25 C
Phnom Penh

វៀតណាម​បញ្ជាក់​ជំហរ​ឡើង​វិញ​ថា​សហរដ្ឋ​អាមេរិក​នៅតែ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ដែល​បុរស​ខ្លាំង​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដឹកនាំ​ប្រតិភូ​ត្រឡប់​ទៅ​ប្រទេស​រុស្ស៊ី វិញ រដ្ឋាភិបាល​ប្រទេស​វៀតណាម បាន​លើកឡើង​ពី​ចំណង​ទាក់ទង​យុទ្ធសាស្ត្រ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ដោយ​បញ្ជាក់​ថា ចំណង​ទាក់ទង​ទ្វេភាគី​រវាង​ក្រុង​ហាណូយ និង​ក្រុង​វ៉ាស៊ីនតោន នៅតែ​រឹងមាំ និង​គ្រប់​ជ្រុងជ្រោយ ជាពិសេស​វិស័យ​ពាណិជ្ជកម្ម និង​សន្តិសុខ​តំបន់។

ការ​បញ្ជាក់​ជំហរ​របស់​វៀតណាម ធ្វើឡើង​ជា​ការ​ឆ្លើយតប​នឹង​មជ្ឈដ្ឋាន​អ្នកវិភាគ​មួយ​ចំនួន​ថា វៀតណាម​អាច​ទន់ជ្រាយ ហើយ​ងាក​ខ្លាំង​ទៅ​រក​រុស្ស៊ី វិញ ព្រោះ​លោក ពូទីន ដែល​មក​រក​វៀតណាម ផ្ទាល់ គឺជា​ការ​ទាញ​វៀតណាម ចេញពី​សហរដ្ឋ​អាមេរិក និង​ពួក​បស្ចិម​ប្រទេស។

កាលពី​ថ្ងៃ​សុក្រ ទី​២១ ខែ​មិថុនា រដ្ឋមន្ត្រី​ការបរទេស​វៀតណាម លោក Bui Thanh Son និង​អនុរដ្ឋមន្ត្រី​សហរដ្ឋ​អាមេរិក Daniel Kritenbrik បាន​ជួប​គ្នា​នៅ​ក្រុង​ហាណូយ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​របស់​វៀតណាម បាន​រាយការណ៍​ថា ក្នុង​ជំនួប​នោះ​លោក Thanh Son បាន​សម្ដែង​ការ​អរគុណ​ចំពោះ​បដិសណ្ឋារកិច្ច​របស់​អាមេរិក ផ្ដល់​ជូន​លោក​យ៉ាង​កក់ក្ដៅ​នៅ​ពេល​លោក​ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​វ៉ាស៊ីនតោន កាលពី​ខែ​មីនា។

សហរដ្ឋ​អាមេរិក និង​វៀតណាម បាន​បង្ហាញ​សញ្ញា​ថា ទំនាក់ទំនង​ទ្វេភាគី​មាន​ភាព​ស្អិតល្មួត​ជាង​ឆ្នាំ​មុនៗ​ចាប់តាំងពី​មាន​ការ​បង្កើន​កម្រិត​ទំនាក់ទំនង​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​កន្លង​ទៅ ឱ្យ​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ក្រោម​រដ្ឋការ​ដឹកនាំ​របស់​លោក ចូ បៃដិន។

ភាព​រឹងមាំ​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​នៃ​អតីត​សត្រូវ​នៃ​សង្គ្រាម​ត្រជាក់ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ទប់ទល់​នឹង​ការ​រីកសាយ​ឥទ្ធិពល​ចិន នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ក្រុង​ប៉េកាំង និង​ក្រុង​ហាណូយ ចុះថយ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​តាំងពី​ឆ្នាំ​២០១៣ ដោយសារ​ជម្លោះ​ដែនសមុទ្រ​ចិន​ខាងត្បូង ហើយ​វៀតណាម ក៏​ចាប់ផ្ដើម​ថយ​ភាព​ស្អិតល្មួត​ជាមួយ​នឹង​រុស្ស៊ី ផង​ដែរ។

