កាលពីថ្ងៃពុធ ទី២៦ មិថុនា ប្រទេសជាសមាជិកទាំង ៣២ នៃអង្គការ NATO បានសម្រេចជាឯកច្ឆន្ទតែងតាំងនាយករដ្ឋមន្ត្រីហុឡង់ដ៍ ដែលត្រូវចូលនិវត្តន៍ គឺលោក Mark Rutte ឱ្យធ្វើជាអគ្គលេខាធិការថ្មីរបស់អង្គការយោធាអឺរ៉ុបមួយនេះ។
ទីបញ្ជាការយោធា NATO នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក បានប្រកាសក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមប្រឹក្សាអាត្លង់ទិចខាងជើងដែលជាស្ថាប័នសម្រេចចិត្តចម្បងរបស់អង្គការ NATO បានសម្រេចតែងតាំងលោក Mark Rutte ជាអគ្គលេខាធិការបន្ទាប់ពីបក្សសម្ព័ន្ធយោធាមួយនេះត្រូវរកអ្នកស្នងតំណែងបន្តពីលោក Jens Stoltenberg។
យោងតាមបណ្ដាញផ្សាយព័ត៌មាន Al Jazeera ឯកអគ្គរដ្ឋទូត ៣២ប្រទេសនៃអង្គការយោធា NATO ស្ថិតក្នុងក្រុមប្រឹក្សាអាត្លង់ទិចខាងជើងនៅទីក្រុងព្រុយកន្ទេល បានអនុម័តតែងតាំងលោក Mark Rutte ឱ្យធ្វើជាប្រមុខ NATO តាមអនុសាសន៍របស់ប្រមុខរដ្ឋ និងនាយករដ្ឋមន្ត្រីរបស់ប្រទេសសមាជិក NATO ទាំង ៣២ប្រទេស។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាអាត្លង់ទិចខាងជើង លោក Mark Rutte នឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។
លោក Mark Rutte ត្រូវគេរំពឹងទុកជាមុនថានឹងក្លាយជាមេដឹកនាំយោធា NATO ថ្មី បន្ទាប់ពីគូប្រជែងចុងក្រោយជាមួយនឹងលោក គឺប្រធានាធិបតីរូម៉ានី លោក Klaus Iohannis បានប្រកាសដកខ្លួនកាលពីសប្តាហ៍មុន។
កាលពីឆ្នាំទៅមិញ នៅពេលលោក Jens Stoltenberg ជិតអស់អាណត្តិជាអគ្គលេខាធិការ NATO លោក Mark Rutte ដែលជិតចូលនិវត្តន៍ជានាយករដ្ឋមន្ត្រីប្រទេសហុឡង់ដ៍ ក៏បានប្រកាសថា លោកចង់កាន់តំណែងមេដឹកនាំអង្គការយោធាអឺរ៉ុបមួយនេះ គឺពេលនោះលោកទទួលបានការគាំទ្រភ្លាមៗពីសមាជិកសំខាន់ៗនៃអង្គការ NATO រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ជាដើម។
ចំពោះមេដឹកនាំក្រុមប្រទេសអឺរ៉ុបខាងកើតមួយចំនួន ក៏បានបង្ហាញបំណងរបស់ពួកគេចង់បានមុខតំណែងនេះដែរ ទើបលោក Klaus Iohannis ប្រធានាធិបតីរ៉ូម៉ានី និងអ្នកស្រី Kaja Kallas នាយករដ្ឋមន្ត្រីប្រទេស Estonia បានប្រកាសដាក់ពាក្យប្រកួតប្រជែង តែលោក Klaus Iohannis ដកខ្លួនក្រោយពីដឹងថាប្រទេស Hungary និងសាធារណរដ្ឋ Slovakia បានប្រកាសគាំទ្រលោក Mark Rutte។
ចំណែកអ្នកស្រី Kaja Kallas មិនមានសំឡេងគាំទ្ររឹងមាំនោះទេ។ ទាំងលោក Klaus Iohannis និងអ្នកស្រី Kaja Kallas គឺជាមនុស្សប្រឆាំងនឹងរុស្ស៊ី យ៉ាងខ្លាំងដែលលើកទ័ពធ្វើសង្គ្រាមនៅប្រទេសអ៊ុយក្រែន។
