ស្ថាប័នបីដែលធ្វើការលើកកម្ពស់សិទ្ធិការងារ លើកឡើងថា របាយការណ៍ស្ដីពីស្ថានភាពសេរីភាពរបស់សហជីពក្នុងប្រទេសកម្ពុជា គឺជាការរំលេចឱ្យឃើញថា តើកម្ពុជាអាចធ្វើបែបណាខ្លះដើម្បីកែលម្អការវាយតម្លៃរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ចំពោះសេរីភាពសហជីពតែប៉ុណ្ណោះ។
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (Central) សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU) និងសហព័ន្ធសហជីពកម្ពុជា (CATU) បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នេះ ដើម្បីស្រាយបំភ្លឺថា ចេតនារបស់ពួកគេគឺដើម្បីជំរុញឱ្យមានការត្រួតពិនិត្យអនុលោមតាមច្បាប់សម្រាប់គ្រប់កម្មករនិយោជិត ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារនៅកម្ពុជាឱ្យកាន់តែល្អប៉ុណ្ណោះ។
ប្រភពដដែលលើកឡើងថា ពួកគេទទួលស្គាល់ថា ទំហំសំណាកនៃរបាយការណ៍នេះនៅមានកម្រិតនៅឡើយ ដូច្នេះពុំមានលក្ខណៈតំណាងឱ្យបទពិសោធន៍ជាក់ស្តែងគ្រប់កម្មករនិយោជិត និងសហជីពទាំងអស់ក្នុងប្រទេសកម្ពុជានោះទេ ហើយរបាយការណ៍នេះក៏គ្រាន់តែជាចំណុចចាប់ផ្តើមនៅក្នុងកម្រងនៃការស្រាវជ្រាវស្ដីពីសិទ្ធិសហជីព និងលក្ខខណ្ឌការងារក្នុងប្រទេសកម្ពុជាដែរ។
ប្រភពខាងលើអះអាងថា ពិតមែនតែរបាយការណ៍នេះនៅមានកម្រិត ប៉ុន្តែវាបានរំលេចឱ្យឃើញនូវភាពមិនស៊ីសង្វាក់គ្នារវាងករណីនានានៃការរំលោភបំពានលើសេរីភាពសហជីព ដែលបានកត់ត្រាទុកក្នុងឯកសារ ប៉ុន្តែបញ្ហាទាំងនេះបែរជាមិនត្រូវបានដាក់បញ្ចូលនៅក្នុងទិន្នន័យសាធារណៈរបស់រោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factories Cambodia) BFC ទៅវិញ។
ស្ថាប័នទាំងបីខាងលើបញ្ជាក់ថា របាយការណ៍នេះពុំមានចេតនាវាយប្រហារភាគីណាមួយ ឬស្ថាប័នណាមួយ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជានោះឡើយ ដូច្នេះការពិភាក្សា និងកិច្ចសន្ទនាគ្រប់ទម្រង់ នឹងត្រូវបានស្វាគមន៍ជានិច្ចពីស្ថាប័នពាក់ព័ន្ធគ្រប់ពេល ក្នុងការបំភ្លឺលើខ្លឹមសាររបាយការណ៍នេះ។
កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ក្រុមសហព័ន្ធសហជីពដែលគេដឹងថាមាននិន្នាការខាងរដ្ឋាភិបាល បានចេញធ្វើកូដកម្មប្រឆាំងទៅនឹងរបាយការណ៍របស់អង្គការសង់ត្រាល់ ដោយចោទថាជារបាយការណ៍បំភ្លៃការពិត និងលាបពណ៌សហជីពនៅកម្ពុជា បន្ទាប់ពីរបាយការណ៍នោះបានចេញផ្សាយកាលពីដើមខែមិថុនា កន្លងទៅ។
ជុំវិញបញ្ហានេះ អង្គការការពារសិទ្ធិពលរដ្ឋ និងសង្គមស៊ីវិល ហៅកាត់ថា CIVICUS បានចេញផ្សាយកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នេះថា ការវាយប្រហារលើអង្គការសង់ត្រាល់ បង្ហាញពីបរិយាកាសគាបសង្កត់សម្រាប់សង្គមស៊ីវិលនៅកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ ជាងនេះទៅទៀត នឹងក្លាយជាបញ្ហាដែលសកម្មជនត្រូវប្រឈមក្នុងការចងក្រងឯកសារ និងរាយការណ៍អំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាផងដែរ។
ប្រភពដដែលបញ្ជាក់ថា CIVICUS ដែលជាសម្ព័ន្ធសង្គមស៊ីវិលពិភពលោក និងវេទិកាអាស៊ីសម្រាប់សិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (FORUM-ASIA) ថ្កោលទោសដាច់អហង្ការចំពោះយុទ្ធនាការយាយី និងលាបពណ៌ប្រឆាំងនឹងក្រុមសិទ្ធិការងារ។
ចំណែកសម្ព័ន្ធសហជីព និងអង្គការក្រៅរដ្ឋាភិបាលដ៏ធំបំផុតមួយដែលមានឈ្មោះថា Clean Clothes Campaign បានអះអាងថា អង្គការសង់ត្រាល់កំពុងស្ថិតក្រោមការគំរាមកំហែងកាន់តែខ្លាំងចាប់តាំងពីចេញផ្សាយរបាយការណ៍ស្រាវជ្រាវនោះមក។
សម្ព័ន្ធសហជីព និងអង្គការក្រៅរដ្ឋាភិបាលដដែលនេះបញ្ជាក់ថា ក្រសួងមហាផ្ទៃទំនងជានឹងធ្វើការស៊ើបអង្កេតលើអង្គការសង់ត្រាល់ក្នុងពេលឆាប់ៗនេះ ដូច្នេះអង្គការ ILO Better Work និងម៉ាកយីហោសមាជិករបស់ខ្លួន គួរតែទាក់ទងទៅរដ្ឋាភិបាលកម្ពុជា និងគូសបញ្ជាក់ថា ការបោះពុម្ពផ្សាយអំពីរបាយការណ៍ការស៊ើបអង្កេតហ្មត់ចត់របស់ស្ថាប័នមួយ មិនមែនជាសកម្មភាពខុសច្បាប់ទេ។
ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានអះអាងកាលពីថ្ងៃទី២៥ មិថុនា នេះថា ក្រសួងមហាផ្ទៃកំពុងពិនិត្យមើលផ្នែកច្បាប់ លក្ខន្តិកៈរបស់អង្គការសមាគម និងសំណូមពរទាំងឡាយដែលតំណាងកម្មករនិយោជិតបានដាក់ញត្តិស្នើសុំការអន្តរាគមន៍ ឱ្យពិនិត្យការអនុវត្តសកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិការបស់អង្គការសង់ត្រាល់៕
© 2024, . All rights reserved.