នាយករដ្ឋមន្ត្រី Rishi Sunak នៃចក្រភពអង់គ្លេស បាននិយាយសុំទោសចំពោះអ្នកគាំទ្រលោកដែលលោកបរាជ័យក្នុងការបោះឆ្នោតសភា ហើយធ្វើឲ្យគណបក្សអភិរក្សនិយមរបស់លោកចាញ់គណបក្សការងារយ៉ាងចាស់ដៃ។ ក្រោយដំណឹងនៃការចាញ់ឆ្នោតនេះ លោកក៏ប្រកាសចុះចេញពីតំណែងប្រធានគណបក្សអភិរក្សនិយមផងដែរ។
ឈរនៅខាងមុខវិមាននាយករដ្ឋមន្ត្រី លោក Rishi Sunak បានសម្ដែងការសោកស្ដាយ និងសុំទោសព្រោះតែលោកបានដាក់ចិត្តដាក់កាយក្នុងការងារជានាយករដ្ឋមន្ត្រីនេះអស់ពីសមត្ថភាព ប៉ុន្តែគ្រប់គ្នាបានឃើញជាក់ស្ដែងនៃលទ្ធផលឆ្នោតថា រដ្ឋាភិបាលអង់គ្លេសត្រូវតែមានការផ្លាស់ប្ដូរ ដែលលោកសូមទទួលខុសត្រូវចំពោះការចាញ់ឆ្នោតនេះ។
ជាមួយគ្នានេះ Rishi Sunak ក៏បានសម្ដែងការអរគុណចំពោះអ្នកគាំទ្រដែលបាននាំឱ្យលោកមានកិត្តិយសក្លាយជានាយករដ្ឋមន្ត្រីក្នុងប្រទេសដែលលោកថាល្អបំផុតក្នុងពិភពលោក។ ក្នុងស្ថានភាពដែលលោកចាញ់ឆ្នោត លោកប្រកាសពីការចាកចេញពីតំណែងនាយករដ្ឋមន្ត្រីផងដែរ។
លោក Rishi Sunak ជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេក្នុងចំណោមនាយករដ្ឋមន្ត្រីនៃប្រទេសមហាអំណាចនៅអឺរ៉ុបមួយនេះ។ បច្ចុប្បន្ន លោកមានអាយុ ៤៤ឆ្នាំ។ លោកឡើងបានជិត ២ឆ្នាំ។
ទន្ទឹមនឹងការប្រកាសពីបរាជ័យរបស់លោក Rishi Sunak ដោយផ្ទាល់នេះ លោក Keir Starmer ប្រធានបក្សការងារ បានប្រកាសជោគជ័យ។ លោក Keir Starmer ថ្លែងប្រាប់ប្រជាជនអង់គ្លេសថា ១៤ឆ្នាំហើយទើបបក្សការងារវិលត្រឡប់មកកាន់វិមាននាយករដ្ឋមន្ត្រីវិញ។
សភានៃប្រទេសអង់គ្លេស មានអាសនៈចំនួន៦៥០។ ក្នុងចំណោមអាសនៈទាំងនោះ បក្សការងាររកសំឡេងបានដល់ទៅ ៤១២សំឡេង ខណៈបក្សលោក Rishi Sunak ធ្លាក់សំឡេងគាំទ្រយ៉ាងគំហុកសល់ ១២០សំឡេង ហើយបក្សប្រជាធិបតេយ្យសេរីកណ្ដាលនិយមទទួលបាន ៧១សំឡេង។
នៅម៉ោង ១២ថ្ងៃត្រង់នៅថ្ងៃទី០៥ កក្កដា លោក Keir Starmer បានឈរនៅមុខវិមាននាយករដ្ឋមន្ត្រី ដែលនៅទីនោះលោកបានថ្លែងសុន្ទរកថាដោយផ្ដើមថា លោកបានទទួលការអញ្ជើញពីព្រះមហាក្សត្រឱ្យក្លាយជានាយករដ្ឋមន្ត្រីចក្រភពនេះ។ លោកក៏អរគុណដល់លោក Rishi Sunak ដែលទទួលស្គាល់ពីការខំប្រឹងប្រែងដឹកនាំប្រទេសនាពេលកន្លងមក។
មេដឹកនាំបក្សការងារដែលឈ្នះឆ្នោត បាននិយាយថា រាល់ការខំប្រឹងដើម្បីជាតិ គឺនរណាក៏ដោយមិនត្រូវមើលស្រាលនោះទេ។
