ៊ុន ម៉ាណែត ទូរទស្សន៍ CNC និង​ទូរទស្សន៍ PNN ជាដើម៕

© 2024, . All rights reserved.