សហព័ន្ធ​សហជីព​កម្ពុជា ឃ្លាំមើល​ដំណើរការ​សវនាការ​លោក ជា ចាន់ ប្រធាន​សហជីព​រោងចក្រ វីង ស្តារ ស៊ូ នៅ​មុខ​តុលាការ​ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២៤។

ព័ត៌មានជាតិ

អង្គការ​សង្គម​ស៊ីវិល​សោកស្ដាយ​ចំពោះ​សាលក្រម​តុលាការ​ខេត្ត​កំពង់ស្ពឺ​ផ្ដន្ទាទោស​លោក ជា ចាន់

By ឌឹ ខេមបូឌា ដេលី

June 23, 2024

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​សហជីព​នៅ​កម្ពុជា សម្ដែង​ការ​សោកស្តាយ​ចំពោះ​សាលក្រម​តុលាការ​ខេត្ត​កំពង់ស្ពឺ ដែល​ផ្ដន្ទាទោស​ប្រធាន​សហជីព​រោងចក្រ វីង ស្តារ ស៊ូ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១​ឆ្នាំ ប៉ុន្តែ​ត្រូវ​អនុវត្ត​ទោស​ដាក់​ពន្ធនាគារ ៦​ខែ ចំណែក​ឯ​ទោស​ដែល​នៅ​សល់ ត្រូវ​អនុញ្ញាត​ឱ្យ​ព្យួរ​នៅ​ក្រៅ​ឃុំ។

អ្នក​គ្រប់គ្រង​ផ្នែក​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២១ មិថុនា នេះ​ថា ការ​កាត់ទោស​លោក ជា ចាន់ ដោយ​អំណាច​សាលក្រម​ពី​តុលាការ​ខេត្ត​កំពង់ស្ពឺ ជា​ឧបករណ៍​មួយ​ក្នុង​ការ​បង្ក​ជា​ឧបសគ្គ​រារាំង​ដល់​ដំណើរការ​សកម្មភាព​សហជីព ក្នុង​ការ​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​កម្មករ ជាពិសេស​អាច​នឹង​ជះ​ឥទ្ធិពល​ដល់​ដំណើរការ​ក្នុង​ការ​ចុះបញ្ជី​អង្គការ​វិជ្ជាជីវៈ (សហជីព) ប្រចាំ​រោងចក្រ វីង ស្តារ ស៊ូ ទៅ​ថ្ងៃ​ក្រោយ​ថែម​ទៀត។

លោក ឃុន ថារ៉ូ លើកឡើង​ថា ករណី​នេះ​ត្រូវ​រង់ចាំ​ការ​សម្រេច​ចិត្ត​របស់​លោក ជា ចាន់ និង​ក្រុម​គ្រួសារ​របស់​គាត់ ថា​តើ​ត្រូវ​ប្តឹង​ជំទាស់​ទៅ​សាលា​ឧទ្ធរណ៍​លើ​សាលក្រម​តុលាការ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ឬ​យ៉ាង​ណា​នោះ។ វា​ជា​សិទ្ធិ​របស់​គាត់ ហើយ​ក្រុម​សហព័ន្ធ​សហជីព និង​សង្គម​ស៊ីវិល ក៏​គោរព​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​គាត់​ដែរ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា យោង​តាម​អនុសញ្ញា​លេខ​៨៧ និង​លេខ​៩៨ នៃ​អង្គការ​ពលកម្ម​អន្តរជាតិ​ផ្នែក​ការងារ ហាមប្រាម​ការ​ចោទប្រកាន់​ណា​មួយ​តាម​ផ្លូវ​តុលាការ​ដាច់ខាត ក្នុង​ការ​អនុវត្ត​រាល់​សកម្មភាព​សហជីព ខណៈ​មាត្រា​១២ មាត្រា​២៦៦ និង​មាត្រា​២៦៧ នៃ​ច្បាប់​ស្ដីពី​ការងារ ក៏​បាន​ហាមប្រាម​រាល់​ទម្រង់​នៃ​ការ​រើសអើង​សហជីព​ដែរ មាន​ដូចជា ការ​ពិន័យ ការ​ផ្ដាច់​កិច្ចសន្យា​ការងារ ជាដើម ដូច្នេះ​ការ​កាត់ទោស​លោក ជា ចាន់ គឺ​ប្រឆាំង​នឹង​មាត្រា​នៃ​ច្បាប់​ទាំងនេះ​យ៉ាង​ធ្ងន់ធ្ងរ។

