សកម្មជនមិនរាងចាល

នយោបាយ

អង្គការ​លីកាដូ​រក​ឃើញ​ថា​រដ្ឋាភិបាល​កម្ពុជា​សម្រុក​ចាប់​ឃុំ​ខ្លួន​សកម្មជន​នានា​ដាក់​គុក​នៅ​ដើម​ឆ្នាំ​២០២៤​នេះ

By ឌឹ ខេមបូឌា ដេលី

June 25, 2024

អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) ចេញ​របាយការណ៍​របស់​ខ្លួន​ថា ក្នុង​រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០២៤ នេះ រដ្ឋាភិបាល​បាន​សម្រុក​ចាប់​ឃុំ​ខ្លួន​សកម្មជន​នានា​ដាក់​ពន្ធនាគារ​រហូត​ដល់​ជិត ៣០​នាក់ (២៤​នាក់) ហើយ​ក្នុង​នោះ អ្នក​ខ្លះ​រង​នូវ​ការ​ចាប់​ខ្លួន​ដល់​ទៅ​ពីរ​ដង។

អង្គការ​លីកាដូ ចេញ​សេចក្តី​រាយការណ៍​ដែល​មាន​ចំណងជើង​ថា «សកម្មជន​មិន​រាងចាល» នៅ​ថ្ងៃទី​២៤ មិថុនា នេះ​ថា ពន្ធនាគារ​ជាច្រើន​នៅ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើ​ឱ្យ “ជន​ប្រព្រឹត្ត​បទល្មើស” បាក់​ស្មារតី រាងចាល ក្នុង​ការ​ប្រព្រឹត្ត​របស់​ពួកគេ ដូចជា​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​នយោបាយ ជាដើម ដែល​សព្វថ្ងៃ​នេះ ពួកគេ​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ជា​បន្តបន្ទាប់​ដោយសារ​ភាព​សកម្ម​និយម​អហិង្សា​របស់​ពួកគេ​ក្នុង​កិច្ចការ​សង្គម​កន្លង​មក។

ប្រភព​ដដែល​លើកឡើង​ថា កង្វះ​អាហារ​ហូបចុក កង្វះ​ទឹក​ស្អាត និង​ទឹក​មាន​តម្លៃ​ថ្លៃ ការ​រឹតត្បិត​ការ​ជួប​អ្នក​ខាង​ក្រៅ កម្តៅ​ក្តៅ​ខ្លាំង​នៅ​ក្នុង​បន្ទប់ គឺជា​បញ្ហា​ដែល​បន្ត​កើត​មាន​ឡើង​នៅ​ក្នុង​ពន្ធនាគារ ខណៈ​អត្រា​ផ្ទុក​អ្នកទោស​នៅ​ក្នុង​ពន្ធនាគារ គឺ​មាន​ការ​កើន​ឡើង​លើស ២០០​ភាគរយ​នៃ​សមត្ថភាព​ផ្ទុក​របស់​ខ្លួន។ ពន្ធនាគារ​មួយ​ចំនួន​ផ្ទុក​អ្នកទោស​រហូត​ដល់​ទៅ ៥០០​ភាគរយ​នៃ​សមត្ថភាព​ផ្ទុក​របស់​ខ្លួន ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អតីត​អ្នក​ជាប់​ពន្ធនាគារ​ខ្លះ​ហៅ​ការ​រស់នៅ​ក្នុង​ពន្ធនាគារ​ថា «ដូច​រស់នៅ​ក្នុង​ឋាន​នរក» ប៉ុន្តែ​ទោះ​ដឹង​ថា​ពន្ធនាគារ​ជា​កន្លែង​មាន​ស្ថានភាព​មិន​ល្អ​ខ្លាំង​ក៏ដោយ ក៏​សកម្មជន​នយោបាយ និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំងនោះ បន្ត​តស៊ូ​ដើម្បី​យុត្តិធម៌​សង្គម​ដោយ​មិន​រាថយ​ដែរ។

អង្គការ​លីកាដូ បញ្ជាក់​ថា ទោះបីជា​អ្នក​ទាំងនោះ​ធ្លាប់​ជាប់​ក្នុង​ពន្ធនាគារ​ដោយ​មិន​ត្រឹមត្រូវ​ម្តង​រួច​មក​ហើយ​ក្តី ពួកគេ​នៅតែ​សុខចិត្ត​លះបង់​សេរីភាព​ផ្ទាល់ខ្លួន​ម្តង​ហើយ​ម្តង​ទៀត ដោយសារតែ​ពួកគេ​សង្ឃឹម​ថា ប្រទេស​កម្ពុជា​នឹង​មាន​ភាព​ល្អ​ប្រសើរ​ផ្នែក​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​មុខ ក្រោម​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​លះបង់​របស់​ពួកគេ​នៅ​ពេលនេះ។

ការ​អះអាង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​ចាប់​ខ្លួន​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​កាន់តែ​ខ្លាំង​សព្វថ្ងៃ​នេះ ទោះបីជា​រដ្ឋាភិបាល​ថ្មី​នេះ​មាន​អាយុ​មិន​ទាន់​គ្រប់ ១​ឆ្នាំ​ក៏ដោយ។