លោក Stoltenberg បានឡើងកាន់តំណែងជាអគ្គលេខាធិការយោធា NATO ដំបូង កាលពីឆ្នាំ២០១៤ ក្រោយតែ ៤ខែប៉ុណ្ណោះបន្ទាប់ពីរុស្ស៊ី បានក្រសោបយកជ្រោយឧបទ្វីបគ្រីមៀ ពីអ៊ុយក្រែន។ អាណត្តិរបស់លោក Stoltenberg នឹងត្រូវបញ្ចប់នៅថ្ងៃទី១ ខែតុលា បន្ទាប់ពីត្រូវបានអូសបន្លាយពេលមួយរយៈ។
លោក Mark Rutte ឡើងកាន់តំណែងមេដឹកនាំយោធា NATO ចំពេលរុស្ស៊ី គំរាមផ្ទុះសង្គ្រាមនឹងក្រុមបស្ចិមប្រទេស។ មានអាយុ ៥៧ឆ្នាំ លោក Mark Rutte បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីហុឡង់ដ៍ កាលពីឆ្នាំ២០១២។ លោកនឹងត្រូវចប់អាណត្តិជានាយករដ្ឋមន្ត្រីហុឡង់ដ៍ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ នេះ។ លោកត្រូវបានគេស្គាល់ថា គឺជាអ្នកនយោបាយអឺរ៉ុបដ៏មានសមត្ថភាព ជាមនុស្សពូកែអូសទាញឲ្យមានការស្រុះស្រួលយោបល់ជុំវិញបញ្ហាដែលត្រូវដោះស្រាយរួមគ្នា។
ក្នុងកាលៈទេសៈនេះ NATO ពិតជាត្រូវការមនុស្សដូចលោក Mark Rutte មានសមត្ថភាពក្នុងការតស៊ូមតិ និងភាពប៉ិនប្រសព្វនៃការប្រមូលមតិរួមគ្នាទប់ទល់ការគំរាមបង្កសង្គ្រាមនុយក្លេអ៊ែរពីសំណាក់ប្រទេសរុស្ស៊ី ដែលដឹកនាំដោយបុរសខ្លាំង វ៉្លាឌីមៀ ពូទីន។
អនាគតមេដឹកនាំ NATO រូបនេះ គឺជាអ្នកចេញមុខគាំទ្រអ៊ុយក្រែន យ៉ាងខ្លាំងក្នុងចំណោមមេដឹកនាំអឺរ៉ុប។ ក្នុងឋានៈជានាយករដ្ឋមន្ត្រីហុឡង់ដ៍ លោក Mark Rutte បានសម្រេចបញ្ជូនយន្តហោះចម្បាំង F-16 ទៅជួយអ៊ុយក្រែន ធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។
មិនតែប៉ុណ្ណោះ លោកបានសម្របសម្រួលប្រទេសជាច្រើនជួយប្រទេសអ៊ុយក្រែន ធ្វើយ៉ាងណាឱ្យទទួលបានយន្តហោះចម្បាំង F-16។
ប្រទេស ៣ ទៀតនៅអឺរ៉ុប គឺប្រទេសដាណឺម៉ាក ប្រទេសបែលហ្សិក និងប្រទេសន័រវែស ក៏បានសម្រេចផ្ដល់ F-16 ទៅឱ្យអ៊ុយក្រែន ដែរ។ សរុប ៤ប្រទេសនេះ នឹងបញ្ជូន F-16 ប្រហែល ៩០គ្រឿងទៅអ៊ុយក្រែន។ គេរំពឹងថា យន្តហោះចម្បាំង F-16 នឹងទៅដល់អ៊ុយក្រែន នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ។
ចំណែកលោក Stoltenberg អតីតនាយករដ្ឋមន្ត្រីប្រទេសន័រវែស ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៣ មានអាយុ ៦៥ឆ្នាំ ក៏ជាមេដឹកនាំអឺរ៉ុបម្នាក់មានបទពិសោធន៍ការទូតខ្លាំង ជាមនុស្សដែលចេញមុខខ្លាំងប្រឆាំងរុស្ស៊ី ឈ្លានពានអ៊ុយក្រែន។
តែក្រុមអ្នកសង្កេតការណ៍ថាលោក Mark Rutte ជាមនុស្សដែលមានឥទ្ធិពលអាចនិយាយសម្របសម្រួលជាមួយនឹងលោក ដូណាល់ ត្រាំ បើលោក ត្រាំ ឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
កាលពីពេលថ្មីៗនេះ លោក ត្រាំ គំរាមបញ្ឈប់ការផ្ដល់ជំនួយយោធាទៅឱ្យអ៊ុយក្រែន ដោយបង្ខំអ៊ុយក្រែន បញ្ឈប់សង្គ្រាម ហើយទៅរកតុចរចាជាមួយរុស្ស៊ី ប្រសិនបើលោកឈ្នះឆ្នោតក្នុងការប្រកួតយកតំណែងពីលោក ចូ បៃដិន៕