ព្រឹទ្ធាចារ្យចាប៉ីដងវែងកោសល្យវោហារ លោកតា គង់ ណៃ ទទួលអនិច្ចកម្មដោយរោគាពាធក្នុងជន្មាយុ ៨០ឆ្នាំនៅឯងស្រុកកំណើត នៅថ្ងៃសុក្រ ទី២៨ មិថុនា បន្ទាប់ពីសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អស់រយៈពេលជាង ១ខែ។
ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ បានទទួលអនិច្ចធម្មនៅវេលាម៉ោង ១២ និង ៤០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលជាស្រុកកំណើតរបស់លោក ខណៈសពរបស់លោកត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណី។
កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ព្រឹទ្ធាចារ្យ គង់ ណៃ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់ពីលោកមានអាការៈក្តៅខ្លួន និងពិបាកដកដង្ហើម។ ក្រោយការពិនិត្យ បានរកឃើញថា លោកមានមានជំងឺសួត ទឹកនោមផ្អែម និងជំងឺរលាកបំពង់ក។
កាលពីអំឡុងឆ្នាំ២០១៩ លោកតា គង់ ណៃ បានទទួលការព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ក្នុងរាជធានីភ្នំពេញ ម្តងរួចមកហើយ ដែលពេលនោះ វេជ្ជបណ្ឌិតបានរកឃើញថាលោកមានជំងឺសួត។
នាយករដ្ឋមន្ត្រីតពូជថ្មីលោក ហ៊ុន ម៉ាណែត ផ្ញើសាររំលែកទុក្ខក្រុមគ្រួសារព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ នៅថ្ងៃសុក្រ ថា លោកសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារលោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ជាមត៌កមនុស្សរស់ចាប៉ីដងវែង ដែលបានទទួលមរណភាពនៅថ្ងៃនេះ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា មរណភាពរបស់លោកព្រឹទ្ធាចារ្យ គង់ ណៃ គឺជាការបាត់បង់នូវមត៌កមនុស្សរស់នៃសិល្បៈចាប៉ីដងវែង ដែលជាមត៌កសិល្បៈដូនតាខ្មែរបន្សល់ទុកយូរលង់រៀងមក។
លោក ហ៊ុន ម៉ាណែត អះអាងថា លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ថែរក្សា ការពារ ផ្ទេរបន្តនូវចំណេះដឹង និងបន្សល់ស្នាដៃទុកសម្រាប់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ។
ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ កើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៤៤ នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ លោកតា គង់ ណៃ បានរៀបអាពាហ៍ពិពាហ៍ក្នុងវ័យ ១៨ឆ្នាំជាមួយលោកយាយ តាត ឆេន ដែលរស់នៅភូមិស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត និងមានកូនប្រុសស្រីចំនួន ១០នាក់ ប្រុស ៤នាក់ ស្រី ៦នាក់។
ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានធ្លាក់ខ្លួនពិការដោយសារជំងឺអុតធំកាលពីកុមារភាព ប៉ុន្តែលោកបានសិក្សាចាប៉ីដងវែងតាំងពីអាយុ ១៣ឆ្នាំទាំងពិការភ្នែក ពីលោកឪពុកមារបស់លោកឈ្មោះ គង់ ទិត។
រយៈពេល ២ឆ្នាំនៃការសិក្សាចាប៉ី លោកតា គង់ ណៃ បានចាប់ផ្តើមមានកេរ្តិ៍ឈ្មោះតាមរយៈនៃការច្រៀងចម្រៀងចាប៉ីដែលលើកឡើងនូវកំណាព្យបុរាណ ដូចជា កំណាព្យរបស់អ្នកភិរម្យភាសាអ៊ូ ហៅ ង៉ុយ ជាដើម រហូតទទួលងារថា សង្ហាណៃ។
ក្រោយរបបប្រល័យពូជសាសន៍ នៅឆ្នាំ១៩៨២ លោកតា ណៃ ប្រឡងជាប់ផ្នែកចម្រៀងចាប៉ីទទួលបានជ័យលាភីលេខ១ ថ្នាក់ខេត្ត ប៉ុន្តែនៅឆ្នាំ១៩៩១ លោកបានប្រឡងជាប់ជ័យលាភីលេខ១ ផ្នែកចម្រៀងចាប៉ីដងវែងដដែលនៅទូទាំងប្រទេស និងបានក្លាយជាសិល្បករចាប៉ីដងវែងនៅនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រហូតដល់ចូលនិវត្តន៍នៅឆ្នាំ២០០៧។
នៅឆ្នាំ២០០១ លោកទទួលបានវិញ្ញាបនបត្រព្រឹទ្ធាចារ្យវប្បធម៌សិល្បៈខ្មែរ ដោយរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឿងឥស្សរិយយសថ្នាក់មុនីសារាភ័ណ្ឌពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០០២ លោកទទួលបានវិញ្ញាបនបត្រកិត្តិយសវីរសិល្បៈករពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប៉ុន្តែនៅឆ្នាំ២០០៣ លោកបានបំពេញកិច្ចការក្នុងនាមជាព្រឹទ្ធាចារ្យសិល្បៈនៃអង្គការខ្មែរអមតៈ និងបានបង្ហាត់បង្រៀនសិស្សបន្តជាច្រើននាក់។
នៅឆ្នាំ២០០៧ លោកបានទទួលគ្រឿងឥស្សរិយយសពីរដ្ឋាភិបាលម្តងទៀត និងឆ្នាំ២០១២ លោកត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ដល់គោរមងារថ្នាក់ជាតិជាមត៌កមនុស្សរស់ដែលមាននាមថា កោសល្យវោហារ គង់ ណៃ។
នៅឆ្នាំ២០១៧ លោកទទួលបានពានរង្វាន់សិល្បៈ និងវប្បធម៌ ហ្វូ-គុ-អុ-កា (Fukuoka Prize) ជាពានរង្វាន់ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩០ នៅទីក្រុងហ្វូ-គុ-អុ-កា ប្រទេសជប៉ុន ដែលពានរង្វាន់នេះគឺសម្រាប់ផ្តល់ជូនបុគ្គលដែលមានស្នាដៃឆ្នើមក្នុងតំបន់អាស៊ី ពាក់ព័ន្ធផ្នែកអប់រំ សិល្បៈ និងវប្បធម៌ ហើយព្រឹទ្ធាចារ្យ គង់ ណៃ គឺជាបុគ្គលទី៣ របស់កម្ពុជា ដែលបានទទួលពានរង្វាន់នេះ។
ចាប៉ីដងវែង បានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្តូ (UNESCO) កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ៕