កាលពី​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២៤ ប្រធាន​សហជីព​រោងចក្រ វីង ស្តារ ស៊ូ លោក ជា ចាន់ ត្រូវ​បាន​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ពី​បទ​សមគំនិត​ក្នុង​អំពើ​លួច ដោយ​ដាក់​ពន្ធនាគារ​រយៈពេល ១​ឆ្នាំ (១២​ខែ) ប៉ុន្តែ​ត្រូវ​អនុវត្ត​ទោស​ដាក់​ពន្ធនាគារ ៦​ខែ ចំណែក​ឯ​ទោស​ដែល​នៅ​សល់ ត្រូវ​អនុញ្ញាត​ឱ្យ​ព្យួរ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

សាលក្រម​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក ជា ចាន់ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «សមគំនិត​ក្នុង​អំពើ​លួច» ដែល​ប្រព្រឹត្ត​នៅ​ក្នុង​រោងចក្រ​ផលិត​ស្បែកជើង វីង ស្ដារ ស៊ូ នា​អំឡុង​ឆ្នាំ​២០២២ តាម​សាលដីកា​តុលាការ​កាលពី​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ បន្ទាប់ពី​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ កន្លង​ទៅ។ ការ​ចោទប្រកាន់ និង​ការ​ចាប់​ឃុំ​ខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ជា ចាន់ ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​សហជីព​ដើម្បី​ការពារ​សិទ្ធិ​ការងារ​របស់​កម្មករ​ក្នុង​រោងចក្រ វីង ស្តារ ស៊ូ នៅ​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៤ កន្លង​ទៅ។

មាត្រា​៦៧ និង​មាត្រា​៤៣ នៃ​ច្បាប់​ស្ដីពី​សហជីព ចែង​ថា បេក្ខជន​ដែល​ជាប់​ឆ្នោត​ជា​ថ្នាក់ដឹកនាំ​សហជីព ត្រូវ​ទទួល​បាន​ការ​ការពារ​ពិសេស ហើយ​រាល់​ការ​បញ្ឈប់​បេក្ខជន​ណា​ម្នាក់ លុះត្រាតែ​មាន​ការ​យល់ព្រម​ពី​អធិការកិច្ច​ការងារ។

ជុំវិញ​បញ្ហា​នេះ សម្ព័ន្ធ​សហជីព​កម្ពុជា CATU បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២០ មិថុនា នេះ​ថា សាលក្រម​របស់​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ មាន​ភាព​អយុត្តិធម៌​ជា​ខ្លាំង​លើ​លោក ជា ចាន់ ព្រោះ​ថា​លោក​ពុំ​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​ឡើយ ហើយ​សាលក្រម​នេះ​គឺជា​ការ​សម្រេច​ដែល​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ឡើយ។

កាលពី​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០២៤ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់ «សង់ត្រាល់» បាន​ចេញ​ផ្សាយ​សេចក្តី​រាយការណ៍​មួយ​ស្តីអំពី​ស្ថានភាព​សេរីភាព​នៃ​សហជីព​ក្នុង​ប្រទេស​កម្ពុជា​ថា​មាន​សហជីព​ចំនួន​១០ ក្នុង​ចំណោម​សហជីព​ចំនួន​១៤ ដែល​បាន​រង​ការ​បំភិតបំភ័យ​ដោយ​ផ្ទាល់​មាត់ ការ​គំរាមកំហែង ការ​បៀតបៀន និង​ការ​ដាក់​ក្នុង​បញ្ជីខ្មៅ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បំពេញ​ការងារ​របស់​ថ្នាក់ដឹកនាំ និង​សមាជិក​សហជីព​យ៉ាង​ធ្ងន់ធ្ងរ៕

© 2024, . All rights reserved.