តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លើកឡើងថា ការរំលោភច្បាប់ជាតិ បំផ្លាញសាសនា និងរំលោភព្រះមហាក្សត្រពីសំណាក់គណបក្សប្រជាជនកម្ពុជា ទើបជាអំពើប្រឆាំងនឹងជាតិខ្មែរ ខណៈលោក កឹម សុខា ដែលរងនូវការចោទប្រកាន់ពីបទក្បត់ជាតិ គឺជាការចោទប្រកាន់គ្មានមូលដ្ឋានច្បាប់។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តកំពង់ស្ពឺ លោក សួន សុរីដា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី២០ មិថុនា នេះថា រដ្ឋាភិបាលដែលប្លន់អំណាចតាមរយៈនៃការបោះឆ្នោតដែលមិនសេរីត្រឹមត្រូវ និងយុត្តិធម៌ទៅវិញទេ ដែលជារដ្ឋាភិបាលក្បត់ជាតិ ព្រោះបានរំលោភបំពានរដ្ឋធម្មនុញ្ញ ដូច្នេះការផ្តួលរំលំរដ្ឋាភិបាលបែបនេះដោយការទាមទារឱ្យមានការបោះឆ្នោតត្រឹមត្រូវ ដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស គឺជារឿងត្រឹមត្រូវបំផុត។
មន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់ថា ការផ្តួលរំលំរដ្ឋាភិបាលក្រោមការគ្រប់គ្រងរបស់គណបក្សនយោបាយណាមួយ មិនមែនជាការប្រឆាំងនឹងប្រទេសកម្ពុជាទេ ដូច្នេះការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំប្រទេសផ្ទុយពីរដ្ឋធម្មនុញ្ញតាមរយៈនៃការបោះឆ្នោត ក៏មិនមែនជាអំពើខុសច្បាប់ដែរ។
លោក សួន សុរីដា អះអាងថា ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា មិនដែលមានចេតនាប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជាទេ ជាពិសេសគឺប្រឆាំងនឹងអង្គព្រះមហាក្សត្រ ព្រមទាំងព្រះពុទ្ធសាសនា។ ជាងនេះទៀត លោក កឹម សុខា ក៏ពុំដែលមានចេតនាផ្តួលរដ្ឋាភិបាលដែរ ព្រោះថាការដឹកនាំនយោបាយរបស់លោក គឺជាការធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោតដើម្បីនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមានប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះលើកឡើងថា ចំពោះការចោទប្រកាន់លោក កឹម សុខា ពីបទគប់គិតជាមួយរដ្ឋបរទេសប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា គឺជាការចោទប្រកាន់ខុសទាំងស្រុង ហើយក៏ជាការមួលបង្កាច់ទម្លាក់កំហុសយ៉ាងអយុត្តិធម៌បំផុតលើរូបលោកដែរ។
លោកបន្ថែមថា ការចោទប្រកាន់នេះ គឺសំដៅដល់ការត្រូវរ៉ូវជាមួយកងទ័ពបរទេសដែលនាំឱ្យមានការប្រទូសរ៉ាយ និងការឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែរហូតមកដល់ពេលនេះ តុលាការនៅតែគ្មានភស្តុតាងនៃអំពើប្រទូសរ៉ាយរវាងកងទ័ពកម្ពុជា និងកងទ័ពឈ្លានពានរបស់រដ្ឋបរទេសដែលខ្លួនបានចោទថាត្រូវរ៉ូវជាមួយលោក កឹម សុខា នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានោះទេ។
ជាងនេះទៀត រដ្ឋាភិបាលកម្ពុជាក៏មិនដែលបានប្រកាសថា សហរដ្ឋអាមេរិកគឺជាសត្រូវរបស់ប្រទេសកម្ពុជាដែរ ចាប់តាំងពីឆ្នាំ១៩៩៣ មក រហូតដល់បច្ចុប្បន្ននេះ ហើយរដ្ឋាភិបាលនៃប្រទេសទាំងពីរនៅតែបន្តទំនាក់ទំនងការទូត ព្រមទាំងប្រកាសធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់ជ្រុងជ្រោយដែរ។
មេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចូលចាប់ខ្លួនដល់គេហដ្ឋានដោយគ្មានដីកាតុលាការ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ពីបទក្បត់ជាតិ ឬគប់គិតជាមួយរដ្ឋបរទេសផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
យ៉ាងណាក៏ដោយ រដ្ឋបរទេសដែលរងនូវការចោទប្រកាន់ក្នុងសំណុំរឿងនេះ មិនត្រូវបានតុលាការកម្ពុជាកោះមកបំភ្លឺម្តងណាឡើយ ខណៈឈ្មោះប្រទេសទាំងនោះ ក៏ត្រូវតាងដោយអក្សរ ដើម្បីចៀសវាងការហៅប្រទេសទាំងនោះដោយចំឈ្មោះពីសំណាក់តុលាការថែមទៀត។
ចាប់តាំងពីតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនមេដឹកនាំបក្សប្រឆាំងកាលពីឆ្នាំ២០១៧ មក សាលាដំបូងក្រុងភ្នំពេញ បានបើកសវនាការលើសំណុំរឿងរបស់លោក កឹម សុខា ចំនួន ៦៣លើក ខណៈសវនាការចុងក្រោយ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដែលតុលាការសម្រេចផ្ដន្ទាទោសលោក កឹម សុខា ឲ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ដោយការឃុំខ្លួនក្នុងផ្ទះ និងការដកហូតសិទ្ធិមិនឲ្យធ្វើនយោបាយអស់មួយជីវិត។
សំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានគេចាត់ទុកថាជាសំណុំរឿងដែលយូរជាងគេក្នុងប្រវត្តិនៃការកាត់ក្តីនៅកម្ពុជា ដែលរងនូវការរិះគន់ថាជាសំណុំរឿងដែលស្ថិតក្នុងរបៀបវារៈនយោបាយ ជាជាងការស្វែងរកយុត្តិធម៌តាមប្រព័ន្ធតុលាការ ព្រោះសំណុំរឿងនេះបានបន្តសវនាការអស់ចំនួន ៧៣លើកមកហើយ បើគិតចាប់តាំងពីឆ្នាំ២០១៧ មកទល់ឆ្នាំ២០២៤ នេះ។
ទាក់ទិននឹងបញ្ហានេះ កាលពីអំឡុងឆ្នាំ២០២៣ មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បានលើកឡើងថា លោក កឹម សុខា ជាប់គុកយូរដោយសារតែបរទេសស្រឡាញ់លោក កឹម សុខា ពេក។ ការលើកឡើងមិនចំឈ្មោះ ត្រូវគេដឹងថា លោក ហ៊ុន សែន សំដៅដល់សហរដ្ឋអាមេរិកដែលតែងតែជួបលោក កឹម សុខា នាពេលកន្លងមក៕
© 2024, . All rights reserved.