ភាគី​សហរដ្ឋ​អាមេរិក បាន​ឱ្យ​ដឹង​ថា ជំនួប​នេះ​ធ្វើឡើង​ដើម្បី​បន្ត​ការ​គាំទ្រ​ដល់​ទំនាក់ទំនង​ដែល​ប្រទេស​ទាំង​ពីរ​នេះ​មាន​ស្រាប់ ប៉ុន្តែ​ចំពោះ​ការ​ពាក់ព័ន្ធ​នឹង​អធិបតេយ្យភាព គឺជា​ការ​សម្រេច​ចិត្ត​របស់​វៀតណាម ក្នុង​ការ​ធ្វើ​ដូចម្ដេច​ដើម្បី​ធានា​អត្ថប្រយោជន៍​ផង និង​បូរណភាព​ទឹកដី​ពួកគេ​ផង។

ជុំវិញ​ទំនាក់ទំនង​ជាមួយ​នឹង​រុស្ស៊ី អ្នក​នាំពាក្យ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Matthew Miller បាន​លើកឡើង​ថា វៀតណាម មាន​ទំនាក់ទំនង​ល្អ​យូរអង្វែង​ជាមួយ​នឹង​រុស្ស៊ី។ ដូច្នេះ​ការ​រំពឹង​របស់​ក្រុង​វ៉ាស៊ីនតោន គឺ​ថា​នៅ​ពេល​វៀតណាម មាន​កិច្ចសន្ទនា​ជាមួយ​នឹង​រុស្ស៊ី សង្ឃឹម​ថា​ពួកគេ​នឹង​ធ្វើ​វា​ឡើង​ស្រប​តាម​គោលការណ៍​ទាំងឡាយ​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ។

យ៉ាងណា លោក​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម Thanh Son បាន​បញ្ជាក់​ថា វៀតណាម​តែងតែ​ចាត់ទុក​សហរដ្ឋ​អាមេរិក ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​មាន​សារសំខាន់ ហើយ​មាន​ឆន្ទៈ​ជាមួយ​គ្នា​ក្នុង​ការ​លើក​តម្លៃ​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដែល​ក្នុង​នោះ​មាន​ទាំង​ការ​គោរព​អធិបតេយ្យភាព ឯករាជភាព បូរណភាព​ទឹកដី និង​ស្ថាប័ន​នយោបាយ ដែល​ជា​ការ​ផ្ដល់​ផល​ប្រយោជន៍​សម្រាប់​ប្រជាជន​ទាំង​ពីរ​ប្រទេស គឺ​សន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និង​អភិវឌ្ឍ​នៅ​ក្នុង​តំបន់។

លោក Thanh Son ក៏​បាន​បញ្ជាក់​ឡើងវិញ​ទៀត​ក្នុង​ការ​គាំទ្រ​សហរដ្ឋ​អាមេរិក ក្នុង​គោលដៅ​ពង្រឹង​សហប្រតិបត្តិការ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ប្រកប​ដោយ​សន្តិភាព ស្ថិរភាព កិច្ច​សហប្រតិបត្តិការ ហើយ​ជួយ​ធ្វើ​ឱ្យ​ពិភពលោក​មាន​ស្ថិរភាព​ផង​ដែរ។

បើ​និយាយ​រួម​ទៅ វៀតណាម​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​សហរដ្ឋ​អាមេរិក មាន​បី​កត្តា គឺ​ភាព​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ។

វៀតណាម និង​សហរដ្ឋ​អាមេរិក ពង្រីក​ដៃគូ​ពាណិជ្ជកម្ម​ហក់​ឡើង​យ៉ាង​ខ្លាំង​រហូត​វៀតណាម ទទួល​បាន​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហរដ្ឋ​អាមេរិក​ទៀត​ផង។

ក្នុង​ការ​វិវឌ្ឍ​នេះ បាន​នាំ​ឱ្យ​ទំហំ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក និង​វៀតណាម ហក់​ឡើង​ដល់​កម្រិត​កំពូល​មាន​ទំហំ ១១១​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៣ បើ​ធៀប​នឹង​រុស្ស៊ី គឺ​មាន​តែ ៣៦០០​លាន​ដុល្លារ​ប៉ុណ្ណោះ។ វៀតណាម បាន​ហៅ​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​សហរដ្ឋ​អាមេរិក​ថា​មាន​ភាព​រឹងមាំ និង​គ្រប់​ជ្រុងជ្រោយ។

