អតីតនាយកខុទ្ទកាល័យប្រធានគណបក្សសង្គ្រោះជាតិរបស់លោក កឹម សុខា គឺលោក មុត ចន្ថា ចោទថាមនុស្សដែលក្បត់ជាតិពិតប្រាកដ អាចជាអ្នកដែលកំពុងធ្វើទុក្ខបុកម្នេញលើមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ពីព្រោះលោកត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិតាមបញ្ជារបស់លោក ហ៊ុន សែន។
លោក មុត ចន្ថា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី២ កក្កដា នេះថា លោក កឹម សុខា មិនមែនជាជនក្បត់ជាតិដូចការចោទប្រកាន់មួលបង្កាច់ទាំងអយុត្តិធម៌ឡើយ ដូច្នេះតុលាការគួរតែទម្លាក់ចោលរាល់ការចោទប្រកាន់ទាំងអស់ ដើម្បីផ្តល់សេរីភាពពេញលេញ និងសងភាពស្អាតស្អំជូនលោកវិញ។
លោក មុត ចន្ថា លើកឡើងថា លោក កឹម សុខា មិនដែលប្រព្រឹត្តអំពើពុករលួយ មិនដែលលួចទ្រព្យសម្បត្តិជាតិ មិនដែលកាប់បំផ្លាញព្រៃឈើ មិនដែលបំផ្លាញធនធានធម្មជាតិកម្ពុជាទាំងនៅលើដី និងក្រោមទឹកគ្រប់ប្រភេទ មិនដែលកាត់ទឹកដីឱ្យបរទេស និងក៏មិនដែលធ្វើឱ្យពលរដ្ឋខ្មែរឈឺចាប់ម្តងណាឡើយ។
លោកអះអាងថា លោក កឹម សុខា គឺជាអ្នកនយោបាយ ជាអ្នកដឹកនាំនយោបាយ និងជាជើងឯកសិទ្ធិមនុស្សម្នាក់ដែលបានបម្រើជាតិ និងពលរដ្ឋខ្មែរស្ទើរតែពេញមួយជីវិត ប៉ុន្តែគួរឱ្យស្តាយដែលលោកត្រូវបានគូបដិបក្ខខាងនយោបាយប៉ុនប៉ងធ្វើឃាត ចាប់ខ្លួនដាក់ពន្ធនាគារ ដើម្បីធ្វើទារុណកម្មលើស្មារតីស្នេហាជាតិរបស់លោកទៅវិញ។
លោក កឹម សុខា ត្រូវតុលាការកាត់ទោសឱ្យជាប់គុកក្នុងផ្ទះ ២៧ឆ្នាំ ដោយដាក់បម្រាមមិនឱ្យជួបអ្នកដទៃក្រៅពីសាច់ញាតិ និងដកហូតសិទ្ធិធ្វើនយោបាយថែមទៀត។
សំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានគេចាត់ទុកថាជាសំណុំរឿងដែលយូរជាងគេក្នុងប្រវត្តិនៃការកាត់ក្តីនៅកម្ពុជា ដែលរងនូវការរិះគន់ថាជាសំណុំរឿងដែលស្ថិតក្នុងរបៀបវារៈនយោបាយ ជាជាងការស្វែងរកយុត្តិធម៌។
ជុំវិញបញ្ហានេះ កាលពីចុងឆ្នាំ២០២៣ មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បានលើកឡើងថា លោក កឹម សុខា ជាប់គុកយូរដោយសារតែបរទេសស្រឡាញ់លោក កឹម សុខា ពេក។
លោក ហ៊ុន សែន បញ្ជាក់ថា នៅពេលដែលមន្ត្រីការទូតសហរដ្ឋអាមេរិកទៅជួបលោក រួចហើយទៅជួបលោក កឹម សុខា នាពេលកន្លងមកនោះ គឺបង្ហាញពីការធ្វើនយោបាយការទូតមិនស្មោះត្រង់ដែលលោកចាត់ទុកថាជានយោបាយចាប់ដៃជាន់ជើងរបស់អាមេរិកចំពោះកម្ពុជា៕