ទោះយ៉ាងណា លោក Keir Starmer ថាប្រទេសអង់គ្លេស បានបោះឆ្នោតដោយប្រជាធិបតេយ្យដើម្បីផ្លាស់ប្ដូរ ហើយត្រឡប់ទៅរកនយោបាយដែលបម្រើសេវាកម្មសាធារណៈ ដែលលោកយល់ឃើញថា ប្រជាជនបានបាត់បង់ទំនុកចិត្ត ហើយគ្រប់គ្នាដឹងថារដ្ឋាភិបាលថ្មីត្រូវផ្ដោតលើវិស័យសេវាសាធារណៈ និងមិនរើសអើងចំពោះអ្នកមិនបានបោះឆ្នោតឱ្យបក្សការងារនោះទេ ព្រោះបក្សនយោបាយត្រូវគិតប្រទេសជារឿងទី១ គិតគណបក្សជារឿងទី២។
លោកបន្តថា ដើម្បីផ្លាស់ប្ដូរទៅរកការរីកចម្រើន គឺត្រូវការពេលវេលាដែលលោកនឹងកសាងប្រទេសនេះអស់ពីសមត្ថភាពក្នុងនាមលោកជាកូនអ្នកក្រខ្សត់មួយរូបដែរ។ លោកទទូចឱ្យពលរដ្ឋ និងរដ្ឋាភិបាល ធ្វើការជាបន្ទាន់ចាប់ពីថ្ងៃលោកជានាយករដ្ឋមន្ត្រីនេះតទៅ។
លោក Keir Starmer ដែលជាកូនអ្នកក្រខ្សត់ កើតនៅឆ្នាំ១៩៦២ លោកបានធំធាត់ឡើងក្នុងគ្រួសារមួយមានម្តាយជាគិលានុបដ្ឋាយិកា និងឪពុកជាអ្នកផលិតឧបករណ៍ប្រើប្រាស់ក្នុងរោងចក្រ។ បុរសរូបនេះបានតស៊ូរហូតបានចូលរៀនមុខវិជ្ជាច្បាប់នៅក្នុងសាកលវិទ្យាល័យ Leeds និង Oxford។
លោក Starmer បានចាប់ផ្តើមធ្វើការជាមេធាវីដំបូងនៅក្នុងឆ្នាំ១៩៨៧ ក្នុងក្រុមប្រឹក្សាផ្នែកច្បាប់ដោយឥតគិតថ្លៃ ដើម្បីការពារប្រជាជនសាមញ្ញប្រឆាំងនឹងអ្នកមានអំណាចដែលប្រើឥទ្ធិពលលើស្ថានភាពសង្គម។ រហូតគេល្បីពីស្នាដៃធំៗរបស់លោកជាមួយនឹងការដោះស្រាយរឿងក្ដីសំខាន់ៗជាច្រើន និងជាពិសេសការយកចិត្តទុកដាក់ទៅលើសិទ្ធិមនុស្សនៅក្នុងប្រព័ន្ធច្បាប់។
នៅក្នុងខែធ្នូ ឆ្នាំ២០១៤ លោក Starmer ត្រូវបានជ្រើសរើសដើម្បីធ្វើជាបេក្ខជនបម្រុងសមាជិកសភារបស់គណបក្សការងារ ជំនួសលោក Frank Dobson ដែលប្រកាសចូលនិវត្តន៍។ ក្រោយមក លោក Starmer បានជាប់ឆ្នោតជាលើកដំបូងនៅក្នុងសភាក្នុងឆ្នាំ២០១៥ ក្នុងវ័យ ៥២ឆ្នាំ។ លោកបានចូលបម្រើការជាសមាជិកសភាប្រចាំតំបន់ Holborn និង St Pancras ជាកន្លែងដែលលោកបានចំណាយពេលរស់នៅជាច្រើនឆ្នាំជាមួយគ្រួសាររបស់លោក។
លោក Starmer ក៏ត្រូវបានតែងតាំងជារដ្ឋមន្ត្រីអន្តោប្រវេសន៍ស្រមោល និងជារដ្ឋលេខាធិការស្រមោលសម្រាប់ការចាកចេញពីសហភាពអឺរ៉ុបនៅឆ្នាំ២០១៥ និងឆ្នាំ២០២០។ នៅខែមេសា ឆ្នាំ២០២០ លោក Starmer ត្រូវបានជ្រើសរើសជាប្រធានគណបក្សការងារ។
យោងតាមគេហទំព័រ Prolific London បានឲ្យដឹងថា លោក Starmer មានទ្រព្យសម្បត្តិសរុបចន្លោះពី ១៣លានដុល្លារទៅ ១៩លានដុល្លារ ប្រសិនបើគិតទាំងចំណូលផ្សេងៗក្នុងគណនី និងដីធ្លីដែលលោកបានកាន់កាប់ចាប់តាំងពីឆ្នាំ១៩៩៦ មក៕