សម្រាប់​វៀតណាម ត្រូវ​បាន​ប្រទេស​មហាអំណាច​ទាំង​បី សហរដ្ឋ​អាមេរិក ចិន និង​រុស្ស៊ី ដំឡើង​ឋានៈ​ដូចៗ​គ្នា​ជា​ប្រទេស​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ។

ចំពោះ​ក្រុង​មូស្គូ ទំនាក់ទំនង​ដែល​មាន​នឹង​វៀតណាម គឺ​ផ្ដោត​លើ​ការ​ផ្គត់ផ្គង់​សព្វាវុធ​អស់​រយៈពេល​ច្រើន​ទសវត្ស​មក​ហើយ ជាពិសេស​នៅ​ក្នុង​ពេល​វៀតណាម ធ្លាក់​ក្នុង​ការ​បែកបាក់​មាន​វៀតណាម​ខាងជើង និង​ត្បូង។

វៀតណាម​ខាងជើង ត្រូវការ​កម្លាំង​គាំទ្រ​ពី​សហភាព​សូវៀត ដើម្បី​ប្រយុទ្ធ​នឹង​វៀតណាម​ខាងត្បូង ដែល​សហរដ្ឋ​អាមេរិក​នៅ​ពីក្រោយ។ វៀតណាម​ត្រូវការ​ជំនួយ​យោធា​ពី​សហភាព​សូវៀត ក្នុង​សង្គ្រាម​វៀតណាម ពី​ឆ្នាំ​១៩៥៥ ដល់​ឆ្នាំ​១៩៧៥ ដែរ។

ចំពោះ​ទស្សនកិច្ច​ដ៏​កម្រ​របស់​មេដឹកនាំ​រុស្ស៊ី ទៅ​កាន់​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​២០ មិថុនា ត្រូវ​គេ​ដឹង​ថា ភាគី​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាច្រើន រួម​មាន​វិស័យ​នាំចេញ​ប្រេងឥន្ធនៈ និង​ឧស្ម័ន​ធម្មជាតិ។ ព្រម​ជាមួយ​គ្នា​នេះ ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ជីក​យក​រ៉ែ និង​ឧស្ម័ន​ធម្មជាតិ បច្ចេកវិទ្យា​បៃតង និង​វិទ្យាសាស្ត្រ ការ​អប់រំ។

តាម​ប្រសាសន៍​របស់​ថ្នាក់ដឹកនាំ​វៀតណាម នៅ​ចំពោះ​មុខ​វត្តមាន​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅ​ក្រុង​ហាណូយ ប្រទេស​ទាំង​ពីរ គឺ​វៀតណាម និង​រុស្ស៊ី ក៏​បាន​ពិភាក្សា​ពី​បញ្ហា​អន្តរជាតិ​នៃ​អត្ថប្រយោជន៍​ទៅវិញ​ទៅមក​ដែល​មាន​ជាមួយ​គ្នា និង​ការ​ព្រមព្រៀង​លើ​សារសំខាន់​នៃ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ផ្អែក​លើ​មូលដ្ឋាន​នៃ​ការ​អនុលោម​តាម​ធម្មនុញ្ញ​នៃ​ច្បាប់​អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ។

តាម​ការ​ពិភាក្សា​នេះ គឺ​សំដៅ​ទៅ​លើ​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​អះអាង​ថា​ដែនទឹក​សឹងតែ​ទាំងអស់​ជា​របស់​ប្រទេស​ចិន និង​បាន​ទប់ស្កាត់​ប្រទេស​នានា​ដែល​អះអាង​ថា​មាន​ដែនទឹក​ត្រួត​គ្នា រួម​មាន ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ហើយ​ចុងក្រោយ​មាន​ឥណ្ឌូនេស៊ី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស