មន្ត្រីជាន់ខ្ពស់អង្គការសង់ត្រាល់ អះអាងថា អង្គការសង់ត្រាល់នឹងសហការផ្តល់ព័ត៌មានស្ដីពីកុងធនាគារប្រតិបត្តិការងាររបស់ខ្លួនជូនក្រសួងមហាផ្ទៃ តាមការស្នើសុំ ប៉ុន្តែនៅរក្សាជំហរការពាររបាយការណ៍របស់ខ្លួនដែលបានស្រាវជ្រាវដដែល។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងផ្នែកសិទ្ធិការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលហៅកាត់ថា សង់ត្រាល់ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣ កក្កដា នេះថា អង្គការសង់ត្រាល់នឹងធ្វើការឆ្លើយតបចំពោះលិខិតរបស់ក្រសួងមហាផ្ទៃ ក្នុងពេលឆាប់ៗនេះ ហើយក៏ជាអ្វីដែលខ្លួនត្រូវសហការក្នុងការផ្តល់ជូនព័ត៌មានស្ដីពីគណនីធនាគារសម្រាប់ប្រតិបត្តិការងាររបស់សង់ត្រាល់ដែរ។
លោក ឃុន ថារ៉ូ បញ្ជាក់ថា អង្គការសង់ត្រាល់ជំទាស់ដាច់ខាតរាល់ការចុះផ្សាយនានាដែលមិនមែនជាការពិតដូចសារព័ត៌មាន Bayon Radio News ដែលបានចុះផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ថា អង្គការសង់ត្រាល់សារភាពថា របាយការណ៍របស់ខ្លួនគ្មានលក្ខណៈវិទ្យាសាស្ត្រ និងគ្មានភាពជាតំណាង។
យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ អង្គការសង់ត្រាល់មិនបានកែប្រែខ្លឹមសាររបាយការណ៍របស់ខ្លួនដែលបានចុះផ្សាយកាលពីដើមខែមិថុនា នៅឡើយទេ ប៉ុន្តែសង់ត្រាល់បែរជារក្សាជំហរការពាររបាយការណ៍របស់ខ្លួនដែលបានស្រាវជ្រាវនេះយ៉ាងមុតមាំ ខុសពីការចុះផ្សាយរបស់សារព័ត៌មាន Bayon Radio News ដែលបានផ្សព្វផ្សាយទៅវិញ។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ការចុះផ្សាយរបស់ Bayon Radio Newsគ្រាន់តែបង្ហាញឱ្យឃើញពីល្បិចកលបង្កើតព័ត៌មានក្លែងក្លាយចោទប្រកាន់លើអង្គការសង់ត្រាល់ដើម្បីឱ្យមហាជនមានការភាន់ច្រឡំប៉ុណ្ណោះ ដែលជាកលល្បិចកេងចំណេញដ៏ពិសពុលក្នុងបំណងទម្លាក់កំហុសលើសង់ត្រាល់។
នាយករងប្រចាំតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លោក Bryony Lau លើកឡើងកាលពីថ្ងៃទី២ កក្កដា នេះថា ការប្រមាថ និងការយាយីតាមប្រព័ន្ធតុលាការលើអង្គការសង់ត្រាល់ គឺជាការគំរាមកំហែងមិនត្រឹមតែសិទ្ធិការងារប៉ុណ្ណោះទេ ប៉ុន្តែជាការគំរាមកំហែងដល់សកម្មភាពសង្គមស៊ីវិលទាំងអស់នៅកម្ពុជាថែមទៀត។
ប្រភពដដែលជំរុញឱ្យក្រសួងមហាផ្ទៃ បញ្ជាក់ឱ្យបានច្បាស់ពីសកម្មភាពរបស់អង្គការសង់ត្រាល់ដែលជាមូលហេតុនាំឱ្យមានការស៊ើបអង្កេតនៅពេលនេះ។
លោក Bryony Lau អំពាវនាវឱ្យរដ្ឋាភិបាល ស្ថានទូត និងម៉ាកល្បីៗលើពិភពលោកដែលបានវិនិយោគក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើររបស់កម្ពុជា ប្រឆាំងនឹងការយាយីរបស់រដ្ឋាភិបាលលើអង្គការសង់ត្រាល់ ដើម្បីលើកកម្ពស់សេរីភាពសមាគម ការតស៊ូមតិ ការងារឯករាជ្យ និងសន្តិសុខនៃអ្នកការពារសិទ្ធិនៅកម្ពុជាទៅថ្ងៃមុខ។
កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានចេញលិខិតមួយទៅកាន់អង្គការសង់ត្រាល់ ឱ្យផ្តល់ព័ត៌មានពីគណនីដែលបានបើកសម្រាប់ប្រតិបត្តិការនៅធនាគារក្នុងប្រទេសកម្ពុជា ទៅក្រសួងមហាផ្ទៃ ជាកំហិត ដោយគិតត្រឹមតែ ៣០ថ្ងៃចាប់ពីថ្ងៃជូនដំណឹង៕