អតីតកម្មាភិបាលខ្មែរក្រហម លោក ហ៊ុន សែន លើកឡើងថា គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវឧត្តមគតិឈរខាងប្រជាជន ដោយរួមសុខទុក្ខ ដោយហ៊ានធ្វើពលិកម្មឥតរួញរាដើម្បីកម្ពុជាមានសន្តិភាព។
លោក ហ៊ុន សែន លើកឡើងនៅក្នុងពិធីខួបកំណើត ៧៣ឆ្នាំរបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នេះថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏បក្សកាន់អំណាចនៅតែរក្សាខ្ជាប់នូវឧត្តមគតិ កសាង និងការពារប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
លោក ហ៊ុន សែន លើកឡើងថា ក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងគំនរផេះផង់ទៅជាទឹកដីសន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍលើគ្រប់វិស័យ។
លោកអះអាងថា សន្តិភាពដែលសម្រេចបានយ៉ាងលំបាកបំផុតដោយខ្មែរខ្លួនឯងនេះ និងសមិទ្ធផលដ៏ធំធេងនៃការស្ដារ កសាង និងអភិវឌ្ឍសង្គមជាតិ បានបញ្ជាក់ច្បាស់នូវសច្ចធម៌មួយ គឺខ្មែរអាចធ្វើបាននូវអ្វីៗគ្រប់យ៉ាង ឱ្យតែខ្មែរមានសាមគ្គីភាព មានភាពជឿជាក់លើបុព្វហេតុរបស់ខ្លួន ហើយរួមគ្នាដើរទៅមុខលើវិថីមួយដ៏ត្រឹមត្រូវ។
ប៉ុន្តែអតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានលើកឡើងថានៅថ្ងៃទី២៨ មិថុនា នេះថា គណបក្សប្រជាជនកម្ពុជាដែលមានឈ្មោះដើមថា គណបក្សប្រជាជនបដិវត្តន៍កម្ពុជា គឺជាគណបក្សដែលបង្កើតឡើងដោយលោក សឺង ងុកម៉ិញ ជាជនជាតិវៀតណាម។
លោកបន្តថា គណបក្សប្រជាជនបដិវត្តន៍កម្ពុជា ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សឥណ្ឌូចិនរបស់វៀតណាម ដែលមានមេដឹកនាំវៀតណាម លោក ហូ ជី ម៉ិញ។
លោក សម រង្ស៊ី លើកឡើងបន្តថា គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងដើម្បីធ្វើជាសាខារបស់បក្សកុម្មុយនីស្តឥណ្ឌូចិន ក្នុងបំណងត្រួតត្រាប្រទេសកម្ពុជាប៉ុណ្ណោះ។ លោកថា វៀតណាមបានបង្កើតបក្សនេះសម្រាប់ឱ្យវៀតណាម បង្កប់ និងដាក់ឲ្យស្ថិតក្រោមការបង្គាប់បញ្ជារបស់វៀតណាម ក្នុងការត្រួតត្រាទឹកដីខ្មែរដោយប្រើគណបក្សនេះជាខែលតែប៉ុណ្ណោះ។
អតីតមេដឹកនាំប្រឆាំងរូបនេះរៀបរាប់ថា ចាប់តាំងពីឆ្នាំ១៩៥១ ដល់ឆ្នាំ១៩៥៤ គណបក្សប្រជាជនកម្ពុជា បានធ្វើជាខែលលាក់បង្កប់កងទ័ពវៀតណាម វាយប្រហារកងកម្លាំងរាជរដ្ឋាភិបាលខ្មែររបស់សម្តេចព្រះ នរោត្តម សីហនុ នាពេលនោះ។
លោក សម រង្ស៊ី បញ្ជាក់ថា ទោះបីកម្ពុជាទទួលបានឯករាជ្យនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ហើយក៏ដោយ ក៏កងទ័ពវៀតណាម ដែលជ្រកក្រោមស្លាកគណបក្សប្រជាជនកម្ពុជា ជំរុញឱ្យប្រទេសកម្ពុជាបំបែកទឹកដីជាពីរ ដោយមួយផ្នែកប្រគល់ឱ្យរដ្ឋាភិបាលខ្មែរគ្រប់គ្រង និងមួយផ្នែកទៀតគណបក្សនេះជាអ្នកគ្រប់គ្រងដោយមានរដ្ឋាភិបាលវៀតណាម នៅពីក្រោយដែរ។
អ្នកឃ្លាំមើលបញ្ហាព្រំដែន អះអាងថា ក្រោមកិច្ចព្រមព្រៀងខុសច្បាប់ទាំងនេះ រដ្ឋាភិបាលវៀតណាម បានកាត់ឆ្វៀលយកទឹកដីខ្មែរជាច្រើនអន្លើ ដូចជា កោះត្រល់ ចង្កោមកោះក្រចកសេះ ដែនអាកាស ព្រមទាំងដាក់ផ្ទៃសមុទ្រទំហំ ១ម៉ឺនគីឡូម៉ែត្រក្រឡាដែលជាកម្មសិទ្ធិរបស់កម្ពុជា ឲ្យទៅជាដែនទឹករួមគ្នាជាមួយវៀតណាម ថែមទៀត៕