31 C
Phnom Penh

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​តុលាការ​អនុវត្ត​ច្បាប់​លើ​ឃាតករ​ឈ្មោះ ស្រី ស៊ីណា ដោយ​គ្មាន​ការ​អន្តរាគមន៍​ណា​មួយ​ដាច់ខាត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ស្ថាប័ន​តុលាការ​យកចិត្ត​ទុកដាក់​អនុវត្ត​ច្បាប់​លើ​សំណុំរឿង​ឃាតកម្ម​របស់​អតីត​ឧកញ៉ា ស្រី ស៊ីណា ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ផ្លូវច្បាប់​ជា​ធរមាន ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​ក្រុម​គ្រួសារ ដោយ​គ្មាន​ការ​អន្តរាគមន៍​ណា​មួយ​ជា​ដាច់ខាត។

លោក ហ៊ុន ម៉ាណែត បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ មិថុនា នេះ​ថា ក្រោយ​ថ្ងៃ​ឃាតកម្ម​ដែល​បង្ក​ឡើង​ដោយ​អតីត​ឧកញ៉ា ស្រី ស៊ីណា មាន​ការ​ជជែក​វែកញែក​គ្នា​យ៉ាង​ច្រើន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​កាត់ទោស​ជនល្មើស​នៅ​ក្នុង​ករណី​បាញ់​ប្រហារ​នេះ ក្នុង​នោះ​មាន​ការ​បង្ហាញ​ក្តី​កង្វល់ និង​បារម្ភ​ខ្លាច​ជនល្មើស​ពុំ​ត្រូវ​បាន​ផ្ដន្ទាទោស​ឱ្យ​បាន​ម៉ឺងម៉ាត់​តាម​ផ្លូវច្បាប់ ឬ​អាច​មាន​ការ​ធានា​ឱ្យ​នៅ​ក្រៅ​ឃុំ​ដោយ​មិន​ប្រក្រតី​ណា​មួយ ជាដើម។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា រាជរដ្ឋាភិបាល​ថ្មី​របស់​លោក​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ជា​អាទិភាព​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​នីតិរដ្ឋ ជាពិសេស​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ដើម្បី​ធានា​ថែរក្សា​សន្តិសុខ​សាធារណៈ និង​សណ្ដាប់ធ្នាប់​សង្គម ក៏ដូចជា​ការ​ដោះស្រាយ​បញ្ហា​នានា​នៅ​ក្នុង​សង្គម​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​ស្រប​តាម​ច្បាប់​ជា​ធរមាន។

លោក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ជឿ​ទុកចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ក្នុង​ការ​ចាត់ការ និង​ដោះស្រាយ​ផ្តល់​យុត្តិធម៌​ចំពោះ​ករណី​នេះ ព្រោះ​ថា​រដ្ឋាភិបាល​មាន​ការ​ពង្រឹង​ទំនួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​របស់​ជនល្មើស និង​ការ​អនុវត្ត​ច្បាប់​តឹងរ៉ឹង​លើ​ជន​ប្រព្រឹត្ត​បទល្មើស​ជាទីបំផុត ជាពិសេស​ជន​ដែល​បង្ក​ឱ្យ​បាត់បង់​អាយុ​ជីវិត​អ្នក​ដទៃ។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​ប្រជាពលរដ្ឋ​បាន​លើកឡើង​ព្រោងព្រាត​ពី​ករណី​ឃាតកម្ម​ដែល​បង្ក​ឡើង​ដោយ​ឧកញ៉ា ស្រី ស៊ីណា បន្ទាប់ពី​តុលាការ​មិន​ទាន់​ចោទប្រកាន់​ឃាតករ​រូប​នេះ​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ទៅ​តាម​ភស្តុតាង​ដែល​មាន​ក្នុង​វីដេអូ​បែកធ្លាយ​កន្លង​ទៅ។

កាលពី​ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០២៤ ជន​ដៃ​ដល់​ឈ្មោះ ស្រី ស៊ីណា បាន​បាញ់​សម្លាប់​គូដណ្ដឹង​មួយ​គូ​នៅ​ក្នុង​ផ្ទះ ដែល​ស្ថិត​ក្នុង​បុរី ប៉េងហួត បឹងស្នោ គម្រោង​ទី​៧ ក្នុង​ភូមិ​បឹងឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​បង្ក​របួស​ស្នាម​ដល់​ជនរងគ្រោះ ២​នាក់​ផ្សេង​ទៀត​ផង​ដែរ។

ក្រោយ​ឃាតកម្ម​ដែល​តុលាការ​បាន​សម្រេច​ចោទប្រកាន់​កន្លង​មក​មាន ៣​ករណី គឺ​បទ​ឃាតកម្ម, ប៉ុនប៉ង​ឃាតកម្ម និង​បទ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់ ដែល​អាច​ឱ្យ​ឃាតករ​រូប​នេះ​ជាប់​ពន្ធនាគារ​ចាប់ពី ១០​ឆ្នាំ​ទៅ ១៥​ឆ្នាំ ប៉ុន្តែ​ការ​សម្រេច​នេះ​ធ្វើ​ឱ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ប្រតិកម្ម​យ៉ាង​ខ្លាំង ដោយ​ចាត់ទុក​ថា​ការ​សម្រេច​របស់​តុលាការ​ជា​ការ​សម្រេច​ប្រាសចាក​នីតិវិធី​ច្បាប់ និង​មាន​ភាព​មិន​ប្រក្រតី។

