នាយករដ្ឋមន្ត្រីប្រទេសហុងគ្រី លោក Viktor Orban បានស្នើនៅចំពោះមុខប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ឱ្យពិចារណាការឈប់បាញ់គ្នាដើម្បីបង្កើនល្បឿនការបញ្ចប់សង្គ្រាមជាមួយប្រទេសរុស្ស៊ី។
លោក Viktor Orban បានទៅរដ្ឋធានីគៀវ ជាលើកដំបូងកាលពីថ្ងៃអង្គារ ទី២ ខែកក្កដា ចាប់តាំងពីរុស្ស៊ី ឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters លោក Viktor Orban គឺជាមេដឹកនាំសហភាពអឺរ៉ុប និងអង្គការយោធា NATO តែម្នាក់គត់ដែលនៅបន្តមានសម្ព័ន្ធភាពស្និទ្ធស្នាលនឹងលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី ដែលបញ្ជាទ័ពលុកលុយប្រទេសអ៊ុយក្រែន។ លោក Orban ជាអ្នករាំងខ្ទប់ជំនួយយោធារបស់ប្រទេសលោកខាងលិចដល់អ៊ុយក្រែន។
មិនតែប៉ុណ្ណោះ លោក Orban បានប្រឆាំងនឹងសំណើរបស់អ៊ុយក្រែន សុំចូលជាសមាជិកសហភាពអឺរ៉ុប ហើយនាយករដ្ឋមន្ត្រីហុងគ្រី រូបនេះ ក៏ធ្លាប់បានបោះឆ្នោតវេតូបដិសេធផ្តល់កញ្ចប់ជំនួយយោធាអឺរ៉ុប ចំនួន ៥០ពាន់លានអឺរូឲ្យអ៊ុយក្រែន។
នៅក្នុងសេចក្តីថ្លែងការណ៍រួមខ្លីមួយទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីការចរចាលោក Zelenskyy លោក Orban បាននិយាយថា លោកឱ្យតម្លៃដល់ការជំរុញរបស់រដ្ឋាភិបាលក្រុងគៀវ ដើម្បីផ្សព្វផ្សាយទស្សនៈសន្តិភាពរបស់លោក Zelenskyy នៅឯសន្និសីទកំពូលអន្តរជាតិកាលពីថ្ងៃទី១៥ មិថុនា នៅក្នុងប្រទេសស្វីស ដែលមានបំណងដើម្បីធ្វើសន្និសីទលើកទី២ នៅចុងឆ្នាំនេះ។
លោក Orban បាននិយាយទៀតថា លោកបានស្នើដល់ប្រធានាធិបតីអ៊ុយក្រែន ឱ្យគិតអំពីថាតើអាចបង្កើនល្បឿនការចរចាសន្តិភាពដោយធ្វើការឈប់បាញ់គ្នាឲ្យបានជាមុនសិនបានដែរឬទេ។ លោកបានបន្តទៀតថា បទឈប់បាញ់គ្នាមួយដែលត្រូវភ្ជាប់ទៅនឹងកាលបរិច្ឆេទ នឹងផ្តល់ឱកាសដើម្បីបង្កើនល្បឿនការចរចាសន្តិភាព។
លោកថា លោកបានស្វះស្វែងរកលទ្ធភាពនេះជាមួយលោកប្រធានាធិបតីដែលអំណរគុណចំពោះចម្លើយ និងការចរចាដ៏ស្មោះត្រង់របស់លោក Zelenskyy។
តែបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters លោកប្រធានាធិបតី Zelenskyy មិនបានឆ្លើយតបនឹងសំណើរបស់លោក Orban។
យ៉ាងណា លោក Zelenskyy បានសរសើរពីលទ្ធភាពនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីដ៏ធំទូលាយរវាងអ៊ុយក្រែន និងហុងគ្រី។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំរដ្ឋាភិបាលអ៊ុយក្រែន បានហៅវត្តមានរបស់លោក Orban នាយករដ្ឋមន្ត្រីហុងគ្រី នៅអ៊ុយក្រែន បានជាការចូលរួមចំណែកបង្ហាញស្មារតីរួមរវាងសហភាពអឺរ៉ុប និងអ៊ុយក្រែន ហើយថាអ៊ុយក្រែន និងហុងគ្រី ចង់បានសន្តិភាពសម្រាប់អ៊ុយក្រែន និងទ្វីបអឺរ៉ុបទាំងមូល។
ប៉ុន្តែលោក Zelenskyy ទទូចស្នើនាយករដ្ឋមន្ត្រីហុងគ្រី ក្នុងនាមជាប្រធានផ្លាស់វេនក្រុមប្រឹក្សាសហភាពអឺរ៉ុប ឲ្យបន្តសម្របសម្រួលផ្តល់ជំនួយយោធាអឺរ៉ុបជួយអ៊ុយក្រែន។ លោក Zelenskyy ទទូចថា ជំនួយអឺរ៉ុបចាំបាច់ណាស់ដើម្បីឲ្យអ៊ុយក្រែន ទប់ទល់ការពារទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
ជុំវិញការលើកឡើងរបស់លោក Donald Trump ថាអាចបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ឱ្យបានឆាប់ ក្រុមជំនួយការរបស់លោក Zelenskyy និយាយថា អ៊ុយក្រែននៅមិនទាន់ត្រៀមខ្លួនរួចនៅឡើយក្នុងការសម្រុះសម្រួលជាមួយរុស្ស៊ី ហើយមិនអាចបោះបង់ទឹកដីរបស់ខ្លួនដើម្បីបិទបញ្ចប់សង្គ្រាមបានទេ។
លោក Andriy Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ក្រុមអ្នកសារព័ត៌មានអំឡុងពេលបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនថា ទីក្រុងគៀវ នឹងស្តាប់យោបល់ណាមួយដែលនាំទៅសម្រេចបានសន្តិភាពក្នុងសង្គ្រាមជាមួយរុស្ស៊ី ប៉ុន្តែមិនទាន់បានត្រៀមខ្លួនដើម្បីឆ្ពោះទៅរកការសម្រុះសម្រួលដើម្បីឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ បូរណភាពទឹកដី និងអធិបតេយ្យភាពនៅឡើយទេ។
នៅពេលត្រូវបានសួរថា តើអ៊ុយក្រែន នឹងធ្វើរបៀបណាប្រសិនបើលោក Trump ត្រឡប់មកគ្រប់គ្រងសេតវិមានជាថ្មី ហើយនឹងជាអ្នកដោះស្រាយបញ្ហាសង្គ្រាមនៅអ៊ុយក្រែន? លោក Yermak បានថ្លែងថា គេត្រូវរង់ចាំមើលសិន គឺចាំរហូតសហរដ្ឋអាមេរិកឆ្លងកាត់ការបោះឆ្នោតជាមុនសិន។
ដំណើរទស្សនកិច្ចរបស់លោក Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន នៅសហរដ្ឋអាមេរិក កើតមានឡើងមុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅសប្តាហ៍ក្រោយ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលគេរំពឹងថា សង្គ្រាមរុស្ស៊ី ឈ្លានពានអ៊ុយក្រែន នឹងក្លាយជាប្រធានបទដ៏សំខាន់ចំពោះមុខមេដឹកនាំក្រុមប្រទេសណាតូ៕