អគ្គលេខាធិការ​អង្គការ​ណាតូ (NATO) លោក Jens Stoltenberg និង​លោក Lin Jian អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន

ព័ត៌មានអន្តរជាតិ

ចិន​ប្រតិកម្ម​ខ្លាំង​ចំពោះ​ណាតូ​ដោយ​ទទូច​ឱ្យ​បញ្ឈប់​ទម្លាក់​កំហុស​លើ​ក្រុង​ប៉េកាំង​ជុំវិញ​វិបត្តិ​នៅ​អ៊ុយក្រែន

By ឌឹ ខេមបូឌា ដេលី

June 20, 2024

ក្រសួង​ការបរទេស​ចិន ប្រតិកម្ម​ជា​ខ្លាំង​ចំពោះ​លោក​អគ្គលេខាធិការ​ណាតូ (NATO) លោក Jens Stoltenberg ដោយ​បាន​ទទូច​ឱ្យ​អង្គការ​ណាតូ បញ្ឈប់​ការ​ទម្លាក់​កំហុស​ដាក់​លើ​ក្រុង​ប៉េកាំង ជុំវិញ​វិបត្តិ​សង្គ្រាម​អ៊ុយក្រែន។

យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​របស់​ចិន CGTN ចុះផ្សាយ​នៅ​ថ្ងៃទី​១៨ ខែ​មិថុនា នេះ ប្រតិកម្ម​របស់​ចិន បន្ទាប់ពី​លោក Jens Stoltenberg បាន​ចោទប្រកាន់​ទីក្រុង​ប៉េកាំង ថា​ធ្វើ​ឱ្យ​សង្គ្រាម​នៅ​អ៊ុយក្រែន កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​ដោយសារតែ​ចិន ផ្តល់​ការ​គាំទ្រ​ដល់​រុស្ស៊ី។

លោក Lin Jian អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន បាន​ថ្លែង​ថា ក្រុង​ប៉េកាំង សូម​ណែនាំ NATO ត្រូវ​ឈប់​ទម្លាក់​កំហុស​លើ​ក្រុង​ប៉េកាំង ហើយ​ឈប់​ចាក់​សាំង​បន្ថែម​លើ​ភ្លើង ឈប់​ដុត​បញ្ឆេះ​ឱ្យ​មាន​ការ​ប្រឈមមុខ​គ្នា ដែល​គួរតែ​ធ្វើ​រឿង​អ្វី​ជាក់ស្ដែង​នូវ​ដំណោះស្រាយ​តាម​ច្រក​នយោបាយ​ចំពោះ​វិបត្តិ​អ៊ុយក្រែន។

តាម​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន NATO គួរតែ​ពិនិត្យ​មើល​ខ្លួន​ឯង ជាជាង​ប្រើ​ពាក្យ​សម្ដី​បង្កាច់បង្ខូច និង​វាយប្រហារ​មក​លើ​ប្រទេស​ចិន។

កាលពី​ថ្ងៃ​ចន្ទ ទី​១៧ មិថុនា អគ្គលេខាធិការ​អង្គការ NATO លោក Jens Stoltenberg បាន​ព្រមាន​ថា ចិន​ត្រូវតែ​ប្រឈម​ផលវិបាក​ចំពោះ​ការ​ជួយ​គាំទ្រ​រុស្ស៊ី។ តែ​ផ្ទុយទៅវិញ លោក Stoltenberg លើកឡើង​ថា ការ​ផ្គត់ផ្គង់​ជំនួយ​សព្វាវុធ​របស់​បស្ចិម​ប្រទេស​ដល់​អ៊ុយក្រែន គឺជា​រឿង​ដ៏​សំខាន់​ដើម្បី​បញ្ចប់​សង្គ្រាម។

ក្រុង​ប៉េកាំង តែងតែ​អះអាង​ពី​ការ​ប្រកាន់​ជំហរ​អព្យាក្រឹត ដោយ​អះអាង​ថា ចិន​មិន​បាន​បញ្ជូន​សព្វាវុធ​ឱ្យ​ទៅ​ភាគី​ណា​មួយ​ឡើយ​នៃ​ជម្លោះ​នេះ ប៉ុន្តែ​បាន​វាយប្រហារ​សហរដ្ឋ​អាមេរិក និង​បណ្តា​ប្រទេស​លោក​ខាងលិច ដែល​ថា​នៅតែ​បន្ត​ជួយ​ផ្តល់​អាវុធ​ឱ្យ​អ៊ុយក្រែន ចាប់តាំងពី​សង្គ្រាម​ផ្ទុះ​ឡើង។

ជាមួយ​គ្នា​នេះ ចិន​បាន​វាយបក​វិញ​ទៅ​មេដឹកនាំ​នៃ​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន G7 ដែល​ជា​ប្រតិកម្ម​ចំពោះ​ក្រុម G7 ព្រមាន​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង ឱ្យ​បញ្ឈប់​ការ​បញ្ជូន​គ្រឿង​បន្លាស់​អាវុធ​ទៅ​ឱ្យ​រុស្ស៊ី។ ចិន​បាន​និយាយ​ថា សេចក្តី​ថ្លែងការណ៍​នៃ​ការ​បញ្ចប់​សន្និសីទ​កំពូល​របស់​ក្រុម​ប្រទេស G7 ពោរពេញ​ការ​ភូត​កុហក និង​លម្អៀង។