តាម​ការ​ស៊ើបអង្កេត អ្នក​នាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ពន្យល់​ថា តាម​ការ​ស្រាវជ្រាវ តុលាការ​សម្រេច​បែងចែក​ករណី​ខាងលើ​ជា ២​សំណុំរឿង។ សំណុំរឿង​ទី​១ ជន​សង្ស័យ ស្រី ស៊ីណា បាន​ប្រព្រឹត្ត​អំពើ​បាញ់​ប្រហារ​បណ្ដាល​ឱ្យ​ជនរងគ្រោះ ២​នាក់​បាន​ស្លាប់ ដោយ​បាន​ធ្វើការ​ចោទប្រកាន់​ពី​បទ ឃាតកម្ម និង​បទ​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​២០ នៃ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ និង​គ្រាប់រំសេវ។

មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ចែង​ថា អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា ដែល​មិន​បាន​គិត​ទុក​ជា​មុន ត្រូវ​ផ្ដន្ទាទោស​ពី ១០​ឆ្នាំ​ទៅ ១៥​ឆ្នាំ។

ចំណែក​សំណុំរឿង​ទី​២ ជនសង្ស័យ ស្រី ស៊ីណា បាន​ប្រព្រឹត្ត​អំពើ​បាញ់​ប្រហារ​បណ្តាល​ឱ្យ​ជនរងគ្រោះ ២​នាក់​រង​របួស។ ករណី​នេះ តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់​ជន​នេះ​ពី​បទ ប៉ុនប៉ង​ឃាតកម្ម និង​បទ​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត តាម​មាត្រា​២៧ និង​មាត្រា​២០ នៃ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ និង​គ្រាប់​រំសេវ។ បទ​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ​ទៅ ២​ឆ្នាំ។

ក្រោយ​ការ​សម្រេច​របស់​តុលាការ ក៏​មាន​វីដេអូ​មួយ​ត្រូវ​បាន​គេ​ទម្លាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ព្រោងព្រាត ដែល​បាន​បង្ហាញ​ពី​ទង្វើ​ឃោរឃៅ​របស់​ជន​ដៃ​ដល់ ស្រី ស៊ីណា ដែល​ធ្វើ​សកម្មភាព​បាញ់​សម្លាប់​ជនរងគ្រោះ។ សកម្មភាព​នៃ​ឃាតកម្ម​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ត្រៀម​ទុក​របស់​ជន​ដៃ​ដល់ មុន​នឹង​ឈាន​ទៅ​ដល់​ការ​បាញ់​សម្លាប់​នេះ។

ជុំវិញ​ការ​កាត់ក្តី​របស់​តុលាការ​លើ​សំណុំរឿង​អតីត​ឧកញ៉ា ស្រី ស៊ីណា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​សម្រេច​របស់​តុលាការ​ហាក់​មិន​សម​ទំនង​ដែល​ចោទប្រកាន់​ជន​ដៃ​ដល់ ស្រី ស៊ីណា ឱ្យ​ជាប់​គុក​យ៉ាង​ច្រើន ១៥​ឆ្នាំ ក្នុង​អំពើ​ឃាតកម្ម​ដ៏​កក្រើក​មួយ​នេះ។

លោក អ៊ុំ សំអាន លើកឡើង​ថា ការ​បាញ់​មនុស្ស​ស្លាប់ ២​នាក់ គួរតែ​ដាក់​គុក​អស់​មួយ​ជីវិត មិនមែន​ជាប់​គុក​យ៉ាង​ច្រើន ១៥​ឆ្នាំ​នោះ​ទេ។

ជុំវិញ​បញ្ហា​នេះ អគ្គនាយក​កាសែត​ដើម​អម្ពិល លោក សយ សុភាព បាន​លើកឡើង​កាលពី​ថ្ងៃទី​២៤ ខែ​មិថុនា ដោយ​ស្នើ​ឱ្យ​ក្រសួង​មហាផ្ទៃ ប្រធាន​មន្ទីរពេទ្យ​រុស្ស៊ី ឬ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ក្រសួង​សុខាភិបាល ក្រសួង​យុត្តិធម៌ និង​មន្ត្រី​ពន្ធនាគារ ជាដើម កុំ​អនុញ្ញាត​ឱ្យ​ឃាតករ ស្រី ស៊ីណា គេចវេះ​ពី​ការ​ជាប់​ពន្ធនាគារ​ទៅ​ស្នាក់នៅ​មន្ទីរពេទ្យ​រុស្ស៊ី ឱ្យ​សោះ ដើម្បី​កុំ​ឱ្យ​ជនល្មើស​យក​មន្ទីរពេទ្យ​រុស្ស៊ី ជា​មណ្ឌល​កែប្រែ​ព្រៃស​ដូច​អ្នកទោស​មុនៗ​បន្ត​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស