អ្នកសង្កេតការណ៍លើកឡើងថា ការដាក់ចំណាត់ថ្នាក់ទីក្រុងភ្នំពេញ ឱ្យជាប់លេខ២ ក្នុងតំបន់អាស៊ានជាទីក្រុងដែលមានការចំណាយខ្ពស់ក្នុងការរស់នៅ មិនទាន់អាចចាត់ទុកថាជាការវាយតម្លៃដែលមានមូលដ្ឋានជាក់លាក់ក្នុងការឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនៃការរស់នៅរបស់ពលរដ្ឋក្នុងទីក្រុងភ្នំពេញ បានទាំងស្រុងនៅឡើយទេ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ មិថុនា នេះថា លោកមិនដឹងថាតើការស្រាវជ្រាវរបស់ស្ថាប័ន Mercer ធ្វើឡើងក្នុងលក្ខខណ្ឌបែបណានោះទេ ហើយក៏មិនដឹងថា តើស្ថាប័ននេះបានចុះស្រាវជ្រាវដោយផ្ទាល់ ឬគ្រាន់តែប្រមូលទិន្នន័យតាមរយៈការផ្សព្វផ្សាយរបស់ហាងមួយចំនួនដែលមានសាខានៅកម្ពុជា ឬពួកគេបានចុះស្រាវជ្រាវដោយផ្ទាល់នោះដែរ។
លោក សេក សុជាតិ លើកឡើងថា របាយការណ៍របស់ស្ថាប័ននេះ បើគ្រាន់តែប្រមូលព័ត៌មានពីការផ្សព្វផ្សាយរបស់ហាងធំៗ ទំនើបៗ ដែលជាសាខាមកពីបរទេស គឺពិតជាអាចឆ្លុះបញ្ចាំងពីការចំណាយរបស់ប្រជាជនក្នុងទីក្រុងភ្នំពេញប្រាកដមែន ប៉ុន្តែបើរបាយការណ៍នេះបូកបញ្ចូលទាំងហាងតូចៗដែរនោះ លទ្ធផលនៃការវាយតម្លៃអាចនឹងមានការប្រែប្រួល។ លោកបន្តថា ការដាក់ចំណាត់ថ្នាក់ទីក្រុងភ្នំពេញ ឱ្យជាប់លេខ២ ក្នុងតំបន់អាស៊ានជាទីក្រុងដែលមានការចំណាយខ្ពស់ក្នុងការរស់នៅ ក៏អាចនឹងធ្លាក់ចុះដែរ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះបញ្ជាក់ថា ការចាយវាយនៅតាមហាងល្បីៗ ធំៗ ក្នុងទីក្រុងភ្នំពេញ ជាទូទៅច្រើនតែអ្នកដែលប្រកបអាជីវកម្ម និងអ្នកធ្វើការងារតាមស្ថាប័នផ្សេងៗ ដែលច្រើនតែយកហាងល្បីៗទាំងនោះជាទីតាំងពិភាក្សាការងារ និងមុខរបររបស់ពួកគេ ដូចជា ហាងកាហ្វេ ជាដើម ខណៈតម្លៃទំនិញក្នុងហាងទាំងនោះគឺមានតម្លៃថ្លៃ ដូច្នេះបើធ្វើការប្រៀបធៀបជាមួយប្រទេសដទៃ គឺអាចបញ្ជាក់បានថា ប្រជាជនក្នុងទីក្រុងភ្នំពេញ ពិតជាចំណាយថ្លៃខ្ពស់ប្រាកដមែន។
លោក សេក សុជាតិ បញ្ជាក់ថា ការចាយវាយរបស់អ្នកទាំងនោះមិនមែនដោយសារពួកគេមានកម្រិតជីវភាពរហូតប្រើប្រាស់ទំនិញក្នុងហាងទាំងនោះសម្រាប់ជីវភាពប្រចាំថ្ងៃនោះទេ ប៉ុន្តែសម្រាប់តែការងារ និងការជួបជុំក្នុងមុខរបររកស៊ីប៉ុណ្ណោះ ចំណែកការចាយវាយលើជីវភាពប្រចាំថ្ងៃ ពួកគេប្រើប្រាស់ទំនិញនៅតាមហាងតូចតាចធម្មតាច្រើនជាង។
កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ស្ថាប័នស្រាវជ្រាវ Mercer បានចេញរបាយការណ៍មួយឈ្មោះ Mercer’s Cost of Living City Ranking 2024 ដោយបង្ហាញថា ទីក្រុងភ្នំពេញជាប់ចំណាត់ថ្នាក់ទី២ នៅក្នុងតំបន់អាស៊ានជាទីក្រុងមានការចំណាយខ្ពស់សម្រាប់ការរស់នៅ ខណៈប្រទេសសិង្ហបុរី ជាប់លេខ១ និងទីក្រុងបាងកក ជាប់លេខ៣។
ចំណែកទីក្រុងម៉ានីល របស់ហ្វីលីពីន ជាប់លេខ៤ ទីក្រុងហ្សាកាតា របស់ឥណ្ឌូនេស៊ី ជាប់លេខ៥ ទីក្រុងហាណូយ របស់វៀតណាម ជាប់លេខ៦ ទីក្រុងយ៉ាងហ្គូន របស់មីយ៉ាន់ម៉ា ជាប់លេខ៧ និងទីក្រុងវៀងចន្ទន៍ របស់ឡាវ ជាប់លេខ៨ ដោយឡែកប្រទេសប្រ៊ុយណេ មិនស្ថិតនៅក្នុងការស្រាវជ្រាវនេះទេ។
ទាក់ទិននឹងបញ្ហានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ធ្លាប់បានបង្ហាញសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ កាលពីពេលថ្មីៗនេះថា ក្នុងឆ្នាំ២០២៤ ពលរដ្ឋខ្មែរម្នាក់អាចរកចំណូលជាមធ្យមបានប្រមាណជាង ២ពាន់ដុល្លារអាមេរិក (២០៧១ដុល្លារ) ក្នុងមួយឆ្នាំ ឬជាង ១៦៨ដុល្លារប៉ុណ្ណោះក្នុងមួយខែ ដែលតួលេខនេះបង្ហាញថា ប្រាក់ចំណូលរបស់ពលរដ្ឋខ្មែរ គឺទាបជាងគេក្នុងចំណោមប្រទេសនៅតំបន់អាស៊ាន លើកលែងតែប្រទេសភូមា មួយប៉ុណ្ណោះ។
ក្រុមអ្នកឃ្លាំមើលលើកឡើងថា កម្ពុជាគឺជាប្រទេសដែលមានចំណាត់ថ្នាក់ទាបជាងប្រទេសដទៃស្ទើរតែគ្រប់ផ្នែក ដូចជាឆ្នាំ២០២៤ នេះ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៨ នៅក្នុងតំបន់អាស៊ានលើចំណូលប្រចាំឆ្នាំរបស់ពលរដ្ឋម្នាក់ៗ ដែលចំណាត់ថ្នាក់នេះស្ថិតលើតែប្រទេសឡាវ ប្រទេសទីម័រ និងប្រទេសភូមា ប៉ុណ្ណោះ។
ជាងនេះទៀត ចំណាត់ថ្នាក់ស្ដីពីប្រជាជនមានជំងឺផ្លូវចិត្តក្នុងឆ្នាំ២០២៣ កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងតំបន់អាស៊ាន ចំណែកចំណាត់ថ្នាក់ស្ដីពីសុភមង្គលក្នុងឆ្នាំ២០២៣ កម្ពុជាធ្លាក់ទៅដល់បាតតារាង។ ជាងនេះទៅទៀត កម្ពុជាក៏បានធ្លាក់ទៅក្នុងកម្រិតទាបក្នុងចំណោមប្រទេសដែលមានសូចនាករអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងតំបន់អាស៊ានផងដែរ។
លើសពីនេះ កម្ពុជាក៏ជាប្រទេសដែលមានចំណាត់ថ្នាក់ក្រោមគេលើផ្នែកសុខុមឌីជីថលក្នុងចំណោម ៨ប្រទេសផ្សេងទៀតនៅតំបន់អាស៊ានដែរ ប៉ុន្តែបែរជាជាប់ឈ្មោះជាប្រទេសដែលមានចំណាត់ថ្នាក់លេខ២ ខាងល្បែងអនឡាញច្រើនជាងគេនៅក្នុងតំបន់អាស៊ានទៅវិញ។
ទិន្នន័យសង្គមស៊ីវិល បង្ហាញថា នៅចុងឆ្នាំ២០២៣ កម្ចីមីក្រូហិរញ្ញវត្ថុរបស់ពលរដ្ឋខ្មែរបានហក់ឡើងទៅដល់ប្រមាណ ១៦ពាន់លានដុល្លារអាមេរិក ខណៈទំហំកម្ចី ១៦ពាន់លានដុល្លារអាមេរិកនេះ គឺជាទំហំលើសពីពាក់កណ្តាលផលិតផលក្នុងស្រុក (GDP) របស់ប្រទេសកម្ពុជា ហើយបញ្ហានេះគឺជាសញ្ញានៃការបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាធ្ងន់ធ្ងរទៅថ្ងៃមុខ។
ប្រភពទិន្នន័យដដែលបង្ហាញថា ក្នុងចំណោមពលរដ្ឋខ្មែរសរុប ១៧លាននាក់ គឺមានអ្នកដែលមានគ្រួសារចំនួនជាង ៣លាន ៦សែនគ្រួសារ ខណៈបំណុលដែលកើតចេញពីកម្ចីមីក្រូហិរញ្ញវត្ថុ គឺមានរហូតដល់ទៅ ៣លានកម្ចីឯណោះ ហើយតួលេខនេះបានបង្ហាញថា កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក ដែលបានជំពាក់បំណុលច្រើនជាងគេ៕