កាលពី​ថ្ងៃទី​១៣ មិថុនា បណ្តា​មេដឹកនាំ​នៃ​ក្រុម​ប្រទេស G7 ជួប​គ្នា​នៅ​ក្នុង​ប្រទេស​អ៊ីតាលី ដោយ​បាន​លើកឡើង​ពី​ភាព​តានតឹង​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ចិន និង​អំពី​ប្រទេស​អ៊ុយក្រែន រួម​ទាំង​ករណី​សមុទ្រ​ចិន​ខាងត្បូង កោះ​តៃវ៉ាន់ ដែល​ជា​របៀបវារៈ​ដ៏​សំខាន់។

សេចក្តី​ថ្លែងការណ៍​ដែល​បាន​ចេញ​ផ្សាយ​នៅ​ចុង​បញ្ចប់​នៃ​សន្និសីទ​កំពូល G7 បាន​រិះគន់​ចិន លើ​បញ្ហា​ជាច្រើន​នៃ​បញ្ហា​ទាំងនោះ។

សេចក្តី​ថ្លែងការណ៍​នោះ​រួម​មាន ការ​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ពី​ការ​បញ្ជូន​សម្ភារៈ​សឹក​សម្រាប់​ការ​ប្រើ​របស់​កងទ័ព​រុស្ស៊ី ដែល G7 ចោទ​ចិន ថា​កំពុង​ជួយ​ការ​ខំ​ប្រឹងប្រែង​របស់​រុស្ស៊ី ធ្វើ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Lin Jian បាន​និយាយ​ថា សេចក្តី​ថ្លែងការណ៍​នោះ​បាន​និយាយ​មួលបង្កាច់ និង​វាយប្រហារ​ចិន។

ក្រុម​ប្រទេស G7 រួម​មាន​សហរដ្ឋ​អាមេរិក ជប៉ុន បារាំង អាល្លឺម៉ង់ កាណាដា ចក្រភព​អង់គ្លេស និង​ប្រទេស​អ៊ីតាលី ក៏​បាន​រិះគន់​ចិន ពី​ការ​ធ្វើ​សកម្មភាព​ឈ្លានពាន​កោះ​តៃវ៉ាន់ និង​ការ​ធ្វើ​សកម្មភាព​បំពាន​ដែនទឹក​ប្រទេស​ជិតខាង​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង។

ការ​ព្រួយបារម្ភ​ពី​ការ​រាលដាល​យោធា​កាន់តែ​ធំ​ឡើង​រវាង​ចិន និង​ប្រទេស​ជិតខាង​របស់​ខ្លួន កំពុង​កើន​ឡើង​ដែល​កាលពី​ថ្ងៃទី​១៧ ខែ​មិថុនា នាវា​ហ្វីលីពីន និង​ចិន បាន​បុក​គ្នា​ជា​ថ្មី​ទៀត​នៅ​តំបន់​កោះ Second Thomas នៅ​សមុទ្រ​ចិន​ខាងត្បូង។ ចំពោះ​ឧបទ្ទវហេតុ​ការ​បុក​គ្នា​រវាង​នាវា​ហ្វីលីពីន និង​ចិន ក្រុង​ប៉េកាំង ប្រកាន់​ជំហរ​ចោទប្រកាន់​យោធា​អាមេរិក ថា​មាន​ចេតនា​អាក្រក់​ដោយ​លើក​ទឹកចិត្ត​ក្រុង​ម៉ានីល ចាប់​យក​ការ​បង្ក​ភាព​តានតឹង​ទៅ​លើ​នាវា​ចិន។

រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ស្ថានភាព​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ប្រឈមមុខ​ដាក់​គ្នា​ក្នុង​ដែនទឹក​ជម្លោះ​រវាង​ចិន និង​ហ្វីលីពីន កាន់តែ​ឡើង​កម្ដៅ​ខ្លាំង​ឡើង។

ប្រទេស​ហ្វីលីពីន បាន​ហៅ​សកម្មភាព​របស់​នាវា​ល្បាត​ចិន ដែល​ធ្វើ​សកម្មភាព​យាយី រារាំង និង​រហូត​ដល់​បាញ់​ទឹក​លើ​នាវា​ល្បាត​របស់​ហ្វីលីពីន គឺជា​សកម្មភាព​នៃ​ការ​បង្កើត​ជម្លោះ ហើយ​អាច​ឈាន​ដល់​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ប្រដាប់​អាវុធ។

យ៉ាងណា អ្នក​នាំពាក្យ​សម្រាប់​នាវា​ហ្វីលីពីន អះអាង​ថា បើ​ទោះជា​នាវា​ចិន ព្យាយាម​ដេញ​នាវា​ល្បាត​របស់​ហ្វីលីពីន ក៏ដោយ ក៏​ក្រុម​នាវា​ហ្វីលីពីន មិន​បាន​ចាកចេញ​ពី​តំបន់​ប្រទាញប្រទង់​គ្នា​នោះ​ទេ ហើយ​នាវា​ល្បាត​ហ្វីលីពីន នៅតែ​ស្ថិត​នៅ​ក្នុង​ផ្នែក​មួយ​នៅ​លើ​ដែនទឹក​ហ្វីលីពីន៕

© 2024, . All rights reserved.