ទិន្នន័យ​សង្គម​ស៊ីវិល​បង្ហាញ​ថា សកម្មជន​ដែល​ត្រូវ​រដ្ឋាភិបាល​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជា​លើក​ទី​ពីរ ដោយសារ​តែ​សកម្មភាព​មិន​រាងចាល​របស់​ពួកគេ​ជុំវិញ​ការ​ចេញ​តវ៉ា​អំពី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​មាន​ចំនួន ២៤​នាក់​ហើយ ដូចជា​សកម្មជន​បក្ស​ប្រឆាំង​លោក ហេង ចាន់សុទ្ធី, មេដឹកនាំ​សហជីព​កញ្ញា ឈឹម ស៊ីថរ, សកម្មជន​នយោបាយ​លោក ភុន យុទ្ធ, សកម្មជន​សង្គម​លោក កើត សារ៉ាយ, អ្នក​ធ្វើ​អត្ថាធិប្បាយ​បញ្ហា​សង្គម​លោក នី ណាក់, ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា, អតីត​ក្រុមប្រឹក្សា​ឃុំ​លោក ចៅ វាសនា, សកម្មជន​នយោបាយ​លោក មី សេងហ៊, អ្នក​សារព័ត៌មាន​លោក សឿ សុជា និង​សកម្មជន​នយោបាយ​លោក កង សារ៉ន ដែល​សុទ្ធតែ​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ចំនួន​ពីរ​លើក​ដូច​គ្នា និង​បន្ត​ឃុំ​ខ្លួន​រហូត​ដល់​សព្វថ្ងៃ​នេះ។

ចំណែកឯ​លោក ប្រាក់ ឈុន, លោក ឆេង សារិន, លោក ស៊ុន ចន្ធី, លោក ម៉ម រិទ្ធី, លោក គង់ ថារិទ្ធិ, លោក សាន សឿន, លោក ស្រ៊ី មាន, លោក យិន ភាន, លោក គឹម ថាមុនី, លោក អ៊ុំ វីរៈរដ្ឋ, លោក ឯក បេន និង​លោក ជា ចាន់ ជាដើម សុទ្ធតែ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​សព្វថ្ងៃ​នេះ ដែល​ជា​ការ​ឃុំ​ខ្លួន​លើកដំបូង​ដូច​គ្នា។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២៤ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើង​ថា បើ​ប្រទេស​លោក​សេរី​អនុវត្ត​ច្បាប់​បាន ប្រទេស​កម្ពុជា​ក៏​មាន​សិទ្ធិ​អនុវត្ត​ច្បាប់​ដូច​គ្នា​ដែរ ដូច្នេះ​រដ្ឋ​បរទេស​មួយ​ចំនួន​គួរតែ​ណែនាំ​អ្នក​ប្រព្រឹត្ត​ល្មើស​ច្បាប់ ឱ្យ​ឈប់​ធ្វើ​ខុស​ច្បាប់​ទៀត​ទៅ ជាជាង​មក​ហាម​រដ្ឋាភិបាល​កម្ពុជា​មិន​ឱ្យ​អនុវត្ត​ច្បាប់។

ទោះជា​យ៉ាងណា​ក៏ដោយ ក្នុង​កិច្ចប្រជុំ​ដំណើរការ​ពិនិត្យ​ជា​សកល​តាម​កាលកំណត់ (UNPR) របស់​អង្គការ​សហប្រជាជាតិ ក្នុង​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២៤ បណ្ដា​ប្រទេស​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​ជាច្រើន​នៅ​លើ​ពិភពលោក បាន​រិះគន់​លើ​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​ជុំវិញ​ការ​រំលោភ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។

បណ្តា​ប្រទេស​ដែល​ចូលរួម​កិច្ចប្រជុំ​នោះ ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​ដោះលែង​អ្នកទោស​នយោបាយ និង​អ្នកទោស​មនសិការ ជាពិសេស​លោក កឹម សុខា ជាដើម ដើម្បី​លើកស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ។

សេចក្តី​រាយការណ៍​ស្ដីពី​នីតិរដ្ឋ​ឆ្នាំ​២០២៣ នៃ​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​ដាក់​ចំណាត់ថ្នាក់​លេខ​១៤១ ក្នុង​ចំណោម​ប្រទេស ១៤២ ដល់​កម្ពុជា ដោយសារតែ​គេ​រក​ឃើញ​ពី​ការ​ដឹកនាំ​គ្មាន​តម្លាភាព ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ ជាដើម។

រីឯ​សេចក្តី​រាយការណ៍​ពី​អង្គការ Global Organized Crime Index វិញ ពី​ឆ្នាំ​២០២១-២០២៣ ពិន្ទុ​អំពី​ឧក្រិដ្ឋកម្ម​ទូទៅ​ក្នុង​ប្រទេស​កម្ពុជា ពី ១-១០ ឬ​ពី​ល្អ​ទៅ​អាក្រក់ ស្រុក​ខ្មែរ​បាន​ពិន្ទុ​ជិត ៧ (៦,៨៥) ដែល​ជា​ពិន្ទុ​អាក្រក់ ជា​សង្គម​មាន​អត្រា​ឧក្រិដ្ឋកម្ម​ខ្ពស់៕

© 2024, . All rights reserved.