មន្ត្រីក្នុងក្រសួងទេសចរណ៍ ទម្លាយថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោ សូ ម៉ារ៉ា ចងក្រងបក្ខពួកប្រព្រឹត្តអំពើពុករលួយយ៉ាងអនាធិបតេយ្យក្នុងក្រសួងទេសចរណ៍ ដោយសំអាងលើរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន ដែលជាក្មួយធ្វើជាខ្នងបង្អែក។
មន្ត្រីក្រសួងទេសចរណ៍ជាច្រើននាក់ បន្តផ្ញើលិខិតបន្ថែមទៀតមកកាន់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី៥ កក្កដា នេះ ដោយរៀបរាប់ថា ជំនាន់លោក ថោង ខុន នៅជារដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក សូ ម៉ារ៉ា បានចុះហត្ថលេខាជាមួយភាគីថៃ ជុំវិញជម្លោះប្រាសាទព្រះវិហារដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាល ដែលទំនងជាគាត់បានទទួលលុយសំណូកពីភាគីថៃ។
ដោយសារតែបែបនេះ លោក សូ ម៉ារ៉ា ត្រូវបានបណ្តេញចេញពីតំណែងឱ្យធ្វើជាមន្ត្រីធម្មតា ព្រោះទង្វើនេះគឺជាទង្វើក្បត់ជាតិដែលមិនអាចលើកលែងឱ្យបាន។
ប្រភពដដែលលើកឡើងថា ក្រោយមកទៀតក្នុងជំនាន់លោក ថោង ខុន ឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សូ ម៉ារ៉ា ត្រូវបានតែងតាំងជារដ្ឋលេខាធិការ ហើយគាត់ក៏បានប្រព្រឹត្តអំពើពុករលួយដោយការលួចកិបកេងលុយក្រសួង និងកាត់យកលុយមន្ត្រីដែលចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេសជាបន្តបន្ទាប់។
ដោយសារតែបែបនេះ លោក សូ ម៉ារ៉ា ក៏ត្រូវលោក ថោង ខុន ដកតំណែងឈប់ឱ្យកាន់ផ្នែកហិរញ្ញវត្ថុបន្តទៀត។
មន្ត្រីក្រសួងទេសចរណ៍ដដែលនេះអះអាងថា មកដល់ជំនាន់ក្មួយប្រុសរបស់គាត់ គឺលោក សុខ សូកេន កាន់តំណែងជារដ្ឋមន្ត្រី លោក សូ ម៉ារ៉ា បានដំឡើងធ្មុងប្រព្រឹត្តអំពើពុករលួយ ចងក្រងសែស្រឡាយបក្ខពួក និងប្រើល្បិចកលលាបពណ៌មន្ត្រីក្នុងក្រសួងដែលគាត់ស្អប់ជាហូរហែ។
ប្រភពដដែលអះអាងថា បន្ទាប់ពីប្រើល្បិចលាបពណ៌មន្ត្រីទាំងនោះរួចហើយ គាត់ក៏បានទាមទារឱ្យដកពួកគេចេញពីក្រសួងតែម្តង ដែលជាហេតុធ្វើឱ្យមន្ត្រីក្នុងក្រសួងជាច្រើននាក់កើតចិត្តស្អប់ទាំងលោក សូ ម៉ារ៉ា និងលោក សុខ សូកេន ដែលធ្វើតាមតែឪពុកមារបស់ខ្លួនកន្លងមកនេះ។
មន្ត្រីក្នុងក្រសួងទេសចរណ៍ទាំងនេះបញ្ជាក់ថា សព្វថ្ងៃនេះ លោក សូ ម៉ារ៉ា កំពុងចងបាច់បក្ខពួកឱ្យស្ថិតក្នុងចង្កោមខ្លួនឯង ដូចជា លោក ជុក ជំនោរ លោក ហោ សារុន និងអ្នកស្រី ឡុង ភារម្យ ជាដើម។ ដោយសារតែមានបក្ខពួកបែបនេះ លោក ជុក ជំនោរ បានតែងតាំងប្រពន្ធ ប្អូនប្រុស ប្អូនស្រីថ្លៃខ្លួនឯងនៅក្នុងក្រសួងឱ្យកាន់តំណែងខ្ពស់ៗតាមអំពើចិត្ត។
ប្រភពមន្ត្រីទាំងនេះត្អូញត្អែរថា ដោយឡែកមន្ត្រីជាប់កិច្ចសន្យាដែលបម្រើការងារនៅក្រសួង មិនត្រូវបានមន្ត្រីថ្នាក់លើគិតគូរប្រាក់ខែឱ្យទេរយៈពេលជិត ១ឆ្នាំមកនេះ ទាំងដែលអ្នកទាំងនោះចូលធ្វើការជាប្រចាំថ្ងៃ និងកំពុងខ្វះខាតផ្នែកជីវភាពចិញ្ចឹមគ្រួសារ។
អតីតនាយទាហានជាន់ខ្ពស់នៃភាគីរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរលោក ជុំ ឈាង ធ្លាប់ប្រាប់សារព័ត៌មាន The Cambodia Daily កាលពីពេលថ្មីៗនេះថា ប្រទេសដែលកាន់អំណាចផ្ដាច់ការ ឬកុម្មុយនីស្តនិយម តែងកើតមានអំពើពុករលួយតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន។
លោកថា ប្រសិនបើអ្នកកាន់អំណាចកំពូលរបស់ប្រទេសក្លាយជាជនពុករលួយទៅហើយនោះ វានឹងនាំឱ្យស្ថាប័នកំពូលៗរបស់ជាតិ ដូចជា ស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័នតុលាការ និងស្ថាប័ននីតិប្រតិបត្តិឬក្រសួងនានា ជាដើម ក្លាយជាស្ថាប័នដែលប្រព្រឹត្តអំពើពុករលួយដោយស្វ័យប្រវត្តិ។
អតីតនាយទាហានជាន់ខ្ពស់រូបនេះបញ្ជាក់ថា នៅពេលស្ថាប័នជាតិក្លាយជាស្ថាប័នប្រព្រឹត្តអំពើពុករលួយ ប្រជាពលរដ្ឋក៏នឹងក្លាយខ្លួនជាអ្នកប្រព្រឹត្តអំពើពុករលួយដោយមិនដឹងខ្លួនជាស្វ័យប្រវត្តិដែរ ហើយចុងក្រោយ ប្រទេសជាតិទាំងមូលនឹងក្លាយទៅជាសង្គមពុករលួយ រហូតក្លាយជាប្រទេសដែលប្រព្រឹត្តអំពើពុករលួយកម្រិតអន្តរជាតិតែម្តង៕