30 C
Phnom Penh

អង្គការ​លីកាដូ៖ ពន្ធនាគារ​ជាច្រើន​នៅ​កម្ពុជា​បង្កើត​ឡើង​ដើម្បី​បំបាក់​ស្មារតី​ជន​ជាប់​ឃុំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លើកឡើង​ថា ពន្ធនាគារ​ជាច្រើន​នៅ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បំបាក់​ស្មារតី​ជន​ជាប់​ឃុំ ជាពិសេស​អ្នក​ធ្វើការ​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​នយោបាយ។

ក្នុង​អត្ថបទ​ស្ដីពី​សកម្មជន​មិន​រាងចាល​របស់​អង្គការ​លីកាដូ នៅ​ថ្ងៃទី​០១ ខែ​កក្កដា ឱ្យ​ដឹង​ថា ពន្ធនាគារ​ជាច្រើន​នៅ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើ​ឱ្យ «ជន​ប្រព្រឹត្ត​បទល្មើស» បាក់​ស្មារតី​រាងចាល​ក្នុង​ការ​ប្រព្រឹត្ត ដូចជា កង្វះ​អាហារ​ហូបចុក កង្វះ​ទឹក​ស្អាត និង​ទឹក​មាន​តម្លៃ​ថ្លៃ​កប់​ពពក ជាដើម។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ការ​រឹតត្បិត​ការ​ជួប​អ្នក​ខាងក្រៅ កម្តៅ​ក្តៅ​ខ្លាំង​នៅ​ក្នុង​បន្ទប់ គឺជា​បញ្ហា​ដែល​បន្ត​កើត​មាន​ឡើង​នៅ​ក្នុង​ពន្ធនាគារ។ លើស​ពី​នេះ​ទៀត អត្រា​ផ្ទុក​អ្នកទោស​នៅ​ក្នុង​ពន្ធនាគារ​កើន​ឡើង​លើស ២០០% នៃ​សមត្ថភាព​ផ្ទុក​របស់​ពន្ធនាគារ ហើយ​ពន្ធនាគារ​មួយ​ចំនួន​ផ្ទុក​អ្នកទោស​រហូត​ដល់​ទៅ ៥០០% នៃ​សមត្ថភាព​ផ្ទុក​របស់​ខ្លួន ខណៈ​អតីត​អ្នក​ជាប់​ពន្ធនាគារ​ម្នាក់​បាន​ហៅ​ការ​រស់នៅ​ក្នុង​ពន្ធនាគារ ថា «ដូច​រស់នៅ​ក្នុង​ឋាន​នរក»។

អង្គការ​លីកាដូ​អះអាង​ថា ទោះបីជា​ពន្ធនាគារ​ជា​កន្លែង​ដែល​មាន​ស្ថានភាព​មិន​ល្អ​ខ្លាំង​ក៏ដោយ ក៏​សកម្មជន​នយោបាយ និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ដែល​បន្ត​តស៊ូ​ដើម្បី​យុត្តិធម៌​សង្គម នៅតែ​មាន​ចំនួន​ច្រើន ហើយ​អ្នក​ទាំងនោះ​ធ្លាប់​ជាប់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ម្តង​រួច​មក​ហើយ​ក៏ដោយ។

ប្រភព​ដដែល​បញ្ជាក់​ថា សកម្មជន​នយោបាយ និង​អ្នកគាំទ្រ​បក្ស​ប្រឆាំង​មាន​លោក ហេង ចាន់សុទ្ធី លោក ភុន យុទ្ទ លោក កង សារ៉ន មេដឹកនាំ​សហជីព​កញ្ញា ឈឹម ស៊ីថរ អ្នកជំនាញ​កសិកម្ម​លោក នី ណាក់ និង​សកម្មជន​សិទ្ធិមនុស្ស​លោក កើត សារ៉ាយ ជាដើម ដែល​ពួកគេ​មិន​បោះបង់​ភាព​សកម្ម​និយម​របស់​ខ្លួន ទោះបី​ត្រូវ​បាន​ចាប់​ខ្លួន និង​ធ្លាប់​ជាប់​ក្នុង​ពន្ធនាគារ​ដែល​មាន​ស្ថានភាព​អាក្រក់​យ៉ាងណា​ក៏ដោយ។

អតីត​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ឲ្យ​ដឹង​ថា ទោះបី​អ្នក​ទាំងនោះ​បាន​ដឹង​ច្បាស់​ពី​ស្ថានភាព និង​ហានិភ័យ​នៃ​ការ​ជាប់​ពន្ធនាគារ ពួកគេ​ក៏​នៅតែ​មិន​ខ្លាចរអា និង​នៅតែ​សុខចិត្ត​លះបង់​សេរីភាព​ផ្ទាល់ខ្លួន​ដោយ​សង្ឃឹម​ថា កម្ពុជា​នឹង​មាន​ភាព​ល្អ​ប្រសើរ​ផ្នែក​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ពលរដ្ឋ​ទូទាំង​ប្រទេស។

ប្រភព​ដដែល​អះអាង​ថា រឿងរ៉ាវ​ជាច្រើន​ដែល​កើត​មាន​នៅ​ក្នុង​ពន្ធនាគារ ដូចជា​អ្នក​ជាប់​ឃុំ​ខ្លះ​ដែល​ជា​ឧក្រិដ្ឋជន​មាន​លុយ​អាច​ទទួល​បាន​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាង​ក្រៅ​ពន្ធនាគារ ប៉ុន្តែ​អ្នកទោស​មនសិការ​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ មិន​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាង​ក្រៅ។

លោក​ថា រដ្ឋាភិបាល​នៅតែ​ខ្វះ​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំងនេះ ដែល​ជា​ទង្វើ​គ្មាន​មនុស្សធម៌ បំពាន​ច្បាប់ និង​សិទ្ធិ​របស់​ជន​ជាប់​ឃុំ​ទាំងនោះ។

លោក​អំពាវនាវ​ដល់​រដ្ឋាភិបាល ពិសេស​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ត្រូវ​គិតគូរ​កែប្រែ​យកចិត្ត​ទុកដាក់​លើ​ស្ថានភាព​ពន្ធនាគារ និង​យកចិត្ត​ទុកដាក់​ផ្តល់​សេវា​សុខភាព​ដល់​ជន​ជាប់​ឃុំ​ទាំងអស់​ដោយ​ស្មើភាព​គ្នា ដោយ​គ្មាន​ការ​រើសអើង​និន្នាការ​នយោបាយ ស្រប​តាម​បទដ្ឋាន​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​កុំ​ឲ្យ​គុក​ក្លាយ​ជា​ទីកន្លែង​ធ្វើ​ទារុណកម្ម​អ្នកទោស​នយោបាយ ឬ​អ្នកទោស​មនសិការ​បន្ត​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស